34 C
Phnom Penh

ក្រុម​ហ៊ុនពូម៉ាចង់​ដឹង​​ព័ត៌​​មាន​ ​​ពិតពី​ក្រោយ​បទ​ចោទ​ប្រកាន់​ អតីតអ​ភិបាល​ក្រុង​បាវិត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​ក្រុម​ហ៊ុន​​ពូម៉ា​(Puma)​មួយ​រូប​បាន​ឲ្យ​ដឹង​កាល​​ពីម្សិលមិញ​ថា​ ​ក្រុម​​ហ៊ុន​ផលិត​​​​សម្លៀក​បំពាក់​កីឡា​អាល្លឺម៉ង់ ម៉ាកពូម៉ា កំពុង​ស្វែងរក​ព័ត៌មានពិត​  អំ​ពី​មូល​​ហេតុ ដែល​​សាលា​ដំបូងខេត្ត​ស្វាយ​រៀង​ បាន​ចោទ​ប្រកាន់​​អតីត​​អភិបាល​ក្រុង​បាវិត ​លោក​ ឈូក ​បណ្ឌិត ​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា​។

លោក​ ឈូក ​បណ្ឌិតគឺជា​ជន​សង្ស័យ​តែ​ម្នាក់​គត់ ក្នុង​ការ​បាញ់​ប្រ​ហារនៅក្នុង​​ក្រុ​ង​បាវិត​ កាល​ពី​ថ្ងៃទី​២០ ​ខែ​កុម្ភៈ ​​ ដែល​បាន​បណ្ដាល​ឲ្យកម្មការិនី​មក​ពី​រោង​ចក្រ​ Kaoway Sports បី​នាក់​ ទទួល​រង​របួស។ រោង​ចក្រ​​នេះ​ផ្គត់​ផ្គង់​ស្បែក​ជើងទៅ​ឲ្យ​​ក្រុម​ហ៊ុនពូម៉ា​ ដែល​បាន​បញ្ជូន​តំណាង​មួយ​រូបមក​​ស៊ើប​អង្កេត​ហេតុ​ការ​ណ៍​​បាញ់​ប្រ​ហារនេះ​។

កាល​ពី​សប្ដាហ៍​មុន​ សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​បាន​ចោទ​ប្រ​កាន់​លោក បណ្ឌិតដែល​មិន​ទាន់​ត្រូវ​បាន​គេចាប់​ខ្លួន​នៅ​ឡើ​យនោះ​ ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេត​នា។​ ក្រុម​អង្គ​ការ​សិទ្ធិ​មនុស្ស​បាន​​រិះគន់​​ការ​ចោទ​ប្រ​កាន់​នោះ​ថា មិន​គ្រប់​គ្រាន់​នោះ​ទេ។​បទ​ចោទ​នេះ​មាន​ទោស​​ជាប់​ពន្ធ​នា​គារ​អប្បបរមា​​ប្រាំ​មួយ​ថ្ងៃ​ និង​អតិបរមា​ពីរ​ឆ្នាំ ព្រមទាំង​​ពិ​ន័យ​​ជា​ប្រាក់​​​មួយ​លានរៀល​។

លោក​ស្រី​ គើស្ទីន​ ​នូបឺ​ (Kerstin Neuber)​អនុ​ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាជីវកម្ម​​របស់​ក្រុម​ហ៊ុន​ពូម៉ា​ កាល​ពីម្សិល​មិញ ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​រ​ក​ “​យុត្តិ​ធម៌ដោយ​មិន​លម្អៀង”។

លោក​ស្រី​បាន​ថ្លែង​ថា​ “យើង​សូម​​ស្វា​គមន៍​​​​​ ដែល​​ក្រុម​អាជ្ញា​ធរ​កំពុង​បន្ត​​ចាត់​ការរឿង​ក្តី​នេះ​ ហើយ​យើង​ជំរុញ​ឲ្យ​ពួកគេ​ធា​នា​ថា​ មាន​ការ​រក​យុត្តិ​ធម៌​​ដោយ​មិន​លម្អៀង​”។លោក​ស្រី​បាន​បន្ត​ថា ​ដោយ​សារ​តែ​នេះជា​​​បទ​​ឧក្រិដ្ឋ​​ធ្ងន់ធ្ងរ​នោះ​​​ យើង​សង្ឃឹម​ថា​នឹង​ទទួល​បាន​ព័ត៌​មាន​បន្ថែម​ទៀត​អំពី​ហេតុ​ផល​ពិត​ប្រាកដ​​នៅ​ពី​ក្រោយ​ការ​ចោទ​ប្រកាន់​ជន​សង្ស័យ​រូបនេះ”​។

លោក​ស្រី​ គើស្ទីន​ ​នូបឺ​ បាន​មាន​ប្រសា​សន៍​បន្ថែមថា​ក្រុម​ហ៊ុន​ពូម៉ា​ កំពុង​តាម​ដាន​រឿង​ក្តី​នេះ​យ៉ាង​ដិត​ដល់​។ លោក ​បិុច ​ឈឿត​ ​ចៅក្រម​សុើប​អង្កេត​​រឿង​ក្តី​នេះ​បាន​មាន​ប្រសាសន៍​ថា ​លោក​នឹង​សាក​សួរ​​មន្ត្រី​នគរ​បាល​និង​មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​ដែល​មាន​វត្តមាន​​អំឡុង​ពេល​បាញ់​នោះ​​។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ ខ្ញុំ​កំពុង​ធ្វើ​ការ​សើុប​សួរ​មន្ត្រី​នគរ​បាល​និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ដែល​បាន​ជាប់​ពាក់​ព័ន្ធ​[នៅ​ពេល​ហេតុ​ការ​ណ៍បាញ់​ប្រ​ហារ​បាន​កើត​ឡើង]​។​បន្ទាប់​ពី​ខ្ញុំ​បញ្ចប់​ការ​សាក​សួរមន្ត្រី​​ទាំង​នោះរួចហើយ​ប្រ​សិន​បើ​ចាំបាច់​នោះ ​ខ្ញុំ​នឹង​បន្ដ​សាក​សួរ​សាក្សី​និង​ជន​រង​គ្រោះ​បន្ដ​ទៀត”​។

លោក ​មឿន​ ​តុលា​ ប្រធាន​កម្ម​វិធី​ការ​ងារ​ ​នៃ​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហគមន៍ បាន​មានប្រសានស៍ថា ព្រះ​រាជ​អាជ្ញា​​ដែល​បានចោទ​ប្រកាន់​លោក ​បណ្ឌិត​ មិន​បាន​សាក​សួរ​សាក្សី​ណា​មួយ​នោះ​ទេ ក្រៅ​​ពី​ជន​រង​គ្រោះ​ ឬការ​ចុះ​ទៅ​ពិ​និត្យ​មើល​កន្លែង​បាញ់​ប្រ​ហារ​នោះ។​

លោក​បានមានប្រសាសន៍ថា “ នីតិ​វិធី​ទាំង​មូល​នេះ​មិន​គួរ​ឲ្យ​ពេញ​ចិត្ត​ទាល់​តែ​សោះ។​វាធ្វើ​ឲ្យ​ជន​រង​គ្រោះ​ខក​ចិត្ត។​វា​ក៏​ធ្វើ​ឲ្យ​ [អង្គ​ការ​សង្គម​សីុវិល] និង​សហ​ជីព នា​នា ​ខក​ចិត្ត​ផង​ដែរ​”។

លោក​បាន​មានប្រសាសន៍​បន្ថែមទៀត​ថា “ ចំពោះ​​ក្រុម​ហ៊ុន​នានា​ដូចជាក្រុមហ៊ុន ​ពូម៉ា វា​នឹង​ឲ្យ​ប៉ះពាល់​​កេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ។ សហគមន៍​អន្ដរ​ជាតិ​កំពុង​បន្ដ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​រឿងក្តី​នេះ ពី​ព្រោះ​ថា ​ការ​បាញ់​ប្រ​ហារ​​​កម្ម​ករ​ ​និង​សមា​ជិក​សហជីព គឺ​ជាការ​គំរាម​កំហែង​ដល់​សេរី​ភាពនៃ​ការ​ជួបជុំ”។

ចាប់​តាំង​ពី​មានការ​បាញ់​នេះមក​ ក្រុម​អ្នក​តំណាង​របស់​អភិបាល​ក្រុង​រូប​នេះ​បានទាក់​ទង​កម្មការិនី​រង​របួស​ទាំង​បីនាក់នេះ ដោយ​ផ្ដល់​ប្រាក់​ និង​អំណោយ​មួយ​ចំនួន​ ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ពួកគេ​ដក​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ បណ្ឌិត វិញ៕

   ប្រែ​សម្រួល​ដោយ សុខ ​ស៊ី​ដន ​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស