តំណាងសហជីពមួយរូបប្រចាំនៅរោងចក្រផ្គត់ផ្គង់សម្លៀកបំពាក់ឲ្យក្រុមហ៊ុនH&M ដែលជាក្រុមហ៊ុនសម្លៀកបំពាក់របស់ស៊ុយអែត បានអះអាងកាលពីម្សិលមិញថា លោកបានទទួលរងការវាយដំពីសំណាក់អ្នកគ្រប់គ្រងរោងចក្រកាលពីម្សិលមិញ ដោយបណ្ដាលឲ្យមានការតវ៉ានៅខេត្តកណ្ដាល។
លោក ញ៉ែម សម្ផស្ស តំណាងសហជីពសេរីកម្មករ (FTU) បានមានប្រសាសន៍ថា លោកបានជួបជាមួយ ហុង សៀទុង(Hong Siu Tong) អ្នកគ្រប់គ្រងរោង Archid មកពីទីក្រុងហុងកុងនៅក្នុងស្រុកអង្គស្នួលនៅវេលាម៉ោង៦:៣០នាទីព្រឹក រួមជាមួយនឹងតំណាងសហជីពនេះបីនាក់ទៀត។
លោក សម្ផស្ស បានមានប្រសាសន៍ថា ពួកគាត់បានទៅជួបលោក សៀ ទុង ដើម្បីស្នើសុំឲ្យលោកផ្លាស់ទីតាំងស្រះចិញ្ចឹមត្រីរបស់លោកនៅក្បែរនោះចេញ ព្រោះក្លិនមិនល្អចេញពីស្រះនោះ ធ្វើឲ្យកម្មករកម្មការិនីរកកលចង់ក្អួត។លោកបានបន្ថែមថា លោកក៏បានស្នើសុំសោហ៊ុនធ្វើដំណើរ១០ដុល្លារក្នុងមួយខែ ព្រមទាំងប្រាក់លើកទឹកចិត្ត៣ដុល្លារសម្រាប់បុគ្គលិកណាមិនដែលឈប់ពីការងារផងដែរ។
លោក សម្ផស្ស បានមានប្រសាសន៍ថា ការចរចាមិនទទួលបានលទ្ធផលអ្វីឡើយហើយលោកបានអះអាងថា ក្រោយមក លោកបានរងការវាយដំពីលោក សៀ ទុង និងបុរសជនជាតិចិនពីរនាក់ផ្សេងទៀត។
លោក សៀ ទុង បានបដិសេធថាលោក និងបុគ្គលិករបស់លោកមិនបានវាយដំលោក សម្ផស្សទេ។ លោក សៀ ទុង បានមានប្រសាសន៍ថា “មិនមាននរណាម្នាក់រងរបួសនោះទេ ហើយក៏មិនមានការវាយដំគ្នាដែរ។យើងមិនបានវាយគាត់ទេ”។លោកបានបន្ថែមថាមានការរុញច្រានគ្នាខ្លះដែរបន្ទាប់ពីក្រុមអ្នកតវ៉ាបានរារាំងក្រុមកម្មករផ្សេងទៀតមិន្ឲ្យចូលទៅក្នុងរោងចក្រនេះ។
លោកបានបន្ដថា កន្លែងចិញ្ចឹមត្រីនោះត្រូវបានផ្លាស់ចេញឆ្ងាយពីកម្មកររួចហើយ ហើយថា រោងចក្រកំពុងចរចាជាមួយកម្មករទាក់ទិននឹងបញ្ហាដែលពួកគេស្នើសុំនោះ។
លោក កានវ៉ាព្រីត ស៊ីង (Kanwarpreet Singh) ប្រធានក្រុមហ៊ុន H&M ប្រចាំប្រទេសកម្ពុជាបានថ្លែងថា លោកដឹងអំពីហេតុការណ៍នេះ ហើយថា នាពេលថ្មីៗនេះក្រុមហ៊ុនកំពុងស៊ើបអង្កេតហេតុការណ៍ដែលបានកើតឡើងនោះ។
លោកស៊ីង ថ្លែងថា“ខ្ញុំមិនអាចប្រាប់ឲ្យបានច្បាស់លាស់អំពីរឿងនេះទេ រហូតដល់យើងទទួលបានលទ្ធផលពីការស៊ើបអង្កេតសិន។[រោងចក្រផ្គត់ផ្គង់ឲ្យក្រុមហ៊ុនរបស់យើង]មិនត្រូវជាប់ពាក់ព័ន្ធនឹងអំពើហិង្សាជាមួយកម្មករកម្មការិនីទេ ហើយកម្មករកម្មកា រិនីក៏មិនត្រូវប្រើអំពើអំពើហិង្សាដែរ”។
លោក យិុន វី អាយុ៣០ឆ្នាំ ជាកម្មករដែលបានឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បាននិយាយថា បុគ្គលិកផ្សេងទៀតនៅរោងចក្រនេះបានមកជួយតំណាងសហជីពរូបនេះ។
គាត់បាននិយាយថា “ខ្ញុំ និងកម្មករទាំងអស់បានឃើញអំពើហិង្សានេះ ហើយប្រសិនបើយើងមិនឃាត់ម្ចាស់រោងចក្រ និងបុរសទាំងពីរនាក់នោះទេ យើងមិនដឹងថា នឹងមានអ្វីកើតឡើងចំពោះលោក សម្ផស្ស នោះទេ៕
ប្រែសម្រួលដោយ សុខ ស៊ីដន