38 C
Phnom Penh

ក្រសួង​ឈប់ចេញ​​អាជ្ញា​ប័ណ្ណ​ឲ្យក្រុមហ៊ុន​ផ្តល់​សេវា​​ទូរស័ព្ទ​ចល័ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ សូ​រ ឃុន​ រដ្ឋ​មន្ត្រី​ក្រសួងប្រៃសណីយ​៍​ និង​ទូរគមនាគមន៍​ បាន​មាន​ប្រសាសន៍​កាល​ពី​​ថ្ងៃ​អង្គារ​​ថា​ រាជរដ្ឋា​ភិ​បាលកម្ពុជា ​បាន​សម្រេចបញ្ឈប់ការ​ផ្តល់​អាជ្ញាប័ណ្ណ​​ឲ្យ​ក្រុម​ហ៊ុន​ផ្តល់​សេវា​​ទូរស័ព្ទ​ចល័ត​ថ្មីហើយ ​ ព្រោះ​គ្មាន​​​​ប្រេ​កង់​នៅ​សល់​ក្នុង​ប្រទេស​​កម្ពុជា​ទៀត​ទេ​ ហើយ​ក្រុម​ហ៊ុន​​នានា​ទៀតសោត​ ក៏​​កំពុងពុះ​ពារ​ទាំង​លំបាក​​​ក្នុង​ការ​​ស្វែង​រក​ប្រាក់​ចំណេញ​​ក្នុ​ង​ទី​ផ្សារ​​​ដែល​មាន​ក្រុម​ហ៊ុន​ច្រើន​​​ហួស​​​ប្រមាណ​​​នេះ​​​​ដែរ​។​

លោក​ សូ​រឃុន​​ បាន​លើកឡើង​​ក្នុង​​បទ​សម្ភាស​មួយ​តាម​ទូរស័ព្ទ​ថា ​“ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​បច្ចុប្បន្ន​នេះ​ ​មាន​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​ច្រើនជ្រុល​​ហើយ​ ប្រសិន​បើ​​​យើង​​ធ្វើ​ការ​ប្រៀប​ធៀបជាមួយបណ្តា​​​ទីផ្សារ​​​​ដែល​មាន​​ប្រជា​ជន​​តិច​ប្រហាក់ប្រហែល​​គ្នា​នោះ​ ហើយ​ណាមួយ​ សេដ្ឋកិច្ច​របស់​យើង​មិន​ទាន់​ឈាន​ដល់​ដំណាក់​កាល​​ឧស្សាហកម្ម​​នៅ​ឡើយ​ទេ​​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “​យើង​មាន​បញ្ហា​បច្ចេក​ទេស​ ពោល​គឺ​​ពុំ​មាន​ប្រេកង់​​នៅ​សល់​ទៀតទេ​ ហេតុ​​ដូច្នេះ​ហើយ​ទើប​បាន​ជាយើង​ពុំ​អាច​​ពង្រីក​ប្រតិ​បត្តិ​ការ​ទូរស័ព្ទ​ចល័ត​បាន​”។

សេចក្តី​សម្រេច​​របស់​រាជរដ្ឋា​ភិ​បាល​ក្នុង​ការ​​​បញ្ឈប់​ការ​​ផ្តល់​អាជ្ញា​ប័ណ្ណ​នេះ​​ គឺ​ជា​ដំណឹងដ៏​​ល្អ​មួយ​សម្រាប់​បណ្តា​​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​​ចល័ត​នានា នៅកម្ពុជា​​ ដែល​បាន​លើក​​ឡើង​​​​​អស់​រយៈ​ពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​​​ថា​ ទី​ផ្សារនេះ​ចាំ​បាច់​ត្រូវ​​​ពង្រឹងឡើង​វិញ ដើម្បី​បង្កើន​ប្រាក់​ចំណូល​នោះ​។

ក្រុម​ហ៊ុន​ផ្តល់​សេវា​​ទូរស័ព្ទ​ចិន​Xinwei Telecom​បាន​ទទួល​​អាជ្ញា​ប័ណ្ណ​ផ្តល់​​សេវា​ទូរស័ព្ទ​ចល័ត​ពី​រដ្ឋា​ភិ​បាល ​កាល​ពី​ខែ​តុលា​ចំណែក​ឯ​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ កាមីន​​​តែល​​​(Camintel)​ ដែលកាន់កាប់​មួយ​ផ្នែក​ដោយ​​​ក្រ​សួង​ទូរគមនាគមន៍​វិញ​ ​បាន​ទទួល​​​អាជ្ញាប័ណ្ណ​ក្នុង​ខែ​វិច្ឆិកា។​ ឥឡូវ​នេះ​​ មាន​ក្រុម​ហ៊ុនសរុប​​ចំនួន​១០​ ដែល​មាន​អាជ្ញា​ប័ណ្ណ​​ផ្តល់​សេវា​​ទូរស័ព្ទ​​​ចល័ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​ កាយ​ ឡុត​ នាយក​​​ប្រតិបត្តិ​ការ​​របស់ក្រុមហ៊ុន​ម៉ូប៊ីតែល(Mobitel)ដែល​​ជា​ក្រុម​ហ៊ុនផ្តល់​សេវា​​ទូរស័ព្ទ​ធំ​បំផុត​នៅ​ក្នុង​ប្រទេស​​​​​កម្ពុជា​ បាន​លើកឡើង​ថា​  សេចក្តី​​សម្រេច​​របស់​រដ្ឋា​ភិ​បាលនេះ​​ នឹង​ជួយ​ពង្រឹង​​ទី​ផ្សារ​នេះ​កាន់​​តែ​ខ្លាំង​​​ ​ព្រោះ​ក្រុម​ហ៊ុន​នានា​ដែល​បាន​ចូលប្រឡូក​ក្នុង​ទី​ផ្សារនេះ​​រួច​ហើយ​នោះ​ នឹង​លែងមាន​ការ​ព្រួយ​បារម្ភ​ អំពី​ការ​ប្រកួត​ប្រជែង​ ដែល​​ខ្លួន​មិន​អាចស្មាន​​ដឹងមុន​​ទៀត​​​ហើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា​ “ ​វា​ជា​ដំណឹង​​​​ដ៏​ល្អ​ ហើយ​យើង​មាន​ភាព​​​រីក​រាយ​ណាស់​ដែល​​​​បាន​ទទួល​ដំណឹង​នេះ។​ ខ្ញុំ​គិត​ថា​ វា​ប្រាកដ​​ជា​នឹង​​ធ្វើ​ឲ្យ​មាន​ស្ថិរភាពឡើងវិញ​ខ្លះ​​នៅ​ក្នុង​ទី​ផ្សារនេះ​មិន​ខាន”។

គួរបញ្ជាក់​ថានៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ​ ក្រុម​ហ៊ុន​ផ្តល់សេវា​ទូរស័ព្ទ​ចល័ត​ ឃ្យូ​​​ប៊ី(qb)​ អឹម​ហ្វូន(Mfone)​ ហេឡូ​ (Hello Axiata)និង​ ស្មាត​ ម៉ូបាយ (Smart Mobile)​ សុទ្ធតែ​បាន​ពិភាក្សា​ជា​មួយ​ក្រុម​ហ៊ុន​ផ្សេង​ៗ​ទៀត​ ដោយ​ពិ​ចារណា​អំពី​ការ​រួមសម្ពន្ធ​​ ឬ​ទិញយក​តែ​ម្តង​​។

កាល​ពី​សប្តាហ​៍​​មុន​ ក្រុម​ហ៊ុន​រុស្ស៊ី Vimplecom​ ដែល​​ជា​ម្ចាស់​ក្រុមហ៊ុន​​ផ្តល់សេវា​ទូរស័ព្ទ​ចល័ត​ក្នុង​ស្រុក​ប៊ីឡាញ (Beeline)​ បាន​ប្រកាស​ថា​ ខ្លួន​នឹង​បោះបង់​ប្រតិបត្តិ​ការ​របស់​ខ្លួន​នៅ​ក្នុង​​ប្រទេស​វៀត​ណាម​ បន្ទាប់​ពី​បាន​បន្ទាប​​តម្លៃ​ប្រតិបត្តការ​របស់​ខ្លួន​នៅក្នុង​​ប្រទេស​កម្ពុជា​ និង​វៀត​ណាម​ មក​ត្រឹម​តែ​៥២៧ ​លាន​​​​​​​ដុល្លារ​កាល​ពី​ខែ​មុន៕​

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស