29 C
Phnom Penh

នៅ​ពេល​យុវជន​ត្រៀម​បោះ​ឆ្នោត​ នោះ​ពួកគេ​នឹង​មាន​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​នយោបាយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ថ្ងៃ​អាទិត្យនេះយុវជន​រាប់​មុឺន​នាក់នឹង​​មាន​ឱកាស​បោះ​ឆ្នោត​ជាលើក​ដំបូង​នៅ​ក្នុង​ជីវិត​របស់​ខ្លួន​។ យុវជន​ដែល​ត្រូវ​បោះ​ឆ្នោត​ទាំង​នោះ ទើបគ្រប់អាយុបោះ​ឆ្នោត​  ហើយ​ពួកគេ​មាន​សារៈសំខាន់​ក្នុង​ការផ្លាស់​ប្ដូរ​។ ពួកគេ​ទំនងជា​មិន​ធ្វើ​តាម​អ្នក​ជំនាន់​មុន​​ទេ ដោយ​សារតែ​ពួកគេភាគ​ច្រើន​ចង់​លុប​បំបាត់​​ខ្សែ​បក្ស​របស់​គ្រួសារ​។

ប៉ុន្ដែប្រសិន​បើ​ទ្រឹស្ដី​នយោបាយ​ខុស​នោះតើវានឹង​ក្លាយ​ជា​អ្វី​ទៅ​?នៅពេល​អ្នក​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​មក​ពី​គណ​បក្ស​ទាំង​អស់​ប្រមូល​ផ្ដុំ​យុវជន ​ដែល​មាន​សិទ្ធិ​បោះ​ឆ្នោត​មុន​ការ​បោះ​ឆ្នោត​ឃុំ​-សង្កាត់​នៅ​ថ្ងៃ​អាទិត្យ​នេះអ្នក​សង្កេត​ការណ៍​នយោបាយ​មាន​ចម្ងល់​ថា តើ​វាមាន​ភាព​ខុស​ប្លែក​គ្នា​ច្រើន​ ឬយ៉ាងណា​។

លោក​ អ៊ា សុផល ជំនាញការសេដ្នកិច្ច​នយោ​បាយបាន​មាន​ប្រសាសន៍ថា “ ខណៈ​ដែល​ប្រជាពល​រដ្ឋ​ជាច្រើន​នាក់សង្ឃឹមថា​ ការ​ផ្លាស់​ប្ដូរ​ផ្នែក​ប្រជា​សាស្ត្រ​នឹង​នាំ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ក្នុង​ការបោះ​ឆ្នោត​នោះ ក្ដី​សង្ឃឹម​នេះ​មិន​អាច​ទៅ​រួច​ឡើយ”។

លោក​ សុផល ដែល​ទទួល​សញ្ញា​បត្រ​ថ្នាក់​បណ្ឌិត​ពី​សាកល​វិទ្យាល័យប៊ើឃើៃលី (Berkeley) ក្នុងរដ្ឋកាលីហ្វ័រញ៉ និង​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុង​ការ​ស្រាវ​ជ្រាវ​ផ្នែក​នយោ​បាយ​កម្ពុជាបាន​មាន​ប្រសាសន៍ថា “ ប្រជា​សាស្ត្រ​ នគរូបនីយកម្ម​ ការ​ចាប់​យក​ដី​ និង​វិវាទ​ និង​ការ​បង្ក្រាប​ តើមាន​អ្វី​ថ្មី​ទៅ​?។

លោក​បាន​មាន​ប្រសាសន៍ថា “មែន​ហើយ ​មាន​អ្នក​បោះ​ឆ្នោត​ច្រើន​ជាង​មុនមែន ក៏ប៉ុន្ដែ​​ពួកគេ​កំពុង​តែ​ប្រែ​ក្លាយ​ទៅ​ជា​ប្រព័ន្ធ​មួយ​ ដែលក្នុង​រយៈ​ពេល​២៧​ឆ្នាំ​មកនេះអ្វីៗពាក់​ព័ន្ធនឹងនយោបាយ​ដូចគ្នាដដែល​”។ លោក​បន្ថែម​ថា “ ប្រសិន​បើ​​ខ្ញុំ​អាយុ​១៨​ឆ្នាំខ្ញុំ​បារម្ភ​អំពី​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំងឡើង នៅ

ក្នុង​ទី​ផ្សារ​ការងារ ដើម្បីរកចំណូលជួយ​ក្រុម​គ្រួសារ​​របស់​ខ្ញុំ​ និង​រក​ជំនាញ​ឲ្យសមស្របទៅ​តាម​សេដ្ឋ​កិច្ច​ពិភពលោក​។ ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ មិន​សំខាន់​នៅ​ក្នុង​គំនិត​របស់​ខ្ញុំ​ទេ”។ប្រជា​ពល​រដ្ឋ​ជាង​ពីរភាគ​បី​អាយុក្រោម​​៣០​ឆ្នាំ​ ក៏ប៉ុន្ដែ​ ការពាក់​ព័ន្ធ​នឹង​នយោ​បាយ​ស្ថិត​នៅឆ្ងាយ​ពី​អាទិភាព​សម្រាប់​ពួកគេ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ។

ក្នុងការ​ស្ទង់​មតិ​របស់​អង្គការ​ UNDP ដែល​​ចេញផ្សាយ ​កាលពីពេលថ្មីៗនេះ​ឲ្យដឹង​ថា៦០ភាគ​រយ​នៃ​អ្នក​មាន​អាយុ​ពី​១៥​ឆ្នាំ​ទៅ​២៤​ឆ្នាំ បានលើក​ឡើង​ថា ពួក​គេ​មិន​យល់​ស្របអំពី​អ្នក​ទាំង​ឡាយ​ណា​ ដែល​បាន​សាក​សួរ​អំពី​ការ​ដឹកនាំ​នៅ​ក្នុង​ប្រទេស​ រីឯ​ជាង​៤០​ភាគ​រយ​នៃ​បុរស​ និង​៣៥​​ភាគរយ​នៃ​ស្ត្រី​គិត​ថា ខ្លួន​មិន​ចាប់​អារម្មណ៍​ក្នុង​រឿង​នយោបាយ​ឡើយ​។

ហេតុផល​ទាំង​នេះ គឺ​ផ្សេង​ៗគ្នា​។ ការ​បញ្ចេញ​ទស្សននយោបាយ ​ត្រូវ​បាន​ហាម​ប្រា​ម​នៅ​តាម​សាលារៀន​ រីឯ​យន្ដការ​នយោ​បាយ​តឹង​រុឹង​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដែល​គ្រប់​គ្រង​អំណាច​យូរ​មក​ហើយ​នោះ មាន​ន័យ​ថា យុវជន​ត្រូវ​បាន​ណែនាំ​ឲ្យ​ស្គាល់អំពី​ចំណុច​ជា​ច្រើន​របស់​គណ​បក្ស​គ្រប់​គ្រង​ក្នុង​វ័យ​យុវជន តាមរយៈសមាគមយុវជន​កាយរិទ្ធ​និងយុវជន​កាក​បាទ​ក្រហមជា​ដើម។អ្នកស្រីឡូរ៉ាថនតុន (Laura Thornton) នាយិកា​

​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យប្រចាំ​ប្រទេស​កម្ពុជា បានលើក​ឡើង​នៅ​ក្នុង​អុីម៉េល​មួយ​កាលពី​ម្សិល​មិញ​ថា “ ខ្ញុំ​គិត​ថា ក្នុង​ប្រទេស​កម្ពុជាយុវជន​ទាំង​ឡាយ​ទំនង​ជា​មិន​សូវ​ចាប់​អារម្មណ៍​នឹង​នយោ​បាយ​ទេ ដូច្នេះ ក្នុង​នោះ​ដែរ ដោយសារមាន​ការ​ហាម​ប្រាម​មិនឲ្យធ្វើ​សកម្ម​ភាព​នយោបាយ​នៅ​តាម​សាលា​រៀន​។ល។”។

យុវជន​ជាច្រើន​នាក់ ដែល​ត្រូវ​បាន​សម្ភាស​​នៅ​សប្ដាហ៍នេះចាប់​អារម្មណ៍​នឹង​រឿង​នយោ​បាយខ្លះដែរ។ចាប់​ពី​កម្ម​ករ​កាត់​ដេររហូត​ដល់​និស្សិត​សាកល​វិទ្យា​ល័យ ភាគ​ច្រើន​និយាយ​ថាពួកគេ​​មាន​បំណង​ទៅ​បោះ​ឆ្នោត​ ប៉ុន្ដែ គ្មាន​នរណា​ម្នាក់​ពិភាក្សា​អំពីរឿង​គណ​បក្សឬនយោបាយ​ឡើយ។ពួកគេ​ជជែកតែ​អំពី​ការងារ​ និង​ការ​ប្រកប​របរ​រក​ស៊ី​ចិញ្ចឹម​ជីវិតប៉ុណ្ណោះ។

លោកវង់សុវណ្ណនីជា​អាជីវករ​អាយុ​២៤ឆ្នាំ​ នៅ​ក​្នុង​រាជ​ធានី​ភ្នំ​ពេញ​បាន​លើក​ឡើង​ថា”ខ្ញុំ​ចង់​បាន​ចៅ​សង្កាត់​ថ្មី​ម្នាក់​ ដែល​អាច​បញ្ចុះ​តម្លៃ​ផលិត​ផល​ និង​បញ្ចុះ​ពន្ធ​”។ លោក​បាន​លើក​ឡើង​ថា លោក​មាន​បំណង​ត្រឡប់​ទៅ​ខេត្ត​កណ្ដាល​ជា​ស្រុក​កំណើត​របស់លោកដើម្បី​បោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ។លោក​ សុវណ្ណនីបាន​បន្ថែម​ថា “ បច្ចុប្បន្ននេះខ្ញុំ​មាន​ប្រាក់ចំណូល​ទាប។ វាពិបាក​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​រស់​នៅ​ ពី​ព្រោះ​ទំនិញ​ថ្លៃ​ណាស់”។អ្នក​ផ្សេង​ទៀត​បាន​​បន្ទរ​ចំពោះ​ការ​បារម្ភ​ដូច​គ្នា​នេះ​ដែរ។

យុវជនបា៉ងដារិទ្ធអាយុ​២១​ឆ្នាំជានិស្សិត​​ផ្នែក​វិស្វកម្ម​នៅ​សាកល​វិទ្យា​ល័យ​ន័រតុន និង​មានស្រុកកំណើតនៅខេត្ត​កំពង់ចាម ​លើក​ឡើង​ថា “ បច្ចុប្បន្ននេះខ្ញុំ​បារម្ភថានៅ​ពេល​​ខ្ញុំ​​បញ្ចប់​ការ​សិក្សារបស់​ខ្ញុំ​ ខ្ញុំមិន​អាច​ស្វែង​រក​ការងារ​បាន ពីព្រោះពួកគេ​រើស​យក​តែ​សាច់​ញាតិ​របស់​ពួកគេ និង​សមា​ជិក​ក្រុម​របស់​ពួកគេ​”។

យុវជន​ ដែល​មាន​សិទ្ធិ​បោះ​​ឆ្នោត​ទំនង​ជា​ពេញ​ចិត្ត​ចំពោះ​អ្នក​ទាំង​ឡាយ​ណា​ ដែល​អាច​ជួយពួកគេ​ឲ្យទទួលបាន​អនា​គត​ល្អ​ប្រសើរ​មួយ។ ដូច្នេះ គណ​បក្ស​ទាំង​ឡាយ​កំពុង​តែ​ផ្ដោត​ទៅ​លើ​យុវជន​ ដែល​មាន​​សិទ្ធិ​បោះ​ឆ្នោត​។ គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ទទួល​ស្វាគមន៍​អ្នក​ផ្ដាច់​ខ្លួន​ជាច្រើន​នៅ​ក្នុង​ពិធី​របស់​គណ​បក្ស​ ចំណែក​ឯ​គណ​បក្ស​សម រង្ស៊ី បានសន្យា​​ក្នុងពេល​ធ្វើយុទ្ធនាការ​ឃោសនាបោះឆ្នោតនេះថា​ នឹងស្វែង​រក​ការ​ងារ​ឲ្យ​យុវជន។ គណ​បក្ស​សិទ្ធិមនុស្ស គណ​បក្ស​ហ្វុ៊ន​ស៊ិ​ន​បុិច និង​គណ​បក្ស​ នរោត្តមរណឫទ្ធិ បាន​ផ្ដួច​ផ្ដើម​អំឡុង​ឆ្នាំ​មុន​ៗ ដើម្បី​ទាក់​ទាញ​ការ​គាំ​ទ្រ​នៅ​ក្នុង​ចំណោម​យុវជន​ហើយ​បាន​លើក​ឡើង​ថា ពួកគេ​បាន​រាប់បញ្ចូល​យុវជន​នៅ​ក្នុង​ចំណោម​ក្រុម​អ្នក​បោះ​ឆ្នោត​ដ៏សំខាន់​បំផុត។

លោក​ស្រីជា​ វណ្ណាតអ្នក​វិភាគ​នយោ​បាយ​​បាន​មាន​ប្រសាសន៍ថា “ ដោយ​សារ​តែ​​ចំនួន​ភាគ​ច្រើន​នៃយុវជន​ គ្រប់​គណ​បក្ស​ទាំង​អស់បាន​ព្យាយាម​ទាក់ទាញអ្នក​បោះ​ឆ្នោត​ថ្មី​ជា​លើក​ដំបូង​”។លោក​ស្រី​បាន​លើក​ឡើង​ថា “ វាជា​ការ​គួរឲ្យ​ចាប់​អារម្មណ៍ ​និងរង់ចាំមើលលទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ដើម្បីឲ្យដឹងថាតើ​អ្នក​បោះ​ឆ្នោត​ពេញ​ចិត្ត​នឹង​សេវា​សាធា​រណៈ​របស់​អាជ្ញា​ធរ​មូល​ដ្ឋាន​ ឱកាស​ស្វែង​រក​ការ​ងារ​ធ្វើ ទស្សន​វិស័យ​សម្រាប់​អនា​គត​របស់​ខ្លួន​យ៉ាងណានោះ”៕

ប្រែសម្រួល​ដោយ ចេវប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស