32.5 C
Phnom Penh

អង្គការ​សិទ្ធិ​មនុស្ស​ថា ​គួរ​​បន្ដការ​ស៊ើប​អង្កេតករណីបាញ់​សម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ កាល​ពី​ម្សិល​មិញ​បាន​រិះ​គន់​លទ្ធផលនៃ​ស៊ើប​អង្កេត​របស់​រដ្ឋា​ភិបាល ចំពោះការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ​សកម្មជន​ការ​ពារ​ព្រៃ​ឈើ​ និង​លោក អិុន រតនា​ មន្ដ្រី​កង​រាជ​អាវុធ​ហត្ថ ​​ដោយ​អះ​អាង​ថា នៅ​មាន​ចំណុច​ខ្វះ​ខាត​ជា​ច្រើន​ ក្នុងការ​រក​ឃើញ​​ជា​ផ្លូវ​ការ​នេះ​។

គណៈកម្មការ​បានលើក​ឡើង​ថា​ កាល​ពី​ថ្ងៃ​សៅរ៍ គណៈកម្មការ​របស់រដ្ឋាភិបាល​ ដែល​ទទួល​បន្ទុក​ផ្នែក​ស៊ើប​អង្កេត​ការ​បាញ់​សម្លាប់​នៅ​ក្នុង​ខេត្ត​កោះកុង​បាន​ប្រកាស​ថា ការ​ស៊ើប​​អង្កេត​នេះ​បាន​​បិទ​ហើយ​ បន្ទាប់​ពី​អ្នក​ស៊ើប​អង្កេត​មួយ​ចំនួន​បាន​រក​ឃើញ​ថា លោក រ៉ាន់ បូរ័ត្ន​ សន្ដិសុខ​របស់ក្រុម​ហ៊ុន​កាប់​ឈើ​បាន​សម្លាប់​លោក អុិន​ រតនា​ ដោយ​អចេតនា​នៅ​ពេលលោក​ព្យាយាម​ដណ្ដើម​កាំ​ភ្លើង​ម៉ាក​អាកា-៤៧ពី​លោក អុិន រតនា​ ដែល​បាន​ប្រើ​សម្រាប់ សម្លាប់​លោក ឈុត វុទ្ធី នោះ។​ លោករ៉ាន់​ បូរ័ត្ន​ ធ្វើ​បែប​នេះ​ គឺ​ដើម្បី​រារាំង​កុំ​ឲ្យ​មាន​ការ​សម្លាប់​ទៀត​។

ប៉ុន្ដែ​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ ដែល​បាន​ស៊ើប​អង្កេត​ដោយ​ខ្លួន​ឯង​ផ្ទាល់​ ចំពោះ​ហេតុ​​ការ​ណ៍បាញ់​សម្លាប់​នៅ​ភ្នំ​ក្រវាញ​នេះ​បាន​លើក​ឡើង​ថា ការ​រក​ឃើញ​របស់​គណៈ​កម្មការ​ គឺ​គួរ​ឲ្យ​សង្ស័យ​យ៉ាង​ខ្លាំង​ ដោយសារ​មិន​បាន​បង្ហាញ​​ភស្ដុតាង​ឲ្យ​បាន​ជាក់​លាក់​នោះ​ទេ។

លោក ចាន់ សុវ៉េត​ អនុប្រធាន​ផ្នែក​អង្កេត​របស់អង្គការ​អាដហុក បាន​មាន​ប្រសាសន៍​ថា  “ដំបូង​ឡើយ​ យើង​ពិបាកជឿ​ណាស់​ថា លោកអុិន រតនា​ ដែល​ធ្លាប់​ធ្វើ​ជា​មន្ត្រី​កង​រាជអាវុធ​ហត្ថ​អស់​រយៈពេល​ប្រហែល​១០​ឆ្នាំ​មក​ហើយនោះ​ បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធីដោយ​សារ​តែ​ជម្លោះ​ពាក្យ​សម្ដី​នោះ​”។ លោក ចាន់ សុវ៉េត បាន​លើក​ឡើង​ថា លោកអុិន​ រតនា​ មិនដែល​មាន​ប្រវត្តិ​បាញ់​សម្លាប់​នរណា​ម្នាក់​នោះ​ទេ​។

លោក ចាន់ សុវ៉េត បាន​បន្ថែម​ថា ក្រុម​សកម្មជន​ការ​ពារ​សិទ្ធិ​មនុស្សមិនបាន​រក​ឃើញ​ភស្ដុតាង​នៃ​ការ​ប្រទាញ​ប្រទង់​គ្នា​ណាមួយរវាង​លោក រ៉ាន់ បូរ័ត្ន និង​លោក អុិន រតនា​ នៅ​កន្លែង​កើត​ហេតុនោះ​ឡើយ។

លោក ចាន់ សុវ៉េត​ បាន​មាន​ប្រសាសន៍​ថា យោង​តាម​ការ​សម្ភាសជា​មួយ​​អ្នក​​ភូមិ​ ដែល​ស្គាល់​លោក រ៉ាន់ បូរ័ត្ន បាន​ឲ្យ​ដឹង​ថា​ គេ​គឺ​ជា​សន្ដិសុខម្នាក់​​ ដែល​មិន​ធ្លាប់​មាន​អាវុធ​កាន់​នោះ​ទេ​។

លោក សុវ៉េត​ បាន​លើកសំណួរ​​សួរ​ថា “ តើ​លោក រ៉ាន់ បូរ័ត្ន​ ដែល​មិន​ធ្លាប់កាន់​កាំ​ភ្លើង​ហ៊ាន​ដណ្ដើម​អាវុធ​ពី​មន្ដ្រី​កង​រាជ​អាវុធ ​ហត្ថ​ ដែល​មាន​ការ​ហ្វឹក​ហាត់​យ៉ាង​ដូច​ម្ដេច”?

លោក ខេង ទីតូ អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​មាន​ប្រសាសន៍ថា ការ​​សង្ស័យ​ចំពោះការ​រក​ឃើញ​របស់​រដ្ឋា​ភិបាល​ គឺ​ជាការ​យល់​ខុស​ និង​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​ភស្ដុតាង​គ្រប់​គ្រាន់​។ លោក ខេង ទីតូ​ បាន​លើកឡើង​ថា “ ហេតុ​ការណ៍បាញ់​សម្លាប់​នេះ​មិនមែន​ជា​រឿង​ស្មុគ​ស្មាញ​នោះទេ​។វា​គឺ​ជា​រឿង​មួយ​ដ៏ងាយ​ស្រួល ​ហេតុ​ដូច្នេះ​ទើប​យើង​បញ្ចប់​ការ​ស៊ើប ​អង្កេត​បាន​យ៉ាង​ឆាប់​រហ័ស​បែប​នេះ​”។

លោក ខេង​ ទីតូ បាន​បន្ដ​ថា អ្នក​ឃើញ​ហេតុ​ការណ៍​បាញ់​សម្លាប់​មួយ​ចំនួនបានផ្ដល់​ភស្ដុតាង​ពី​ការ​បាញ់​សម្លាប់​នេះ​ ដូចការ​រៀប​រាប់​របស់នគរបាល​។ លោក ខេង ទីតូ បាន​បន្ថែម​ថា​ “ប្រសិន​បើ​សង្គម​ស៊ីវិល​មាន​ភស្ដុតាង​បន្ថែម​ និង​មាន​សាក្សី​សំខាន់ៗ​មក​បកស្រាយ អំពី​ហេតុ​ការណ៍​បាញ់​សម្លាប់​នេះ​ យើង​រីករាយ​នឹង​​ស៊ើប​អង្កេត​​បន្ដ​ទៀត”។

លោក ចាន់ សុវ៉េត​ បាន​មាន​ប្រសាសន៍​ថា គន្លឹះ​សំខាន់​សម្រាប់​ស៊ើប​អង្កេត​បន្ដ គួរ​តែ​សម្ភាសអ្នកមាន​វត្តមាន​នៅ​ក្នុង​ហេតុ​ការណ៍​បាញ់​សម្លាប់​នេះ​បន្ថែម ហើយ​ក៏គួរ​តែមាន​ការ​សាក​សួរ អំពី​តួនាទី​របស់​ក្រុម​ហ៊ុនកាប់​ឈើធីមប៊ើ ហ្គ្រីន(Timber Green) ​នៅ​តំបន់​នោះ​ ដែល​​លោក រ៉ាន់ បូរ័ត្ន បម្រើ​ការជា​សន្ដិសុខ​ និង​កំពុងទទួលរងការចោទ​ប្រកាន់​ពី​បទ​បាញ់​សម្លាប់​លោក អុិន​ រតនា​ ដោយ​អចេតនានោះ។

លោក រ៉ាន់ បូរ័ត្ន ដែល​សុីឈ្នួលធ្វើ​ជា​សន្ដិ​សុខឲ្យ​ក្រុមហ៊ុន​ធីមប៊ើ​ ហ្គ្រីន គឺជា​កូន​របស់​លោក ហ៊ុន រ៉ាន់ ​អតីតមន្ដ្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​កោះកុង​។ លោក ហ៊ុន រ៉ាន់​ ក៏​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ ដែល​កូន​ប្រុស​របស់​លោក​ធ្វើការ​នោះដែរ។

យោង​តាម​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុនធីម​ប៊ើ​ ហ្គ្រីន ដែលតាម​ការ​រាយ​ការណ៍​ថា ទទួលបានសិទ្ធិ​​កាប់​ឈើ​នៅ​ក្នុងតំបន់​សម្រាប់ធ្វើជា អាង​ស្ដុក​ទឹក​របស់គម្រោង​វារីអគ្គិសនី​របស់​ក្រុមហ៊ុន​ចិន​ ដែល​បច្ចុប្បន្ន​កំពុងតែសាងសង់​នៅ​ក្នុងស្រុក​មណ្ឌល​សីមា ដែលជា​កន្លែង​កើត​មាន​ការ​បាញ់​សម្លាប់​។

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស