នគរបាលបាននិយាយកាលពីម្សិលមិញថា បន្ទាប់ពីនគរបាលបានសួរចម្លើយអស់រយៈពេលពីរថ្ងៃរួចមក ជនសង្ស័យចំនួន១១នាក់ ដែលត្រូវបានចាប់ខ្លួន អំឡុងការឆ្មក់ចូលជាបន្តបន្ទាប់ នៅក្នុងរាជធានីភ្នំពេញ នៅសប្តាហ៍នេះនឹងត្រូវបញ្ជូនទៅតុលាការនៅថ្ងៃនេះ ដើម្បីចោទប្រកាន់ពីបទផលិតគ្រឿងញៀនខុសច្បាប់។
នគរបាលបានចាត់ទុកការឆ្មក់ចូល កាលពីថ្ងៃអង្គារ និងថ្ងៃពុធ ថាជាការឆ្មក់ចាប់គ្រឿងញៀនដ៏ធំបំផុតមិនធ្លាប់មានពីមុនមកក្នុងរាជធានីភ្នំពេញ។ ទីកន្លែងផលិតថ្នាំញៀនចំនួនប្រាំបីកន្លែង រាប់ទាំងកន្លែងពិសោធន៍គ្រឿងញៀន និងហាងលក់គ្រឿងអលង្ការមួយកន្លែងផងដែរ ត្រូវបានសមត្ថកិច្ចឆែកឆេរនៅទូទាំងខណ្ឌបួន ដោយរឹបអូសបានសារធាតុគីមីមួយចំនួនធំ ដែលគេរក្សាទុកសម្រាប់ផលិតថ្នាំញៀនអុិចស្តាស៊ី និងមេតំហ្វេតាមីន។
លោក អីុវ ធារិទ្ធិ នាយរងនគរបាលប្រឆាំងគ្រឿងញៀនរាជធានីភ្នំេពញ បានមានប្រសាសន៍ថាបុរសចំនួនប្រាំពីរនាក់ និងស្ត្រីបួននាក់ រួមទាំងជនជាតិវៀតណាមប្រាំនាក់ កំពុងឃុំខ្លួននៅឡើយ។
លោកបានបន្ថែមថា នគរបាលអាចឃុំខ្លួនពួកគេបណ្តោះអាសន្នបានត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ ដូច្នេះជនសង្ស័យនឹងត្រូវបញ្ជូនទៅឲ្យតុលាការចោទប្រកាន់នៅព្រឹកនេះ។ លោកបានបន្ថែមទៀតថា កាលពីល្ងាចម្សិលមិញ “ពួកគេជាប់សង្ស័យពីបទផលិតគ្រឿងញៀន ដោយប្រើសារធាតុគីមី។ ពេលនេះ យើងកំពុងបញ្ជូនកំណត់ហេតុសាកសួរហើយយើងនឹងបញ្ជូនខ្លួនពួកគេទៅតុលាការនៅថ្ងៃស្អែក”។
លោក ឡេ ហ្សន់ ជាន (Lai Xuan Chien) អនុប្រធានទទួលបន្ទុកបេសកកម្មប្រចាំនៅស្ថានទូតវៀតណាមក្នុងរាជធានីភ្នំពេញបានបញ្ចាក់ថា ស្ថានទូតបានទទួលព័ត៌មានអំពីហេតុការណ៍នេះហើយកំពុងតែដោះស្រាយរឿងនេះ។លោកបានមានប្រសាសន៍ថា “ យើងបានបញ្ជូនរឿងនេះទៅផ្នែកកុងស៊ុលរបស់យើង”។លោកបានបង្វែរសំណួរទៅប្រធានផ្នែកកុងស៊ុលវិញគឺលោកត្រាន់ បាន មិញ (Tran Ban Minh) ដែលមិនអាចទាក់ទងបាន។
កាលពីថ្ងៃពុធ នគរបាលបាននិយាយថា ពួកគេកំពុងតែសហការស៊ើបអង្កេតករណីនេះរួមគ្នាជាមួយនគរបាលប្រឆំាងគ្រឿងញៀនមកពីប្រទេសអូស្ត្រាលី។
លោកធារិទ្ធិបានថ្លែងថា នគរបាលបានរកឃើញសារធាតុគីមីសរុបចំនួន២០មុខផ្សេងៗគ្នា អំឡុងការឆ្មក់ចូល រួមទាំងប្រេងម្រះព្រៅជាង៤.០០០លីត្រ ដែលអាចផលិតជាគ្រឿងញៀនអិុចស្តាស៊ី រួមជាមួយឧបករណ៍សម្រាប់ផលិតគ្រឿងញៀនផ្សេងទៀត។ ប្រេងម្រះព្រៅ បានមកពីការចម្រាញ់ចេញពីដើមម្រះព្រៅ ដែលគេឃើញមាននៅតាមជួរភ្នំក្រវាញនៅក្នុងប្រទេសកម្ពុជាភាគនិរតី។ ក្រុមអភិរក្សព្រៃឈើ ដែលធ្វើការនៅក្នុងតំបន់ព្រៃការពារទាំងនោះ បានលើកឡើងថា សកម្មភាពចម្រាញ់យកប្រេងនៅក្នុងតំបន់នេះ ត្រូវបានលុបបំបាត់អស់ខ្លះបើទោះជា នៅមានខ្លះតាមតំបន់ព្រៃដទៃទៀតមិនត្រូវបានល្បាតទៀងទាត់ក៏ដោយ។
លោកហ្គ្រាហាមស (Graham Shaw) មន្ត្រីផ្នែកបច្ចេកទេសអំពីការប្រើប្រាស់គ្រឿងញៀនក្នុងប្រទេសកម្ពុជាប្រចាំនៅអង្គការសុខភាពពិភពលោក ថ្លែងថា ប្រសិនបើថ្នាំញៀនអុិចស្តាស៊ី ត្រូវបានផលិតចេញពីប្រេងម្រះព្រៅ ក្នុងកន្លែងពិសោធន៍ក្នុងរាជធានីភ្នំពេញនោះ វាប្រហែជាលើកដំបូងហើយសម្រាប់កម្ពុជា ដែលជាទូទៅត្រូវបាននាំចេញទៅកែច្នៃនៅប្រទេសវៀតណាម។
លោកបន្ថែមថា “ផ្អែកលើគ្រឿងញៀនដែលទំនងជាត្រូវបានប្រើក្នុងប្រទេសកម្ពុជា ថ្នាំញៀនអុិចស្តាស៊ីមិនសូវជាពេញនិយមទេ ដូច្នេះតាមការសន្មតរបស់ខ្ញុំគឺថា ប្រេងម្រះព្រៅនេះគឺសម្រាប់តែនាំចេញ”។ ក៏ប៉ុន្តែ នគរបាលក៏បានរកឃើញសារធាតុផ្សំជាថ្នាំញៀនអំហ្វេតាមីន និងអាស៊ីតផងដែរ ដែលត្រូវបានប្រើសម្រាប់ផលិតថ្នាំញៀនប្រភេទមេតំហ្វេតាមីន។ លោក ហ្គ្រាហាម ស បានថ្លែងថា “ ជនសង្ស័យអាចធ្វើសកម្មភាពផ្សំដែរ។ក្រុមនេះអាចផលិតថ្នាំញៀនមេតំហ្វេតាមីននៅក្នុងប្រទេសកម្ពុជា”។ ថ្នាំញៀនមេតំហ្វេតាមីន ជាទូទៅត្រូវបានគេចាត់ទុកថា ជាថ្នាំញៀនដ៏ពេញនិយមបំផុតនៅក្នុងប្រទេសកម្ពុជា៕
ប្រែសម្រួលដោយ ចេវប៊ុននី