លោក សូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តថ្មីហើយ ព្រោះគ្មានប្រេកង់នៅសល់ក្នុងប្រទេសកម្ពុជាទៀតទេ ហើយក្រុមហ៊ុននានាទៀតសោត ក៏កំពុងពុះពារទាំងលំបាកក្នុងការស្វែងរកប្រាក់ចំណេញក្នុងទីផ្សារដែលមានក្រុមហ៊ុនច្រើនហួសប្រមាណនេះដែរ។
លោក សូរឃុន បានលើកឡើងក្នុងបទសម្ភាសមួយតាមទូរស័ព្ទថា “ នៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ មានក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទច្រើនជ្រុលហើយ ប្រសិនបើយើងធ្វើការប្រៀបធៀបជាមួយបណ្តាទីផ្សារដែលមានប្រជាជនតិចប្រហាក់ប្រហែលគ្នានោះ ហើយណាមួយ សេដ្ឋកិច្ចរបស់យើងមិនទាន់ឈានដល់ដំណាក់កាលឧស្សាហកម្មនៅឡើយទេ”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា “យើងមានបញ្ហាបច្ចេកទេស ពោលគឺពុំមានប្រេកង់នៅសល់ទៀតទេ ហេតុដូច្នេះហើយទើបបានជាយើងពុំអាចពង្រីកប្រតិបត្តិការទូរស័ព្ទចល័តបាន”។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណនេះ គឺជាដំណឹងដ៏ល្អមួយសម្រាប់បណ្តាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តនានា នៅកម្ពុជា ដែលបានលើកឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយថា ទីផ្សារនេះចាំបាច់ត្រូវពង្រឹងឡើងវិញ ដើម្បីបង្កើនប្រាក់ចំណូលនោះ។
ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចិនXinwei Telecomបានទទួលអាជ្ញាប័ណ្ណផ្តល់សេវាទូរស័ព្ទចល័តពីរដ្ឋាភិបាល កាលពីខែតុលាចំណែកឯក្រុមហ៊ុនក្នុងស្រុក កាមីនតែល(Camintel) ដែលកាន់កាប់មួយផ្នែកដោយក្រសួងទូរគមនាគមន៍វិញ បានទទួលអាជ្ញាប័ណ្ណក្នុងខែវិច្ឆិកា។ ឥឡូវនេះ មានក្រុមហ៊ុនសរុបចំនួន១០ ដែលមានអាជ្ញាប័ណ្ណផ្តល់សេវាទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា។
លោក កាយ ឡុត នាយកប្រតិបត្តិការរបស់ក្រុមហ៊ុនម៉ូប៊ីតែល(Mobitel)ដែលជាក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទធំបំផុតនៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា សេចក្តីសម្រេចរបស់រដ្ឋាភិបាលនេះ នឹងជួយពង្រឹងទីផ្សារនេះកាន់តែខ្លាំង ព្រោះក្រុមហ៊ុននានាដែលបានចូលប្រឡូកក្នុងទីផ្សារនេះរួចហើយនោះ នឹងលែងមានការព្រួយបារម្ភ អំពីការប្រកួតប្រជែង ដែលខ្លួនមិនអាចស្មានដឹងមុនទៀតហើយ។
លោកបានមានប្រសាសន៍ថា “ វាជាដំណឹងដ៏ល្អ ហើយយើងមានភាពរីករាយណាស់ដែលបានទទួលដំណឹងនេះ។ ខ្ញុំគិតថា វាប្រាកដជានឹងធ្វើឲ្យមានស្ថិរភាពឡើងវិញខ្លះនៅក្នុងទីផ្សារនេះមិនខាន”។
គួរបញ្ជាក់ថានៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត ឃ្យូប៊ី(qb) អឹមហ្វូន(Mfone) ហេឡូ (Hello Axiata)និង ស្មាត ម៉ូបាយ (Smart Mobile) សុទ្ធតែបានពិភាក្សាជាមួយក្រុមហ៊ុនផ្សេងៗទៀត ដោយពិចារណាអំពីការរួមសម្ពន្ធ ឬទិញយកតែម្តង។
កាលពីសប្តាហ៍មុន ក្រុមហ៊ុនរុស្ស៊ី Vimplecom ដែលជាម្ចាស់ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័តក្នុងស្រុកប៊ីឡាញ (Beeline) បានប្រកាសថា ខ្លួននឹងបោះបង់ប្រតិបត្តិការរបស់ខ្លួននៅក្នុងប្រទេសវៀតណាម បន្ទាប់ពីបានបន្ទាបតម្លៃប្រតិបត្តការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងវៀតណាម មកត្រឹមតែ៥២៧ លានដុល្លារកាលពីខែមុន៕
ប្រែសម្រួលដោយ ហួង កុកទៀន