32 C
Phnom Penh

ដំណើរ​រឿង​នៃការ​ស្លាប់​របស់​លោក​ ឈុត វុទ្ធី និងមន្ត្រី​កង​រាជ អាវុធហត្ថ​ម្នាក ់នៅកោះ​កុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្ត​កោះកុង-នៅក្នុង​ព្រៃ​ជ្រៅ​ ក្នុង​ស្រុក​មណ្ឌល​សីម៉ា​ របស់​ខេត្ត​កោះកុង កាល​ពី​ថ្ងៃ​ព្រហស្បតិ៍  លោក ឈុត​ វុទ្ធី​ ស្ថាបនិក​អង្គការ​ការ​ពារ​ធន​ធាន​ធម្មជាតិ​ និង​លោក អុិន រតនា អាយុ​​៣២​ឆ្នាំ​ មន្ត្រី​កង​រាជ​អាវុធ​ហត្ថ ត្រូវ​បាន​​គេ​បាញ់សម្លាប់។

ចាប់តាំង​ពីឆ្នាំ​២០០១មក លោក ឈុត វុទ្ធី​ គឺ​ជា​សកម្មជន​ការពារ​ព្រៃ​ឈើម្នាក់​ ដែលបានបូជា​ជីវិតរបស់​លោក ​ដើម្បី​ការ​ពារ​ព្រៃ​ឈើ ដែល​កំពុង​តែ​ហិន​ហោច​ទៅៗ ​ក្នុង​ប្រទេស​កម្ពុជានោះ​​ បាន​ធ្វើ​ដំណើរ​ពី​ខេត្ត​​ពោធិ៍សាត់​ ឆ្ពោះទៅ​កាន់​ខេត្ត​​កោះកុង​ ដើម្បី​ស៊ើបអង្កេត​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​ទី​នោះ​។

អ្នក​យកព័ត៌មាន​ពីរ​រូប ​មកពីកាសែត​ខេមបូឌា​ ដេលី មានឈ្មោះ ផន បុប្ផា អាយុ​២៧ឆ្នាំ និង​ អូលេស្យា ផ្លូគី (Olesia Plokhii) អាយុ២៧​ឆ្នាំ​ បាន​រួម​ដំណើរ​ជាមួយ​លោក ឈុត​ វុទ្ធី​ ដើម្បីយកព័ត៌មានអំពី​ការខិតខំ​ប្រឹង​ប្រែង​ទប់​ស្កាត់​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់ នៅ​ថ្នាក់​មូលដ្ឋាន​ ។

នេះគឺជា​ដំណើរ​រឿង​នៃ​ការ​ស្លាប់​របស់​បុរស​ទាំង​ពីរនាក់​នេះ​។ ដោយ​ធ្វើ​ដំណើរ​ចេញពី​ខេត្ត​ពោធិ៍សាត់​ ទៅ​កាន់​ខេត្តកោះកុង​ តាម​រថយន្ដ​ម៉ាក​ឡង់​គ្រីស័រព៌ណឈាមជ្រូក​​ រថយន្ដ​នេះបាន​ទៅ​ឈប់​នៅ​ខាង​ឆ្វេង​ដៃ ​លើ​ផ្លូវ​ក្រួស​ក្រហម​នៅក្នុង​ស្រុក​មណ្ឌល​សីម៉ា​។ នៅ​ខាង​ស្ដាំដៃ​ អម​ដង​ផ្លូវ​ គឺ​ជា​ព្រៃ​ក្រាស់ ហើយ​នៅ​ខាង​ឆ្វេង​ដៃ​ គឺជា​ផ្ទះ​ឈើ​​​​ ដែលមាន​មនុស្ស​គ្រប់​វ័យ​កំពុង​តែរស់នៅ​ និង​ប្រកប​របរចិញ្ចឹម​​ជិវិត​ប្រចាំ​ថ្ងៃ​។ ក្នុងផ្ទះក្បែរកន្លែង​រថយន្ដ​​​ឈប់​ មាន​បុរស​ម្នាក់​ស្លៀក​ពាក់​ឯកសណ្ឋាន​ទាហាន​កំពុង​ដេកនៅ​ក្នុង​អង្រឹង​។

លោក ឈុត វុទ្ធី​ បាន​និយាយទៅ​កាន់​ កញ្ញា​ ផ្លូគី​ និងកញ្ញា បុប្ផា ថា ​គេមិន​ស្វាគមន៍​យើង​ទេ​នៅ​កន្លែង​នេះ​ ពីព្រោះវា​ជា​កន្លែង​កាប់​ឈើ​។ លោកបាន​និយាយ​ប្រាប់អ្នក​កាសែត​ទាំង​ពីរ​នៅ​ពេល​ចេញ​ពីរថយន្ដ​ថា “ ​ធ្វើ​ការ​ឲ្យ​រហ័ស​”។

​លោក​ ឈុតវុទ្ធីបាន​ស្ពាយ​កាមេរ៉ា​ម៉ាក​កាណុង​ពណ៌​ខ្មៅ​នៅ​លើ​ស្មា​  ហើយ​ពួក​គេ​ទាំងបីនាក់​បាន​ដើរ​តាមចន្លោះ​ផ្ទះឈើពីរ​ខ្នង ​ចូល​ទៅ​ក្នុង​ព្រៃ​ ដែល​គេ​ទើបឆ្ការ​រួច​ និង​នៅ​មិនឆ្ងាយ​ពីគំនរបាច់ឈើ​ជា​ច្រើនដុំ​ ដែល​ទំនង​ជា​វល្លិ៍​រមៀត​​ដាក់​គរ​នៅ​ក្បែរ​ផ្ទះ​​។

លោក ឈុត​ វុទ្ធី​ ចាប់​ផ្ដើម​ថត​គំនរ​វល្លិ៍​រមៀត និង​ផ្ទះ​ទាំង​នោះ​។ បន្ទាប់​​ដើរ​ត្រឡប់​​ទៅ​រករថយន្ដ​របស់​លោក​វិញ​នៅ​ពេល​បុរស​ម្នាក់​ស្លៀក​ខោ​ខ្លី​ពណ៌ខៀវ និង​អាវ​យឺត​ព៌ណ​ខ្មៅ​ បាន​ដើរ​តម្រង់​ទៅ​លោក ហើយ​ប្រាប់​លោកឲ្យ​ឈប់​ថត​ និង​ឲ្យ​ចាក​ចេញ​ពីកន្លែង​នោះភ្លាម។

ស្ថាន​ភាព​នោះ​ គឺ​មាន​សភាព​ស្ងប់​ស្ងាត់ហើយ​កញ្ញា​ផ្លូគី និង​កញ្ញា​ បុប្ផា ដែល​កំពុង​តែ​សម្ភាសអ្នក​ស្រុក អំ​ពី​វល្លិ៍រមៀត​បាន​ប្រហែល​១០​នាទី បាន​សម្រេច​ចិត្ត​ដើរ​ត្រឡប់​ទៅ​រក​រថយន្ដ​វិញដែរ​។

នៅ​ពេល​ពួក​គេ​បាន​ទៅ​ដល់​រថយន្ដ​វិញ​លោក ឈុត វុទ្ធី​ បាន​និយាយ​ទៅ​កាន់​ទាហាន​​​ម្នាក់​ស្លៀក​ឯកសណ្ឋាន​ប៉ារ៉ាពណ៌ដី ជាឯក​សណ្ឋាន​ម្យ៉ាង ដែល​ទាហាន​តែង​តែ​ពាក់​ក្នុង​សមរភូមិនៅក្នុងប្រទេសអុីរ៉ាក់​ និង​ប្រទេស​​អាហ្វហ្គា​នី​ស្ថាន​។

បុរស​ម្នាក់​ទៀត​ស្លៀក​ពាក់​​ជាជនសុីវិល​ក៏បាន​ឈរ​ក្បែរ​លោក​ ឈុត​ វុទ្ធី​ ដែរ​ ហើយ​កញ្ញាផ្លូគីនិង​កញ្ញាបុប្ផាភ្លាមៗនោះ ​បានកត់​សម្គាល់​ឃើញ​​ថា បុរស​​ទាំង​បី​នាក់​នោះ​កំពុង​តែមាន​អារម្មណ៍​ខឹង​យ៉ាង​ខ្លាំង​។ទាហាន​ស្លៀក​ឯកសណ្ឋាន​ប៉ារ៉ា​ពណ៌​ដី​ ដែល​មិន​ព្រម​ប្រាប់​ឈ្មោះ​ ឬ​ក៏​ប្រាប់​ពី​អត្តសញ្ញាណ​ថាមក​ពីអង្គភាពណា​នោះដែរ បាន​ប្រាប់​លោក ឈុតវុទ្ធី និង​អ្នក​កាសែត​ទាំងពីរ​នាក់​ទៀត​ថា ពួក​គេ​មិនអាច​ចាកចេញ​​​ពី​ទីនេះ​បាន​ឡើយ​ ចាំ​គេ​ប្រាប់​មេ​របស់​គេ​សិន​។ ទាហាន​នេះ​មិន​បាន​ឆ្លើយ​តប​នោះទេ​ ពេល​​កញ្ញា​ បុប្ផាសួរ​ថា​ តើ​លោកធ្វើ​ការ​ឲ្យ​នរណា ហើយតើលោក​ជា​ទាហានរបស់​រដ្ឋាភិបាល ឬ​ជាបុគ្គលិក​របស់​ក្រុមហ៊ុន​ឯក​ជន​។ ទាហាន​នេះ​មិនបាន​និយាយ​ថា​ នរណា​ជា​មេរបស់ខ្លួនទេ ឬ​ពេល​ណា​​មេ​របស់​គេ​មក​ដល់​នោះ​ដែរ។ គេ​បាន​បញ្ជា​ថា ​លោកឈុត​ វុទ្ធី និង​អ្នក​កាសែត​​ទាំង​ពីរ​រូប​មិនអាច​ចាក​ចេញ​បាន​ទេ​។

នៅ​ពេល​លោក ឈុត​ វុទ្ធី​ ព្យាយាម​ចូល​ក្នុង​រថយន្ដ​របស់​លោក​ បុរស​ស្លៀក​ឯក​សណ្ឋាន​​ប៉ារ៉ាពណ៌ដី​ បាន​ស្ទុះទៅ​ឈរ​ពិត​គន្លឹះទ្វាររថយន្ត ហើយ​បាន​រារាំង​​លោក​ឈុត​ វុទ្ធីមិន​ឲ្យ​ចូល។ ស្ថាន​ភាព​នេះ​បាន​ចាប់​ផ្ដើម​តាន​តឹង​ឡើង​ ហើយ​កញ្ញា បុប្ផា​ និងកញ្ញា ផ្លូគី ​បាន

​អង្វរ​ទា​ហាន​នេះ​​សុំ​អនុញ្ញាតឲ្យ​ពួកគេ​ចាក​ចេញ​ ដោយ​​លើក​ឡើង​ថា ពួក​េគស្ថិត​នៅ​លើ​ដងផ្លូវ​សាធារណៈ ហើយ​ទាហានគ្មាន​សិទ្ធិ​ហាម​ឃាត់​​ពួគគេ​​ដោយបង្ខំបានទេ។ប៉ុន្ដែ​ទាហាន​នេះ​មិន​យល់​ព្រម​ ហើយ​ស្ថាន​ភាព​តានតឹងភ្លាមៗ​នោះ ​បាន​ក្លាយជា​រឿង​ប្រតាយ​​ប្រតប់​គ្នា​ នៅ​ពេល​លោក ​ឈុត វុទ្ធី​ ព្យាយាម​ចូល​ទៅក្នុង​រថយន្ដ​ របស់​លោកដោយ​បុរស​ស្លៀក​ឯក​សណ្ឋាន​​ប៉ារ៉ា​ពណ៌ដីបាន​រារាំង​លោក​មិនឲ្យ​ចូល​ក្នុងរថយន្ត​វិញ។​ បុរស​ទាំង​ពីរ​នេះ​បាន​រុញ​គ្នា​ទៅ​វិញ​ទៅ​មក​ ប៉ុន្ដែ​មិន​បាន​វាយ​តប់​គ្នា​នោះទេ​។ ដោយមិនអាច​ចូល​ទៅ​ក្នុង​រថយន្ដ​របស់​លោកបាន​ លោក ឈុត វុទ្ធី បាន​រំងាប់អារម្មណ៍​របស់​លោក ហើយ​ឈររង់​ចាំ​មេ​របស់​ទាហាន​នេះ​មកដល់​ ដោយ​បាន​ដើរ​ទៅ​កាន់​ផ្ទះ​ក្បែរ​នោះ ​ហើយ​អង្គុយ​ក្នុង​អង្រឹង​។

បន្ដិច​ក្រោយមក មាន​បុរស​បីនាក់ ជិះ​ម៉ូតូ​ពីរ​គ្រឿង ​បាន​មក​ដល់​ ហើយ​ឈប់​នៅទី​នោះមានបុរស​ពីរ​នាក់​ស្លៀក​ឯកសណ្ឋាន​កង​រាជ​អាវុធ​ហត្ថ​ និង​​បុរស​ម្នាក់​ទៀត​ស្លៀកពាក់​​ឯក​សណ្ឋាន​​ទាហាន​ ពាក់​មួក​កាតិប​ពណ៌ខ្មៅ​រឹម​ពណ៌លឿង​ និង​មាន​ពាក់​ម៉ាស់ការ​ពារ​ធូលី​ ដោយ​បាំង​ស្ទើរតែ​ជិត​មុខ​ទាំងអស់។ បុរស​ទាំង​បីនាក់​នោះ​សុទ្ធ​តែមាន​កាំ​ភ្លើង​AK-47នៅ​នឹង​ដៃ​ ហើយ​បុរស​ដែល​មាន​ពាក់​ម៉ាស់​ធុំ​ក្លិន​ស្រាយ៉ាង​ខ្លាំង​​។

លោក ឈុត​ វុទ្ធី មិនបាន​ប្រឈម​មុខ​នឹង​បុរស​ ដែល​មាន​អាវុធ​នៅ​នឹង​ដៃទាំង​ប្រាំ​នាក់​​នោះ​ទេ។ ក្រុម​ទាហាន​នោះ​បាននិយាយ​​ថា ពួកគេ​ចង់​ឲ្យ​លោក ឈុត វុទ្ធី ទៅ​ជា​មួយ​ ហើយ​ជួប​មេ​របស់​ពួកគេ​នៅ​ក្រុង​កោះ​កុង។

សំឡេង​​ឈ្លោះ​ប្រកែក​គ្នាបាន​ចាប់​ផ្ដើម​ឮ​ខ្លាំង​​ឡើង​ៗ​ ហើយ​លោក ឈុត​ វុទ្ធី​ ត្រូវ​បុរស​ទាំងនោះ​ បញ្ជារ​ឲ្យចាក​ចេញ​ឲ្យ​ឆ្ងាយ​ពី​រថយន្ដ​របស់​លោក។ បុរស​ទាំង​នោះ មិន​ប្រាប់​ពី​អត្តសញ្ញាណនិង​មិនបាន​ប្រាប់​ថា​នរណា​ជាមេ​របស់​ពួកគេ​នោះ​ទេ​។ ក្រោយមកទាហាន​ម្នាក់​ ស្ថិត​ក្នុ​ង​ឯក​សណ្ឋានប៉ារ៉ាពណ៌ដី ចាប់​ផ្ដើម​ទាម​ទារ​ឲ្យ​លោក​ ឈុតវុទ្ធីប្រគល់​ម៉ាស៊ីនថតរបស់​គាត់​ យ៉ាងទទូច។

លោក​ ឈុត វុទ្ធី មិនព្រម​ប្រគល់​ម៉ាស៊ីន​ថតឲ្យទេ ហើយបាន​ប្រាប់​ឲ្យ​កញ្ញា ផ្លូគី ថត​អំពីស្ថានភាព​ច្របូក​ច្របល់​នោះ បន្ទាប់​ពី​មាន​ភាព​តានតឹង​កើត​ឡើង​។ នៅ​ពេល​​កញ្ញាផ្លូគីលើក​ម៉ាស៊ីនថត​ឡើងបុរស​នៅ​ទល់មុខ​គ្នានោះ បាន​ប្រតិកម្ម​ដោយ​កញ្ឆក់​យក​ម៉ាស៊ីនថត​ពី​ដៃ​របស់នាង។ នៅ​ក្នុង ទង្វើ​ដូច្នេះ ​បុរសនោះវាសដៃប៉ះ​ចង្កា បុប្ផានៅ​ពេល​បុរស​រូប​នោះកញ្ឆក់​យក​ម៉ាស៊ីនថត។

លោក ឈុត វុទ្ធី បាន​ប្រាប់​អ្នក​ទាំង​អស់់​គ្នា​ម្ដង​ទៀតថា រូបលោក​នឹង​ចាក​ចេញ​ ហើយ​​​ដើ​រសំដៅ​ទៅ​រករថយន្ត​។កញ្ញា បុប្ផាឡើង​ទៅ​​​

អង្គុយ​នៅ​កៅ​អី​ខាងក្រោយ​ ហើយកញ្ញា ផ្លូគីអង្គុយ​នៅ​កៅ​អី​ខាង​មុខ​។ប៉ុន្ដែ​លោក​ ឈុតវុទ្ធីត្រូវ​បាន​បុរស​ទាំង​នោះរារាំង​មិន​ឲ្យចូល​ក្នុង​រថយន្ដ​ឡើយ ហើយ​ចាប់ផ្តើមប្រតាយ​ប្រតប់​គ្នាដោយ​ធ្វើ​ឲ្យ​អាវ​របស់លោក​ ឈុតវុទ្ធី​ ដាច់​ឡេវ​អស់។ក្រោយ​មក​ទាហាន​ម្នាក់​ពាក់​ម៉ាស់បិទ​មុខ​ដើរទៅ​ខាងក្រោយ​រថយន្ដ​ រួចលូកដៃ​ទៅ​កៅ​អី​ខាង​ក្រោយ​ ហើយ​កញ្ឆក់យក​ម៉ាស៊ីនថត​របស់កញ្ញាផ្លូគី។

ទំនង​ជា​ដោយ​សារ​​ពួក​គេ​សប្បាយ​ចិត្ត​ នៅពេលដកហូត​បាន​ម៉ាស៊ីនថតពីរគ្រឿង​រួច​មក ពួកគេ​បាន​អនុញ្ញាត​ឲ្យលោក​ ឈុត វុទ្ធី​ ចូល​ទៅ​ក្នុង​រថយន្ដ​អង្គុយនៅកន្លែង​​អ្នកបើក​បរ។ ប៉ុន្ដែ​ លោក​អស់​សង្ឃឹម​ ដោយ​សារ តែ​ម៉ាស៊ីន​រថយន្ដ​អត់​ដំណើរ​ការ។ នេះទំនង​ជា​ដោយ​សារ​តែ​អាគុយអស់ភ្លើង​។ លោក​ ឈុត វុទ្ធី មាន​ការ​រំជួល​ចិត្ត​យ៉ាង​ខ្លាំង​ អំឡុង​ពេល​លោកព្យាយាម​បញ្ឆេះ​រថយន្ដ។​ ដើម្បី​បញ្ឆេះ​​រថយន្ដ ​លោក ឈុត​ វុទ្ធី កញ្ញា បុប្ផានិង​កញ្ញា ផ្លូគី បានខំ​ប្រឹង​​យ៉ាង​ខ្លាំង ដោយប្រឹងរុញ​រថ​យន្ដ​ ដើម្បី​បញ្ឆេះ​ម៉ាស៊ីន។

ទាហាន​ និង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ទាំង​នោះបាន​ចាប់​ផ្ដើមដើរ​មករករថយន្ដ។ ជម្លោះ​ពាក្យស​ម្ដី​ខ្លាំង​ៗមួយ​ទៀត​ក៏បាន​កើត​ឡើង​រវាង​ទាហាន​ និង​លោកឈុតវុទ្ធី​ ដែល​ពួកគេ​ចោទប្រកាន់​ថា ឈ្លើយ​ និង​ព្រហើន​។

ទាហាន​ម្នាក់​បាន​និយាយទៅ​កាន់​លោកឈុតវុទ្ធីដូច្នេះថា“យើង​ទាំង​អស់​គ្នា​សុទ្ធតែ​ជាខ្ញុំគេ យើង​ទាំង​អស់​គ្នា​ជាខ្ញុំដូចតែ​គ្នា​ទេ។កុំ​ឈ្លើយ​ពេក​”។ លោក ឈុត វុទ្ធី ក៏បាន​ស្រែក​​គំហ៊ក​ដាក់​វិញថា “ តើខ្ញុំ​​ជាខ្ញុំអ្នក​ណា?”

ទាហាន​ទាំង​នោះចាប់​ផ្ដើម​សួររក​ម៉ាស៊ីន​ ថតទី​បី ដែល​ពួកគេ​មើល​ឃើញ ​នៅ​ក្នុង​រថយន្ដ។លោកឈុតវុទ្ធីបាន​ប្រាប់​ឲ្យ​កញ្ញាផ្លូគី ប្រគល់​ម៉ាស៊ីនថត​នោះ​ដែរ។ ម៉ាស៊ីន​ថតនោះជា​របស់​លោក។ដោយ​មាន​ម៉ាស៊ីន​ថត​ម៉ាក​កាណុង នៅក្នុង​ដៃ​របស់​ពួកគេ​មួយ​ទៀត​នោះស្ថាន​ការណ៍ចាប់​ផ្ដើម​ធូរ​ស្រាល​វិញ​បន្ដិច។

លោកឈុតវុទ្ធីបាន​ខិត​ខំ​បញ្ឆេះ​ម៉ាស៊ីន​រថយន្ដ​ម្តងទៀត។ លោក​បាន​ឲ្យ​កញ្ញា ផ្លូគីជួយ​​បញ្ឆេះ​រថយន្ដ។រថយន្ដ​ក៏ឆេះ។ម៉ាស៊ីន​រថយន្ដ​ឆេះឡើង ហើយ​លោក​ ឈុត វុទ្ធី ក៏​ចុះ​ចេញ​ពីរថយន្ដ​ ដើម្បី​បិទ​គម្រប​ខាងមុខ​រថយន្ដ​វិញ។ ប៉ុន្ដែ​មុន​ពេល​លោក​វិល​ត្រឡប់​​ចូល​ក្នុង​រថយន្ដ​វិញ ​ទាហាន​ទាំង​នោះ​បាន​ត្រឡប់មកវិញ ហើយកាច់សោពន្លត់ម៉ាសុីន។ រាល់​ពេលលោក​បញ្ឆេះ​រថយន្ដ​ទាហាន​ទាំង​នោះ លូក​ដៃ​មក​កាច់​សោពន្លត់ម្ដង​ហើយ​ម្ដងទៀត។

នៅ​ទី​បញ្ចប់ម៉ាស៊ីនក៏ឆេះ​ ហើយ​បុរសទាំង​នោះ ក៏ចាប់​ផ្ដើម​សសៀរ​ថយ​ក្រោយ​ទៅ​កាន់​រោង​វិញ។ លោក ឈុត វុទ្ធី​ បាន ស្រែក​ប្រាប់​ឲ្យ​កញ្ញា បុប្ផា ទៅ​អង្គុយ​កៅ​អី​ខាង​ក្រោយ​ហើយកញ្ញា ផ្លូគី ដើ​រទៅជិះ​នៅកៅ​អី​ខាងមុខ​។ ប៉ុន្ដែ​ទាហាន​ទាំង​នោះ ឈរ​នៅ​ពី​មុខ​រថយន្ដ​រារាំង​មិន​ឲ្យ​លោក​ ឈុតវុទ្ធី​ ចេញទេពេលនោះ​កញ្ញា បុប្ផា ដែលកំពុងអង្គុយនៅ​ខាង​ក្រោយ ​ទូរស័ព្ទ​ទៅ​និពន្ធ​នាយក​កាសែត​ ខេមបូឌា ដេលី លោក​​ Kevin Doyle ដើម្បីពន្យល់ប្រាប់អំពី​ហេតុ​ការ​នោះ ស្រាប់តែ​ស្នូរ​គ្រាប់កាំភ្លើង​ពីរ​គ្រាប់បានបន្លឺឡើង ហើយ​​ទម្លុះជញ្ជាំ​ងរថយន្ដ​។ កញ្ញាផ្លូគី អង្គុយ នៅកៅអី​ម្ខាង​ទន្ទឹមកៅអីអ្នកបេើក ​អំឡុង​ពេល​គេ​បាញ់​ប្រហារ​នោះ តែមិន​បាន​ឃើញ​ថាតើ​គ្រាប់​កាំ​ភ្លើង​នោះ​ចេញមកពី​ខាងណាទេ។កញ្ញា បុប្ផាក៏មិន​បាន​ឃើញ​អ្នក​បាញ់​ដែរ។

កញ្ញាបុប្ផានិងកញ្ញាផ្លូគីបាន​ស្ទុះ​រត់ចេញ​ពី​រថយន្ដ​ រត់ឆ្លងផ្លូវលំ​ចូល​ទៅ​ក្នុង​ព្រៃ។នៅពេល​គេឈប់​បាញ់អ្នក​ទាំង​ពីរ​នាក់​ បាន​ចេញ​ ពីព្រៃមក​វិញ តែមិន​ដល់​មួយ​នាទីផងស្រាប់តែឃើញ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់ ​រង​របួស​ដេក​ស្ដូក​នៅ​លើ​ដី នៅ​ខាងមុខ​រថ​យន្ដ។លោក ​ ឈុតវុទ្ធីស្ថិត​នៅ​លើ​កៅ​អីអ្នកបើក​​ ដោយ​ខ្លួន​របស់​លោកទ្រេត​ទៅ​ម្ខាង។

ទាហាន​ និង​កង​រាជ​អាវុធ​ហត្ថ​ទាំង​នោះដើ​រនៅក្នុងរោង​មួយ​នៅ​ជិត​ទី​នោះ។ពួកគេ​ទាំង​នោះមិន​បាន​ជួយ​សង្គ្រោះអ្នក​រង​របួស​ ដែល​មើល​ទៅ​ទំនង​នៅមាន​ជីវិត​នោះ​ទេ​។

កញ្ញាបុប្ផាបាន​ស្នើ​សុំឲ្យ​ទាហាន​ម្នាក់​ ជួយ​សង្គ្រោះ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ ដែលដួលស្តូកស្តឹងនៅ​លើ​ផ្លូវ​ និងឲ្យជួយ​លោក​ ឈុតវុទ្ធីផង។ទាហាន​ម្នាក់​នោះមិន​ឆ្លើយ​តប​ទេ។

កញ្ញា ផ្លូគី បាន​កកាយ​​ក្នុង​កាបូប​ស្ពាយ​ពី​ក្រោយ​របស់​នាង ដើម្បី​រក​បង់​រុំ​របួស​ ហើយ​ខិត​ខំ​ជួយ​សង្គ្រោ​ះ​លោក​ ឈុត​ វុទ្ធី។ ប៉ុន្ដែ​វាហួស​ពេល​ហើយ។ពេលនេះលោកឈុតវុទ្ធី លែង​កម្រើកកើតទៀតហើយ​។ មាន​ស្នាម​គ្រាប់មួយ​គ្រាប់នៅ​ត្រង់​ជង្គង់​ឆ្វេង​របស់​លោក ហើយឈាម​កំពុងតែ​ហូរ​ចេញពី​ស្នាមរបួស​នៅ​ត្រង់​ពោះរបស់​លោក។

ឈ្មោះអុិនរតនាមន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ អាយុ​៣២​ឆ្នាំ ក៏លែង​កម្រើក​ដែរ​  ហើយ​ទំនង​ជា​បានស្លាប់​ហើយ​។ កញ្ញាបុប្ផានិង​កញ្ញាផ្លូគីមាន​អារម្មណ៍​ថា​ គ្មាន​សុវត្ថិភាព​ទេ។ទាហាន​ទាំង​នោះនិយាយ​ម្ដង​ទៀត​ថា មិន​អនុញ្ញាតឲ្យ​អ្នក​ទាំង​ពីរ​ចាកចេញ​ទេ។ដោយ​មាន​ការ​ភ័យ​ខ្លាច​ អ្នក​ទាំង​ពីរ​បាន​ទៅ​ជ្រក​នៅ​ក្នុងខ្ទមមួយ​ជាមួយ​នឹង​អ្នកភូមិ ដទៃទៀត ដែល​នាំ​គ្នា​សម្ងំ​នៅក្នុង​ផ្ទះតូចៗនៅ​ជិត​ទី​នោះ។

ទាហាន​ពីរ​នាក់​ទៀត​ ដែល​ស្ថិត​នៅ​ក្នុង​ឯក​សណ្ឋានប៉ារ៉ាពណ៌​ដី បាន​បង្ហាញ​ខ្លួន​នៅចន្លោះខ្ទម​តូចៗក្បែរទី​នោះ ហើយ​ទាហាន​ម្នាក់​បាននិយាយឲ្យ​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​រូប​នោះឮដូច្នេះ​ថា “សម្លាប់​ពួក​វាទាំងពីរ​នាក់​ចោលទៅ”។

ក្រោយមក​ទាហាន​ដដែល​នេះ បាន​និយាយ​ទៅកាន់​បុរស​ម្នាក់ទៀត​​ថាពួកគេ​គួរ​តែ​រុញរថយន្ដ​របស់លោក​ ឈុត វុទ្ធី ចូល​ទៅ​ក្នុង​ព្រៃ​ជិត​នោះ។ ទាហាន​ទាំង​នោះចាប់ផ្ដើម​ដើរ​ស្វែង​រក​ក្នុង​ព្រៃ​ជុំវិញ​បរិវេណ​នោះ ព្រម​ទាំង​អើត​មើលក្នុង​រថយន្ដ​ផង​ដែរ។សាក​សព​ឈ្មោះអុិនរតនាត្រូវ​បាន​អូស​ចូល​ទៅ​ក្នុង​ផ្ទះ​នៅ​ជិត​ទីនោះ។

មិនយូរ​ប៉ុន្មាន​បន្ទាប់ពីការ​បាញ់​ប្រហារ​នោះ មាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​ទៀតប្រដាប់​ដោយ​អាវុធអាកា៤៧ បាន​មក​ដល់ ហើយឈប់​ម៉ូតូ។ មន្ត្រី​រូប​នោះគឺជា​មិត្ត​ភក្ដិ​របស់ឈ្មោះ អុិន រតនា។ ពេលលោក​បាន​ឃើញមិត្ដ​ភក្ដិ​របស់​គាត់​ស្លាប់​ ​ក៏ចាប់​ផ្ដើម​ដើរ​សំដៅ​ទៅ​រកកញ្ញា​ បុប្ផា​ ទាំងកំហឹង​ ដោយ​មាន​

ការ​គំរាមកំហែងទៀតផង​។ ប៉ុន្ដែ​ ទាហាន​ម្នាក់​បាន​រារាំង​មន្ត្រី​កង​រាជ​អាវុធ​ហត្ថនោះមិន​ឲ្យ​និយាយជាមួយ​។ ក្រោយមក​ក៏យំ​នៅ​ក្បែរ​សាក​សព​មិត្ត​ភក្ដិ​របស់ខ្លួន។ ប្រហែល​៩០​នាទី ក្រោយការ​បាញ់​ប្រហារ​មក​ មន្ត្រី​នគរបាល​ និងមន្ត្រីកង​រាជ​អាវុធហត្ថ​ជា​ច្រើន​នាក់​ ក៏បាន​មក​ដល់​។ពួកគេ​បាន​ផ្ដល់​អាហារ​ និងទឹក​ដល់​អ្នក​យកព័ត៌មាន​ទាំងពីរ​នាក់​នោះហើយ​ប្រាប់​មិនឲ្យគេ​ឃុំ​ខ្លួន​អ្នក​ទាំង​ពីរ។

​ពួក​ទាហាន ដែលមានវត្ត​មានអំឡុង​ពេល​បាញ់​ប្រហារ​នោះបាន​ឃើញ​ហេតុ​ការណ៍​ ហើយ​និយាយ​ទៅ​កាន់​មន្ត្រី​ដែល​ទើប​មក​ដល់ថ្មី។ ក្រោយ​មក​ដោយមាន​វត្ត​មាន​របស់​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ ពួក​ទាហាន​ទាំង​នោះ ក៏បាន​យក​សព​លោក​ ឈុត​ វុទ្ធី ចេញ​ពី​ក្នុងរថយន្ត​។សពលោក ឈុត វុទ្ធី ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ឲ្យ​ដេក​សណ្ដូក​នៅលើ​កម្រាលកៅ​ស៊ូ​ពណ៌ស ហើយ​សម្ភារៈ​របស់​លោក​ត្រូវ​បានគេ​យកទៅ​ដាក់​នៅ​ក្បែរ​ខ្លួន​លោក​ព្រមទាំងកាំភ្លើង​ខ្លីមួយ​ដើមផងដែរ។ អ្នកយកព័ត៌មានទាំងពីរ​នាក់មិនធ្លាប់​បាន​ឃើញ​អាវុធ​ណាមួយទេ កាលពី​ពីរ​ថ្ងៃ​មុន នៅ​ពេល​​អ្នក​ទាំង​ពីរ​កំពុងរួម​ដំណើរ​ជាមួយ​លោកឈុតវុទ្ធីនោះ។

នៅ​ពេល​មេឃ​ចាប់​ផ្ដើម​ងងឹត​សាកសព​លោក ឈុត វុទ្ធី និងសពឈ្មោះ អុិន រតនាត្រូវ​បាន​គេ​លើកដាក់​ទៅក្នុង​រថយន្ដ​ផ្សេង​ពី​គ្នា​ ហើយ​ដឹក​ទៅ​កាន់ទី​រួម​េខត្ត​កោះកុង​៕

ប្រែ​សម្រួល​ដោយស៊ាស៊ុយឈាងនិងហួងកុក​ទៀន

​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស