30.1 C
Phnom Penh

ចៅក្រម​​​ស៊ើប​​​អង្កេត​​​សាកសួរសាក្សី​​​២០​​​នាក់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការបាន​​​ឲ្យ​ដឹង​កាលពី​​​ម្សិលមិញថា សាលា​​​ដំបូង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​បាន​សាកសួរ​​សាក្សី​​​ប្រហែល​២០នាក់​រួច​​​ហើយ ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃទី​​​២៥ ​​​ខែ​​​មេសាមក ដែល​​​ជា​​​ផ្នែក​​​មួយនៃ​​​​​​ការ​​​ស៊ើប​​​អង្កេត​​​ទាក់ទិន​​​ទៅ​​​នឹង​​​ការ​​​បាញ់​​​ប្រ​​​ហារ​​​ស្ត្រី​​​អ្នក​​​តវ៉ាបីនាក់ នៅឯ​​​តំបន់​​​សេដ្ឋ​​​កិច្ច​​​ពិសេស​មួយ ​​​ដែល​គេ​​​ជឿថា លោក​ ឈូកបណ្ឌិត អតីត​​​អភិបាល​​​ក្រុង​​​បាវិត​​​ គឺជា​​​ជន​​​សង្ស័យ​តែ​​​ម្នាក់គត់​​​ក្នុង​​​រឿង​​​នេះ។​​​​​​

លោក​​​ ប៉ិច​​​ ​​​ឈឿតប្រធាន​​​សាលា​​​ដំបូង​​​ខេត្ដ​​​ស្វាយ​​​រៀង​​​​​​ និង​​​ជាចៅ​​​ក្រម​​​ស៊ើប​​​សួរ​ក្នុង​រឿង​ក្តី​​​នេះ បាន​​​មាន​​​ប្រសាសន៍ថា តុលាការ​​​បាននិង​​​កំពុង​​​សាកសួរ​​​សាក្សី​​ជា​​​ច្រើន​​​នាក់ ​ដែល​​​មាន​​​វត្តមាន​​​នៅ​​​កន្លែង​​​បាញ់​​​ប្រ​​​ហារ​​​កាលពី​​​ថ្ងៃទី​​​២០ ​​​ខែ​​​កុម្ភៈដែល​​​នៅ​​​ពេល​​​នោះលោក ឈូក​​​ បណ្ឌិត ត្រូវ​​​បាន​​​ចោទ​​​ប្រ​​​កាន់​​​ថា​​​ ជាអ្នក​​​បាញ់​​​ប្រ​​​ហារ​​​ទៅ​​​លើ​​​ក្រុម​​​អ្នក​​​តវ៉ា​និង​​បាន​​​​បាញ់​​ឲ្យ​​​​​​របួស​កម្មការិនី​​​បី​​​នាក់ ​​​​​​មក​​​ពី​​​រោង​​​ចក្រផលិត​​​​ស្បែក​​​ជើងឲ្យ​ក្រុម​ហ៊ុន​ពូម៉ា​​​(Puma) របស់​អាល្លឺម៉ង់ ។

លោក ប៉ិច​​​ ​​​ឈឿត​​​ បាន​​​មាន​​​ប្រសាសន៍​​​​ថា “ តុលាការ​​​បាន​​​កោះ​​​ហៅ​​​សាក្សី​​​ជា​​​ច្រើន​​​នាក់​​​ ចាប់​​​តាំង​​​ពី​​​ថ្ងៃទី២៥ ខែ​​​មេសាមក​ ហើយ​​​​រហូត​​​មក​​​ដល់​​​ពេល​​​នេះ តុលាការ​​​បាន​​​សាក​​​សួរ​​​សាក្សី​​​ប្រ​​​ហែលជា​​​២០​​​នាក់​​​រួចហើយ”។​លោកបាន​​​មាន​​​ប្រ​​​សាសន៍​​​បន្ថែម​​​ទៀត​​​ថា​នៅ​​មាន​សាក្សី​​​ជា​​​ច្រើន​​​នាក់​​​ទៀត ​​​ដែល​ត្រូវ​​​សាក​សួរ​​​។

លោក​​បាន​​​មាន​​​ប្រ​​​សាសន៍​​​ថាជន​​​រង​​​គ្រោះ​​​បី​​​នាក់​​​​​​ដែល​​​ត្រូវ​​​បាន​​​ក្រុម​​​មន្ត្រី​​​ខេត្តផ្ដល់​​​ប្រាក់​​​សំណង​​​ដើម្បី​​​កំុឲ្យ​​​ពួក​​​គេ​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​តុលាការ​​​នោះ នឹង​​​ត្រូវ​​​កោះ​​​ហៅមក​សាក​សួរ​​នៅ​​​ថ្ងៃទី​​​១៨ ​​​ខែឧសភា រីឯ​លោក បណ្ឌិត ​​​ក៏​​​នឹង​​​ត្រូវ​​​សាកសួរ​នៅ​​​ពេល​​​ក្រោយ​​​ទៀត​​​ នៅ​​​ក្នុង​​​​​​ខែនេះ​​​ដែរ។

លោក ប៉ិច​​​ ​​​ឈឿត​​​ បាន​​​ថ្លែង​​​​ថា ការ​​​ចោទ​​​ប្រ​​​កាន់​​​លោកបណ្ឌិតពី​​​បទ​​​បង្ក​​​របួ​​​សស្នាម​​​ដោយ​​​អ​​​ចេតនា​​​​នោះ នឹង​​​ត្រូវ​​​កែ​ប្រែ​វិញ​​​ឬ​​​អត់​​នោះ​​​ អាស្រ័យ​​​លើ​​​លទ្ធផល​​​នៃ​​​ការ​​​ស៊ើប​​​អង្កេត។ លោក​​​បាន​​​បន្ថែម​ថា “ បើ​​​យើង​​​គ្រាន់​​​តែ​​​ពិ​​​និត្យ​​​របាយការណ៍​​​និង​​​ពាក្យ​​​បណ្ដឹងនោះ ការ​​​ចោទ​​​ប្រ​​​កាន់​​​ពី​​​បទ​​​បង្ករបួស​​​ស្នាម​​​ដោយ​​​អ​​​ចេតនានេះ គឺជា​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​សម​​​ស្រប​ហើយ។​​​ ប៉ុន្តែ​​​ ពេល​​​នេះ យើង​​​កំពុង​​​ព្យាយាម​​​រក​​​ភស្តុតាង​​​បន្ថែម​​​ទៀត​​​យក​មក​ដាក់​បន្ទុក​​​​​​​គាត់​​​”។ ការ​​​ចោទ​​​ប្រ​​​កាន់​​​នេះមាន​​​ទោស​​​​​​ជាប់​​​ពន្ធ​​​នាគារ​​​ពី​​​ប្រាំមួយថ្ងៃ ទៅ​​​​ពីរ​​​ឆ្នាំ និង​​ពិន័យ​​​ជា​​​ប្រាក់​​​អប្បបរមាចំនួន​មួយ​លាន​រៀល។​​​

អង្គការសិទ្ធិ​​​មនុស្ស​​​និង​​​សហជីព​​​នានាបាន​​​រិះគន់​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​នេះថា ​​ស្រាល​​​ពេក​​​។​​​​​​ ​​​​​​ជន​​​រង​​​គ្រោះម្នាក់​​ឈ្មោះប៊ុនចិន្ដា ​​​អាយុ​​​២១​​​ឆ្នាំ ដែល​​​បាន​​​រង​​​របួសចំ​​​​​​​សួត​​​នៅ​​​​ក្នុងការ​​​បាញ់​​​ប្រ​​​ហារ​​​នោះ បាន​​​និយាយ​​ថា ​នាង​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ការ​​​កោះ​​​ហៅ​​​ពី​​​តុលាការ​​​នៅ​​​ឡើយ​​​ទេ។​​​​​​ នាង​បាននិយាយ​ថា “ ខ្ញុំ​​​គិតថា ការ​​​ចោទ​​​ប្រ​​​កាន់​​​ពីបទ​​​បង្ករបួស​​​ស្នាម​​​ដោយ​​​អចេតនា​​​ចំពោះ​​​លោក បណ្ឌិត​ នេះ​គឺ​​​មិន​​​សមឡើយតុលាការ​​​គួរ​​​ចោទប្រកាន់​​ឲ្យ​​​ធ្ងន់​​​ជាង​​​នេះ”។

​​​លោក​​​ ជិន​​​ លីដា មេធាវី​មក​ពី​អង្គការ​​​សិទ្ធិ​មនុស្ស​លីកាដូ​​​ តំណាង​​​ឲ្យ​នាង​ ចិន្ដា និង​​​ជន​​​រង​​​គ្រោះពីរនាក​​់​​​ផ្សេង​​​ទៀត​​​បាន​​​មាន​​​ប្រសាសន៍​​​​ថា កូន​​​ក្ដី​​​របស់​​​លោក​​​កំពុង​​​រៀប​​​ចំ​​សំណើ​សុំ​​​ឲ្យ​​​មាន​​​ការ​​​ចោទ​​​ប្រ​​​កាន់​​​លោក បណ្ឌិត ​​​ធ្ងន់ធ្ងរ​​​​​​ជាងនេះ ប៉ុន្តែ​​​លោក​បាន​​​បដិសេធ​​​មិន​​​​​បរិយាយ​​លម្អិត​ឡើយ។​​​ លោកស្រី ម៉ៅ សំវុទ្ធារី មេធាវី​ការពារ​​​ក្តី​ឲ្យលោក  បណ្ឌិត មិនអាច​សុំ​ការបំភ្លឺ​បានទេ៕

​​​ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស