លោកស្រីណាវីភីឡៃ (Navi Pillay) ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកាលពីថ្ងៃពុធ បានចាត់ទុកប្រទេសកម្ពុជាថាជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសប្រាំបី ដែលមានច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាលព្រោះថា ច្បាប់បែបនេះ “ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិមនុស្ស”។
លោកស្រីភីឡៃ បានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ពីអង្គការសហប្រជាជាតិថា“សង្គមស៊ីវិលមួយដែលឯករាជ្យនិងមានការប្តេជ្ញាខ្ពស់និងអាចធ្វើការដោយសេរីនោះគឺជាផ្នែកមួយដ៏សំខាន់សម្រាប់កសាងសង្គមរឹងមាំមួយ និងជាបណ្តាញទំនាក់ទំនងដ៏សំខាន់រវាងរដ្ឋាភិបាល និងប្រជាពលរដ្ឋរបស់ខ្លួន។ហេតុដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការឲ្យអង្គការក្រៅរដ្ឋាភិបាលអាចបំពេញការងារបានត្រឹមត្រូវ”។
និយាយពីប្រទេសកម្ពុជាវិញ លោកស្រីបានលើកឡើងពីមាត្រាមួយនៅក្នុងសេចក្តីព្រាងច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាល ដែលអាចផ្ដល់សិទ្ធិឲ្យរដ្ឋាភិបាលបិទអង្គការណាមួយដែលធ្វើឲ្យប៉ះពាល់ដល់ “ឯកភាពជាតិ វប្បធម៌ទំនៀមទម្លាប់និងប្រពៃណីរបស់សង្គមកម្ពុជា”។
លោកស្រីក៏បានបញ្ជាក់ផងដែរពីការខ្វះដំណើរការប្តឹងជំទាស់ពីសំណាក់អង្គការក្រៅរដ្ឋាភិបាលនៅពេលបែបបទចុះឈ្មោះរបស់ខ្លួនជាមួយរដ្ឋាភិបាលត្រូវបានច្រានចោល ប៉ុន្ដែលោកស្រីបានស្វាគមន៍ចំពោះការសន្យារបស់ប្រទេសនេះថានឹង បន្ដពិគ្រោះយោបល់ជាមួយអង្គការក្រៅរដ្ឋាភិបាលអំពីសេចក្ដីព្រាងច្បាប់នេះ។
អង្គការក្រៅរដ្ឋាភិបាលខ្លួនឯងផ្ទាល់បានលើកឡើងម្ដងហើយម្ដងទៀតអំពីក្ដីព្រួយបារម្ភថាសេចក្ដីព្រាងច្បាប់ក្នុងទម្រង់ដើម នឹងដាក់កម្រិតសិទ្ធិសេរីភាពនៃការជួបជុំ និងការបញ្ចេញមតិនៅប្រទេសកម្ពុជា។
ប៉ុន្មានខែថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុនសែន បានស្នើឲ្យពន្យារពេលសេចក្ដីព្រាងច្បាប់នេះរហូតដល់ឆ្នាំ២០១៤ គឺក្រោយការបោះឆ្នោតជាតិ។លោកនុតសាអានរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលបានដឹកនាំដំណើរការព្រាងច្បាប់នេះបានមានប្រសាសន៍កាលពីម្សិលមិញថាសេចក្ដីព្រាងច្បាប់នេះនៅតែពន្យារពេលដដែល ហើយលោកមិនដឹងថា ពេលណានឹងបន្ដសេចក្តីព្រាងច្បាប់នេះនៅពេលណានោះទេ។ លោកបានបន្ដថា“ ទោះបីជាយើងត្រូវការច្បាប់ស្តីពីអង្គការក្រៅរដ្ឋាភិបាលនេះក៏ដោយ ក៏យើងត្រូវតែរង់ចាំបញ្ជាពីមន្ត្រីជាន់ខ្ពស់ដែរ”៕
ប្រែសម្រួលដោយស៊ាស៊ុយឈាង