នគរបាលនិយាយថា បុរសវ័យក្មេងបីនាក់ត្រូវបានសម្លាប់កាលពីម្សិលមិញ បន្ទាប់ពីម៉ូតូរបស់ខ្លួនបានបុកជាមួយរថយន្តក្រុងមួយគ្រឿងក្នុងខេត្តកំពង់ស្ពឺខណៈពួកគេកំពុងធ្វើដំណើរទៅចូលរួមពិធីអាពាហ៍ពិពាហ៍មួយ។
លោក សួស អូន ប្រធាននគរបាលចរាចរស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា រថយន្តក្រុងមួយគ្រឿងរបស់ក្រុមហ៊ុនGST Express Bus បើកបរពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ និងផ្ទុកអ្នកដំណើរចំនួន២៨នាក់ដោយមានទាំងខ្មែរនិងជនបរទេសនោះ បានបុកគ្នាជាមួយម៉ូតូនោះនៅលើផ្លូវជាតិលេខ៤ក្នុងឃំុមហាសាំង ស្រុកភ្នំស្រួច នៅម៉ោងប្រហែល១០និង១០នាទីព្រឹក។
លោក សួស អូន បានមានប្រសាសន៍ថាឈ្មោះ វុន វុធ អាយុ២២ឆ្នាំនិងបងប្អូនបង្កើតពីរនាក់ឈ្មោះ ចេងហីុម អាយុ២២ឆ្នាំនិងឈ្មោះ ចេង ចាន់ អាយុ១៩ឆ្នាំ មកពីឃុំព្រៃរំដួល ក្នុងស្រុកភ្នំស្រួចផងដែរ កំពុងធ្វើដំណើរទៅចូលរួមពិធីអាពាហ៍ពិពាហ៍មួយ ស្រាប់តែនៅពេលនោះពួកគេបានបុកគ្នាជាមួយរថយន្តក្រុងនេះតែម្តងហើយអ្នកជិះម៉ូតូទាំងបីនាក់បានស្លាប់ភ្លាមៗតែម្តង។លោកបានបន្ថែមថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះនៅមិនទាន់ច្បាស់ថា តើភាគីណាជាអ្នកបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះទេ ប៉ុន្តែលោកសង្ស័យថា មូ៉តូជាអ្នកខុសដោយសារតែព្យាយាមវា៉រថយន្តមួយគ្រឿងទៀត។
លោកបានមានប្រសាសន៍ថា“យើងមិនទាន់ដឹងថា នរណាជាអ្នកបុកនរណានោះទេ”។ លោកបន្ថែមថា រថយន្តក្រុងនោះបានបន្តដំណើរចម្ងាយប្រហែល២០០ម៉ែត្របន្ទាប់ពីបុកគ្នាជាមួយម៉ូតូនេះហើយ។
លោកបានមានប្រសាសន៍ទៀតថា“អ្នកបើករថយន្តក្រុងនោះបានឈប់រថយន្ត ហើយបន្ទាប់មកបានរត់គេចខ្លួន ទុកចោលអ្នកដំណើរទាំង២៨នាក់នៅលើរថយន្តនោះ។ មិនមាននរណាម្នាក់រងរបួសឡើយនៅលើរថយន្តនេះ ហើយក្រុមហ៊ុនបានបញ្ជូនរថយន្តក្រុងមួយគ្រឿងទៀតដើម្បីដឹកអ្នកដំណើរទាំងនោះទៅកាន់ក្រុងព្រះសីហនុ”។
លោក ច្រាំង គ្រុយ ដែលជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុន GST Express បាននិយាយថាការបុកគ្នានេះគឺជាកំហុសរបស់អ្នកបើកបរម៉ូតូ។លោកបាននិយាយទៀតថា”វាមិនមែនជាកំហុសអ្នកបើកបររបស់ខ្ញុំទេ ពីព្រោះគាត់បានព្យាយាមគេចពីម៉ូតូនោះ។រថយន្តក្រុងជាជនរងគ្រោះ។ យើងមិនដែលមានគ្រោះថ្នាក់ចរាចរណ៍ទេ លើកលែងតែគ្រោះថ្នាក់ដែលយើងមិនអាចទាយទុកមុនបាន”។ លោកបន្ថែមថា អ្នកបើកបររថយន្តក្រុងឈ្មោះ ផូ សារី អាយុ៤៧ឆ្នាំនឹងនៅតែបន្តបើកបរឲ្យក្រុមហ៊ុនដដែល៕
រាយការណ៍បន្ថែមដោយ Simon Lewis
ប្រែសម្រួលដោយ អូន ភាព