35 C
Phnom Penh

មេដឹក​នាំ​បន្ទាប់​ត្រូវ​តែ​ជា​មនុស្សនៅក្នុងគ្រួ​សារ​ ឬ​សមាជិក CPP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ​លោកនាយក​រដ្ឋ មន្ដ្រី​ ហ៊ុន សែន​ បាន​មាន​ប្រតិកម្ម​ខ្លាំងៗ បកទៅ​អ្នក​​រិះគន់​លោក​ ព្រម​ទាំង​បានប្រដូច​ខ្លួន​លោកទៅ​នឹង​ទេវតា​ ​ក្នុង​រឿង​ព្រេង​របស់​ព្រះ​​ពុទ្ធ​សាសនាថា ការ​ផ្លាស់​ប្ដូរ​លោក​នៅ​ពេល​អនាគត​ និង​មេដឹក​នាំ​ប្រទេស​បន្ទាប់​ អាចជាអ្នកមក​ពី​សមាជិកគ្រួ​សារ​ផ្ទាល់​របស់​លោក ឬ​សមាជិក​មន្ដ្រី​ជាន់​ខ្ពស់​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ដែលកំពុង​កាន់​អំណាច​។

លោក ហ៊ុន សែន​ បាន​​​ថ្លែង​នៅក្នុង​ពិធី​បើក​​សម្ពោធ​រមណីយដ្ឋាន​ឋាន​សួគ៌ បូកគោ​នៅ​ក្នុង​ខេត្តកំពត​ថា លោក​បញ្ចេញ​ប្រតិកម្ម​ ចំពោះ​ការធ្វើអត្ថាធិប្បាយមួយចំនួន​ របស់​  “ក្រុមគណបក្ស​ប្រឆាំង​”  ដោយមិនបញ្ចេញ​ឈ្មោះ​ ដោយទាមទារ ឲ្យ​ផ្លាស់​ប្ដូរ​រូប​លោក​ដូចទេវតាឆ្នាំ​ថ្មី​ ដែល​តែង​តែ​ផ្លាស់​ប្ដូរ​វន​គ្នាជារៀង​រាល់​ឆ្នាំ​។

ស្លាកសញ្ញា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​រូប​ទេវតាមួយអង្គ​កំពុង​បាច​ផ្កា​ និងមានកួរស្រូវ​ព័ទ្ធ​ជុំ​វិញ​។ ក្នុងការ​ឆ្លើយ​តប ​ចំពោះការធ្វើ​អត្ថា​ធិប្បាយ​របស់​​គណបក្ស​ប្រឆាំង​ លោក ហ៊ុនសែន​ បាន​មាន​ប្រសាសន៍ថា មិនទាន់​ដល់​ពេល​ឲ្យគណបក្ស​ប្រឆាំង​គ្រប់គ្រង​ប្រទេស​នៅឡើយ​ទេ​ ហើយ​អ្នកណា​ហ៊ាន​ជេរប្រមាថ​រូប​លោក នឹង​ត្រូវ​ “រន្ទះ​បាញ់​”។

លោក ហ៊ុន សែន​ បាន​ថ្លែង​ថា​ “​ខ្ញុំ​ចង់​ឆ្លើយតប​ទៅ​វិញ”។ លោកនាយក​រដ្ឋមន្ដ្រីមាន​ប្រសាសន៍​ថា “ប្រសិន​បើ​មាន​ការ​ផ្លាស់​ប្ដូរ​ទេវតា​នោះ​ការ​ផ្លាស់​ប្ដូរ​នេះ​ត្រូវ​តែ​ជាអ្នកមក​ពី​គ្រួសារទេវតា ប្រសិន​បើ​ទេវតា សែន​ ចេញ​ទៅ ​ ក៏នៅ​មាន​ទេវតា ខេង ទេវតា​ យ៉ាន​ និងនៅ​មានថ្នាក់​ក្រោម​ផ្សេង​ៗទៀត​”។

លោកហ៊ុនសែន​ បាន​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍របស់​លោក​ត្រឹម​តែ​រយៈ​ពេល​មួយ​ខែ​ប៉ុណ្ណោះ​ នៅ​មុន​ការ​បោះឆ្នោត​ឃុំ-សង្កាត់​​របស់​ប្រទេស​កម្ពុជា​ ដោយ​មានប្រសាសន៍ថាតាម​ពិត​ទៅ​លោកដូច​ទេវតាដែល​នៅ​តាម​ដើម​ឈើ​ និង​នៅលើមេឃពី​ព្រោះ​ទេវតា​ទាំង​នោះ​គ្មានការ​ផ្លាស់​ប្ដូរទេ​។ លោកហ៊ុនសែន​ បាន​មាន​ប្រសាសន៍​ថា“តែទេវតាដូច​ខ្ញុំ​ត្រូវ​បាន​ជ្រើសតាំង​ដោយ​ប្រជា​ពល​រដ្ឋ​”។ “មិនទាន់​ដល់​វេន​អ្នកដទៃ​ក្រៅ​ពី​កូន​របស់​ទេវតានិង​គ្រួសារ​ទេវតាទេ​”។

កូន​របស់​លោកហ៊ុនសែន​ មួយ​ចំនួន​បាន​កាន់​មុខ​តំណែងដ៏មាន​អំណាច​នៅក្នុង​ជួរ​រដ្ឋា​ភិបាល​ និង​ក្រុម​ហ៊ុន​ ចំណែក​ឯ​អ្នក​តាម​ដាន​ជាច្រើនយល់​ឃើញ​ថារបបនយោបាយ​ផ្ទេរ​ពី​សែស្រឡាយគ្រួសារ​កំពុង​តែកើត​មាន​។ កាល​ពីខែ​មករា លោក ហ៊ុន ម៉ានិត​ កូន​​ទី​២​របស់​លោកនាយក​រដ្ឋមន្ដ្រី​ ត្រូវ​បានដំឡើង​​ឋានៈ​ទៅជា​វរសេនីយ៍ឯក​ និង​​ជា​អនុប្រធាន​អង្គភាព​ស៊ើប​ការណ៍​យោធា​ដ៏​មានអំណាច។ ​

ហើយ​កាល​ពីខែ​មករា​ឆ្នាំមុន​លោក ហ៊ុនម៉ាណែត កូន​​ច្បង​របស់​លោក​ ត្រូវ​បានដំឡើងឋានៈ​ជាឧត្តមសេនីយ៍ទោ នៅក​្នុង​ជួរ​កង​ទ័ព​។កូន​ប្រុស​ពៅ​របស់​លោកហ៊ុនសែន​ គឺលោកហ៊ុនម៉ានី​ គឺជា​ជំនួយការ​របស់​លោកនាយក​រដ្ឋមន្ដ្រី​ និង​ជា​សមាជិក​ខុទ្ទកាល័យ​របស់លោកទៀតផង។​

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​ប្រឆាំង​ សម រង្ស៊ី បាន​មាន​ប្រសា​សន៍ថាពាក្យ​សម្ដីរបស់​លោកនាយករដ្ឋមន្ដ្រី​ ដើម្បី​បំភ័យ​ក្រុម​អ្ន​ក​រិះគន់​ និង​គូបដិបក្ខខាង​នយោបាយ​របស់​លោកបើ​ទោះ​បីជា​លោក​បដិសេធ​មិន​ព្រម​ពន្យល់​ថា តើ​គណបក្ស​របស់​​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​ ដូចលោកហ៊ុនសែន​ វាយបក​ ឬយ៉ាង​ណា​នោះទេ​។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា​ “ជាធម្មាតា ​គាត់​កំពុង​តែ​បំភ័យ​អ្នក​ដទៃ​។ប្រសិន​បើ​ការបោះ​ឆ្នោត​ត្រូវ​បាន​គេ​រៀប​ចំ ​ដោយ​សេរី​ និង​យុត្តិធម៌នោះ​ គណ​បក្ស​ប្រជា​ជនកម្ពុជា​គ្មាន​ឱកាសឈ្នះ​ឆ្នោត និងកាន់​អំណាច​​ទេ”​។ ចំពោះ​​​​​​ការ​​ប្រៀបធៀប​​​ខ្លួន​​​ឯងទៅ​​​នឹង​​​ទេវតារបស់​​​លោក ​​​ហ៊ុន​​​ សែន លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍ថា “ប្រសិន​​​បើ​លោក​​​ជាទេវតា​​​ពិត​​​ប្រាកដ​​​មែន​​​ យើង​​​​​នឹងមិន​​គួរខ្លាច​​​ចំពោះការ​​​បោះ​​​ឆ្នោត​​​ដោយ​​​យុតិ្តធម៌​​​នោះ​​​ទេ”។ លោក​​​បន្តថា​​​ទេវតា​​​ពិត​​​ប្រាកដ  “នឹង​​​ជំរុញ​​​ឲ្យ​​​បញ្ចប់​​​ការ​​​រំលោភ​​​បំពាន​​​សិទ្ធិម​​​នុស្ស​​​  ការ​​​ទន្ទ្រានយកដីធ្លី​​​ពីប្រ​​​ជា​​​ពល​​​រដ្ឋ​ក្រីក្រ ការដកអភ័យឯកសិទិ្ធ​តំណាងរាស្ត្រ​​​ ការ​​​កាប់​​​បំផ្លាញ​​​ព្រៃឈើនិង​​​អំពើ​​​ពុក​​​រលួយ”។

លោក​​​ យឹម សុវណ្ណ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ លោក​​​ជឿជាក់ថា ​​​ការ​​​បោះ​​​ឆ្នោត​​​ឃំុ-សង្កាត់​​​ នៅ​​​ខែ​​​ក្រោយ​​​ នឹង​​​មិន​​​​​​សេរី​​​ និងយុត្តិធម៌​​​នោះ​​​ទេ។​​​ លោក​​​ យឹម​​​ សុវណ្ណ បាន​​​បន្តថា គណ​​​​​បក្ស​​​  សម រង្ស៊ី មិន​​​សប្បាយ​​​ចិត្ត​​​ចំពោះ​​​ការ​សម្រេច​​របស់​​​គណៈកម្មាធិការ​​​ជាតិ​រៀប​ចំ​ការ​​​បោះ​​​ឆ្នោត​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ ​​​​​​​ ដោយ​​​បាន​កាត់​ម៉ោង​​​ផ្សាយ​​​របស់គណបក្សនីមួយ​​​ៗ​​​ពី​​​៣០នាទី​​​មក​​​ត្រឹម​​​ប្រាំមួយនាទី​​​នោះ។

នៅក្នុងពិធីសម្ពោធ កាល​​​ពី​​​ម្សិលមិញ​​​លោក​​​ ហ៊ុន​​​ សែន បាន​​​សម្ពោធដាក់ឲ្យ​​​ប្រើ​ប្រាស់ផ្លូវ​​​ចំនួន​​​បី​​​នៅ​​​រមណីយដ្ឋានឋាន​សួគ៌​​​ ភំ្ន​​​បូក​គោ។ គម្រោង​​​នេះ​​​ត្រូវចំណាយ​​​ទឹកប្រាក់​សរុប​​​អស់​​​១.០០០លានដុល្លារ ​​​ដែលកំពុង​​តែ​អនុវត្ត​​​ដោយក្រុម​​​ហ៊ុន​​សូគីមុិច ​ហើយ​គម្រោង​​​​នេះរួម​​​មាន​​​សណ្ឋាគារ​​​ កាសីុណូ​​​ ទី​លាន​វាយ​​​កូនហ្គុលហ្វ៍.. ​​​​​​និង​​​កន្ត្រកខ្សែកាប​​​ ដែល​អាច​​​ធ្វើដំណើរ​​​ពី​​​ជើង​​​ភំ្ន​​​ដល់កំពូលភ្នំ​​​៕

ប្រែ​សម្រួល​ដោយ ហួង កុកទៀន

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស