ក្នុងចំណោមមនុស្សម្នា ដែលអ្នកខ្លះឈរក្រោមកម្តៅថ្ងៃក្តៅហែង ចំណែកឯអ្នកខ្លះទៀតអង្គុយផ្ទាល់ដីនៅខាងក្រៅទីស្នាក់ការធំរបស់ការិយាល័យប្រៃសណីយ៍ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃពុធ លោក ណែវ ប៊ុតថេង ខឹងសម្បាយ៉ាងខ្លាំង បន្ទាប់ពីបានប្រឹងប្រែងមកធ្វើស្លាកលេខម៉ូតូថ្មីរបស់គាត់អស់រយៈពេលបួនថ្ងៃមកហើយ តែគាត់នៅតែរង់ចាំដដែល ដោយសារតែការិយាធិបតេយ្យ គ្មានប្រសិទ្ធភាព ហើយស្មុគ្រស្មាញនៅក្នុងដំណើរការធ្វើស្លាកលេខរបស់រដ្ឋាភិបាល។
បុរសអាយុ៤១ឆ្នាំរូបនេះ បានត្អូញត្អែរថា “ ខ្ញុំបានចំណាយពេលមកទីនេះបួនថ្ងៃមកហើយ”។ លោកពន្យល់ថា ក្នុងរយៈពេលបីថ្ងៃដំបូង ដែលលោកបានមករង់ចាំគ្មាននរណាម្នាក់មកសួរលោកទេ។
លោក ប៊ុតថេង បានមានប្រសាសន៍ថា មានមនុស្សច្រើនណាស់ តែមានមន្ត្រីតិចតួចប៉ុណ្ណោះ ដែលធ្វើការនៅក្នុងការិយាល័យគយ
និងរដ្ឋាករនៅឯការិយាល័យប្រៃសណីយ៍ ជាកន្លែងដែលម្ចាស់ម៉ូតូទាំងអស់ ត្រូវតែមកដាក់ជូនឯកសារ ដើម្បីបង្ហាញថា ម៉ូតូថ្មីរបស់ខ្លួនបានបង់ពន្ធនាំចូលរួចហើយ។
លោក ប៊ុតថេង បាននិយាយខណៈពេលមនុស្សម្នាដើរទៅដើរមកនៅតាមចិញ្ចើមផ្លូវក្រោមកម្តៅព្រះអាទិត្យថា “ មានមនុស្សតែម្នាក់ប៉ុណ្ណោះ ធ្វើអ្វីៗគ្រប់យ៉ាងនៅទីនេះ ហើយមានមនុស្សរាប់ពាន់នាក់រង់ចាំនៅខាងក្រៅ។ វាយឺតយ៉ាវមែនទែន ហើយខ្ញុំចំណាយពេលវេលាច្រើនណាស់”។
ដោយគ្មានបន្ទប់រង់ចាំ ឬកៅអីសម្រាប់អង្គុយនោះ មន្ត្រីគយ និងរដ្ឋាករទាក់ទងជាមួយមនុស្សរាប់រយនាក់ក្នុងមួយថ្ងៃៗ តាមប្រឡោះចម្រឹងដែកបង្អួច ដែលបែរមុខមករកផ្លូវខាងក្រៅការិយាល័យប្រៃសណីយ៍។ លោក ប៊ុតថេង បានរៀបរាប់ពីការសូកប៉ាន់បន្តិចបន្តួចនាពេលកន្លងមកថា តាមរយៈឲ្យអ្នករត់ការជួយបំពេញបែបបទធ្វើស្លាកលេខម៉ូតូឲ្យគាត់។
លោកបន្ថែមថា ការសូកបា៉ាន់គឺវាស្រួលជាងដំណើរការបច្ចុប្បន្ន ដែលគួរឲ្យរំខាន និងម៉ួម៉ៅ។ លោកបានមានប្រសាសន៍ថា “ ពីមុនមកខ្ញុំធ្លាប់ទិញម៉ូតូមួយគ្រឿង ហើយខ្ញុំមិនបានធ្វើលេខដោយផ្ទាល់នៅទីនេះទេ។ ខ្ញុំឲ្យគេធ្វើឲ្យខ្ញុំ ខ្ញុំបានចំណាយលុយ៣០ដុល្លារ [ដើម្បី
ធ្វើស្លាកលេខម៉ូតូ] ហើយខ្ញុំគិតថា វាជាការទទួលយកបាន”។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើកំណែទម្រង់ដំណើរការធ្វើស្លាកលេខម៉ូតូនេះ ចាប់តាំងពីខែកុម្ភៈមក។ ប៉ុន្តែការព្យាយាមរារាំងអ្នករត់ការ និងលុបបំបាត់អំពើពុករលួយនោះ ជាលទ្ធផលនាំឲ្យមានការពន្យារពេលយ៉ាងច្របូកច្របល់ដោយសារការិយាធិបតេយ្យហើយធ្វើឲ្យមនុស្សម្នា ដូចជាលោក ប៊ុតថេង នេះ ចង់ងាកទៅរករបៀបចាស់វិញ។
ដោយគ្មានអ្នករត់ការ តម្លៃក្នុងការធ្វើស្លាកលេខម៉ូតូមួយគ្រឿង ឥឡូវនេះប្រហែល២០ដុល្លារប៉ុណ្ណោះ។ កាលពីមុន អ្នកដែលមានបំណងចង់ធ្វើស្លាកលេខម៉ូតូថ្មី ត្រូវទៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងខណ្ឌ៧មករា។ នៅឯមន្ទីរសាធារណការ និងដឹកជញ្ជូននោះ មានអ្នករត់ការបានមកទាក់ទងពួកគាត់ សុំរត់ការឲ្យពួកគាត់ ដើម្បីដំណើរការធ្វើស្លាកលេខនេះឆាប់ហើយ ដែលត្រូវចំណាយពេលប្រហែលមួយខែនោះ ឲ្យមកនៅត្រឹមតែពីរថ្ងៃប៉ុណ្ណោះ។
ដោយមានអ្នករត់ការ និងបុគ្គលិកនៅការិយាល័យធ្វើស្លាកលេខ ដែលធ្វើការដោយព្រមព្រៀងគ្នានោះ ឯកសារចាំបាច់ សម្រាប់ ដាក់ពាក្យ សុំធ្វើស្លាកលេខ និងបែបបទបង់ពន្ធ ត្រូវបានបញ្ជូនដោយផ្ទាល់ដៃទៅឲ្យមន្ត្រីគយ និងការិយាល័យរដ្ឋាករនៅការិយាល័យប្រៃសណីយ៍ ដោយ បង់ប្រាក់បន្ថែមបន្តិចបន្តួចនោះ អាចធ្វើឲ្យអ្នកទៅធ្វើស្លាកលេខទាំងអស់អាចសន្សំពេលវេលា និងគ្មានភាពតានតឹងក្នុងអារម្មណ៍ ។
ឥឡូវ ដំណើរការបែបនេះត្រូវចំណាយពេលវេលាយូរ ហើយត្រូវរង់ចាំហាលក្តៅតែម្តង។
លោក ជា ប៊ុនធឿន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ ក្រសួងត្រូវតែធ្វើកំណែទម្រង់។ក្រសួងបានចាប់ផ្តើមតាំងពីខកុម្ភៈ ដើម្បីកាត់បន្ថយអំពើពុករលួយ”។ ទោះជាយ៉ាងណា លោក ប៊ុនធឿន បានទទួលស្គាល់ថា ចាប់តាំងពីលែងឲ្យមានអ្នករត់ការមក ដំណើរការនេះយឺតយ៉ាវជាងមុនបន្តិចហើយ។
លោកស្រី តែ ម៉ានីរ៉ុង ប្រធានការិយាល័យគយ និងរដ្ឋាករ នៅការិយាល័យប្រៃសណីយ៍ បានមានប្រសាសន៍ថា មានវិធីដោះស្រាយ
បញ្ហា ដែលបានកើតឡើងនេះ ដោយសារមានមន្ត្រីមួយក្រុមមានគ្នាតែប្រាំមួយនាក់ ហើយកំពុងព្យាយាមដោះស្រាយការដាក់ពាក្យសុំដ៏ច្រើននេះ តាមចម្រឹងបង្អួច បើកចំហតែពាក់កណ្តាល ដោយឲ្យសាធារណជនឈរនៅតាមផ្លូវ។
អ្នកស្រី ម៉ានីរ៉ុង បានមានប្រសាសន៍ថា “យើងត្រូវការមនុស្សតែម្នាក់ សម្រាប់ទទួលពាក្យស្នើសុំនេះ រីឯម្នាក់ទៀតសម្រាប់ពិនិត្យ ហើយបញ្ជាក់លើពាក្យទាំងនោះ តាមលំដាប់លំដោយ។ វាដូចជាប្រព័ន្ធមួយអ៊ីចឹង ដូចខ្សែសង្វាក់ផលិតកម្មអ៊ីចឹង។ បើមិនដូច្នោះទេ វារញ៉េរញ៉ៃ ហើយយើងអាចបាត់ឯកសារទៀតផង។ នៅពេលអ្នកឈរនៅខាងក្រៅ អ្នកមើលឃើញតែមនុស្សម្នាក់តែប៉ុណ្ណោះដែលធ្វើការ។ ប៉ុន្តែវាមិនមែនអ៊ីចឹងទេ។ ក្រុមរបស់យើងប្រឹងប្រែងធ្វើការណាស់ យើងស្ទើរតែរកពេលហូបបាយថ្ងៃត្រង់មិនបានផង”។លោកស្រីបន្ថែមថា “ យើងព្យាយាមទប់ស្កាត់អំពើសូកប៉ាន់” តាមរយៈការឲ្យម្ចាស់ម៉ូតូមកកាន់ការិយាល័យប្រៃសណីយ៍ដោយខ្លួនឯងផ្ទាល់។
លោកស្រីទទួលស្គាល់ថា “ ពីមុនគឺមន្ទីរសាធារណការ និងដឹកជញ្ជូន (រាជធានីភ្នំពេញ) ធ្វើអ្វីៗទាំងអស់ ហើយចេញស្លាកលេខមុនពេលបញ្ជូនឯកសារមកឲ្យយើងពិនិត្យបន្ថែមគឺវារហ័ស ហើយងាយស្រួលជាង”។ ឥឡូវនេះ ម្ចាស់ម៉ូតូ ដែលទើបទិញម៉ូតូថ្មី ដំបូងត្រូវទៅកាន់មន្ទីរសាធារណការនៅក្នុងខណ្ឌ៧មករា ដើម្បីសុំធ្វើស្លាកលេខ បន្ទាប់មកពួកគាត់ត្រូវទៅកាន់ការិយាល័យគយ និងរដ្ឋាករដោយនាំយកមកជាមួយនូវវិក្កយបត្របង់ពន្ធនាំចូល ដែលបង្ហាញថា ម៉ូតូពិតជាបានបង់ពន្ធនាំចូលរួចហើយ និងត្រូវមានអត្តសញ្ញាណប័ណ្ណ និងសៀវភៅគ្រួសារផង។
បន្ទាប់ពីដាក់ឯកសារទាំងនោះទៅការិយាល័យគយរួចហើយ ហើយមួយថ្ងៃក្រោយ ពួកគាត់ត្រូវមកយក បន្ទាប់ពីឯកសារទាំងនោះបានរៀបចំសព្វគ្រប់។ បន្ទាប់មកត្រូវយកឯកសារនេះទៅកាន់ការិយាល័យធ្វើស្លាកលេខវិញ នៅក្នុងខណ្ឌ៧មករា ដើម្បីទិញពាក្យសុំធ្វើស្លាកលេខម៉ូតូក្នុងតម្លៃ៣.៥០០រៀល បន្ទាប់មកទៀតត្រូវបង់តម្លៃធ្វើស្លាកលេខពិតប្រាកដ ហើយថតរូប និង
ចុងក្រោយពួកគាត់អាចទទួលបានស្លាកលេខហើយ។
លោក តុប រិទ្ធី អាយុ៤៥ឆ្នាំ ដែលបានរង់ចាំយកស្លាកលេខម៉ូតូរបស់គាត់ ដែលទើបទិញថ្មី បានមានប្រសាសន៍ កាលពីថ្ងៃច័ន្ទថា “ កំណែទម្រង់” នេះហាក់ដូចជានាំឲ្យយឺតយ៉ាវ និងមិនសូវមានប្រសិទ្ធភាព។ លោក តុប រិទ្ធី មានប្រសាសន៍ថា“ វាកាត់បន្ថយអំពើពុករលួយមែន ប៉ុន្តែការពិតវាធ្វើឲ្យប្រជាពលរដ្ឋកាន់តែលំបាកជាងមុនទៅទៀត។យើងត្រូវចំណាយទាំងពេលវេលា និងប្រាក់កាស”។
លោកបានបន្ថែមថា វាមិនបានជួយអ្វីទេ ព្រោះមានមន្ត្រីតែម្នាក់ប៉ុណ្ណោះអង្គុយនៅមាត់បង្អួច របស់ការិយាល័យប្រៃសណីយ៍ ហើយទទួលយកពាក្យស្នើសុំរាប់រយច្បាប់ក្នុងមួយថ្ងៃៗ។
លោក តុប រិទ្ធី បានមានប្រសាសន៍ថា បើនិយាយឲ្យសមហេតុផលនោះ គេគួរតែឲ្យការិយាល័យគយ និងរដ្ឋាករនេះស្ថិតនៅជិតមន្ទីរសាធារណការ និងដឹកជញ្ជូននៅក្នុងខណ្ឌ៧មករា ហើយគួរតែមានអ្នកបម្រើមអតិថិជនបន្ថែមទៀតដើម្បីធ្វើឲ្យការដាក់ពាក្យសុំនេះ ប្រកបដោយប្រសិទ្ធភាព។
ការត្អូញត្អែរពីសំណាក់មនុស្សម្នាដែលឈររង់ចាំកណ្តាលថ្ងៃចែសនៅខាងក្រៅការិយាល័យប្រៃសណីយ៍ កាលពីថ្ងៃច័ន្ទ គឺដោយសារខ្វះព័ត៌មានពីមន្ត្រីគយ អំពីរបៀបរបបដាក់ពាក្យសុំធ្វើស្លាកលេខម៉ូតូថ្មី។
លោក នុត សុខលី បាននិយាយថា “ មិនមានព័ត៌មានគ្រប់គ្រាន់ទេ វាធ្វើឲ្យដំណើរការយឺតយ៉ាវ។ ខ្ញុំត្រូវសួរគេថា តើត្រូវធ្វើដូចម្តេច”។
ចំណែកនៅឯមន្ទីរសាធារណការ និងដឹកជញ្ជូន(រាជធានីភ្នំពេញ)វិញ អតិថិជនដឹងព័ត៌មានច្រើនតាមរយៈ សេចក្តីប្រកាសបិទ
នៅខាងក្រៅបន្ទប់រង់ចាំ ដោយប្រាប់ដល់អ្នកដាក់ពាក្យសុំពីតម្លៃធ្វើស្លាកលេខ និងពីរយៈពេលដំណើរការ។
នៅទីនោះ ក៏មានសរសេរពាក្យដាស់តឿនថា “ សូមកុំទាក់់ទងអ្នករត់ការខាងក្រៅអង្គភាពឲ្យសោះ”។ បើទោះជាមានពាក្យដាស់តឿនក៏ដោយ ក៏អ្នកស្រី សុខ ពិសាន អាយុ៤៨ឆ្នាំ បានត្អូញត្អែរពីប្រព័ន្ធការងារថ្មីនេះ ដោយនិយាយថា បើអាចចំណាយលុយកាក់បានដូចមុន អ្នកស្រីនឹងមិនចាំបាច់ត្រូវឈរតម្រង់ជួរបីបួនថ្ងៃអ៊ីចឹងដែរ។
អ្នកស្រីបាននិយាយ កាលពីថ្ងៃពុធថា “ ខ្ញុំបានមកតាំងពីថ្ងៃសុក្រម៉្លេះ ប៉ុន្តែគេមិនធ្វើការ។ខ្ញុំបានមកម្តងទៀតនៅថ្ងៃច័ន្ទ ប៉ុន្តែមានមនុស្សច្រើនពេក”។ “ កាលខ្ញុំទិញម៉ូតូពីមុន វាមិនលំបាកទេ។ ខ្ញុំចំណាយលុយតែ៣០ដុល្លារប៉ុណ្ណោះ ហើយរង់ចាំយកស្លាកលេខតែម្តង។ ឥឡូវនេះ វាលំបាកជាងមុនទៅទៀត តែមិនមានអំពើពុករលួយ”៕
ប្រែសម្រួលដោយ សោម សារុន