26 C
Phnom Penh

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បញ្ជាឲ្យផ្អាក​ការ​ផ្តល់​សម្បទាន​ដីជា​បណ្ដោះ​អាសន្ន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កា​ល​ពី​ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បា​ន​​ចេញបញ្ជាឲ្យ​ផ្អាក​ជា​បណ្តោះ​​អា​​សន្ន​នូវការ​​ផ្តល់​​ដី​​សម្បទាន​ និងឲ្យ​បញ្ឈប់​ជា​បណ្តោះ​អា​ស​ន្ន​​នូ​វ​គោល​​ការណ៍​ដ៏អូស​បន្លាយ​ជា​​យ្ូ​រមក​ហើយ​ ដែ​ល​ធ្លាប់បានធ្វើ​ឲ្យ​សហគមន៍អន្តរជាតិ​ និង​ក្រុម​សិទ្ធិ​មនុស្ស​មានការ​​ព្រួ​យ​បារម្ភ​។

​សេចក្តី​ប្រ​កា​ស​នេះ​ ធ្វើ​ឡើង​​មិន​​ដល់​មួយ​ខែ​ផង មុន​ពេ​ល​ប្រទេ​ស​នេះ​ ឆ្ពោះ​ទៅ​រក​កា​រ​​បោះ​ឆ្នោត​​ឃុំ​-​សង្កាត់​ថ្ងៃ​ទី​​៣ ​ខែ​មិថុនា និង​ចំ​ពេល​កា​រ​ធ្វើ​ទស្សនកិច្ច​​របស់​​លោក សុរិយា ស៊ូ​បេឌី (Surya Subedi) បេស​កជន​​សិទ្ធិ​មនុស្ស​អង្គកា​រ​សហ​​ប្រជា​ជា​តិ​​មកកាន់​​កម្ពុជា​ ដែ​ល​​ផ្តោតសំខាន់ចំពោះបេសកកម្ម​ចុង​ក្រោ​យ​​របស់​លោក​​ ដើម្បីពិនិត្យមើលផល​ប៉ះ​ពាល់​​​​​​មកលើ​​សហគមន៍​មូល​​ដ្ឋាន​ ដោយ​សារ​ដី​សម្បទានសេដ្ឋកិច្ច​។

ដោយ​​ស្តី​បន្ទោស​​ចំ​ពោះ​កា​រ​​បណ្តេញ​ប្រជា​​កសិករ​​រាប់​ពាន់នា​ក់​ចេញពី​ដី​​របស់ពួ​ក​គេ និង​​ផ្តល់​​បរិ​បទ​​ផ្លូវ​ច្បាប់​ ដល់កា​រ​​​កា​ប់​ឈើ​ខុស​​ច្បាប់នោះ ការផ្តល់សម្បទា​ន​ដី​សេដ្ឋ​កិច្ច​ ​ចាប់តាំ​ង​ពី​​ចុង​ទស​វត្ស​រ៍​ឆ្នាំ​១៩៩០។ ដោ​យ​ផ្តល់​ក្រោមរូបភាព ជា​កិច្ច​សន្យា​ជួល​​រយៈ​ពេល​​វែង​​​ឲ្យក្រុម​ហ៊ុនឯកជន ហើយអ្នក​កាន់​កាប់​​ដី​​សម្បទានត្រូវ​ប្រើ​​ដី​នេះ​ ដើម្បី​អភិ​វឌ្ឍ​កសិ​ឧស្សា​ហកម្ម​។

​​​បទ​​បញ្ជា​​ចុះ​​ហត្ថ​​លេខា ​​ដោយ​​លោក ហ៊ុនសែ​ន កា​ល​ពី​​ម្សិល​មិញ​​ បានអំ​ពាវ​នាវ​ឲ្យ​បណ្តា​​ក្រសួ​ង ស្ថាប័ន និង​អា​ជ្ញា​​ធរ​មូ​ល​ដ្ឋាន​ ផ្អាក​កា​រ​​ផ្តល់​ដី​​​​​សម្បទានសេដ្ឋ​កិច្ច​ជា​បណ្តោះ​អា​​សន្នសិន​។

បទ​​បញ្ជានេះ​ក៏​អំ​ពា​​វ​នា​វ​​ផង​​ដែ​រ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​កិច្ច​សន្យា​ដីសម្បទាន​​សេដ្ឋ​កិច្ច​ និង​ធានា​ថា គ្មាន​ផល​ប៉ះ​ពាល​់​ដល់​ដី​សហ​គមន៍​ និង​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​ ដើម្បី​ឲ្យ​ដី​សម្បទាន​សេដ្ឋ​កិច្ច​នេះ​ អាចផ្ដល់​ផល​ចំណេញ​ពិត​ប្រាកដ​ និង​ប្រកប​ដោយ​ចីរភាព​ដល់​ប្រទេស​ និង​ប្រជា​ជនទេនោះ​។

បទ​បញ្ជា​នេះ​លើក​ឡើង​ថា​ ដីសម្បទាន​មាន​ស្រាប់​​ ឬ​ដីសម្បទាន ទើបតែ​ផ្ដល់នាពេល​ថ្មី​ៗ​​នេះ អាច​ត្រូវ​លុប​ចោល​ ប្រសិន​ពួក​គេ​មិន​​អនុវត្ត​តាម​នីតិវិធី​ និង​កិច្ច​សន្យា​ ដោយ​គ្រាន់តែ​កាប់​ឈើ​លក់​ ឬមិន​អភិវឌ្ឍ​នៅ​លើ​ដី​សម្បទាន​ ឬ​ចាប់​យក​ដី​ពីប្រជាជន​ ឬ​ដី​របស់ សហគមន៍។ ​បទ​បញ្ជានេះ​ឲ្យ​ដឹង​ថា “ រដ្ឋាភិបាល នឹង​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ទាំងនោះ​មក​វិញ ហើយ​សម្បទាន​ដី​សេដ្ឋកិច្ច​នេះ​នឹង​ត្រូវ​ដាក់​ឲ្យស្ថិតក្រោម​ការ​ត្រួត​ត្រា​របស់​រដ្ឋ​”។

បទ​បញ្ជានេះ​ក៏បាន​ចែង​ដែរ​ថា ការ​ហាម​ប្រាម​ទៅ​លើ​ការផ្តល់សម្បទាន​ កំពុង​តែ​ផ្សព្វ​ផ្សាយ​ បន្ទាប់ពី​មើលឃើញ​នូវតម្រូវ​ការ​បន្ទាន់​មួយ​ ដើម្បី​ធានាដល់​សម​ធម៌ ព្រម​ទាំង​ពង្រឹង​ និង​ពង្រីក​ប្រសិទ្ធ​ភាព​ក្នុង​ការ​គ្រប់​គ្រង​ដី​សម្បទាន​​សេដ្ឋកិច្ច​”។  សេចក្ដី​សម្រេច​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​មួយ ​នៅ​ទី​ស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី​ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា។

លោក ឈិត សំអាត នាយក​ប្រតិ​បត្តិ​​អង្គ​ការវេទិកា​ស្ដី​ពី​កម្ពុជា​ បាន​ថ្លែង​ថា លោក​ស្វាគមន៍​ចំពោះ​សេចក្ដី​សម្រេច​របស់លោក​ ហ៊ុន សែន ក៏ប៉ុន្ដែ​រដ្ឋាភិបាល​ចាំបាច់​ត្រូវ​តែ​បន្ដ​ខិតខំថែម​ទៀត​ និង​ត្រួតពិនិត្យ​ជា​ប្រព័ន្ធ​ទៅលើ​ដីសម្បទាន​​ដែល​មាន​ស្រាប់​។

លោក សំអាត បានមាន​ប្រសាសន៍ថា  “ ពួកគេ​ត្រូវ​តែ​ពិនិត្យ​មើលថា តើ​ដី​សម្ប​ទាន​សេដ្ឋ​កិច្ច​មួយ​ណាកំពុង​តែ​ត្រួត​ស៊ី​គ្នា​ជាមួយ​តំបន់​ការ​ពារ​ ហើយប្រសិន​បើ​វា​ត្រួត​ស៊ី​គ្នា​ គួរ​តែ​លុប​វាចោល​ទៅ​។ ប្រសិន​បើ​ក្រុម​ហ៊ុន​ទទួល​បាន​​ដី​ជារបស់​ប្រជា​ជន​ក្រី​ក្រ​ និង​ប្រជាជន​ដែល​ងាយ​រង​គ្រោះ​ វាត្រូវ​តែ​លុប​ចោល​ដែរ”។

លោក​ ម៉ាធ្យូ​ ផេល្លឺរីន (Mathieu Pellerin) អ្នក​ពិគ្រោះ​យោបល​់​របស់​អង្គការសិទ្ធិ​មនុស្ស​​​លីកាដូ បាន​មាន​ប្រសាសន៍ថា ខណៈ​ដែល​ជា​ជំហាន​វិជ្ជ​មាន បទ​បញ្ជានេះ ​​គឺ​ជាការ​ផ្លាស់​ប្ដូរ​​បន្ទាន់​មួយ​នូវ​ជំហរ​របស់​រដ្ឋាភិបាល​ ដែល​ធ្លាប់ផ្តល់ដី​​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​បំផុត​ក្នុង​ឆ្នាំ​២០១១”។

ការគណនា​របស់​អង្គការ​សិទ្ធ​ិមនុស្ស​លីកាដូ ដែល​ផ្អែក​លើ​ឯក​សារ​ផ្លូវ​ការ​បាន​បង្ហាញ​ឲ្យឃើញថា​ ដី​សម្បទាន​ប្រហែល​ពីរលាន​ហិកតា ត្រូវ​​បាន​​ផ្ដល់​ឲ្យ​រួចហើយ កាលពី​ឆ្នាំ​ទៅ​​។

លោក ផេល្លឺរីន បាន​បន្ថែម​ថា “ វាមិន​ច្បាស់ថា តើ​វាមាន​ឆន្ទៈ​នយោបាយ​ ដើម្បី​សម្រប​សម្រួល​នូវ​អ្វី​ ដែល​ត្រូវបាន​រំលោភ​អស់រយៈ​ពេល​ច្រើន​ឆ្នាំមកហើយ និង​ជា​ប្រភព​នៃ​វិវាទ​ដី​ធ្លី​ជា​ច្រើន​ ឬ​យ៉ាង​ណា​នោះ​ទេ”។ លោក​បាន​ថ្លែង​ថា “ យើង​នៅ​សល់​តែ​ប៉ុន្មាន​សប្ដាហ៍​​ទៀត​ប៉ុណ្ណោះ​នឹងមាន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​ ហើយ​នៅ​សល់​តែ​មួយ​ឆ្នាំ​ទៀត​នឹង​មានការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​ ដូច្នេះ​ត្រូវ​តែ​ចាំទុក​ក្នុង​ចិត្ត និងពិនិត្យ​តាមដានមើលរាល់​បទ​បញ្ជា​របស់​រដ្ឋាភិបាល​។ ថានេះ​ជា​ការ​ប្រឹង​ប្រែង​តាមផ្លូវ​​ច្បាប់​ ឬ​ជា​ជា​ការ​បំភាន់ភ្នែក​ ដើម្បី​បង្ហាញនៅពេលបោះ​ឆ្នោត​ ឬទេ?”។

លោក ផេល្លឺរីន ក៏បាន​ចូល​រួម​ស្វាគមន៍​ ចំពោះការ​ពិនិត្យមើលនូវ​ប្រវត្តិ​ដីសម្ប​​ទានទាំង​អស់​ ដោយ​លោកបា​ន​លើក​ឡើង​ថា ដី​សម្បទានមួយ​ចំនួន​ធំ​ត្រូវ​បាន​ផ្ដល់ដោយ​គ្មាន​ការ​ពិគ្រោះ​ជា​សាធារណៈ​ ឬ​វាយ​តម្លៃ​ពី​ផល​ប៉ះពាល់​បរិស្ថាន​ឡើយ។

លោក យឹម​ សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​ សម រង្ស៊ី បាន​ហៅ​ទង្វើនេះ​ថា ជាការ​ធ្វើ​យន្ដកម្ម​បោះ​​ឆ្នោត​ ដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ដែល​កំពុង​គ្រប់​គ្រង​អំណាច។ លោក​បាន​ថ្លែង​ថា “ពេល​នេះ ​ព្រៃ​ជា​ច្រើន​ត្រូវ​បាន​​បំផ្លាញ​ ហើយ​សិទ្ធិ​របស់​ប្រជា​ជន​ត្រូវ​បាន​រំលោភ​…។ ប៉ុន្ដែ សូម​កុំ​បញ្ឈប់​តែ​ពីរបីស​ប្ដាហ៍​មុន​ពេល​ការ​បោះ​ឆ្នោតឲ្យសោះ​ តែក្រោយ​មក​ចាប់​ផ្ដើម​ផ្ដល់ដីសម្បទាន​ឲ្យ​ក្រុម​ហ៊ុន​ឯក​ជន​វិញ។  លោក​បានថ្លែង​​ថា “ផ្អែក​លើ​បទ​ពិសោធ​មុនៗ ខ្ញុំ​មិន​គិត​ថា  លោក​ ហ៊ុន សែន មាន​ឆន្ទៈ​នយោបាយ​ដើម្បីបញ្ឈប់​វា ទេ។ ជន​ជាតិខ្មែរនឹង​រងការ​ឈឺចាប់ទៀត”។

លោក ស៊ូបេឌី បេសកជន​សិទ្ធិមនុស្ស​សហ​ប្រជាជាតិ​ប្រចាំ​កម្ពុជា ​ នឹង​ស្នាក់​នៅ​ប្រទេស​នេះ​នៅ​សប្ដាហ៍នេះ ​ក្នុង​ការ​ធ្វើ​ទស្សន​កិច្ច​ ដើម្បី​ស៊ើប​អង្កេត​ផល​ប៉ះ​ពាល់​របស់ដីសម្បទាន​​សេដ្ឋកិច្ចទៅ​លើ​សហគមន៍​មូល​ដ្ឋាន។

នៅ​ក្នុង​អុីម៉េល​មួយ​ កាលពី​ម្សិល​មិញ​ លោក​ ស៊ូបេឌី បាន​ស្វាគមន៍​ចំពោះបញ្ជារបស់​លោក​នាយក​រដ្ឋមន្ត្រី​“ជា​ពិសេស​ វា​កើត​ឡើងចំពេល​​ខ្ញុំ​កំពុង​យកចិត្តទុក​ដាក់ចំពោះបញ្ហា​នេះ​ផង”។ លោក​បាន​មា​ន​ប្រ​សាសន៍​​ថា “ខ្ញុំ​យល់​ថា កម្ពុជា​ជា​ប្រទេស​​កំពុង​អភិវឌ្ឍន៍ ​ដូច្នេះវា ត្រូវ​ការ​មានដី​​សម្បទាន​សេដ្ឋ​កិច្ច​ ដើម្បី​កាត់ បន្ថយភាព​ក្រី​ក្រ ​និង​ពន្លឿន​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយមិន​លម្អៀង។ ក៏ប៉ុន្ដែ​ គេគួរតែ​ផ្ដល់​សម្បទាន​នេះ​ ​និង​គ្រប់គ្រង​វា ទៅ​តាម​​ប្រព័ន្ធ​ច្បាប់​ និងស្របទៅ​តាមគោលនយោ បាយ​ច្បាស់​លាស់​  ដោយត្រូវ​គិត​អំពីការ​គោរព​សិទ្ធិ​មនុស្ស​ផង​ដែរ​។ ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​នឹង​អនុវត្ត​បញ្ញត្តិ​ថ្មី​នេះ​ឲ្យ​បាន​ពេញ​លេញ ​ដែល​អាច​ផ្ដល់​នូវ​សេចក្ដី​សង្ឃឹម​ច្រើន​”​​​​​​​​​៕

(រាយ​ការ​ណ៍​បន្ថែម​ដោយ Zsombor Peter)

ប្រែ​សម្រួល​ដោយ ចេវ ប៊ុននី​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស