មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹង កាលពីម្សិលមិញថា ការសាងសង់នៃស្ថានីយព្យាករអាកាសធាតុ លើកដំបូង នៅក្នុងប្រទេសកម្ពុជា ត្រូវបានសាងសង់រួចរាល់ ហើយឥឡូវនេះកំពុងតែដាក់ឲ្យដំណើរការសាកល្បង មុនពេលបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅខែក្រោយ។
លោក អ៊ុំរីណា ប្រធានស្តីទីនាយកដ្ឋានឧតុនិយម បានឲ្យដឹងថា ស្ថានីយព្យាករអាកាសធាតុកម្ពស់៦០ម៉ែត្រ និងចំណាយប្រាក់អស់ប្រាំពីរលានដុល្លារ ក្នុងការសាងសង់ ដែលស្ថិតនៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញគឺត្រូវបានបំពាក់ទៅដោយ ប្រព័ន្ធរា៉ដា មានសមត្ថភាពខ្ពស់ ដែលអាចជួយឲ្យអ្នកឧតុនិយមអាចព្យាករព្យុះភ្លៀង នឹងទឹកជំនន់បានយ៉ាងល្អប្រសើរ។
លោក រីណា បានបន្តថា “យើងនឹងអាចព្យាករពពកភ្លៀង និងកម្រិតទឹកភ្លៀង ហើយនឹងអាចព្យាករល្បឿន និងទិសដៅរបស់ខ្យល់។ ប្រព័ន្ធរ៉ាដានេះ នឹងអាចព្យាករព្យុះផ្គរក្នុងស្រុកបាន”។លោកបានលើកឡើងថា អគារនៅពីក្រោមប្រព័ន្ធរ៉ាដា អាចនឹងត្រូវបានយកមកប្រើប្រាស់សម្រាប់វិភាគទិន្នន័យ។
លោក រីណា បានបន្ថែមថា ប្រព័ន្ធរ៉ាដានេះកំពុងតែត្រូវបានធ្វើការសាកល្បង ដើម្បីបញ្ជាក់ពីភាពច្បាស់របស់វា។លោក រីណា បានមានប្រសាសន៍បន្ថែមថា “ យើងត្រូវតែប្រៀបធ្រៀបកម្រិតនៃទិន្នន័យ ដែលប្រព័ន្ធរ៉ាដាព្យាករ ទៅនឹងការអង្កេតទៅលើស្ថានភាពជាក់ស្តែង។
លោក រីណា បានលើកឡើងថា ស្ថានីយនេះ ដែលត្រូវបានគេហៅថា ស្ថានីយរ៉ាដាតេជោ សែន នឹងត្រូវដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃណាមួយក្នុងខែឧសភា បន្ទាប់ពីគេហទំព័រសម្រាប់ជួយផ្តល់ដំណឹងអំពីព្យុះ ត្រូវបានរៀបចំរួចរាល់៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង