31.8 C
Phnom Penh

អាស៊ានបាន​និយាយថា ​ដល់​ពេល​សហគមន៍អឺរ៉ុបដក​​ទណ្ឌកម្មសេដ្ឋ​កិច្ច​ពី​ប្រ​ទេស​ភូមា​ហើយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ឯ​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​រាជ​​​ធានី​ភ្នំពេញកាល​ពី​ម្សិលមិញមេ​ដឹក​នាំ​អា​ស៊ាន​បាន​ជំរុញ​ឲ្យ​មាន​ការ​ដក​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ចមកលើ​ប្រ​ទេស​ភូមា​ ខណៈពេល​ដែល​ប្រ​ធានា​ធិបតី​ភូមា ​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ជា​សាធារណៈអំពី​ការបោះ​ឆ្នោត​បំពេញ​បន្ថែមថ្នាក់​ជាតិ ​របស់​ខ្លួន​​នា​ពេល​ថ្មីៗ​​នេះដោយចាត់​ទុក​ការ​​បោះ​ឆ្នោត​នេះថាជា“ជោគ​ជ័យ​ដ៏ធំធេង”​។

លោកម៉ាទីណាតាឡេហ្គាវ៉ារដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូណេសុី​ បាន​មាន​ប្រ​សាសន៍​ថា“អាស៊ាន​បាន​ទាមទារដដែល​ៗអំពី​​ការ​ដក​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ បុ៉ន្តែ​ពេល​នេះល្មមដល់​ពេល​ដកហើយ។ប្រ​សិន​បើ​មិន​ដក​​ពេល​នេះ​​​ទេតើ​ពេលណា​? ពេល​ខ្លះ​​វា​បាន​ក្លាយ​ជា​វិធី​​​

​​ដើម្បី​ធ្វើ​ការ​​​តវ៉ាទៅ​ហើយ​។ខ្ញុំ​គិតថា​នេះ​ជាវិធី​មួយ ​ដើម្បី​ព្យាយាម​​ធ្វើ​ឲ្យមាន​ឥទ្ធិពល​ដល់​ព្រឹត្តិ​ការណ៍​នានា។​ការ​ដកទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​នេះនឹងបង្ហាញ​ឲ្យឃើញ​សញ្ញា​យា៉ង​ច្បាស់​ថាបញ្ហានានា ​កំពុង​តែ​​​ផ្លាស់​​ប្ដូរហើយ”។

​ខណៈ​ពេល​​អាស៊ាន​បាន​គាំ​ទ្រ​ជាយូរ​មក​ហើយ​ឲ្យ​មាន​ការ​បញ្ចប់​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​មកលើ​ប្រ​ទេស​ភូមា​នោះ ​ការ​ផា្លស់​ប្ដូរ​មិន​ច្បាស់​លាស់ ​ពី​សំណាក់​អតីត​រដ្ឋា​ភិបាល​យោ​ធា​ កាលពី​ឆ្នាំ​មុននោះបាន​ធ្វើ​ឲ្យ​ភូមា​​សម្រេច​បានជោគជ័យ​​ជាង​ពេល​​ណាៗទាំង​អស់។​​​ ទោះបី​ជាសហរដ្ឋ​អា​មេរិក​និយាយថាខ្លួន​មិន​អាច​ធ្វើ​ការ​សន្យា​បែប​នេះភ្លាមៗ​ក៏​ដោយ​ ក៏​សហភាព​អឺរ៉ុប ​និង​អូស្ត្រា​លី​បាន​លើក​ឡើង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​ព្រលយ​ពាក្យ​ឲ្យ​ដឹងថា ​ខ្លួន​សុខ​​ចិត្ត​ដក​​ទណ្ឌកម្ម​ទាំង​នេះ​បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោតជា​ប្រ​វត្តិ​សាស្ត្រ​ កាល​ពី​ថ្ងៃ​អាទិត្យ។

លោកកៅគឹម​ហួនរដ្ឋ​លេខា​ធិការ​​ក្រសួងការ​បរទេស​បានថ្លែងថា“យើង​​​ជឿជាក់​ថាកា​រ​ដក​ទណ្ឌ​កម្មនេះនឹង​រួម​ចំណែក​ដល់​​​ដំណើរ​​​​ការ​លទ្ធិប្រ​ជា​ធិបតេយ្យ ​​និង​ការ​​​លូតលាស់​ផ្នែកសេដ្ឋ​កិច្ច។មេ​ដឹកនាំ​អាស៊ាន​ក៏បាន​យល់​ព្រមឲ្យ​មាន​ការ​ដក​ទណ្ឌកម្មលើ​ប្រទេសភូមាទាំងអស់ផង​ដែរ”។

មាន​ប្រ​សាសន៍​យ៉ាង​ខ្លី​ទៅកាន់អ្នក​យក​ព័ត៌មាន​ នៅ​ខាង​ក្រៅ​កិច្ច​ប្រ​ជុំ​កំពូល​នេះលោកថេនសេនប្រ​ធានាធិបតី​ភូមាបាន​ថ្លែងថា ​ ការ​បោះ​ឆ្នោត​​ ដែល​គណបក្ស​គាំ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​បានដណ្ដើ​ម​អាសនៈ​​​ស្ទើរតែ​ទាំងអស់​នេះគឺជា​ជោគជ័យ​មួយ។

នៅ​ពេល​សួរថា ​តើការ​បោះ​ឆ្នោត​នេះ​មាន​លក្ខណៈសេរី​ និង​យុត្តិធម៌​ដែរឬទេ​​​នោះលោកថ្លែង​ថា“ការ​បោះឆ្នោត​បាន​ធ្វើ​ឡើង​​​យ៉ាង​​​ជោគជ័យ​បំផុត”។

ក្រុម​មន្ត្រី​ការ​​​បរទេស​បាន​បន្ត​កោត​សរ​​​សើរចំពោះ​ការ​បោះ​ឆ្នោត​នេះ។ ​លោក​​​ស្រីយីងឡាក់សីុណា​វ៉ាត្រានាយក​រដ្ឋ​មន្ត្រី​ថៃបាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថាលោក​ស្រី​ជឿ​ថាការ​បោះ​ឆ្នោត​នោះល្អសម្រាប់​ “អាស៊ាននិង​ការរីក​ចម្រើន​​របស់​​ភូមា”។

លោក​ស្រី​បានមានប្រសាសន៍ទៀត​ថា “យើង​សូម​អបអរ​​សាទរ​ភូមា​ ចំពោះ​​​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​សេរីនិងដោយ​​សន្ដិវិធី​នេះ​”៕

​(រាយការណ៍​បន្ថែម​ដោយ Reuters)

ប្រែ​សម្រួល​ដោយហមសុផាណ្ណា​

                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស