31 C
Phnom Penh

ជន​សង្ស័យ​ក្នុង​ហេតុការណ៍ ​បាញ់​សម្លាប់​​​នៅ​ខេត្ត​កោះកុង​ត្រូវសាលា​ដំបូង​ខេត្ត​សាកសួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សាលា​ដំបូង​ខេត្ត​កោះកុង​ម្នាក់​បាន​លើក​ឡើង​ថា ​មួយ​សប្ដាហ៍​បន្ទាប់​ពីការ​បាញ់​សម្លាប់​លោកឈុតវុទ្ធី​ សកម្មជន​ការ​ពារ​ព្រៃ​ឈើ​ និង​លោកអុិន​ រតនាមន្ដ្រី​កង​រាជ​អាវុធ​ហត្ថ ជន​សង្ស័យ​មួយ​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្តកោះកុង​ ដើម្បី​សាក​សួរ​កាល​ពី​ល្ងាច​ម្សិលមិញ​ មុន​ពេល​បញ្ជូន​ត្រឡប់​មក​ឃុំ​ខ្លួនបណ្តោះអាសន្ន​​នៅ​ទី​បញ្ជាការដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​វិញ​។

លោក ឈិន ឡុង​ ក្រឡា​បញ្ជីរបស់​លោក​ តុប ឈុន​ហេង​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្តបាន​មាន​ប្រសាសន៍ថា “ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ នៅ​មិន​ទាន់​ចោទ​ប្រកាន់​ជន​សង្ស័យ​នៅឡើយទេ​ ហើយ​បញ្ជូន​ជន​សង្ស័យ​ត្រឡប់​ទៅ​ឃុំខ្លួន​វិញ​នៅឯ​ទី​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ”។

យោង​តាម​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​បាន​ឲ្យដឹង​ថាជន​សង្ស័យឈ្មោះ​ រ៉ាន់បូរ័ត្ន អាយុ​២៧​ឆ្នាំ​ ត្រូវ​​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​កោះកុងបាន​ចាប់​ខ្លួន​​តាំង​ពី​ថ្ងៃ​សុក្រ​ សប្ដាហ៍​មុន​ម្លេ៉ះ​។ លោកហ៊ុនរ៉ាន់​ ឪពុក​របស់​ជន​សង្ស័យ​បាន​ថ្លែងថា លោក​ពិត​ជា​ព្រួយ​បារម្ភ​​ណាស់​​ចំពោះការ​ឃុំ​ខ្លួន​កូន​ប្រុស​របស់​​លោក​ ។

លោកហ៊ុនរ៉ាន់​ បាន​បន្ដថា “ ខ្ញុំ​មិន​បាន​ដឹង​រឿង​នេះ​ច្បាស់​នោះ​ទេ​ ប៉ុន្ដែ​កូន​ប្រុស​របស់​ខ្ញុំ​ត្រូវ​បាន​ចាប់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​ហើយ​ ហើយ​ថ្ងៃ​នេះ​កូន​ប្រុស​របស់​ខ្ញុំ​ត្រូវ​នាំខ្លួន​ទៅ​សាលាដំបូង​ខេត្តកោះកុង ​នៅ​ម៉ោង​៥​ល្ងាច”។

លោក អិុន គង់ចិត្រ អ្នក​ឃ្លាំ​មើល​របស់​អង្គការ​ការពារសិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្តកោះកុង​បាន​លើក​ឡើង​ថា លោក សូ សុភាព​មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​កោះកុង​ ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ដើម​សប្ដាហ៍​មុន​​ ដើម្បី​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​នេះ​ដែរ​នោះត្រូវ​បាន​ដោះ​លែង​ពី​ទីបញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថវិញហើយ​ កាល​ពី​ម្សិល​មិញ។

លោកអិុន​ គង់​ចិត្របានមាន​ប្រសាសន៍​ថាលោក​ រ៉ាន់​ បូរ័ត្ននិង​អ្នក​ភូមិ​ពីរ​នាក់​ ដែល​បាន​ឃើញ​ការ​បាញ់​សម្លាប់​នេះ​ ត្រូវ​បាន​នាំ​ខ្លួន​ទៅ​កាន់​កន្លែង​កើត​ហេតុ​ឲ្យ​សម្ដែង​ហេតុ​ការណ៍​នាំ​ទៅ​រក​ការ​បាញ់​សម្លាប់​នេះ​ឡើង​វិញ​។

ម៉ាធូ​ ផេលឺរីន (Mathieu Pellerin) អ្នក​ផ្ដល់​ប្រឹក្សា​នៅ​អង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា “ បន្ទាប់ពីធ្វើត្រាប់​ឡើង​វិញ​ អំពីហេតុ​ការណ៍​បាញ់​សម្លាប់​នេះ លោក អិុន​ រតនា​ នៅ​តែ​ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត​ វុទ្ធីហើយ​បន្ទាប់​មក​គេ​បាន​និយាយ​ថា លោក [រ៉ាន់បូរ័ត្ន] បាន​ខឹង​សម្បា​បន្ទាប់​ពី​លោកអិុនរតនា​ បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហើយ​​បាន​ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​លោក អិុនរតនារួច​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់​”។

អង្គការ​សិទ្ធិមនុស្ស​អាដហុក​បាន​ផ្ដល់​របាយការណ៍​មិនខុស​គ្នា​ប៉ុន្មាន​ទៅនឹង​ការ​ធ្វើ​ត្រាប់ឡើង​វិញ​នេះ​ទេ​។ យោង​តាម​លោក នាង​ បូរ៉ាទីណូ​ អ្នក​សម្រប​សម្រួល​របស់​អង្គការសិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កោះកុង​ បានឲ្យដឹងថាកង​រាជ​អាវុធ​ហត្ថ​បាន​ប្រាប់​លោក​ថាពួក​គេ​អាច​កំណត់​បាន​ថាលោករ៉ាន់បូរ័ត្ន​ បាន​បាញ់​អ្នក​ទាំង​ពី​ដោយ​អចេតនា​ នៅ​ពេល​ព្យាយាម​ដណ្ដើម​កាំភ្លើង​ពី​លោក អិុន​ រតនា ដែល​កំពុង​តែ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយនឹង​លោកឈុតវុទ្ធី​ នោះ​។

លោកទិតសុធា​ មន្ត្រីមកពីទី​ស្ដីការ​គណៈ​រដ្ឋមន្ដ្រី​នៃ​អង្គភាព​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​ដែល​ជា​អ្នក​រួម​ចំណែក​ជាមួយ ​និង​គណៈ​កម្មការ​រួម​មួយ​ចាត់​តាំង​ដោយ​លោកនាយក​រដ្ឋមន្ដ្រី​ ហ៊ុនសែនដើម្បី​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​នេះ បាន​បដិសេធ​មិនធ្វើ​​អត្ថា​ធិប្បាយ​នោះទេ។

លោកឈុត​ វុទ្ធីនិងលោកអិុនរតនាត្រូវ​​បាន​បាញ់សម្លាប់​អំឡុង​ការ​ឈ្លោះ​ប្រកែក​គ្នាយ៉ាង​ខ្លាំង​មួយ​ បន្ទាប់​ពីកង​រាជ​អាវុធ​ហត្ថ​ និង​ទាហាន​នៅ​ក្នុងស្រុក​មណ្ឌល​សីមា​ក្នុង​ខេត្ត​កោះ​កុង​បានឃាត់​រថយន្ដ​របស់​លោកឈុតវុទ្ធី​ ។សកម្មជន​ការ​ពារ​ព្រៃ​ឈើ​រូប​នេះ​ត្រូវ​បាន​អម​ដំណើរ​ដោយ​អ្នក​យក​ព័ត៌មាន​ពីរ​នាក់​របស់​កាសែត​ ខេមបូឌាដេលីដែល​កំពុង​តែ​យក​ព័ត៌មានពី​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​នៅ​ថ្នាក់​មូលដ្ឋាន​ ប៉ុន្ដែ​អ្នក​យក​ព័ត៌មាន​ទាំង​ពីរ​នាក់​នេះ​មិន​បាន​រក​ឃើញ​នរណា​ជា​អ្នក​បាញ់​សម្លាប់​លោក ឈុត​ វុទ្ធីនិង​​លោកអិុនរតនា​ នោះ​ទេ។

កង​រាជ​អាវុធ​ហត្ថ​បាន​អះអាង​ជាយូរ​មក​ហើយ​ថា លោក ឈុត វុទ្ធី​ ត្រូវ​លោក អិុន​ រតនា បាញ់​សម្លាប់ ដែល​បន្ទាប់​មក​បាន​បាញ់​ខ្លួន​ឯង​ចំនួនពីរ​គ្រាប់​ចំទ្រូងនិង​ពោះដោយ​កាំភ្លើងអាកា៤៧របស់​លោក​។ ក្រុម​សកម្ម​ជន​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​សាច់​ញាតិ​មន្ត្រី​កង​​រាជ​អាវុធ​ហត្ថ​ ដែលសង្ស័យថា ​បាន​បាញ់​សម្លាប់​ខ្លួន​ឯង​ បាន​ហៅ​ហេតុការណ៍បាញ់​សម្លាប់​នេះថា ជាហេតុការណ៍បាញ់​សម្លាប់​ដ៏មិនគួរ​ឲ្យជឿ​។

លោករ៉ាន់​ បូរ័ត្ន​ គឺជាជន​សង្ស័យ​ថ្មី​ ត្រូវ​គេ​ជឿជាក់​ថា ធ្វើ​ការ​ជាសន្ដិសុខ​នៅ​ក្រុម​ហ៊ុន​ ធីមប៊ើហ្គ្រីន (Timber Green) ជា​ក្រុម​ហ៊ុនដែល​ទទួលបាន​អាជ្ញាប័ណ្ណ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ បម្រុងទុកជាអាង​ស្ដុក​ទឹករបស់ទំនប់​វារីអគ្គិសនី​ឫស្សីជ្រុំ​ក្នុង​ខេត្តកោះកុង ដែល​នៅ​ក្បែរកន្លែង​ហេតុការណ៍​បាញ់​សម្លាប់។

យោងតាម​អ្នក​ភូមិ​នៅ​តំបន់​នោះ​ ដែល​និយាយ​ដោយ​មិន​​បញ្ចេញ​ឈ្មោះ​ ដោយ​សារ​តែ​ហេតុ​ការណ៍បាញ់​សម្លាប់​នេះ ជា​រឿង​​រសើប​បាន​ឲ្យ​ដឹង​ថា ទាហាន​មួយ​ចំនួន​ ដែល​ធ្លាប់​ឈរជើង​នៅ​កន្លែង​ហេតុការណ៍​បាញ់​សម្លាប់ ​ដែលធ្វើ​ការ​ឲ្យ​ក្រុមហ៊ុនធីមប៊ើហ្គ្រីន ​បាន​ដកចេញ​តាំង​ពី​ហេតុ​ការណ៍​​បាញ់​សម្លាប់​បាន​កើត​ឡើង​ម៉្លេះ។

យោង​តាមការ​លើក​ឡើង​ស្រដៀង​គ្នា​នៃ​សេចក្ដី​ថ្លែង​ការ​ណ៍​របស់អង្គការ​សហ​ប្រជា​ជាតិ​ និង​សហគមន៍​អឺរ៉ុប​ សហរដ្ឋ​អាមេរិក ​កាល​ពី​ម្សិលមិញ​បាន​អំពាវ​នាវ​ឲ្យ​មានការ​ស៊ើបអង្កេត​ឲ្យបានម៉ត់​ចត់​​។

ស្ថាន​ទូត​សហរដ្ឋអាមេរិកប្រចាំកម្ពុជា​បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដីថ្លែង​ការ​ណ៍​មួយ​​ថា “ ​សហរដ្ឋអាមេរិកនៅ​តែ​ព្រួយ​បារម្ភ​​អំ​ពី​ការ​ប្រើ​កង​កម្លាំង​ ដើម្បីបង្ក្រាបសកម្ម​ភាព​​របស់​បុគ្គល​ ដែល​កំពុង​ព្យាយាម​លុប​បំបាត់​ដោយ​សន្ដិវិធី​នូវ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​បទ​ល្មើស​កាប់​ឈើ​ខុស​ច្បាប់​ជា​ដើម។​យើង​ទទូច​ឲ្យ​អាជ្ញាធរ​ធ្វើ​ការ​ស៊ើប​អង្កេត​មួយ​ឲ្យបានម៉ត់​ចត់​ មានតម្លាភាព​ និង​គួរ​ឲ្យ​ជឿ​​បាន អំពីហេតុការណ៍បាញ់​សម្លាប់​នេះ”៕

(រាយការណ៍បន្ថែម​ដោយ​ Abby Seiff)

ប្រែ​សម្រួល​ដោយ ស៊ាស៊ុយឈាង

                 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស