28 C
Phnom Penh

ADB ព្យាករ​ថា កំណើន ​GDP នឹង​ធ្លាក់ចុះ​មក​នៅត្រឹម​៦,៥​ភាគ​រយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កាល​ពី​ម្សិល​មិញ ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី​ ហៅកាត់​ថា ADB ​បាន​កែ​ប្រែ​ការ​ព្យាករ​របស់​​ខ្លួនថា កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា នឹង​ធ្លាក់​ចុះ​​មក​នៅ​ត្រឹម​៦,៥​ភាគ​រយ​វិញ​​ ​ខណ:ពេល​ខ្លួ​ន​​បាន​ក្រើន​រំឭក​ថា ​តម្រូវ​ការ​ចុះ​ខ្សោយ​​​​​​ពី​ទី​ផ្សារ​នានា​ក្នុង​សហ​រដ្ឋ​អាមេរិក ​និង​អឺរ៉ុប​​ ​អាច​​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​នាំ​ចេញ​​ពី​ប្រទេស​កម្ពុជា។

របាយ​ការណ៍​ទស្សន​វិស័យ​​ចេញ​​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ​របស់​ធនាគារ​ ADB សម្រាប់​ឆ្នាំ​២០១២​ ​ក៏​បាន​លើក​ឡើង​ដែរ​ថា ​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ប្រទេស​កម្ពុជា ​អាច​នៅ​ទ្រឹង​ដោយ​សារ​តែ​​កង្វះ​ជំ​នាញ​ក្នុង​កម្លាំង​ការ​​ងាហើយ​បាន​ឆ្លុះ​បញ្ចាំង​ពី​វិសម​ភាព​កាន់​តែ​ខ្លាំង​ឡើង​រវាង​ប្រ​ជា​ពល​រដ្ឋ​នៅ​តាម​តំបន់​ក្រុង​ និង​ជន​បទ។

របាយ​ការណ៍​នេះ​​​​បញ្ជាក់ថា “ ទស្សន​វិស័យ​សម្រាប់​​សហ​ភាព​អឺរ៉ុប ​​និង​សហ​រដ្ឋ​អាមេរិក ​ដែល​ជា​ទី​ផ្សារ​នាំ​ចេញ​​ដ៏​សំខាន់​របស់​កម្ពុជា​ ​បង្ហាញថា ​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប ​នឹងធ្លាក់​ចុះ” ដោយ​លើក​ឡើង​​ទៀត​ថា ​បណ្តា​សេដ្ឋ​កិច្ច​ក្នុង​តំបន់​​ប្រើ​ប្រាស់​ប្រាក់អឺរ៉ូ​ ត្រូវ​បាន​គេ​ព្យា​ករ​ថា នឹង​ធ្លាក់​ចុះ​០,៥​​ភាគ​រយ​ទូទាំង​​​ប្លុក​នេះ​​ក្នុង​​ឆ្នាំ​នេះ។ របាយ​ការណ៍​នេះ​បន្ត​ថា “ តម្រូវ​ការ​​នាំ​ចូល​សម្លៀក​បំ​ពាក់ ​និង​ទ្រ​នាប់​ជើង​នៅ​​​សហ​ភាព​អឺរ៉ុប ​និង​​សហ​រដ្ឋ​អាមេរិក ​ត្រូវ​បាន​រំពឹង​ថា ​នឹង​ធ្លាក់​ចុះ​នៅ​ឆ្នាំ​នេះ”។

​ការ​ព្យាករពី​កំណើន​សេដ្ឋ​កិច្ច​ក្នុង​ឆ្នាំ​នេះ​ត្រូវ​បាន​ទម្លាក់​​ពី​៦,៨​ភាគ​រយ​ក្នុង​ខែ​មេសា​​ឆ្នាំ​មុន។ ​​មាន​ការ​ប៉ាន់​ប្រ​មាណ​ថា ​កំណើន​សេដ្ឋ​កិច្ច​នឹង​ឡើង​ដល់​៧​ភាគ​រយ​​នៅក្នុង​ឆ្នាំ​២០១៣។

ថ្វី​បើ​មាន​ហា​និភ័យដោយ​សារ​​​តម្រូវ​ការ​​​ធ្លាក់​ចុះ​នៅ​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក​ក្តី ​ក៏​វិ​ស័យ​កាត់​ដេរ​​​នៅ​កម្ពុជា ​កំ​ពុង​តែ​ចាប់​ផ្តើម​បង្ហាញ​សញ្ញា​​​ពី​ការ​កើន​ឡើង​​នៃ​ខ្សែ​សង្វាក​់ផលិតកម្ម នៅពេល​ដែល​​​វិស័យ​នេះ​​ផលិត​អ្វីៗ​លើស​ពី​ខោ​ខាវប៊យ និងអាវយឺត​ធម្ម​តា។

លោក ភីធ័រ ព្រីមបល (Peter Brimble)​ សេដ្ឋ​​វិទូ​ជាន់​ខ្ពស់​​​នៅ​ធនាគារ ADB ប្រចាំ​នៅ​កម្ពុជា​​​បាន​មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​សារ​ព័ត៌​មានមួយ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ កាល​ពី​ម្សិល​មិញ​ថា “ ​មាន​​​សម្លៀក​បំ​ពាក់​​ថ្លៃៗ ហើយ​យើង​​បាន​​មើល​ឃើញ​រោង​ចក្រ​​នានា​ដំឡើងម៉ា​ស៊ីន​ដេរ​​ដែល​​​បញ្ជា​ដោយ​ប្រ​ព័ន្ធ​កុំព្យូទ័រ”។

លោក​ក៏​បាន​មាន​ប្រ​សាសន៍​ដែរ​ថា​​​ក្រុម​ហ៊ុន​​បច្ចេក​វិទ្យា​ Minebea របស់​ជប៉ុន ​ដែល​​បាន​ចូល​មក​រក​ស៊ី​​កាល​ពី​ឆ្នាំ​មុន​​ “ គឺ​ជា​​​ក្រុម​ហ៊ុន​ដំបូង ​ដែល​ចូល​មក​ក្នុង​ប្រទេស​នេះ។ វាជា​ការ​ចាប់​ផ្តើម​ដ៏​សំខាន់​ ហើយ​ខ្ញុំ​គិតថា ​អ្នក​នឹង​ឃើញ​ក្រុម​ហ៊ុន​កាន់​តែ​ច្រើន​ [ដែល​ផលិត​ទំនិញ​ប្រើ​បច្ចេក​វិទ្យា​ខ្ពស់] ​ចូល​មក​បណ្តាក់​ទុន​នៅ​កម្ពុជា”។

យោង​តាម​របាយ​ការណ៍​ដដែល​​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ​ចំនួន​ការងារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​បាន​កើន​ឡើង​ពី​៣១៩.០០០​នាក់​ត្រឹម​ដំណាច់​ឆ្នាំ​២០១០​ ដល់​ប្រ​មាណ​៣៣០.០០០​នាក់​ត្រឹម​​ដំណាច់​​ឆ្នាំ​២០១១ ជា​កម្រិត​មួយ ​ដែល​នៅ​​​ក្រោម​​កម្លាំង​ការ​ងារ​៣៥៣.០០០​ ដែល​ត្រូវ​បាន​កត់​​ត្រា​ទុក​ក្នុង​ឆ្នាំ​២០០៧​នៅ​ឡើយ ​គឺ​មុន​ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​ពិភព​​លោក ដែល​​​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ប្រទេស​កម្ពុជា។

កំណើន​សរុប​​​ក្នុង​វិស័យ​កសិ​កម្ម​​បាន​កើន​ឡើង​ប្រ​មាណ​៣,៣​ភាគ​រយ​ ហើយ​ចំនួន​ភ្ញៀវ​​ទេស​ចរ​បាន​កើន​ឡើង​១៤,៨​ភាគ​រយ​​មក​ដល់​២,៩​លាន​នាក់​ក្នុង​ឆ្នាំ​២០១១។ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​​​បាន​កើន​ឡើង​ប្រ​មាណ​១១ភាគ​រយ​ ដល់​​៨៤៦,២​​លាន​ដុល្លារ​។របាយ​ការណ៍​នេះ​ក៏​បាន​​​​​បញ្ជាក់​ដែរ​ថា វិស័យ​សំណង់​ត្រូវ​បាន​រំពឹង​ថា នឹង​​កើន​ឡើង​ផង​ដែរ​ រួម​ជា​មួយ​នឹង​កំណើន​វិនិ​យោគ​​បរទេស។

ដោយ​គិត​ពី​​ពេល​វេលាខាង​មុខ​នៃ​ឆ្នាំ​នេះ​ របាយ​ការ​ណ៍​នេះ​បាន​លើក​ឡើងថា ​មាន​ការ​រំពឹង​ទុកថា ​វិស័យ​កសិ​កម្ម​នឹង​កើន​ឡើង​៣,៨​ភាគ​រយ ដរាប​ណា​ស្ថាន​ភាព​អាកាស​ធាតុ​អំណោយ​ផល។

ថ្វី​បើ​មាន​ការ​កើន​ឡើង​នូវ​អត្រា​អតិ​ផរណា​ពី​៤​ភាគ​រយ​ក្នុង​​ឆ្នាំ​២០១០​​​ ដល់​៥,៥​​ភាគ​រយ​កាល​ពី​​ឆ្នាំ​មុន​ក្តី ​​​​​ក៏ធនាគារ​ ADB ​បាន​ព្យា​ករថា ​​​អតិ​ផរណា​នឹង​ឡើង​ដល់​៥​ភាគ​រយ​នៅ​ឆ្នាំ​នេះ។ ​ទោះ​ជា​យ៉ាង​ណាក៏ដោយលោកព្រីម​​បល បាន​មាន​ប្រ​សាសន៍​ថា ​​ការ​ឡើង​ថ្លៃ​​​ឥន្ធន:​​ និង​ស្បៀង​អាហារ​​ក្នុង​ពេលថ្មីៗ​​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា ការ​ព្យា​ករ​នេះ​​ប្រហែល​ជា​ត្រូវ​កែ​ប្រែហើយ៕

​ប្រែ​សម្រួល​ដោយ  តែម សុខុម​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស