33 C
Phnom Penh

គ្រួសារ​ភ័យ​ខ្លាច​អំពីកូន​ស្រី​របស់​ខ្លួន​ទៅ​ធ្វើការ​ជា​ស្រ្តី​​ជំនួយ​ការ​មេផ្ទះ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​ទឹកផុស, ខេត្ត​កំពង់​ឆ្នាំង-លោកហែម ​ចន្ថា បានរំ​លឹកអំ​ពី​កូន​ស្រី​អាយុ​២៤​ឆ្នាំ​របស់​ខ្លួន​​ឈ្មោះ​ ស៊ុយសារ៉េនថា​ជា​មនុស្ស​ឧស្សា​ហ៍​ឆ្លាត និង​រួស​រាយរាក់​ទាក់​​។ ប៉ុន្ដែ​នៅ​ពេល​​បាន​​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​លោក​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំងកាល​ពី​ខែ​មុន ដើម្បី​ទៅ​ទទួល​កូន​ស្រី​​នៅ​អា​កាស​យាន​ដ្ឋាន​អន្ដរជាតិ​ភ្នំ​ពេញ​ នាង​ប្លែក​ណាស​់​។

លោក​ ចន្ថា បាន​មាន​ប្រសាសន៍​នៅ​ផ្ទះ​របស់លោក​ ដែល​ព័ទ្ធ​ជុំ​វិញ​ដោយ​វាល​ស្រែ​រាំង​ស្ងួត​ នៅ​ក្នុង​ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹក​ផុស​ថា “ នាងមិន​ស្គាល់​ខ្ញុំ​ទេ។ ពេល​នេះ​ នៅ​ពេល​មនុស្ស​ទៅ​និយាយ​ជាមួយ​នាង​ នាង​ដើ​រចេញ​ ហើយកម្រឆ្លើយ​ណាស់​”។

កូនស្រី​របស់លោកឈ្មោះស៊ុយសារ៉េនបាន​​ចុះ​ហត្ថ​លេខា​ជាមួយ​នឹង​ក្រុម​ហ៊ុន​ជ្រើស​​រើស​ពលករ​ ZEN ក្នុង​ឆ្នាំ​២០១០​ ដើម្បី​ធ្វើ​ជាស្ត្រី​ជំនួយកា​រ​មេ​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី ដោយ​សង្ឃឹម​ថា នឹង​រក​ប្រាក់​មក​ជួយ​គ្រួ​សារ​របស់​នាង​។ លោក​ ចន្ថា បាន​រៀប​រាប់​ថា “ ​ខ្ញុំ​បាន​ទទួល​​​ទូរស័ព្ទ​ពី​ក្រុម​ហ៊ុន​ជ្រើស​រើស​ពល​ករ​ថាយើង​ត្រូវ​ទៅ​ទទួល​នាង​នៅ​ឯ​អា​កាស​យាន​ដ្ឋាន​។ ខ្ញុំ​ទៅ​ទី​នោះ ជា​មួយ​នឹង​ភរិយា​របស់​ខ្ញុំ​ ហើយ​យើង​បាន​ឃើញម​នុស្ស​ពីរ​នាក់​ជា​ [បុគ្គលិក​ក្រុមហ៊ុន​] ដើេរអមនាង។ ខ្ញុំ​មិន​បាន​កត់​សម្គាល់​ថា មានអ្វីប្លែកនោះ​ទេ។ នៅ​ពេលពួក​គេ​ប្រគល់​នាងមក​ឲ្យខ្ញុំ​ នាង​បាន​ទម្លាក់​អីវ៉ែ​អីវ៉ាន់​​ ដែល​នៅ​ក្នុង​ដៃ​របស់​នាងនៅ​លើ​ឥដ្ឋ​”។

នាង សារ៉េន មិន​បាន​ឆ្លើយតប​ទៅ​នឹង​សំណួរ​របស់​ឪពុក​ម្ដាយ​ទេ ហើយ​មិន​ព្រម​និយាយអស់​រយៈ​ពេល​ប្រាំ​ថ្ងៃរហូត​ដល់​នាង​និយាយមួយម៉ាត់ជាមួយកូន​ប្រុស​អាយុ​បី​ឆ្នាំ​របស់​នាងថា “ អាអូន”​ ក្នុង​ចំណោម​កូនៗ​ពីរ​នាក់ ដែលនាងបានទៅចោលពួកគេ ពេល​ធ្វើ​ការ​ក្នុង​ប្រទេស​ម៉ាឡេ​ស៊ី។

បើទោះ​ជា ​មាន​រយៈ​ពេល​មួយ​ខែ​ហើយ​​ចាប់​តាំង​ពី​នាង​វិល​ត្រឡប​់មកវិញក៏ដោយក៏​នាង​ ស៊ុយ សារ៉េន អង្គុយ​យ៉ាង​ស្ងាត់​ស្ងៀម​នៅ​លើ​ផ្ទះ​របស់​នាង​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ខណៈ​​ដែល​ប្អូន​ស្រី​របស់​នាង​កំពុង​តែ​ជាន់​ម៉ាស៊ីន​ដេរ។ នាង​បាន​និយាយ​ខ្សឹប​ៗទាំង​បិទ​ភ្នែក​ថា “ ខ្ញុំ​ឈឺ​ក្បាលរហូត​។ ខ្ញុំ​វិល​មុខ ហើយ​ហេវ​ហត់ណាស់ខ្ញុំ​មិន​អាច​ធ្វើ​ការ​បាន​ទៀត​ទេ​”។នាង​ សារ៉េន បាននិយាយថា នាង​ត្រូវ​បាន​

​​និយោ​ជក​របស់​នាង​បង្ខំ​ឲ្យ​លេប​ថ្នាំម៉្យាងដែល​ធ្វើ​ឲ្យនាង​ឈឺ​ ហើយឲ្យនាង​បាន​ធ្វើ​ការ​ច្រើន​ម៉ោងពេល​ ដើម្បី​សម្អាត​ផ្ទះ​ពីរ​ឲ្យ​និយោ​ជក​របស់​នាង។ក៏ប៉ុន្ដែ​លើស​ពី​សេចក្ដី​លម្អិត​តិច​តួច​នេះ​ នាង​មិន​អាច​ចង​ចាំ​​ច្រើន​ទេ ដើម្បីរៀបរាប់អំពី​ស្ថានភាពរបស់​នាង​ ក្នុងនាមជា​​ជនជាតិខ្មែរ​ម្នាក់​ ក្នុង​ចំណោម​ខ្មែរជាង​៣០.០០០​នាក់ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ការ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ក្នុង​រយៈពេលប៉ុន្មាន​ឆ្នាំថ្មីៗនេះ។

ខណៈ​ដែល​នាង​ សារ៉េនបាន​ធ្វើ​ដំណើរ​ត្រឡប់​មក​ផ្ទះ​វិញ​ មនុស្ស​ជា​ច្រើន​រាប់​ទាំង​ប្អូន​ស្រី​ម្នាក់​ កំពុងតែស្ថិត​នៅ​ក្រៅ​ប្រទេស​នៅ​ឡើយ ហើយដាច់ទំ​នាក់​ទំនងជាមួយ​​គ្រួសារ​របស់​ខ្លួនរហូតមក​។

លោក​ ចន្ថាបាន​មានប្រសាសន៍ថាលោក​មិន​ហ៊ាន​ប្ដឹង​អំពី​ការ​ប្រព្រឹត្ត​មកលើ​កូន​ស្រី​របស់​ខ្លួន​ឡើយ​ ខ្លាចគេធ្វើបាបកូន​ស្រី​របស់​ខ្លួន​​ផ្សេង​ទៀត​ ដូច​ជានាង ស៊ុយ សារ៉ាត់អាយុ​១៨ឆ្នាំ​ ដែល​ទៅ​ធ្វើការក្នុងប្រទេស​ម៉ាឡេស៊ីដែរ​ តាមរយៈ​ក្រុម​ហ៊ុន​ ZEN ចាប់តំាងពីឆ្នាំ​២០១០ហើយ​បាត់​ដំណឹង​តាំង​ពី​នោះ​មក​។ មិន​​មែនមានតែលោក​ ចន្ថាម្នាក់ឯងនោះ​ទេ ដែលបានជួបបញ្ហានេះ។ នៅក្នុង​ឃុំ​ក្រាំង​ស្គារ  នៅ​ក្នុង​ខេត្ត​កំពង់​ឆ្នាំង មាន​ភូមិ​តូច​ៗប្រហែល​ជាង​១០ មាន​​ប្រជា​ពល​រដ្ឋ​ប្រហែល​៣.០០០​គ្រួសារ​ ដែលមាន​ស្រ្តី​ក្មេងៗ​យ៉ាង​ហោច​ណាស់​១៧នាក់ បានបាត់​ទំនាក់ទំនង​ទាំង​ស្រុង​ជាមួយ​គ្រួសារ​របស់ខ្លួន​ ចាប់​តាំង​ពី​ទៅ​ធ្វើការ​ជា​ស្ត្រី​ជំនួយកា​រ​មេ​ផ្ទះ​​នៅ​ប្រទេស​ម៉ាឡេស៊ី ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗនេះ។ លោកស្រី​ ជួបសុភឿរ៉ា ជំទប់​ឃុំ​ក្រាំងស្គារ  ​មាន​ប្រសាសន៍ថា មុន​ពេលរដ្ឋា​ភិបាល​ហាម​ប្រាម​មិន​ឲ្យ​បញ្ជូនស្ត្រី​ជំនួយកា​រ​មេ​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី ដោយ​សារ​​ព្រួយ​​បារម្ភ​អំពី​ការ​រំលោភ​បំពាន​ និង​លក្ខខណ្ឌ​ការ​ងារ​មិន​ល្អ​ក្នុង​ខែ​តុលានោះ ទី​ភ្នាក់​ងារ​​ជ្រើស​រើស​ពល​ករ​បាន​លួង​លោម​គ្រួសារ​ប្រជា​ពល​​រដ្ឋឲ្យព្រម​អនុញ្ញាត​ឲ្យកូន​ស្រី​របស់​ខ្លួន​ទៅ​ធ្វើកា​រ​នៅក្រៅ​ប្រទេស។

លោក​ស្រី​បាន​ថ្លែង​ថា “ មុន​ពេល​ពួកគេ​ទៅ​ ពួក​គេបានទទួលប្រាក់​ខ្លះ​ អង្ករ​ខ្លះ​ ឬក៏​ជា​គោមួយក្បាល​”។ អ្នក​ភូមិ​ដែលជីវភាព​របស់ពួកគាត់ ពឹង​ផ្អែកទាំងស្រុងនៅ​លើ​ដី​ស្រែរបស់​ខ្លួន និង​និយាយ​ថា​ ពួក​គេ​រក​ប្រាក់​បាន​តិច​តួច​គឺ​១០.០០០​រៀល​​ ឬ​២,៥០​ដុល្លារ​ ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ផ្គត់​ផ្គង់​​គ្រួសារ​ ដែលមានសមាជិក​ច្រើនត្រូវបាន​បញ្ចុះបញ្ចូលដោយសន្យា​ឲ្យ​ប្រាក​់​ដល់​ទៅ​២០០​ដុល្លារ​ ក្នុងមួយ​ខែ​ ដើម្បី​ធ្វើការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ីចំ​ណែ​ក​ការចំណាយ​ក្នុង​ការ​ធ្វើ​ដំណើរ និង​​ការស្នាក់នៅ ​​និយោ​ជក​ជាអ្ន​ក​ចេញទាំងអស់។

លោក​ស្រី សុភឿរ៉ា បាន​លើក​ឡើង​ថាឪពុក​ម្ដាយ​ក៏​ជឿតាម​ពាក្យ​ចរចាម​អារ៉ាម​ថាអ្ន​កនៅ​ក្នុងភូមិ​ជុំ​វិញ​នោះ ត្រឡប់​មក​ពី​ប្រទេស​មា៉ឡេស៊ីវិញ​ ទទួល​​បាន​ប្រាក់​ច្រើន​។ លោក​ស្រីបាន​បន្ដ​ថា “ អ្នក​នៅ​ទី​នេះជ្រួល​ច្របល់​ ហើយគួរឲ្យ​ព្រួយ​បារម្ភ​ណាស់។សហ​គមន៍របស់​យើង​​បាត់​ទំនុក​ចិត្ត​ទៅ​លើ​រដ្ឋាភិបាល​ ពីព្រោះ​ពួកគេ​ធ្វើ​ពាក្យបណ្ដឹង​ ហើយសុំឲ្យប្រធាន​ភូមិ​ធ្វើ​អន្ដរាគមន៍ ប៉ុន្ដែ​គាត់និយាយថា “ នេះជា​កំហុស​រប​ស់អ្នកឯង​ អ្នក​ឯងឲ្យ​កូន​របស់​អ្នកទៅ​ទីនោះ”។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស