28.4 C
Phnom Penh

សំណើ​​​របស់​​ សម រង្ស៊ី សុំ​​​ចូល​​​ស្រុក​​​ដោយ​​​​គ្មាន​ការ​ចាប់​ខ្លួ​ន ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​វិញ​​​ជាលើក​​​ទី៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សំណើ​របស់​​​លោក សម រង្ស៊ី មេ​ដឹក​នាំ​គណ​បក្ស​ប្រ​ឆាំង​ ផ្ញើ​ជូន​រដ្ឋាភិបាល​ សុំ​ចូល​ស្រុក​ខ្មែរ​វិញ​ដោយ​សុ​វត្ថិ​ភាព ពោល​​​គឺ​​​ដោយ​គ្មាន​​​ការ​​​ចាប់​​​ខ្លួន​​​លោក​​​​ ដើម្បី​​គោរព​វិញ្ញាណក្ខន្ធ​​ព្រះ​បរម​សព​សម្តេចឪ នរោត្តម សីហនុ នោះ​ត្រូវបាន​បញ្ជូន​ត្រឡប់ទៅ​ទីស្នាក់​កណ្តាល​គណ​បក្ស​​​ប្រ​ឆាំង​មួយ​នេះវិញ​​​ជា​លើក​ទី​៣​កាល​ពី​​ម្សិល​មិញ។

ដោយ​​​ផ្ញើ​​​ជូន​​​​​​តាំង​​​ពី​​​ដំបូង​​​ទៅ​​​កាន់​​​ខុទ្ទ​​​កា​ល័យ​​​លោក​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន ​​​សែន និង​​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ កាល​​​ពី​​​ថ្ងៃ​​​ព្រ​​​ហស្បត៍​​​សប្តាហ៍​​​​មុន ​​​លិខិត​​​នេះ​​​ត្រូវបានរាជ​រដ្ឋាភិបាល​​​បញ្ជូន​​​​​​ត្រឡប់​​​មក​​​វិញ​​​ជា​​​លើក​​​ទី​១​​​កាល​​​ពី​​​​ថ្ងៃ​​​សៅរ៍​ព្រោះ​​​លិខិត​នោះ គ្មាន​​​​​អាសយដ្ឋានរបស់​​​​លោក​​ សម រង្ស៊ី។

បន្ទាប់​​​មក ​​លោក សម រង្ស៊ី ក៏បានដាក់​បញ្ចូល​​​អាសយ​ដ្ឋាន​​​របស់​​​លោក​​​​​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​នៅ​​​ទី​​​ក្រុង​​​ប៉ារីស ប្រទេស​​​បារាំង ​ហើយ​​​បញ្ជូន​​​ត្រឡប់​​​ទៅ​​​រដ្ឋា​ភិបាល​​វិញ​​​កាល​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ ហើយ​​​ក៏​​​ត្រូវបាន​​​បញ្ជូន​​​ត្រឡប់​​​មក​​​វិញ​​​ជាថ្មី​​​ម្តង​​​ទៀត​​​​នៅ​​​ថ្ងៃ​​​បន្ទាប់ ដោយ​​​ស្នើ​​​សុំ​​​ឲ្យ​​​លោក សម រង្ស៊ី ដាក់​​​អាស​​​យដ្ឋាន​​​ក្នុង​​​លិខិត​​​​ផ្ញើ​​​ជូន​​​លោក​​​ ជា ស៊ីម ប្រ​​​ធាន​​​ព្រឹទ្ធ​​​សភា ​និង​លោក ហេង សំរិន ប្រធាន​​​រដ្ឋ​​​សភា។​លោក ​ជា ​ស៊ីម និង​លោក ហេង សំរិន គឺ​​​ជា​​​ប្រធាន​​​ និង​​​អនុ​​​ប្រធាន​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​ព្រះ​​​រាជពិធី​​​បុណ្យ​​​សព​​​។​​​បន្ទាប់​​​ពី​​​​​មានការ​​​ណែ​​​​នាំ​​​ពី​​​រដ្ឋាភិបាល លិខិត​​​នោះ​​​ក៏​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​ត្រឡប់​​​ទៅ​​​ទីស្នាក់​​​ការ​​​គណ​​​បក្ស​​​ សម ​រង្ស៊ី ជា​​​ថ្មី​​​ម្តង​​​ទៀត​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ប៉ុន្តែ​​​លើក​​​​នេះ​​​គ្មាន​​​ការ​​​ណែ​​​នាំ​​​អ្វី​​​ទេ។

លោក យឹម សុវណ្ណ អ្នក​​​នាំពាក្យ​​​គណ​​​បក្សសម រង្ស៊ី ​​​បាន​មាន​ប្រ​​​សាសន៍​​​ថា “ គ្មាន​​ការ​​​ផ្តល់​​​​ហេតុ​​​ផល [ចំពោះ​​​ការ​​​បញ្ជូន​​​លិខិត​​​នេះ​​​ត្រ​​​ឡប់​​​មក​​​វិញ] គ្មាន​​​ការ​​​ណែ​​​នាំ​​​ និង​​​គ្មាន​​​ព័ត៌​​​មាន​​អ្វី​ទេ​ទាក់​​​ទិន​​​នឹង​​​លិខិត​​​នេះ”។

លោក សម រង្ស៊ី បាន​​​រស់​​​នៅ​​​ដោយ​​​និរ​ទេស​​​ខ្លួន​​​នៅ​​​ឯ​​​បរទេស​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៩​​​មក​​​ដើម្បី​​​គេច​​​វេះ​​​ពី​​​ទោស​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈ​​​ពេល​​​១១​​​ឆ្នាំ​​​ពី​​​បទ​​​ញុះ​​​ញង់ ផ្សព្វ​​​ផ្សាយ​​​ព័ត៌​​​មាន​​​​មិន​​​ពិត​​​ បរិហារ​កេរ្តិ៍​​​ និង​ពី​បទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ។ លោក យឹម លាង អនុ​​​ប្រធាន​​​ខុទ្ទកា​ល័យ​​​លោក ជា ស៊ីម បាន​​​សុំ​​​មិន​​​ធ្វើ​​​ការ​​​បំភ្លឺ​​​ទេ។លោក​​ សឺន ស៊ូបែរ្ត៍ ទី​​​ប្រឹក្សា​​​ព្រះ​​​មហា​​​ក្សត្រ​​​ នរោត្តម សីហមុនី បាន​​​មាន​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លទ្ធ​​​ផល​​​បាន​​​ស្តែង​​​ឲ្យ​​​ឃើញ​​​ថា លោក សម រង្ស៊ី កំពុង​​​ជួប​​​ការ​​​លំបាក​​ក្នុង​​​ការ​​​ដាក់​​​សំណើ​​​របស់​​​លោក។

លោក​​​​​​បាន​បន្ថែម​ថា “ ជាក់ស្តែង​​​វា​​​បង្ហាញ​​​​ឲ្យ​​​ឃើញ​​​ថា ពួកគេ​​​គ្មាន​​​ឆន្ទៈ​​ធ្វើ​​​តាម​​​សំណើ​​​នេះ​​​។ព្រះ​​​មហា​​​ក្សត្រ​​​សព្វ​​​ព្រះ​​​ទ័យអនុញ្ញាត​​ឲ្យ​​​លោក​​​វិល​ត្រឡប​់​​​មក​​​វិញ ប៉ុន្តែចាំ​​​បាច់​​​ត្រូវមាន​​​ការ​​​សម្រេច​​​ពី​​​នាយក​​​រដ្ឋ​​​មន្ត្រី”។ លោក​​​បន្ត​​​ថា “ យ៉ាង​​​ហោច​​​ណាស់ ពួកគេ​​​គួរ​​​តែអនុញ្ញាត​​​ឲ្យ​​​គាត់​​​មក​​​គោរព​​​វិញ្ញា​​​ណក្ខន្ធ​​​សម្តេច​​​ឪ។ក្នុង​​​ឱកាស​​​បែប​​​នេះ​​​ មិន​​​មែន​​​សម្រាប់​​​​ តែ​​គាត់​​​ប៉ុណ្ណោះ​​​ទេ ថែម​​​ទាំង​​​សម្រាប់​​​អ្នក​​​ទោស​​ផ្សេងៗ​​​ទៀត​ដូចជា លោក​​​ ម៉ម សូណង់ដូ ជា​​​ដើមផងដែរ”។

គួរ​​​រំឭក​​​ថា លោក ម៉ម សូណង់ដូ ម្ចាស់​​​ស្ថានីយ​​​វិទ្យុសម្បុក​​​ឃ្មុំ ដែល​​​ជា​​​ស្ថានីយ​​​វិទ្យុ​​​ឯក​​​រាជ្យ​​ ត្រូវបាន​​សាលា​​​ដំបូង​​​រាជធានីផ្តន្ទា​​​ទោស​ កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រហូត​​​ដល់​​​ទៅ​​​២០​​​ឆ្នាំ ពី​​​បទជំរុញ​​​ឲ្យ​​​មាន​​​ចលនា​​​​អបគមន៍​​​​​​ក្នុង​​​ខេត្ត​​​ក្រ​​​ចេះ​​​។​​​

ការ​​​ផ្តន្ទា​​​ទោស​​​លោក​​​បាន​​​បណ្តាល​​​ឲ្យ​​​មាន​​​​ការ​​​រិះ​​​គន់​ជា​​​អន្តរ​ជាតិ​​​ពី​​​បណ្តា​​​អង្គ​​​ការ​​​សិទ្ធិ​​​មនុស្ស​​​នានា​​​ ដែល​​​បាន​​​លើក​​​ឡើង​​​ថា ​រឿង​​​ក្តី​​​នេះ​​​បង្កើតឡើង ដោយហេតុ​​​ផល​​​នយោ​​​បាយ​​​ និងក្នុង​​​បំណង​​​ដើម្បីបំបិទ​​​មាត់​​​អ្នក​​​រិះ​​​គន់​​​រដ្ឋាភិបាល៕

ប្រែ​​​សម្រួល​​​ដោយ​​​ តែម សុខុម​​​​​​​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស