35 C
Phnom Penh

រថយន្ត​ក្រុងមួយគ្រឿង​បុក​បុរសម្នាក់​ស្លាប់​នៅក្នុងខេត្តកំពង់ធំ ដោយ​សារអ្នកបើកបរ​ដេកលក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាននិយាយ​កាលពី​ម្សិល​មិញ​ថា រថយន្តក្រុងមួយគ្រឿង​ កាល​ពី​ថ្ងៃ​ពុធ​ បាន​​បុក​បុរស​​ម្នាក់ស្លាប់​ ដែល​កំពុង​ឈរ​នៅតាម​ចិញ្ចើមថ្នល់​នៅក្នុង​ខេត្ត​កំពង់​ធំ ​​ដោយសារ​អ្នក​បើកបរ​រថយន្តក្រុងនេះ​​បាន​ដេកលក់​ពេល​កំពុង​បើកបរ។

លោក ហ៊ុន ហៀត នាយនគរបាល​ចរា​ចរ​ស្រុកស្ទោង បាន​មាន​ប្រសាសន៍ថា លោកឌឿត ដៀក អាយុ​៤៥ឆ្នាំ​ បានស្លាប់​ភ្លាមៗនៅកន្លែងកើតហេតុ ពេល​រថយន្តក្រុង​របស់​ក្រុម​ហ៊ុន​ទេសចរណ៍ នាគ​ក្រហម ​ដឹកអ្នក​ដំណើរ ​បុក​​ពេល​លោក​កំពុង​ឈរ​នៅតាម​ចិញ្ចើមផ្លូវ​ជាតិ​លេខ​៦​​នៅម៉ោង​ប្រហែល​១២ៈ២៥​នាទី​ថ្ងៃ​ត្រង់​។

លោក​បានបន្ថែមថា រថយន្ត​ក្រុង​នេះ​ដឹក​អ្នកដំណើរ​៤២នាក់​ រួមមាន​ជន​បរទេស​​មួយចំនួនផង​ ហើយ​បើក​បរ​ចេញ​ពី​ខេត្ត​​សៀមរាប មកកាន់​រាជ​ធានី​ភ្នំពេញ។លោក​បាន​បន្ថែមទៀតថា អ្នក​ជិះ​លើ​រថយន្ត​ទាំង​អស់​គ្មាន​នរណាម្នាក់​រង​របួស​ឡើយ។

លោកឡុង​ ស្រេងអាយុ៦១ឆ្នាំជា​អ្នក​​បើក​បរ​រថយន្ត​ក្រុង​នេះ បាន​ដេកលក់​ពេល​​កំពុង​បើកបរ​ ហើយ​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ពីផ្លូវ ដោយ​បើកតាម​ចិញ្ចើមផ្លូវ​ចម្ងាយ​៧២​ម៉ែត្រ មុន​ពេល​ទៅបុក​លោក ឌឿត​ ដៀកពេលទៅលេង​ផ្ទះ​បង​ប្អូន​របស់​ខ្លួន​ក្បែរ​ដងផ្លូវនោះ ហើយ​រង់​ចាំ​កូន​របស់លោក​មកឌុបត្រឡប់ទៅផ្ទះវិញ​នៅ​ក្នុងឃុំ​ចំណា​ក្រោម​ ស្រុកស្ទោង។ លោក ហៀត បានបន្ដ​​ថា “ នេះ​ពិត​ជា​កំហុស​របស់​អ្នកបើក​បរ​រថយន្ត​ក្រុង​នេះ​ទាំងស្រុង។ គាត់​ដេកលក់​ពេល​កំពុង​បើក​បរ ហើយ​បាន​បុក​ជន​រង​គ្រោះ ដែលកំពុង​ឈរ។ គាត់​ធ្វេស​ប្រហែស​ណាស់​”។

លោក​បាន​បន្ថែមថា ប្រសិន​បើ​រថយន្ត​​ក្រុងនេះ​មិនបាន​ឈប់នៅ​ពេល​វា​ប៉ះ​ចិញ្ចើម​ផ្លូវ​បន្ទាប់​ពី​បុក​បុរសនេះ​ទេ​នោះ​​ វា​នឹងជ្រុល​ទៅបុក​ផ្លូវ​ចោត​នៅ​ចម្ងាយ​ប្រហែល​តែ​២០​ម៉ែត្រទៀត​ប៉ុណ្ណោះ។

លោកហៀតបាន​មាន​​ប្រសាសន៍ថាអ្នក​បើកបរ​បាន​រត់​គេច​ខ្លួន បន្ទាប់​ពី​បង្ក​គ្រោះ​ថ្នាក់​ ហើយ​រថយន្តក្រុង​នេះ​ត្រូវបាន​យក​ទៅរក្សាទុកនៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ស្ទោង។ លោក​បាន​មាន​ប្រសាសន៍បន្ថែមថា “ឥឡូវ​នេះ យើង​ដឹងថា អ្នកបើករថយន្ត​

នេះ​នៅផ្ទះរបស់​គាត់​ក្នុងរាជ​ធានីភ្នំពេញដូច្នេះ​យើង​​បានបញ្ជូនសំណុំរឿងនេះ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​កំពង់​ធំ ហើយ ហើយ​យើង​​កំពុងតែ​ស្វែងរក​ចាប់​ខ្លួន​ជន​សង្ស័យរូប​នេះ”។

អ្នកតំណាងក្រុមហ៊ុន នាគក្រហម​បាន​និយាយថា អ្នកគ្រប់​គ្រងក្រុមហ៊ុននេះ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​​អំពី​គ្រោះ​ថ្នាក់​​នេះបានទេ៕

ប្រែសម្រួល​ដោយ​  សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស