នាឱកាសបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី២០ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវឲ្យបណ្តាមេដឹកនាំក្នុងតំបន់អាស៊ីអាគ្នេយ៍ កាត់បន្ថយគម្លាតរវាងប្រទេសអ្នកមាន និងប្រទេសក្រីក្រនៅក្នុងតំបន់ តាមរយ:ការដករបាំងពាណិជ្ជកម្ម ដោយធ្វើការវិនិយោគបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនរំហូរការងារដោយសេរី។
ប៉ុន្តែចំណុចគួរឲ្យកត់សម្គាល់ ដែលលោក ហ៊ុន សែន មិនបានលើកឡើងនោះ គឺបញ្ហាវិវាទទឹកដីនៅក្នុងសមុទ្រចិនខាងត្បូង រវាងប្រទេសមួយចំនួនដែលជាសមាជិកអាស៊ាន និងប្រទេសចិនជាប្រធានបទមួយ ដែលត្រូវបានលើកមកពិភាក្សាយ៉ាងក្តៅគគុកនៅខាងក្រៅកិច្ចប្រជុំកំពូលនេះ និងនៅក្នុងកិច្ចប្រជុំលើកមុនៗ។
ទោះបីជាប្រទេសហ្វីលីពីន បានបង្ហាញពីបំណងរបស់ខ្លួន ចង់ពិភាក្សាពីបញ្ហាសមុទ្រចិនខាងត្បូងក្នុងកិច្ចប្រជុំកំពូលនេះក្តី ក៏កម្ពុជាឈរលើគោលជំហររបស់ខ្លួនជាប្រធានអាស៊ាន បាននិយាយថា បញ្ហានេះមិនស្ថិតក្នុងរបៀបវារៈនៃកិច្ចប្រជុំឆ្នាំនេះទេ។
លោក ហ៊ុន សែន បានលើកឡើងក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលអាស៊ាននៅឯការិយាល័យរបស់លោកក្នុងរាជធានីភ្នំពេញថា “ យើងត្រូវតែផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការកាត់បន្ថយគម្លាតការអភិវឌ្្ឍក្នុងចំណោមប្រទេសជាសមាជិកអាស៊ានទាំងអស់”។
លោកបានមានប្រសាសន៍ទៅកាន់ឥស្សរជន និងគណ:ប្រតិភូរាប់រយរូបមកពីទូទាំងតំបន់ថា “ យើងគួរតែដាក់អាទិភាពទៅលើការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានឲ្យបានត្រឹមឆ្នាំ២០១៥ ដើម្បីប្រែក្លាយអាស៊ានឲ្យទៅជាទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ ដែលមានរំហូរសេរីផ្នែកសេវាកម្ម ទំនិញការវិនិយោគនិងការងារជំនាញ”។
បញ្ហាមួយក្នុងចំណោមបញ្ហាធំៗបំផុតសម្រាប់តំបន់អាស៊ាន គឺត្រូវបិទគម្លាតការអភិវឌ្ឍរវាងប្រទេសអ្នកមានដូចជាសិង្ហបុរីនិងថៃ និងប្រទេសក្រីក្រ ដូចជាកម្ពុជា ភូមានិងលាវជាដើម។
អាស៊ានបានកំណត់គោលដៅឆ្នាំ២០១៥ដើម្បីអនុវត្តវិធានការនានាដែលធ្វើឲ្យមានរំហូរសេរីនៃទំនិញ ការវិនិយោគ ប្រជាជន និងមូលធន។ ប៉ុន្តែសេដ្ឋវិទូនានានិយាយថា ប្រទេសក្រីក្រអាចនឹងត្រូវគេមិនអើពើប្រសិនបើឧស្សាហកម្មរបស់ប្រទេសទាំងនោះ មិនអាចប្រកួតប្រជែងជាមួយឧស្សាហកម្មនៅក្នុងប្រទេសអភិវឌ្ឍន៍ជាច្រើនទៀតទេនោះ។
លោក ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីឈានឲ្យដល់គោលដៅឆ្នាំ២០១៥ដែលអាស៊ានបានកំណត់នោះ បណ្តារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុគួរតែធ្វើការជិតស្និទ្ធជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីខាងកើត ហៅកាត់ថា ERIA ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្សាការតា។
លោកបានមានប្រសាសន៍ថា “ នៅក្នុងតំបន់ ទោះបីជាមានគម្លាតការអភិវឌ្ឍក្នុងចំណោមប្រទេសជាសមាជិកអាស៊ានត្រូវបានកាត់បន្ថយគួរឲ្យកត់សម្គាល់ក្តី ក៏វានៅតែធំនៅឡើយ។ បញ្ហានេះតម្រូវឲ្យយើងបង្កើនកិច្ចខំប្រឹងប្រែងទ្វេដង ដើម្បីជំរុញឲ្យមានកំណើនបន្ថែមទៀត”។
ឯកសារមួយរៀបរៀងដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីខាងកើត ដែលត្រូវបានធ្វើបទបង្ហាញក្នុងកិច្ចប្រជុំស្តីពីសហគមន៍សេដ្ឋកិច្ចអាស៊ានកាលពីថ្ងៃច័ន្ទ បង្ហាញថា ប្រសិនបើបណ្តាប្រទេសជាសមាជិកអាស៊ានលើកលែងការយកពន្ធ កាត់បន្ថយពន្ធ និងកាត់បន្ថយការពន្យារពេលក្នុងការនាំចូលនាំចេញទំនិញនោះ ប្រទេសនានានឹងមានកំណើនផលិតផលក្នុងស្រុកសរុបច្រើន។
យោងតាមរបាយការណ៍នេះបានឲ្យដឹងថា ប្រសិនបើអនុវត្តវិធានការទាំងនោះ កំណើនផលិតផលក្នុងស្រុកសរុបរបស់កម្ពុជានឹងកើនឡើង៤,៤ភាគរយបន្ថែមទៀត ចន្លោះពីឆ្នាំ២០១១ដល់ឆ្នាំ២០១៥។ប្រទេសវៀតណាម នឹងទទួលបានកំណើនបន្ថែមចំនួន៣,៥ភាគរយ ហើយលាវ នឹងទទួលបាន២,៣ភាគរយបន្ថែមទៀត។
ប៉ុន្តែលោកឡៅម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ មានចម្ងល់អំពីបំណងប្រាថ្នារបស់លោកហ៊ុនសែនចង់ជំរុញពាណិជ្ជកម្មសេរីនៅក្នុងអាស៊ាននេះ ដោយមានប្រសាសន៍ថា វិធានការបែបនេះមិនអាចកើតមានក្នុងពេលឆាប់ៗនេះសម្រាប់ប្រទេសនានាដូចជាកម្ពុជា ព្រោះឧស្សាហកម្មនាំចេញរបស់ខ្លួននៅមានកម្រិត និងមិនអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងៗនៅក្នុងតំបន់នេះបានទេ។
លោកបានមានប្រសាសន៍ថា “ យើងត្រូវការពេលវេលាបន្ថែមទៀត ឬដំណើរការសន្សឹមៗ។បើមិនដូច្នោះទេ យើងនឹងជួបបញ្ហាដោយសារមានបុគ្គលិកជំនាញច្រើនមកពីប្រទេសផ្សេងៗ និងទំនិញនាំចូលពីបណ្តាសេដ្ឋកិច្ចរីកចម្រើនជាង។ប្រការនេះនឹងរារាំងផលិតកម្ម និងឧស្សាហកម្មក្នុងស្រុករបស់យើង”៕
ប្រែសម្រួលដោយ តែមសុខុម