លោកឈូកបណ្ឌិតអតីតអភិបាលក្រុងបាវិត និងជាជនសង្ស័យតែម្នាក់គត់ នៅក្នុងការបាញ់ប្រហារកម្មការិនីរោងចក្របីនាក់ ឲ្យរងរបួស ត្រូវបានតុលាការចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា។
ប្រសិនបើរកឃើញកំហុសលោកបណ្ឌិតអាចជាប់ពន្ធនាគារយ៉ាងតិចប្រាំមួួយថ្ងៃ និងយ៉ាងច្រើនពីរឆ្នាំ ហើយត្រូវពិន័យជាប្រាក់ចន្លោះពី២៥០ដុល្លារនិង១.០០០ដុល្លារ។លោក ហុឹងប៊ុនជាព្រះរាជអាជ្ញារអមសាលាដំបូងខេត្តស្វាយរៀង ដែលបានចោទប្រកាន់លោក បណ្ឌិត កាលពីម្សិលមិញ មានប្រសាសន៍ថា “ គាត់គឺជាជនសង្ស័យតែម្នាក់គត់ដែលពាក់ព័ន្ធក្នុងការបាញ់ប្រហារ ហើយគាត់ត្រូវបានចោទប្រកាន់ពីបទបង្ករបួសស្នាមដោយអចេតនា”។
យោងតាមមាត្រា២៣៦ នៃក្រមព្រហ្មទណ្ឌ បានចែងថា ការបង្កឲ្យមានរបួសស្នាមដោយអចេតនា “ គឺជាអំពើដែលបណ្តាលឲ្យមានរបួសដល់អ្នកដទៃដោយសារធ្វេសប្រហែស ការមិនប្រុងប្រយ័ត្ន ឬការខ្ជីខ្ជា ដែលបង្កឲ្យមានអសមត្ថភាពក្នុងការធ្វើការងារស្មើ ឬលើសពីប្រាំបីថ្ងៃ ឬការបំពានលើកាតព្វកិច្ចសន្តិសុខឬកាតព្វកិច្ចប្រុងប្រយ័ត្ន ដែលច្បាប់តម្រូវ។
ទោះបីជាមានការចោទប្រកាន់ពីបទឧក្រិដ្ឋបាញ់ប្រហារកម្មការិនីបីនាក់ឲ្យរងរបួសធ្ងន់ក៏ដោយ ក៏លោកបណ្ឌិត មិនត្រូវបានចាប់ខ្លួននោះដែរ។ មន្ត្រីតុលាការបានបដិសេធមិនធ្វើអត្ថាធិប្បាយ ថាតើលោកត្រូវឃុំខ្លួនភ្លាមបន្ទាប់ពីមានការចោទប្រកាន់ ឬក៏យ៉ាងណានោះទេ។ លោក ប៉ិច ឈឿត ប្រធានសាលាដំបូងខេត្តបានមានប្រសាសន៍ថាលោកបានទទួលសំណុំរឿងរួចហើយ ព្រមនឹងចាត់តាំងចៅក្រមស៊ើបអង្កេតនៅចុងសប្តាហ៍ក្រោយ។ អ្នកជំនាញផ្នែកច្បាប់ និងការងារ បានហៅការចោទប្រកាន់នេះថា មិនត្រឹមត្រូវ។
លោកមឿនតុលា ប្រធានកម្មវិធីការងារ នៅមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍បានលើកជាសំណួរថា“តើអ្នកបង្កឲ្យមានរបួសស្នាមយ៉ាងដូចម្តេច នៅពេលអ្នកដកកាំភ្លើងការបាញ់គេ។វាមិនអាចទៅ រួចនោះទេ ពេលដែលអ្នកបានបាញ់ប្រហារទៅលើក្រុមមនុស្ស រួចហើយនិយាយថា វាជារឿងអចេតនានោះ”។
លោក បណ្ឌិតបានបាញ់កម្មការិនី អំឡុងពេលកើតមានការតវ៉ាដោយហិង្សាមួយកាលពីចុងខែកុម្ភៈនៅឯរោងចក្រផលិតស្បែកជើងមួយសម្រាប់សម្ភារៈកីឡា ដែលមានម៉ាកពូម៉ា(Puma)របស់អាល្លឺម៉ង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសម៉ាន់ហាតតាន់ ។
លោក សុក សំអឿន នាយកប្រតិបត្តិនៃក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានលើកឡើងថា បើគ្មានការចាប់ខ្លួនទេ សំណុំរឿងរបស់លោក បណ្ឌិត នឹងត្រូវអូសបន្លាយជាមិនខាន។
លោក សំអឿន បានបន្តថា “ សំណុំរឿងនេះវាពាក់ព័ន្ធនឹងអ្នកនយោបាយ ហើយវាជារឿងមួយចូលក្នុងនយោបាយ ខ្លាំងណាស់ដូច្នេះមិនងាយនឹងដូរវាឲ្យទៅជាបទចោទធ្ងន់ធ្ងរណាស់នោះទេ”។ លោកបានបន្ថែមថា ការចោទប្រកាន់កម្រិតស្រាលបែបនេះមិនបានព្រមានដល់បទឧក្រិដ្ឋដោយការប្រើកាំភ្លើងបានទេ។
លោក នុត យ៉ត បងប្រុសរបស់ជនរងគ្រោះឈ្មោះ នុត សុខន អាយុ២៣ឆ្នាំ ដែលជាជនរងគ្រោះម្នាក់ក្នុងចំណោមជនរងគ្រោះទាំងបីនាក់ បាននិយាយថាការចោទប្រកាន់លោកបណ្ឌិត គឺមិនសមនឹងបទឧក្រិដ្ឋនោះទេ។
លោក ណុត យ៉ត ដែលមានអាយុ២៦ឆ្នាំ បាននិយាយថា “ ខ្ញុំគិតថា[តុលាការ] មានចេតនាជួយសម្រាលទោសឲ្យអ្នកបាញ់។ការសម្រេចបែបនេះ គឺពិតជាគួរឲ្យខ្លាចណាស់។ វាស្រាលពេកហើយ។ ការផ្តល់ទោសស្រាលបែបនេះ នឹងលើកទឹកចិត្តដល់ជនល្មើសផ្សេងទៀតឲ្យប្រព្រឹត្តអំពើបែបនេះដែរ”។
នៅពេលមានការបាញ់ប្រហារមកលើកម្មការិនីចំនួនបីនាក់នៅឯតំបន់សេដ្ឋកិច្ចពិសេសបានកើតឡើងវាគឺជាករណីបាញ់ប្រហារមួយ កាលពីពេលថ្មីៗនេះនៅក្នុងចំណោមការបាញ់ប្រហារជាច្រើនទៅលើពលរដ្ឋសីុវិលដោយមន្ត្រីរដ្ឋាភិបាលប្រដាប់ដោយអាវុធ។
យ៉ាងហោចណាស់មានករណីបាញ់ប្រហារប្រាំបួនករណីបានកើតឡើងចាប់តាំាងពីខែមករា មក ពាក់ព័ន្ធនឹងមន្ត្រីរដ្ឋាភិបាល នគរបាល ដែលបានប្រើកាំភ្លើងរបស់ខ្លួនបាញ់ទៅលើ ឬបាញ់មនុស្សពេលមានជម្លោះនិងពេលពេលស្រវឹង។ មនុស្សពីរនាក់បានស្លាប់ និងបួននាក់ផ្សេងទៀតរងរបួស អំឡុងពេលមានការបាញ់បោះកើតឡើង ដោយក្រុមការងារអង្គការសិទ្ធិមនុស្ស បាននិយាយថា ជាហេតុធ្វើឲ្យមានការព្រួយបារម្ភទាក់ទងទៅនឹងបទឧក្រិដ្ឋដោយប្រើកាំភ្លើងពីសំណាក់មន្ត្រីរដ្ឋាភិបាល។
កាលពីពេលថ្មីៗនេះ មនុស្សបីនាក់រួមទាំងកុមារីម្នាក់ អាយុ១២ឆ្នាំ បានរងរបួសនៅពេលវរសេនីយ៍នគរបាលក្រសួងមហាផ្ទៃម្នាក់បានបាញ់សំដៅទៅក្រុមអ្នករាំរែក ពេលមានជម្លោះក្នុងឱកាសអបអរសាទរថ្ងៃចូលឆ្នាំប្រពៃណីជាតិ កាលពីចុងសបា្តហ៍មុន។
មន្ត្រីនគរបាលវ័យក្មេងម្នាក់កំពុងរត់គេចខ្លួននៅឡើយ នៅពេលឪពុករបស់ខ្លួនចង់បញ្ចុះបញ្ចូលជនរងគ្រោះទាំងបីនាក់ ឲ្យដកពាក្យបណ្តឹងពីតុលាការមកវិញ ដើម្បីជាថ្នូរនឹងការបង់ប្រាក់ សម្រាប់ថ្លៃព្យាបាលរបួសរបស់ពូកគេ។ ការបាញ់ប្រហារឲ្យមនុស្សបីនាក់រងបួសនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីលេខាម្នាក់ធ្វើការនៅក្នុងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនត្រូវបានចាប់ខ្លួនពីបទប្រើកាំភ្លើងបាញ់អនាធិបតេយ្យនៅក្នុងកណ្ដាលរាជធានីភ្នំពេញដោយសារស្រវឹង។ ក្រុមសកម្មជនសិទ្ធិមនុស្សបានទទូចឲ្យមានការចោទប្រកាន់ធ្ងន់ធ្ងរ និងទាមទារឲ្យការចាប់ខ្លួនថែមទៀត។
លោកភីលរ៉ូប៊ើតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំេមីលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីបានលើកឡើងតាមរយៈអុីម៉េលថា “រដ្ឋាភិបាលកម្ពុជាគួរតែទទួលស្គាល់ថា មធ្យោបាយល្អបំផុត ដើម្បីទប់ស្កាត់អំពើហឹង្សាដែលបង្កឡើងដោយនគរបាល ឬក៏មន្ត្រីផ្សេងៗទៀត នៅស្រវឹងនិងខឹងសម្បារឬក៏បាត់បង់ការគ្រប់គ្រងខ្លួនឯង គឺត្រូវចាប់ពួកគេទៅឲ្យតុលាការផ្តន្ទាទោស”។
លោក រ៉ូប៊ើតសុន បានសរសេរថា “ ការចាប់ខ្លួនមកផ្តន្ទាទោសគឺជាមធ្យោបាយមួយ ដ៏ល្អបំផុត ចំពោះជនណាដែលមានសកម្មភាពយង់ឃ្នង និងមិនមានការទទួលខុលត្រូវ”។ យោងតាមតួលេខនាំរបស់អង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា មានករណីបាញ់ប្រហារបានកើតឡើងប្រហែល១០០លើក ជារៀងរាល់ពាក់ព័ន្ធនឹងការរំលោភបំពានច្បាប់ដោយមន្ត្រីអនុវត្តច្បាប់។
លោក ចាន់ សុវ៉េត អនុប្រធានផ្នែកអង្កេតរបស់អង្គការអាដហុក បានមានប្រសាសន៍ថា “ អំពើហឹង្សាដែលប្រព្រឹត្តឡើងដោយនគរបាលទៅលើប្រជាពលរដ្ឋ គឺជារឿងមួយដ៏គួរឲ្យព្រួយបារម្ភ។ នគរបាលកំពុងតែបាញ់ និងវាយមនុស្ស ហើយពួកគេមិនដែលទទួលខុសត្រូវនោះទេ។ អជ្ញាធរគួរតែរិតបន្តឹងនគរបាល ហើយចាប់ខ្លួន ដើម្បីបង្ខំពួកគេឲ្យទទួលខុសត្រូវចំពោះការប្រើអំពើហឹង្សារបស់ខ្លួនទៅលើប្រជាពលរដ្ឋធម្មតា បើពំុដូច្នេះទេវានឹងលើកទឹកចិត្តឲ្យមានរំលោភច្បាប់ទៀត និងធ្វើឲ្យច្បាប់គ្មានប្រសិទ្ធិភាព៕
(រាយការណ៍បន្ថែមដោយ ឡោច័ន្ទតារា និង Abby Seiff)
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង