28.4 C
Phnom Penh

វិស័យ​មី​ក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​ត្រូវ​ការ​ផលិត​ផល​ និង​សេវា​ កម្ម​ច្រើន​មុខទៀត​លើ​ទី​ផ្សារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខណៈកំពុង​ដើរ​ទិញ​ទូរទស្សន៍​​កាលពី​ពេល​ថ្មីៗនេះ​ លោក ឡឹក​ ប៊ុនហៃ អាយុ ២៧ ឆ្នាំ ទិញបាន​ទូរទស្សន៍ អិល​ស៊ីឌី (LCD)មួយ​គ្រឿង​ម៉ាក​សូនី ក្នុង​តម្លៃ​៣៤៥ដុល្លារ​នៅឯ​ហាង​លក់​សម្ភារប្រើ​ប្រាស់ របស់​ក្រុមហ៊ុន​ស៊ុនស៊ីមុិចកូ ស្ថិត​នៅ​តាម​បណ្តោយមហា​វិថីព្រះ​មុនីវង្ស ក្នុង​រាជធានីភ្នំពេញ​។

ប៉ុន្តែ​ប្រាក់ខែ​ចំនួន​៣០០ដុល្លារ​ ដែល​លោក ឡឹក ប៊ុនហៃ ទទួល​បាន​ពី​ការងាររបស់ខ្លួន​​ជា​មន្ត្រី​ឥណទាន​នៅ​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​

វត្ថុ​មួយ​ក្នុង​រាជធានីភ្នំពេញ​ មិនអាច​ឲ្យ​លោកមានលទ្ធភាព​ទិញ​ទូរទស្សន៍នេះ​បាន​ទេ។ ដូច្នេះ​ លោក​ក៏បាន​ខ្ចី​ប្រាក់ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ Aeon ​មកពីប្រទេស​ជប៉ុន​ ដែលបាន​​​បើក​ការិយាល័យ​មួយ​នៅ​ក្នុង​ហាង​របស់​ក្រុមហ៊ុន​ស៊ុនស៊ីមុិចកូ កាលពីឆ្នាំមុន។លោក ប៊ុនហៃ បាន​និយាយថា “ ឥឡូវ យើង​អាច​ទិញ​របស់របរ​ប្រើប្រាស់ ដូចជាទូរទស្សន៍ និង​សម្ភារផ្សេងៗទៀត​​បាន

ដោយយើង​គ្រាន់​តែ​ត្រូវ​បង់រំលោះ​ប្រ​ចាំ​ខែ​ប៉ុណ្ណោះ​។ តាមរយៈប្រព័ន្ធ​ទូទាត់​បែប​នេះ​អាច​ទិញ​របស់របរ​ប្រើ​ប្រាស់​ផ្សេងៗ ដែល​យើង​ត្រូវការបានដោយងាយ”។

ចាប់តាំង​ពី​​វិស័យ​មីក្រូឥណទា​ននៅ​​កម្ពុជា​បាន​ចាប់ផ្តើម​នៅ​ដើមទសវត្សរ៍៩០ ហើយ​អង្គការ​សង្គម​ស៊ីវីលចាប់ផ្តើម​ផ្តល់​សេវា​ប្រាក់កម្ចីខ្នាត​តូចដល់សហគមន៍​ក្រីក្រ ដែល​ត្រូវការមូលនិធិ​ ដើម្បី​បង្កើតមុខរបរ​រក​ស៊ី​​មក គ្រឹះស្ថានមីក្រូ​ហិញ្ញវត្ថុនៅ​ប្រទេសកម្ពុជាកំពុង​ចាប់ផ្តើម​ផ្លាស់ប្តូរ​ទិស​ដៅ​។

ដូចជានៅ​ប្រទេសថៃ និងប្រទេស​វៀត​ណាមដែរ​ វិស័យមីក្រូហិរញ្ញវត្ថុនៅក្នុង​ប្រទេសកម្ពុជា បានចាប់ផ្តើម​សម្លឹង​រកមើល​អតិថិ​ជន​ដូចជាលោក ប៊ុនហៃ ដែល​មាន​ប្រាក់ចំណូល​ច្រើន​ជាង​ប្រាក់ឈ្នួលអប្បបរមា  ប៉ុន្តែ ដែល​ពំុមាន​អំណាចទិញ​គ្រប់គ្រាន់ ដើម្បី​ទទួល​បាន​របស់​របរប្រើប្រាស់ថ្លៃ​ៗដូចជា​ទូរទស្សន៍​និង​​ទូទឹកកក ជាដើម។

Aeon គឺជា​គ្រឹះស្ថានមីក្រូ​ហិញ្ញវត្ថុដំបូងក្នុង​ចំណោមគ្រឹះស្ថាន​មីក្រូ​ហិញ្ញវត្ថុ​ចុះបញ្ជី​ត្រឹម​ត្រូវទាំង​២៨​ដែល បាន​ផ្លាស់ប្តូរទម្រង់នៃ​​ការ​​ផ្តល់ឥណទានតាម​បែប​ប្រពៃណីទៅ​ជា​ការ​ផ្តល់ឥណទាន​តាមរូបភាពទិញ​សម្ភារប្រើ​ប្រាស់វិញ។របៀបធ្វើ​ពាណិជ្ជកម្ម​របស់​គ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ Aeon ជាផ្នែក​មួយ​នៃ​គោល​នយោ​បាយជំរុញ​ចលនា​មីក្រូ​ហិរញ្ញវត្ថុឲ្យ​​កាន់​តែ​ទូលំទូលាយ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ស​ម្បូរបែប​​​ក្នុង​វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ បន្ថែម​ពីលើ​​ការផ្តល់​ប្រាក់កម្ចី​ក្នុងបរិមាណតិចតួច​​ដល់​អាជីវ​កម្ម​ខ្នាតតូចក្នុង​ប្រទេស​កម្ពុជា។

លោកស្រី ងួន សុខា អគ្គនាយិកា​ធនាគារ​ជាតិនៃ​កម្ពុជា​ បាន​មានប្រសាសន៍ថា “យើង​ត្រូវតែ​ធ្វើ​ឲ្យ​មានភាព​សម្បូរ​បែប​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​ ដើម្បីឲ្យ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​មាន​លទ្ធ​ភាពផ្តល់​សេវា​កម្ម​កាន់តែច្រើនដល់​អតិថិជន​ ហើយ​លោកស្របន្ថែម​ថា ធនាគារ​កណ្តាលនឹងរៀបចំសេចក្តីព្រាង​បទបញ្ញត្តិស្តីពី​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដោយ​សហការ​ជាមួយ​នាគារ​​ពិភពលោកនៅក្នុង​ខែ​នេះ​ហើយ។

លោក​ស្រី​បាន​បន្ថែម​ទៀត​ថា “យោងតាម​​ផែន​ការ​លម្អិត​ យើង​នឹង​ពិនិត្យ​មើល​ឱកាសដើម្បី​ឲ្យ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ មាន​លទ្ធភាព​ផ្តល់​សេវា​កម្ម​ហិរញ្ញវត្ថុ​ច្រើន​ប្រភេទដល់​​អ​​​តិថិជន​របស់​ខ្លួន។ ប៉ុន្តែ​បច្ចុប្បន្ន​​នេះ យើង​មិនទាន់​មាន​និយម​ន័យ​ច្បាស់​លាស់​អំពី​សកម្ម​ភាព​របស់​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទេ”។

ទោះ​បី​ជា​អ្នក​បង្កើត​គោល​នយោ​បាយ​ ជឿជាក់​ថា ការ​ធ្វើ​ឲ្យ​មាន​ភាព​សម្បូរ​បែប​ក្នុង វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ នឹង​ជួយ​ឲ្យ​សេដ្ឋ​កិច្ច​មាន​ស្ថិរភាព​ក៏​ដោយ ក៏ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​ បាន​និយាយថា វិស័យ​មីក្រូ​ហិរញ្ញ​វត្ថុដែល​ទើប​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ដូចជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ដើម​នេះ ត្រូវ​ការ​ក្របខណ្ឌ​

បទ​បញ្ញត្តិស៊ី​ជម្រៅ​ដើម្បី​ការ​ពារ​ហានិភ័យ​​នៃការបាត់​បង់​សមត្ថភាព​សង​របស់​អតិថិជន​ដែល​បាន​ខ្ចី​ប្រាក់​ពី​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ។ អត្រា​ឥណទាន​ឥត​ដំណើរ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ចំនួន​ក្រោម​១​ភាគ​រយ​ នេះ​បើ​យោង​តាម​សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា​។ ប៉ុន្តែ​សហគមន៍​ក្រី​ក្រ​តែង​តែ​រអ៊ូរ​រទាំអំពី​ការ​កើន​បំណុល​ដោយសារ​ការ​ពាក់​ព័ន្ធ​ជា​មួយ​អ្នក​រកស៊ី​ចង​ការ​ប្រាក់និង​ភាព​ងាយ​ស្រួល​ក្នុង​ការ​ខ្ចី​ប្រាក់​ច្រើន​ដង​ពី​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុលើសពី​មួយ​។

លោក ម៉ារេន ឌូវិនឌេក (Maren Duven​dack) អ្នក​ស្រាវ​ជ្រាវ​នៅ​វិទ្យា​ស្ថានអភិវឌ្ឍន៍ក្រៅ​ប្រទេស​ (Overseas Development In​stitute) បាន​មាន​ប្រសាសន៍ថា “ក្នុង​ករណី​ខ្លះ ការ​ធ្វើ​ពាណិជ្ជ​កម្ម​បាន​នាំ​ឲ្យ​មាន​ការ​អនុវត្ត​សកម្ម​ភាពខុសពី​បេសកកម្ម​ និង​ការ​ប្រ​ព្រឹត្តខុស​ក្រម​សីលធម៌​ ហើយ​​ដោយសារ​តែ​បែប​នេះ​ហើយទើបវិស័យ​មីក្រូ​ហិរញ្ញ​វត្ថុ ត្រូវ​មាន​បទ​បញ្ញត្តិ​ប្រកបដោយ​ប្រសិទ្ធភាព​ ​

និងភាពត្រឹម​ត្រូវ​ជាងពេល​មុន។ លោកបាន​សរសេរ​​និក្ខេប​បទ​នៅ​ឯ​សាកល​វិទ្យា​ល័យអីុស អេនលា យូនីវ័រ​សីុធី (East Anglia​ University) នៅ​ក្នុងប្រទេស​អង់​គ្លេស​ ក្រោម​ប្រ​ធាន​បទ​ “ផល​ប៉ះ​ពាល់​នៃ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុនៅ

​ក្នុងបណ្តា​ប្រទេស​កំពុង​អភិវឌ្ឍន៍”​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែមថា “វិស័យមីក្រូ​ហិរញ្ញ​វត្ថុ ​​មិន​អាចធ្វើប្រតិបត្តិការទាំង​នៅ​ក្នុង​ស្ថាន​ភាព​ដែល​មិន​មាន​បទ​បញ្ញត្តច្បាស់​លាស់​បានទេ។ ការ​មានក្រប​ខណ្ឌ​បទ​បញ្ញតិ្ត​សមស្រប​មួយ​ ទោះ​ជាក្នុង​គោល​នយោ​បាយ​ម៉ាក្រូ​ ឬ​មីក្រូ​សេដ្ឋ​កិច្ច​​ក៏​ដោយ ឲ្យ​តែ​គាំ​ទ្រដល់​ការ​ជំរុញ​កំណើនប្រាក់​ចំណូល​របស់​ប្រ​ជាពល​រដ្ឋ​ក្រី​ក្រ គឺ​ពិត​ជា​មាន​សារៈសំខានណាស់​”។

លោក​ ដៃ ស៊ូកេ​មេដា (Daisuke​ Maeda) នាយក​គ្រប់​គ្រង​របស់​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ Aeon បាន​មាន​ប្រសាសន៍ថា អតិថិ​ជនត្រូវ​តែ​មាន​ប្រាក់​ចំណូល​ប្រ​ចាំ​ខែ ចាប់​ពី​២០០​ដុល្លារ​ឡើងទៅ​ ទើប​អាច​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់​ក្នុង​ការ​ទទួល​បាន​ប្រាក់​កម្ចី ​យក​ទៅ​ប្រើ​ប្រាស់​។ ប៉ុន្តែ​ Aeon មិន​តម្រូវ​ឲ្យ​មានទ្រព្យ​ធា​នា​ពី​អតិថិ​ជន​របស់​ខ្លួន​ទេ។

លោក​បាន​មាន​ប្រសាសន៍ថា “យើង​មាន​ជំនឿ​ថា ប្រ​ជា​ជន​កម្ពុជា​មាន​សិទ្ធិ​ទទួ​ល​បាន​អត្ថ​ប្រយោជន៍​និង​សេវាកម្ម​ច្រើន​ជាង​សព្វ​ថ្ងៃ​ពី​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ​។ បទ​បញ្ញត្តិ​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា មាន​ចំណុច​គ្រប់​គ្រាន់​ល្មម​នឹងធ្វើ​ឲ្យ​ប្រ​ជា​ជនមាន​លទ្ធភាព​ទទួល​បាន​ផល​ប្រយោជន៍​ និង​សេវាកម្ម​ទាំង​មូល​”។

ទោះ​បី​ជា​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​មាន​ហា​និភ័យ​នៅ​ព័ទ្ធ​ជំុ​វិញក៏ដោយ (​នៅប្រទេស​ឥណ្ឌា​​ វិស័យ​នេះ​​បាន​ដួល​រលំនៅ​ ក្នុង​ឆ្នាំ​២០១០ ដោយ​សារ​តែ​អតិថិជនដែល​បាន​ខ្ចី​ប្រាក់​ ឈប់​សងប្រាក់​ឲ្យ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ) ក៏អ្នក​ជំនាញ​បាន​និយាយ​ថា ការ​ធ្វើ​ឲ្យមាន​ភាព​សម្បូរ​បែប​ក្នុង​សេវា​ឥណ​ទាន​ខ្នាត​តូច​ គឺ​ជា​យុទ្ធ​សាស្ត្រ​ដ៏ល្អ​មួយ​សម្រាប់​វិស័យ​នេះ។

លោក អិុន ចាន់នី ប្រ​ធាន​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី ដែល​ជា​ធនាគារ​ផ្តល់​ឥណ​ទាន​ខ្នាត​តូច ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បាន​មានប្រ​សាសន៍​ថា “យុទ្ធ​សាស្ត្រ​នេះនឹង​ជួយ​ឲ្យ​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ និង​អតិថិ​ជន​របស់​ខ្លួន​រីកចម្រើន​ដូច​គ្នា​។ ពួក​គេត្រូវ​ការ​បទបញ្ញត្តិ​ដ៏​មាន​ប្រសិទ្ធភាព​ ដើម្បី​ឲ្យ​ពួក​គេ​អាច​ណែ​នាំ​ផលិត​ផល​ និង​សេវាកម្ម​​ថ្មីៗ​របស់​គ្រឹះ​ស្ថាន​មី​ក្រូ​ហិរញ្ញ​វត្ថុ​ ឲ្យ​អតិ​ថិ​ជនរបស់​ខ្លួន​បាន​​ដឹង​”។

លោក អិុន ចាន់​នី បាន​បន្ថែម​ថា គ្រឹះស្ថាន​ថ្មីៗ​ ដូច​ជា​ Aeon ជា​ដើម​ ក៏គួរ​តែ​ធ្វើ​ឲ្យប្រាកដ​​ថា ​ខ្លួន​ពិត​ជា​បាន​ពិនិត្យ​មើល​សាវតារ​របស់​អតិថិជន​បាន​ត្រឹម​ត្រូវ​ ជា​ពិសេស​គឺប្រ​វត្តិ​ហិរញ្ញ​វត្ថុ​របស់​ពួក​គាត់​តាម​រយៈ​បុគ្គលិកដែរ​។ អាជីវកម្ម​របស់​ Aeon ស្ថិត​ក្នុង​ដំណាក់កាលចាប់​ផ្តើម​នៅ​ឡើយ ប៉ុន្តែ​មាន​ផែនការអភិវឌ្ឍន៍​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស