មន្ត្រីម្នាក់បានឲ្យដឹងកាលពីម្សិលមិញថាសាលាដំបូងខេត្តពោធិ៍សាត់កាលពីថ្ងៃសុក្របានចោទប្រកាន់នាយការិយាល័យនគរបាលយុត្តិធម៌ស្រុកក្រគរ ពីបទទទួលសំណូកពីការនេសាទខុសច្បាប់នៅបឹងទន្លេសាប។
ព្រះរាជអាជ្ញាអម សាលាដំបូងខេត្តពោធិ៍សាត់ លោក តន់ សីហតេជៈ មានប្រសាសន៍ថាតុលាការបានចេញដីការចាប់ខ្លួនលោកហុង ប៊ុនធឿន អាយុ៥៣ឆ្នាំ បន្ទាប់ពីមនុស្សមួយក្រុមមានគ្នា៣០នាក់ដែលត្រូវបានចាប់ខ្លួនកាលពីខែមករាពីបទនេសាទខុសច្បាប់នោះបានចោទគាត់ថាជាប់ពាក់ព័ន្ធជាមួយសកម្មភាពរបស់ពួកគេ។
លោក សីហតេជៈ មានប្រសាសន៍បន្តថា “ យើងបានសាកសួរជនសង្ស័យរួចហើយ ហើយបានរកឃើញថា លោក ប៊ុន ធឿន បានជាប់ពាក់ព័ន្ធក្នុងការនេសាទខុសច្បាប់ និង អំពើពុករលួយផងដែរ”។
លោក សីហតេជៈ មានប្រសាសន៍បន្តទៀតថា “ ប្រសិនបើយើងស៊ើបអង្កេត ហើយរកឃើញថាគាត់ជាប់ពាក់ព័ន្ធក្នុងសកម្មភាពនេសាទខុសច្បាប់នោះ គាត់នឹងប្រឈមនឹងទោសជាប់ពន្ធនាគារជាងប្រាំឆ្នាំ” ដោយលោកបន្ថែមថា ការចោទប្រកាន់ពីបទអំពើពុករលួយអាចមានទោសជាប់ពន្ធនាគាររយៈពេលប្រាំឆ្នាំ។
លោក មាល សុទ្ធ អធិការរងនគរបាល ស្រុកក្រគរ បានមានប្រសាសន៍ថា លោក ប៊ុនធឿន ត្រូវបានចោទប្រកាន់ពីបទទទួលសំណូកជាថ្នូរនឹងការនេសាទខុសច្បាប់នៅបឹងទន្លេសាបដែលត្រូវបានហាមមិនឲ្យធ្វើការនេសាទទាំងអស់។
រដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណទាំងអស់ពីឡូត៍នេសាទធំៗនៅតាមបឹងទន្លេសាបកាលពីខែកុម្ភៈឆ្នាំមុន បន្ទាប់ពីមានការបារម្ភថា មានការនេសាទក្នុងបឹងទន្លេសាបនេះយ៉ាងច្រើន។
លោក មាស សុទ្ធ មានប្រសាសន៍ថា លោកប៊ុនធឿនមានតួនាទីជានាយ នគរបាលប៉ុស្តិ៍កំពង់លួងរហូតដល់ថ្ងៃទី១៩ខែមីនា នៅពេលនោះលោកត្រូវបានដំឡើងឋានៈជានាយការិយាល័យនគរបាលស្រុក។
កាលពីពីរឆ្នាំមុនពេលលោកនៅជានាយនគរបាលប៉ុស្តិ៍ ប្រជាពលរដ្ឋបានលើកឡើងពីកង្វល់អំពីសកម្មភាពនេសាទខុសច្បាប់របស់លោក ប៊ុនធឿន។ លោក មាល សុទ្ធ បានបន្តថា “ កាលពីឆ្នាំ២០១១ ប្រជាពលរដ្ឋនៅឃុំកំពង់លួងបានស្នើឲ្យប្តូរនាយនគរបាលប៉ុស្តិ៍ថ្មី ដោយសារគាត់ជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ ហើយអ្នកភូមិមិនចូលចិត្តគាត់ទេ”។លោកបន្ថែមថា បញ្ហានោះបានដោះស្រាយរួចហើយ បន្ទាប់ពីចរចាជាមួយអ្នកភូមិ។
នគរបាលបានចាប់ខ្លួនលោក ប៊ុនធឿន នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក ក្រគរ ពេលលោកកំពុងចូលរួមក្នុងកិច្ចប្រជុំមួយនៅទីនោះនៅម៉ោងប្រហែង២និង៣០នាទីរសៀលកាលពីថ្ងៃសុក្រ។ លោកបានមានប្រសាសន៍បន្តថា “ គាត់ធ្វើការបានតែ១១ថ្ងៃប៉ុណ្ណោះ [នៅនគរបាលស្រុក] បន្ទាប់មកយើងទទួលបានដីកាពីតុលាការឲ្យចាប់ខ្លួនគាត់តែម្តង”។
លោក កែវ សុវណ្ណារ៉េត នាយនគរបាលប៉ុស្តិ៍កំពង់លួងបានមានប្រសាសន៍ថា លោកមិនបានដឹងច្បាស់ថា ហេតុអ្វីបានជាលោក ប៊ុនធឿន ត្រូវបានចោទប្រកាន់នោះទេ ប៉ុន្តែបានបដិសេធថា អតីតនាយ នគរបាលរូបនេះមិនជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ទេ។
លោកបានអះអាងថា “ បងប្អូនប្រុស និងបងប្អូនស្រីរបស់យើងមិនសប្បាយចិត្តជាមួយគាត់ដោយសារគាត់ បានទៅបង្ក្រាបការនេសាទខុសច្បាប់ជាមួយមន្ត្រីតុលាការ”៕
ប្រែសម្រួលដោយ ឃិន ណៃ