34 C
Phnom Penh

គណបក្ស​​​ធំៗ​​​បួន​​​យល់​​​ព្រម​​​ប្រ​​​កាស​​​ឲ្យ​​​ដឹង​​​ពី​​​ប្រ​​​ភព​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​សម្រាប់​​​យុទ្ធ​​​នាការបោះ​​​ឆ្នោត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​​​មក​​​ពី​​​គណ​​​បក្ស​​​នយោបាយ​​​ចំនួន​​​បួន​​​ កាលពី​​​ម្សិលមិញ បាន​​​ចុះ​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្ម័គ្រចិត្ត​​​ប្រ​​​កាសឲ្យ​​​ដឹង​​​ពី​​​ប្រ​​​ភព​​​ហិរញ្ញវត្ថុ​​​របស់​​​ខ្លួន​​​សម្រាប់​​​ប្រើ​​​ប្រាស់ក្នុង​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត ដោយ​​​សន្យា​​​បង្ហាញនូវ​​​​​​តម្លាភាព​​​នៃ​​​របៀប​​​​​​ចំណាយ​​​មូល​​​និធិ​​​​​​ និង​​​បញ្ជាក់​​​ពី​​​ប្រ​​​ភពរបស់​​​មូល​​​និធិ​​​ទាំង​​​នោះ។

​​​កិច្ច​​​ព្រម​​​ព្រៀង​​​ប្រ​​​កាស​​​ឲ្យ​​​ដឹង​​​នេះ បាន​​​ចុះហត្ថលេខាដោយ គណបក្ស សម រង្សុី គណបក្ស​​​សិទ្ធិ​​​មនុស្ស គណបក្សហ្វុ៊នសិុនបុិច និង​​​គណបក្ស​​​ចលនា​​​ប្រ​​​ជា​​​ធិបតេយ្យ ដោយ​​​ពុំ​​​មាន​​​ការ​​​បង្ខំ​​​ដោយច្បាប់​​​តម្រូវឲ្យ​​​គណបក្ស​​​នយោបាយ​​​ទាំង​​​នេះ ប្រ​​​កាស​​​ថាតើ​​​ពួកគេ​​​ត្រូវ​​​ចំណាយ​​​ប្រាក់​​​ប៉ុន្មាន​​​សម្រាប់​​​យុទ្ធនា​​​ការ​​​បោះ​​​ឆ្នោត និង​​​ថា តើប្រាក់​​​នោះ​​​បាន​​​មកដោយ​របៀប​​​ណា​​​នោះ​​​ឡើយ។

គណបក្ស​​​នយោបាយ​​​ចំនួន​​​១០​​​​​​បាន​​​ចុះ​​​ឈ្មោះ​​​ក្នុង​​​បញ្ជី​បោះ​​​ឆ្នោត​​​ក្រុម​​​ប្រឹក្សា​​​ឃុំ-សង្កាត់​​​​នៅ​​​ថ្ងៃទី៣ ​​​ខែ​​​មិថុនា​​​ ខាង​​​មុខនេះហើយបើទោះបី​​​ជា​​​មាន​​​សារាចរ​ណែនាំឆ្នាំ​​​​​​២០១២​​​​​ស្ដី​​​អំពី​​​ការ​​​បែង​​​ចែក​​​សម្ភារ ​ ពេល​​​វេលា​​​និង​​​កិច្ចប្រជុំ ​​​សម្រាប់​​​គណបក្ស​​​ ក្នុង​​ពេលធ្វើ​​​យុទ្ធនាការ​​​បោះ​​​ឆ្នោត​​​ក៏ដោយ  ក៏​​​ពុំទាន់មានច្បាប់​​​តឹង​​​រឹុងណាមួយ​​​និយាយអំពីការ​​​ចំណាយ​​​​​​ និង​​​ប្រភពមូលនិធិ​​​សម្រាប់ធ្វើ​​​យុទ្ធនាការ​​​បោះ​​​​​​​ឆ្នោតនោះ​​​ដែរ។

លោក ធន សារាយ ប្រធាន​​​គណៈ​​​កម្មការ​​​នាយក​​​ខុមហ្វ្រែល​​​បាន​​​មាន​​​ប្រសាសន៍ថា ការ​​​ខ្វះ​​​ខាត​​​ច្បាប់​​​ចែងឲ្យច្បាស់លាស់អំពី​ហិរញ្ញវត្ថុ​​​ក្នុង​​​ពេល​​​យុទ្ធ​​​នាការ​​​បោះ​​​ឆ្នោត ​​​​​​អាច​​​ធ្វើ​​​ឲ្យ​​​អន្ដរាយ​​​ដល់ភាព​​​ត្រឹម​​​ត្រូវ​​​នៃ​​​ការ​​​បោះឆ្នោត។ លោក​​​បាន​​​មាន​​​ប្រ​​​សាសន៍ថា “ដើម្បី​​​ឲ្យ​​​ការ​​​បោះ​​​ឆ្នោត​​​មាន​​​លក្ខណៈ​​​សេរី​​​ និង​​​យុត្តិធម៌មាន​​​លក្ខខណ្ឌវិនិច្ឆ័យជាច្រើន។ ត្រូវ​​​មាន​​​ការ​​​ប្រើ​​​ប្រាស់​​​ហិរញ្ញវត្ថុ​​​ដោយ​​​យុត្តិធម៌ ជាពិ​​​សេស​​​ក្នុង​​​ពេល​​​ធ្វើយុទ្ធនាការ​​​បោះ​​​ឆ្នោត”។

លោក សារាយ​​​ បាន​​​មាន​​​ប្រសាសន៍ថា ​​​ជំពូក៦ នៃច្បាប់​​​ស្ដី​​​ពីគណបក្ស​​​នយោបាយ ​​​តម្រូវ​​​ឲ្យ​​​រដ្ឋ​​​បែង​​​ចែក​​​ហិរញ្ញវត្ថុ​​​ដល់បណ្តា​​​គណបក្ស ដើម្បី​​​ឲ្យ​​​ពួកគេ​​​អាចមានលទ្ធភាព​ធ្វើ​​​យុទ្ធ​​​នាការ​​​បោះ​ឆ្នោត​​​បាន និង​​​មិន​​អនុញ្ញាតឲ្យ​​​គណបក្ស​​​ណាមួយ​​​ទទួល​​​ប្រាក់​​​ពីស្ថាប័ន រដ្ឋាភិបាល​​​ អង្គការ​​​មិនមែន​​​រដ្ឋាភិបាល​​​ និង​​​ក្រុម​​​ហ៊ុន​​​បរទេសឡើយ។ ទោះជា​​​យ៉ាង​​​ណា​​​ច្បាប់​​​នេះ​​​នៅ​​​មាន​​​ចន្លោះ​​​ប្រហោង​​​ជាច្រើន ​និង​​​ពុំមាន​​​ការគ្រប់​​​គ្រង​​​ និង​​​ការ​​​ត្រួត​​​ពិនិត្យ​​​ឲ្យបានច្បាស់លាស់ទេ។

លោក​​​បានបន្ដថា “ដើម្បីបញ្ញត្តិច្បាប់នេះ​បាន ត្រូវ​​ប្រឈម​​​នឹង​​​ការ​​​លំបាក​​​ជាច្រើនណាស់។ ប្រ​​​សិន​​​បើ​​​បណ្តាធនាគារ​​​​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​ហិរញ្ញវត្ថុ​​​របស់​​​គណបក្ស​​​នយោបាយ​​​បាន​​​ទេ វា​​​ពិបាក​​​ក្នុង​​​ការ​​​ទទួល​​​បាន​​​ព័ត៌មាន​​​ត្រឹម​​​ត្រូវណាស់។ ក៏ប៉ុន្តែ គណបក្ស​​​ខ្លះ មិន​​​ចង់​​​ឲ្យ​​​មានច្បាប់​​​បែប​​​នោះ​ឡើយ”។

លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​សម រង្សុី បាន​​​ស្តីបន្ទោស​​​ដល់​​​សមាជិកគណបក្ស​​​ប្រ​​​ជាជន​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ដោ​​​យ​​លើក​​​ឡើង​​​ថា សមាជិក​​​របស់​​​គណ​​​បក្ស​​​កំពុង​​​កាន់​​​អំណាច​​​មាន​​ទ្រព្យ​​​សម្បត្តិ​​​យ៉ាង​​​ស្តុកស្តម្ភ ប៉ុន្តែ​​​ពួកគេ​​​មិន​​​ចង់​​​ប្រកាស​​​ឲ្យ​​​ដឹង​​​ថា តើ​​​ទ្រព្យ​​​សម្បត្តិ​​​របស់​​​គេ​​​នោះបាន​​​មក​​​ពី​​​ណា​​​ទេ។

លោក​​​ សុវណ្ណ បានថ្លែងថា“សភា​ជាតិ​​​ត្រូវ​​​បាន​​​គ្រប់​​​គ្រង​​​ដោយ​​​គណ​បក្ស​​​ប្រ​​​ជាជន​​​កម្ពុជា…ពួកគេ​​​មិន​​​ចង់​​​ប្រ​​​កាសឲ្យ​​​ដឹង​​​ពី​​​ហិរញ្ញវត្ថុ​​​របស់​​​គណបក្ស​​​របស់​​​គេទេ”។

លោក ងួន ញិុល អនុប្រ​​​ធានទី១​​ ​រដ្ឋ​សភាមក​​​ពី​​​​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​ បាន​​​បដិ​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយទេ។ ខណៈពេលតំណាង​​​មក​​​ពី​​​គណ​បក្ស​​​សម រង្សុី គណបក្សសិទ្ធិមនុស្ស គណបក្ស ហ្វុ៊នសិុន​​​បិុច និង​​​គណបក្ស​​​​​​ចលនា​​​ប្រជា​​​ធិបតេយ្យ​​​ចុះ​​​កិច្ចព្រមព្រៀងដោយ​​​ស្ម័គ្រចិត្តដើម្បី​ប្រកាស​​​ទ្រព្យ​​​សម្បត្តិនោះ គណបក្ស​​​ហ្វុ៊ន​សិុន​​​​បិុច និង​​​គណបក្ស​​​ចលនា​​​ប្រ​​​ជា​​​ធិបតេយ្យបាន​​​លើកឡើង​​​ថា ពួកគេ​​​ពុំទាន់​​​មាន​​​តួលេខ ​សម្រាប់​​​បង្ហាញជា​​​សាធារណៈទេ។

លោក សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​ថាលោកបាន​​​និយាយ​​​ប្រាប់​​​ប្រធាន​​​បក្ស​​ប្រចាំ​​​​ខេត្ត​​​ទាំង​​​២៤​​​ឲ្យ​​​គណនា​​​តួលេខ​​​ហើយ ប៉ុន្តែ​​​បក្ស​​​នឹង​​​ចំណាយ​​​១លាន​​​ដុល្លារ​​​អាមេរិក​​​ក្នុង​​​ពេល​​​យុទ្ធនា​​​ការ​​​បោះឆ្នោត ដែល​​​ចាប់​​​ផ្តើម​ពីថ្ងៃទី១៨​​​ ខែ​​​មីនា ដល់​​​ថ្ងៃទី១​ ​​ខែ​​​មិថុនា។ លោក​​​បាន​​​បន្ដថា “ ជា​​​ឧទាហរណ៍ ក្នុង​​​ខេត្តកណ្ដាល យើង​​​នឹង​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​​​​៥០.០០០​​​ដុល្លារ​​​អាមេរិក ​​​និង​​​​​​៨០.០០០​​​ដុល្លារ​​​អាមេរិក​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​ថា “ទឹក​​​ប្រាក់​​​១​​លាន​​​ដុល្លារអាមេរិក​​​នេះ បាន​​​មកពី​​​ការ​​​រួមចំណែក​​​របស់សមាជិក​​​បក្ស ​ជា​​​សមាជិកព្រឹទ្ធសភា និង​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ស្រុក ​​​និង​​​ខេត្តនិង​​​ខ្លះ​​​ទៀត​​​បាន​​​មកពី​​​ថ្នាក់​​​ឃុំ-សង្កាត់។ មាន​​​​ប្រហែល​​​​​​៥ទៅ​​​១០ ភាគរយ​​​នៃ​​​ប្រាក់​នេះប៉ុណ្ណោះ បាន​​​មក​​​ពី​​​អណិក​​​ជន​ខ្មែរ”។

លោក យ៉ែម បុញ្ញឫទ្ធិ អគ្គលេខាធិការ​​​គណបក្ស​​​សិទ្ធិ​​​មនុស្ស​​​បាន​​​មាន​​​ប្រសាសន៍​ថា គណបក្ស​​​របស់​​​លោក គ្រោង​​​ចំណាយទឹក​​​ប្រាក់​​​ចំនួន ៥០០.០០០​​ដុល្លារ​អាមេរិក​​​​​​ ដែល​​​បាន​​​មកពី​​​ការ​​​រួម​​​ចំណែក​​​របស់​​​អ្នក​​​គាំ​​​ទ្របក្ស។

លោក បុញ្ញឫទ្ធិ្ធិ បានថ្លែងថា “យើង​​​បាន​​​ដាក់​​​វា​​​នៅ​​​លើ​​​តុ​​​ដើម្បី​​​បង្ហាញ​​​សាធារណៈថា យើង​​​ត្រៀម​​​ខ្លួន​​​ឲ្យ​​​មានការ​​​ទទួល​​​ខុស​​​ត្រូវ​​និង​​​តម្លាភាព មិន​​​មែន​​​ពុករលួយទេ”។ លោកស្រី​​​ បា៉ង​​​ វា៉ន់​​​ថន អគ្គលេខាធិការ រង​​​គណបក្សសម្ពន្ធ​​​​​​ដើម្បី​​​ប្រជា​​​ធិបតេយ្យ​​​បានមានប្រសាសន៍ថា គណបក្សលោកស្រីបានត្រៀមទឹក​​​ប្រាក់ចំនួន​​​៧.០០០​​​ដុល្លារ​​​អាមេរិក​​​។ ប៉ុន្តែ​​​ លោកស្រីថ្លែង​​​ថា លោក​​​ស្រី​​​ពុំ​​​សូវ​​​ចាប់​​​អារម្មណ៍​​​ចំពោះកិច្ចព្រម​​​ព្រៀង​​​អំពី តម្លាភាព​​​ហិរញ្ញវត្ថុបុ៉ន្មានទេ ពីព្រោះ​​​វា “មិន​​​សំខាន់ទេ”ប្រសិន​​​បើ​​​គណបក្ស​​​ប្រជា​ជន​​កម្ពុជា​​​មិន​​​ចូល​​​រួម​​​នោះ។ វានឹង​​​មិន​​​មាន​​​ការ​​​ប្រែ​​​ប្រួល​​​អ្វី​​​ឡើយ ពីព្រោះ​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​មិន​​​ផ្លាស់​​​ប្តូរ​​​ទេ”៕

       ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស