តុលាការអាមេរិក នឹងបើកសវនាការលើរឿងក្ដីរូបចម្លាក់ខ្មែរ មានអាយុកាល១.០០០ឆ្នាំដើម្បីរឹបអូសរូបចម្លាក់នេះ ហើយថា ក្រសួងសន្តិសុខជាតិអាមេរិក ក៏បានត្រៀមខ្លួនរឹបអូសវត្ថុបុរាណនេះដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុនសុថេប៊ី បានវាយបកវិញ ដោយនិយាយថា រូបចម្លាក់នេះត្រូវបាននាំចូលសហរដ្ឋអាមេរិក ដោយស្របច្បាប់ ហើយបានប្តេជ្ញាការពារសិទ្ធិរបស់ខ្លួននៅក្នុងតុលាការ។
កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រមសហព័ន្ធអាមេរិកមួយរូប បានអនុញ្ញាតឲ្យក្រុមហ៊ុនសុថេប៊ី រក្សាទុករូបចម្លាក់នេះជាបណ្តោះអាសន្នរហូតដល់ពេលបើកសវនាការ នៅថ្ងៃទី១២ខែមេសាខាងមុខនេះ។
កាសែត ឌឹ ញូវយ៉ក ថែមស៍ បានធ្វើសេចក្តីរាយការណ៍ថា ចៅក្រម ចច ប៊ី ដានីញែលស៍ បានបង្គាប់ឲ្យក្រុមហ៊ុនសុថេប៊ី ផ្អាកដំណើរការលក់ដេញថ្លៃរូបចម្លាក់នេះសិន និងអនុញ្ញាតឲ្យក្រសួងសន្តិសុខជាតិអាមេរិក ធ្វើការត្រួតពិនិត្យ។
លោកស្រី មីឆេល បេនណេត អ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា “ កាលពីថ្ងៃទី៥ខែមេសាឆ្នាំ២០១២ ចៅក្រមតុលាការសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក បានចេញដីកាមួយ បង្គាប់ឲ្យក្រុមហ៊ុនសុថេប៊ី ផ្អាកសកម្មភាពលក់ ឬយករូបចម្លាក់នេះទៅរក្សាទុកនៅកន្លែងផ្សេង ហើយបានកំណត់បើកសវនាការនៅថ្ងៃទី១២ខែមេសា ឆ្នាំ២០១២ ខាងមុខនេះសម្រាប់គ្រប់ភាគីដែលមានចំណាប់អារម្មណ៍”។
ក្រុមហ៊ុនសុថេប៊ី ត្រូវបានស្នើសុំឲ្យជួយដាក់លក់វត្ថុបុរាណនេះ ដោយម្ចាស់វត្ថុបុរាណនេះ គឺស្រ្តីអ្នកប្រមូលទិញវត្ថុបុរាណមា្នក់ជាជនជាតិបែលហ្ស៊ិក ដែលឈ្មោះរបស់
គាត់ត្រូវបានការពារដោយក្រុមហ៊ុនដាក់ដេញថ្លៃ។ ក្រុមហ៊ុនដាក់ដេញថ្លៃបានកំណត់តម្លៃវត្ថុបុរាណនេះក្នុងតម្លៃចន្លោះពី ពីរលានដុល្លារ ទៅបីលានដុល្លារ។
ក្រោយពីក្រុមហ៊ុនសុថេប៊ីបានប្រកាសពីការលក់ដេញថ្លៃវត្ថុបុរាណនេះកាលពីឆ្នាំមុន រដ្ឋាភិបាលកម្ពុជាមានប្រតិកម្មតែម្តង។
លោកស្រី បេនណេត បានបន្តថា “ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនសំណើមួយទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីស្នើឲ្យជួយបញ្ជូនវត្ថុបុរាណនេះត្រឡប់មកប្រទេសកម្ពុជាវិញ។ ស្ថានទូតសហរដ្ឋអាមេរិក
បានបញ្ជូនសំណើនេះបន្តទៅការិយាល័យពង្រឹងច្បាប់គយ និងអន្តោប្រវេសន៍ របស់អាមេរិក នៅបុរីញូវយ៉ក”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យ ទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការទាមទារយកវត្ថុបុរាណនេះមកវិញ មិនជាបញ្ហាលុយកាក់នោះទេ។
លោក បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា “ វាមិនមែនដោយសារតែតម្លៃជាទឹកប្រាក់នោះទេ ប៉ុន្តែដោយសារតែតម្លៃកេរដំណែលនិងតម្លៃសម្រាប់មនុស្សជាតិរបស់វាទៅវិញទេ”។
ឥឡូវនេះលោកឧបនាយករដ្ឋមន្ត្រី សុខ អាន ដែលជាប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកយូណេស្កូ កម្ពុជានិងជាប្រធានគណៈកម្មាធិការសម្របសម្រួលអង្គរ ដែលគ្រប់គ្រងឧទ្យានបុរាណវត្ថុអង្គរកំពុងតែដោះស្រាយបញ្ហានេះ ។
ក្រោយពីមានការផ្ញើអីុម៉េលឆ្លើយឆ្លងរវាងអ្នកជំនាញខាងវត្ថុបុរាណខ្មែរ និងមន្រ្តីក្រុមហ៊ុនសុថេប៊ី លោក បារ៉ារ៉ា មេធាវីនៅសង្កាត់ភាគខាងត្បូងបុរីញូវយ៉ក ដែលបានដាក់ពាក្យបណ្តឹងរដ្ឋប្បវេណី កាលពីថ្ងៃពុធ ប្តឹងក្រុមហ៊ុនសុថេប៊ី បានចោទប្រកាន់ថា ក្រុមហ៊ុនដាក់ដេញថ្លៃ បានដឹងថាវត្ថុបុរាណនេះត្រូវបានលួច។
នៅក្នុងកិច្ចសម្ភាសជាមួយ កាសែត ឌឹ ញូវយ៉ក ថែមស៍ អ្នកស្រី អេម៉ា ប័ងឃើ ដែលជាអ្នកចងក្រងឯកសារជាច្រើនអំពីចម្លាក់វត្ថុបុរាណធ្វើពីសំរិទ្ធ និងមាសនៅសម័យអង្គរ បានអះអាងថា គាត់គឺជាអ្នកជំនាញខាងវត្ថុបុរាណ ដែលបានផ្ញើសារតាមអីុម៉េលនោះ។
នៅក្នុងសារមួយ អ្នកស្រីប័ងឃើ បានប្រាប់ក្រុមហ៊ុនសុថេប៊ីថា អាជ្ញាធរកម្ពុជា ជឿជាក់ថាវត្ថុបុរាណនេះត្រូវបានគេលួច។
នៅពេលទាក់ទងតាមអីុម៉េល កាលពីថ្ងៃសុក្រ អ្នកស្រី ប័ងឃើ បានមានប្រសាសន៍ថា គាត់ទើបតែចេញពីការវះកាត់ដ៏សំខាន់មួយ ហើយមិនអាចធ្វើអត្ថាធិប្បាយពីបញ្ហានេះបានទេ៕
ប្រែសម្រួលដោយ តែម សុខុម
និង ស៊ា ស៊ុយឈាង