30 C
Phnom Penh

គណបក្ស​ប្រជា​ជន​កម្ពុជា​រៀប​ចំបោះ​ពុម្ព​អាវ​យឺត​​ច្រើនជាង​គេសម្រាប់​ឃោស​នាបោះឆ្នោត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុគ្គលិកជាច្រើននាក់នៅរោង​ពុម្ព​​ដៃ​ឯក​ក្នុងរាជ​ធានី​ភ្នំពេញបាន​ធ្វើ​ការ​រហូតដល់​ពេល​យប់ជ្រៅ​ នៅ​យប់​ថ្ងៃ​អង្គារ​ ប៉ុន្ដែ​កាល​ពី​ម្សិល​មិញ ​ពួក​គេ​ខិត​ខំ​ព្យាយាមធ្វើ​ឲ្យ​ទាន់​ការ​បញ្ជា​បោះ​ពុម្ព​មួក​កាតិបចំនួន​៨០០.០០០​​មួក​ និង​អាវ​យឺត​ចំនួន​៤០០.០០០​អាវ​ ដែល​មានស្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក បូបូ អ្នក​គ្រប់​គ្រង​ម្នាក់​មាន​ភាព​រហ័ស​រហួន​ ទោះ​បី​ជាលោកបាន​ក្រោក​ពី​ដំណេក​ចាប់តាំង​ពី​ម៉ោង​៤​ទៀប​ភ្លឺ​ក៏ដោយ​ ហើយ​លោកបាន​និយាយ​ថា ក្រុម​ការ​ងារ​របស់​លោក​ ដែល​បាន​ចូល​ធ្វើការ​រយៈ​ពេល​បី​ម៉ោង​ក្រោយ​ពី​បាន​សម្រាក​នោះ​ កំពុង​ខិត​ខំ​បោះ​ពុម្ព​មួក​កាតិប​ឲ្យ​បាន​ជាមធ្យម​៨.០០០​មួក​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ឲ្យ​ទាន់​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា។

នៅ​ពេល​មួក​ទាំង​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ និង​សម្ងួត​រួច​រាល់​ហើយ​នោះ គេ​នឹង​វេច​ខ្ចប់​វា​យ៉ាង​ណែន​ ហើយ​បញ្ជូន​ទៅ​ទូទាំង​ប្រទេស​ដើម្បីឲ្យ​ក្រុម​សកម្មជន​ និង​អ្នក​គាំទ្រ​ពាក់​អំ​ឡុង​ពេលធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ថ្ងៃ​ទី​៣ខែមិថុនាដែល​កំពុង​តែ​ខិត​ចូលមក​ដល់​។

ការ​បោះ​ពុម្ព​មួក​ និង​អាវ​យឺត​ទាំង​នេះ​ គឺ​ជា​កម្លាំង​ចលករ​តូច​មួយ​ក្នុង​ចំណោម​កម្លាំង​ចលករ​ធំ​ ហើយ​វា​ទំនង​ជាយន្ដការឃោស​នា​ នឹង​ដំណើរ​ការ​ដោយ​រលូន​​។ ប្រសិន​បើ​ចំនួនមួក​ និង​អាវ​យឺត​ទាំង​នេះ​ផ្ដល់​ផល​ប្រយោជន៍នោះ គណប្ស​ប្រជាជន​កម្ពុជា​កំពុង​តែ​មាន​ប្រៀប​ នៅ​ពេលអាវ​យឺត និង​មួក​កាតិប​ទាំង​​នេះ​ត្រូវ​បាន​គេ​ដាក់​ស្លាក​សញ្ញា​គណបក្ស​។

អ្នក​ស្រី​ វ៉ាត រតនា ធ្វើការនៅរោង​ពុម្ព​ពិសិដ្ឋ​ ដែល​នៅ​ជិត​គ្នា​នោះដែរ បាន​ឲ្យ​ដឹង​ថា មាន​បញ្ជា​ឲ្យ​បោះ​ពុម្ព​មួក​កាតិប​ និង​អាវ​យឺត​របស់គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន​១០០.០០០​ដោយ​ធ្វើ​ឲ្យ​មុខរបរ​របស់​អ្នក​ស្រីមមាញឹក​យ៉ាង​ខ្លាំង​។   អ្នកស្រី​ រតនាបាន​និយាយថា “ ​ពេល​នេះ​យើង​រវល់​ខ្លាំង​ជាង​ពេល​បោះ​ឆ្នោត​មុនៗ”។

“កាល​ពី​ពេល​មុន​មួក​កាតិប​ និង​អាវយឺត​ទាំង​នេះ​ត្រូវផលិត​នៅ​ប្រទេស​វៀត​ណាម​ ប៉ុន្ដែ​ ឥឡូវ​នេះ​គណបក្ស​ប្រជាជន​កម្ពុ​ជា ​ផ្ដល់​ឱកាសឲ្យ​រោង​ពុម្ព​ក្នុង​ស្រុក​ ហើយ​បញ្ជា​បោះ​ពុម្ព​ផ្ទាល់​ពី​ទី​នេះ​។ វា​ធ្វើឲ្យមុខ​របរ​ដំណើរ​ការ​បានល្អ​”។  អ្នកស្រីបាន​ឲ្យ​ដឹង​ថា​ រោង​ពុម្ព​មួយ​នេះ​បាន​បោះ​ពុម្ព​មួក​កាតិប​ និង​អាវ​យឺត​បាន​ពី​​២.០០០​ទៅ​៣.០០០​ក្នុង​មួយថ្ងៃ​ៗ។

មួក​កាតិប​ទាំង​នេះ​មិនសូវ​មាន​គុណភាព​ល្អ​ប៉ុន្មានទេ​ ប៉ុន្ដែ​គោល​បំណង​ចម្បង​មិនមែនសម្រាប់ពាក់​ការ​ពារ​កំដៅ​ថ្ងៃ​ទេ​។ ទាំង​មួក​កាតិប​ និង​អាវយឺត​ ដែល​ទើបផលិតបាន​មាន​​លក់​នៅក្នុងរោង​ពុម្ព​ពិសិដ្ឋ​​​មួយ​កំប្លេ​តម្លៃ​១,៨០ដុល្លារ​។ ​រោង​ចក្រ​នៅ​ក្នុង​ខណ្ឌ​​មាន​ជ័យ​ មិនអនុញ្ញាត ឲ្យអ្នក​យក​ព័ត៌មាន​ចូលទេកាលពីម្សិលមិញ។

នៅ​ឯ​រោង​ពុម្ព​ឡុង​ទ្រី​នៅ​តាម​ផ្លូវ​លេខ​៦៣​ បុគ្គលិក​ចំនួន​ប្រាំមួយ​នាក់​កំពុង​អង្គុយ​នៅ​តាម​ពំនូក​មួក​ជ្រលក់​ថ្នាំ​ពណ៌ស​។ មួក​កាតិបនិង​អាវ​យឺត​ទាំង​នេះ​ត្រូវ​បាន​គេ​បែង​ចែក​ជា​បីៗគូ មួក​កាតិបនីមួយៗ ​មាន​ផ្លាក​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ ជាច្រើន​គំនរ។ទោះ​បី​ជា​ “រវល់​ខ្លាំង​មិន​អាច​និយាយ” ជាមួយ​អ្នក​កាសែត​ក៏ដោយ​ ក៏​បុគ្គលិក​ម្នាក់​បាន​និយាយ​ថា ពួក​គេកំពុង​បោះពុម្ព​ស្លាក​សញ្ញា​នៅ​លើ​ “ មួក​ប្រមាណ​៥.០០០​មួក​ក្នុង​មួយ​ថ្ងៃ​”។

នៅ​ឯ​រោង​ពុម្ព​វឌ្ឍនា ​នៅ​តាម​មហាវិថី​ព្រះនរោត្តម​ បុគ្គលិក​ក៏​មិន​សូវ​ហ៊ាន​និយាយ​អំ​ពីការបញ្ជា​​បោះ​ពុម្ព​ ដែល​បាន​ធ្វើ​ឲ្យកន្លែង​ទទួល​ភ្ញៀវ​ក្លាយ​ជា​ឃ្លាំង ដែលពោរ​ពេញ​ទៅ​ដោយពំនូក​មួក​កាតិប​ និង​អាវ​យឺតមានស្លាកសញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា។

រោង​ពុម្ព​ទាំង​បួន​កន្លែង នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កំពុង​តែ​មមា​ញឹក​យ៉ាង​ខ្លាំង​ ដោយ​សារតែ​ការ​បញ្ជា​បោះ​ពុម្ព​​ពី​អតិថិជន​ដ៏ធំ​។ លោក បូបូ មក​ពី​រោង​ពុម្ព​ដៃ​ឯក​ ចាត់ទុកថា វាផ្តល់ប្រាក់​យ៉ាងច្រើន​។

លោកនិយាយនៅពេល​បុគ្គលិក​ជា​ច្រើន​នាក់​កំពុងតែ​ច្រក​មួកកាតិប​​របស់​គណបក្ស​ប្រជាជន​ចូលក្នុង​ការុង​​ពេញ​ថា “យើង​ទទួល​បញ្ជា​បោះ​ពុម្ព​តែ​ពី​គណបក្សប្រជាជាន​កម្ពុជា​ទេ​ ពីព្រោះ​គណបក្ស​នេះ​មាន​លុយច្រើន​​ ចំណែក​ឯគណបក្ស​ផ្សេងទៀតគ្មានលុយ​ច្រើនអ៊ីចឹង​ទេ”។

យោង​តាម​លោក យឹម សុវណ្ណ​ អ្នក​នាំពាក្យ​គណបក្ស​ សម រង្សុី បាន​ឲ្យដឹង​ថាគណ​បក្ស សម រង្សុី ​ដែល​មាន​បេក្ខ​ជនក្នុង​១.៦១៥ឃុំ-សង្កាត់ក្នុងចំណោម ១.៦៣៣​ឃុំ-សង្កាត់​មាន​ផែនការចែក​អាវ​យឺតឲ្យ “ ប្រមាណ​៥០​​អាវក្នុងមួយ​ឃុំ​”។ ប៉ុន្ដែ​ទោះ​បីគណបក្ស​ សម រង្សុី​ជា​គណបក្ស​ធំ​ទី​២​នៅ​កម្ពុជា​ក៏ដោយ​ ក៏​ចំនួន​៨០.៧៥០មួក គឺ​តិច​​តួច​ណាស់​បើ​ប្រៀបធៀប​នឹង​ចំនួន​មួកកាតិប និង​អាវ​យឺត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ ដែល​កំពុង​​ត្រូវ​បាន​បោះពុម្ព​យ៉ាង​លឿន​នៅ​តាម​រោង​ពុម្ព​​នានា​ នៅ​រាជ​ធានី​ភ្នំពេញ​នោះ​។

លោកយឹមសុវណ្ណ​ បាន​មាន​ប្រសាសន៍​ថា “​ យើង​កំពុង​រៀប​ចំ​សម្ភារ និង​បរិក្ខាសម្រាប់​ឃោសនាបោះ​ឆ្នោត​ មាន​ដូច​ជា​អាវ​យឺត​ មួក

​កាតិបបដានិង​ខិត្តប័ណ្ណជា​ដើម​”។

លោកប៉ែន​ សង្ហារ ​អ្នក​នាំ​ពាក្យ​គណបក្សនរោត្តម​ រណឫទ្ធិបាន​ថ្លែង​ថា​ គណបក្ស​បាន​បោះ​ពុម្ព​មួក​ និង​អាវ​យឺត​រួច​រាល់​ហើយ​ ក៏​ប៉ុន្ដែ​លោក​ក៏​ឲ្យ​ដឹង​ផង​ដែរ​ថា ចំនួន​មួក​និងអាវយឺត​ទាំង​នេះ​ពិត​ជា​មិន​អាច​ប្រៀបធៀប​បាន​នឹងចំនួន​មួក​ និង​អាវ​យឺត​របស់​​គណបក្ស​កាន់​អំណាច​ទេ​។

លោកបាន​មាន​ប្រសាសន៍ថា “ យើង​មាន​មួក​ និង​អាវ​យឺត​ចន្លោះ​ពីប្រាំ​ទៅ​ដប់​តែ​ប៉ុណ្ណោះ​សម្រាប់​ឃុំ-សង្កាត់​ចំនួន​ ១.០២៩ដែល​យើង​កំពុង​ឈរ​ឈ្មោះ​”​។ ជា​ផ្លូវ​ការ​គណបក្ស​នយោបាយ១០ ដែល​កំពុង​ឈរ​ឈ្មោះ​បោះ​ឆ្នោត ចាប់ផ្តើមឃោសនា ​ពី​ថ្ងៃ​ទី​១៨ ខែឧសភា​ រហូត​ដល់​ថ្ងៃ​ទី​១ ខែ​មិថុនា​ ដើម្បី​ឃោសនា​ទាក់​ទាញ​ស្វែងរក​ការ​គាំទ្រ​ពី​អ្នក​បោះ​ឆ្នោត​ ដែល​គាំ​ទ្រ​គោល​នយោបាយរបស់​គណបក្ស​ទាំង​នោះ​។  រហូត​មក​ដល់ពេលនេះ​ រោង​ពុម្ព​នានា​នៅ​តែ​មមាញឹក​យ៉ាង​​ខ្លាំង​។  លោកបូបូ​ បាន​និយាយថា “​យើង​ចាំ​បាច់​ត្រូវ​តែ​បោះពុម្ព​មួក​ និង​អាវ​យឺត​ទាំង​នេះ​ឲ្យ​រួច​រាល់​មុន​ពេល​បោះ​ឆ្នោត។ នេះ​ជា​ការ​ងារ​​ដ៏​មមាញឹក​”៕

ប្រែសម្រួល​ដោយ ហួង​ កុកទៀន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស