អ្នកភូមិជាង១៥០នាក់ ដែលត្រូវបានបណ្តេញពីខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដើម្បីទុកផ្លូវឲ្យគម្រោងស្តារផ្លូវរថភ្លើងឡើងវិញ បានធ្វើពាក្យបណ្តឹងមួយកាលពីម្សិលមិញ ដាក់ជូនទៅធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាស្ថាប័នហិរញ្ញវត្ថុមួយ ក្នុងចំណោមស្ថាប័នបានផ្តល់ហិរញ្ញវត្ថុច្រើនជាងគេចំនួនពីរសម្រាប់គម្រោងនេះ ដោយលើកឡើងថា ទីតាំងលំនៅថ្មីរបស់ពួកគេ មិនសមរម្យទេហើយនាំឲ្យពួកគេជំពាក់បំណុលទៀតផង។
អ្នកស្រីអឿនសារ៉នជាអ្នកភូមិមា្នក់ក្នុងចំណោមអ្នកភូមិ១៦៦នាក់ ដែលបានប្តឹងទៅធនាគារនេះបានលើកឡើងថា សំណងជាប្រាក់ចំនួន៤០០ដុល្លារ ដែលអ្នកស្រីបានទទួលសម្រាប់ការរើទៅនៅកន្លែងថ្មី ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មិនគ្រប់គ្រាន់សម្រាប់ចំណាយលើការសាងសង់ផ្ទះថ្មីមួយខ្នងឡើយ តែថែមទាំងបានធ្វើឲ្យអ្នកស្រីពិបាកសងបំណុល ដែលចេះតែកើនឡើងមិនឈប់ឈរ។
អ្នកស្រី សារ៉ន អាយុ៣០ឆ្នាំ ដែលបានទៅរស់នៅលើទីតាំងថ្មីកាលពីខែកញ្ញាឆ្នាំ២០១១ បានជំពាក់បំណុលអ្នកចងការប្រាក់ចំនួន៤៥០ដុល្លារ រួចទៅហើយនោះបានមានប្រសាសន៍ថា “ យើងចង់បានសំណង៣.០០០ដុល្លារសម្រាប់គ្រួសារនីមួយៗ ពីព្រោះយើងគ្មានប្រាក់គ្រប់គ្រាន់ ដើម្បីសងការប្រាក់ទេហើយយើងបារម្ភថា អ្នកចងការប្រាក់នឹងរឹបអូសយកដីរបស់យើង”។
កាលពីសប្តាហ៍មុន ធនាគារអភិវឌ្ឍន៍អាស៊ីបានចេញផ្សាយលទ្ធផល នៃការសិក្សាមួយ ដែលបង្ហាញថា អត្រាសំណងត្រូវផ្តល់ឲ្យប្រជាពលរដ្ឋបាត់បង់ទីជម្រក ដោយគម្រោងស្តារផ្លូវដែក ដែលផ្តល់មូលនិធិដោយធនាគារអភិវឌ្ឍន៍អាស៊ី សហការជាមួយទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍអន្តរជាតិ គឺផ្អែកទាំងស្រុងលើតម្លៃក្នុងឆ្នាំ២០០៦ ហើយវាមិនស្របជាមួយតម្លៃអតិផរណាឡើយ។
យោងតាមអង្គការស្ពានទៅកាន់សន្តិភាព ដែលបានរិះគន់ចំពោះកញ្ចប់ថវិកាសម្រាប់ ចំណាយលើសំណងនោះ បានឲ្យដឹងថាសំណងផ្តល់ឲ្យគ្រួសារទាំងនោះ ជាមធ្យមគឺត្រឹម៧៥៦ដុល្លារ ប៉ុន្តែតម្លៃសាងសង់ផ្ទះឈើទំហំ៤គុណ៤ម៉ែត្រ នាពេលបច្ចុប្បន្ននេះ គឺកើនឡើងដល់ចំនួន១.៩២៥ដុល្លារ។លោក អៀង វុទ្ធី ប្រធានកម្មវីធីត្រួតពិនិត្យការអភិវឌ្ឍ របស់អង្គការស្ពានទៅកាន់សន្តិភាព បានមានប្រសាសន៍ថា “ផែនការនេះមិនស្របតាមតម្លៃទីផ្សារបច្ចុប្បន្ន
ទេ ហើយពេលនេះ អ្នកគ្មានការងារធ្វើ និងអ្នកគ្មានប្រាក់ចំណូល ត្រូវខ្ចីប្រាក់គេដើម្បីសង់ផ្ទះរបស់ខ្លួនឡើងវិញ។
រដ្ឋាភិបាល និងធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានធានាថា នៅទីនោះ មានឱកាសការងារគ្រប់គ្រាន់ ក៏ប៉ុន្តែតាមពិត វាមិនដូចការសន្យានោះទេ”។
នៅក្នុងសេចក្តីប្រកាសមួយ ធនាគារអភិវឌ្ឍន៍អាស៊ី បានលើកឡើងថា ខ្លួនកំពុងពិនិត្យលើបញ្ហា ដែលបានលើកឡើងនៅក្នុងការតវ៉ានេះ ដោយបន្ថែមថា កម្មវិធីសម្រាប់បង្កើតឱកាសរកប្រាក់ចំណូលសម្រាប់អ្នកភូមិកំពុងតែដំណើរការហើយ។
សេចក្្តីប្រកាសនេះ បានលើកឡើងថា“ប្រជាពលរដ្ឋទាំងនេះនឹងទទួលបានការបណ្តុះបណ្តាលផ្នែកជំនាញ និងទទួលបានទុនសម្រាប់ចាប់ផ្តើមមុខរបរ ព្រមទាំងទទួលបានការធានាពីបេឡាមូលនិធិសុវត្ថិភាពសង្គម សម្រាប់ពេលមានវិបត្តិនេះ និងមានអាសន្នផងដែរ។ ធនាគារអភិវឌ្ឍន៍អាស៊ី កំពុងតែពង្រឹងយន្តការ ដើម្បីជួយដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ”។
លោកវុទ្ធី បានលើកឡើងថាក្នុងចំណោមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោងស្តារផ្លូវដែក ជុំវិញរាជធានីភ្នំពេញ មានប្រជាពលរដ្ឋចំនួន៤.០០០នាក់ បានរើទៅកាន់ទីកន្លែងតាំងលំនៅថ្មីរួចហើយ៕
ប្រែសម្រួលដោយ ចេវប៊ុននី