សម្ពន្ធសហជីពកម្ពុជា បានផ្ញើលិខិតមួយច្បាប់ជូនក្រសួងការងារ កាលពីម្សិលមិញ ដើម្បីស្នើសុំឲ្យម្ចាស់រោងចក្រទាំងអស់ក្នុងប្រទេសកម្ពុជា បើកប្រាក់ខែឲ្យកម្មករ កម្មការិនីឲ្យបានមុនបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។
ជាធម្មតា ថៅកែរោងចក្រតែងតែបើកប្រាក់ខែឲ្យកម្មករ កម្មការិនីក្នុងរង្វង់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០នៃខែនីមួយៗ សម្រាប់ការងារដែលខ្លួនបានធ្វើពេញមួយខែមុន។ប៉ុន្តែសម្ពន្ធសហជីពកម្ពុជា កំពុងតែស្នើសុំឲ្យកម្មករ កម្មការិនីអាចទទួលបានប្រាក់បន្ថែម សម្រាប់រយ:ពេល១៣ថ្ងៃ ដែលពួកគេធ្វើការរហូតដល់បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៣ ទី១៤ និងទី១៥ខែមេសា។
លោកស្រី យ៉ាំងសោភ័ណ នាយិកាសម្ពន្ធសហជីពកម្ពុជា បានមានប្រសាសន៍ថា “ ខ្ញុំស្នើសុំឲ្យនិយោជកទាំងអស់ មេត្តាបើកប្រាក់ខែឲ្យកម្មករ កម្មការិនី សម្រាប់រយ:ពេលពីថ្ងៃទី១ដល់ថ្ងៃទី១៣ខែមេសា បន្ថែមពីលើប្រាក់ខែក្នុងខែមីនា ដើម្បីឲ្យពួកគេមានប្រាក់វិលទៅលេងស្រុកកំណើត”។
ដោយសារតែរថយន្តក្រុង រថយន្តតួរីសនិងរថយន្ដតាក់ស៊ី តែងតែឡើងថ្លៃ អំឡុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ លោកស្រីបានមានប្រសាសន៍ថា “ កម្មករ កម្មការិនីមួយចំនួនមានប្រាក់គ្រប់គ្រាន់សម្រាប់តែសោហ៊ុយធ្វើដំណើរទៅស្រុកប៉ុណ្ណោះ ហើយគ្មានប្រាក់ចាយវាយសម្រាប់ពិធីបុណ្យនេះទេ ដោយសារតែអ្វីៗសុទ្ធតែឡើងថ្លៃទាំងអស់”។
លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការងារ បានមានប្រសាសន៍ថា ក្រសួងមិនអាចតម្រូវឲ្យរោងចក្រ បើកប្រាក់ខែឲ្យកម្មករ កម្មការិនីមុនពេលបានទេ។លោកបានមានប្រសាសន៍ថា “ នៅក្នុងច្បាប់ការងារមិនតម្រូវឲ្យនិយោជក បើកប្រាក់ខែឲ្យកម្មករ កម្មការិនី សម្រាប់ការងារ ដែលពួកគេធ្វើមិនបានមួយខែនោះឡើយ។ប៉ុន្តែប្រសិនបើពួកគេចង់ពួកគេអាចធ្វើបាន”។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ក៏បានមានប្រសាសន៍ដែរថា ការបើកប្រាក់ខែមុនពេលកំណត់ឲ្យកម្មករ កម្មការិនីសម្រាប់ប្រាក់ខែក្នុងខែមេសា អាចធ្វើទៅរួចឬក៏អត់នោះវាស្ថិតនៅលើការសម្រេចចិត្តរបស់រោងចក្រនីមួយៗ។លោកបានមានប្រសាសន៍ថា “ រោងចក្រនីមួយៗមានរំហូរសាច់ប្រាក់ផ្ទាល់ខ្លួន។ប្រសិនបើពួកគេអាចលៃលកបើកប្រាក់ខែមុនពេលកំណត់បាននោះ គួរធ្វើទៅចុះ ប៉ុន្តែបើគ្មានលទ្ធភាពទេ មិនចាំបាច់ធ្វើទេ ព្រោះគ្មានច្បាប់ណាចែងថា ពួកគេត្រូវតែបើកប្រាក់ខែឲ្យមុនពេលកំណត់ឡើយ”។
លោកយ៉ិនណាក់ ប្រធានរដ្ឋបាលនៅក្រុមហ៊ុនរោងចក្រកាត់ដេរ អិមអេនវីអន្តរជាតិ បានលើកឡើងថា រោងចក្ររបស់លោកនឹងបើកប្រាក់ខែឲ្យកម្មករ កម្មការិនីនៅថ្ងៃទី១០ខែមេសា សម្រាប់ប្រាក់ខែក្នុងខែមីនា ប៉ុន្តែការបើកប្រាក់ខែមុនពេលកំណត់ គឺមិនអាចទៅរួចឡើយ។ លោកបាននិយាយថា “ យើងមិនអាចបើកប្រាក់ខែសម្រាប់ខែមេសា ឲ្យមុនបានទេ ពីព្រោះកម្មករ កម្មការិនីមិនទាន់បានធ្វើការពេញមួយខែនៅឡើយទេ”៕
(រាយការណ៍បន្ថែមដោយ Claire Luke)
ប្រែសម្រួលដោយតែមសុខុម