សមាជិកសភាមួយរូបមកពីគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅសន្និសីទកាលពីថ្ងៃសុក្រ ដើម្បីពិភាក្សាអំពីតម្រូវការច្បាប់ស្ត្ីពីសេរីភាពទទួលព័ត៌មានថា រដ្ឋាភិបាលធ្វើការងាររបស់ខ្លួនទាំងអស់ដោយមានតម្លាភាពពេញលេញ ។
លោក ជាម យៀប បានសួរបន្ទាប់ពីថ្លែងសុន្ទរកថានៅអង្គសន្និសីទនេះថា “ តើគេលាក់ព័ត៌មាននៅកន្លែងណាក្នុងរដ្ឋាភិបាល?”។
លោក ជាម យៀប មានប្រសាសន៍បន្តថា“ មិនមានការបិទបាំងព័ត៌មានអំពីថវិការបស់រដ្ឋាភិបាលទេ”។
លោកបានអះអាងថា “ ព័ត៌មានតែមួយគត់ដែលបិទបាំងនោះគឺព័ត៌មានដែលនឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ”។
មានប្រសាសន៍នៅថ្ងៃទី២នៃអង្គសន្និសីទដែលរៀបចំដោយអង្គការយូណេស្កូ និងស្ថានទូតស៊ុយអែតនោះ លោក ជាម យៀប បានមានប្រសាសន៍នៅក្នុងសុន្ទរកថាដែលបានត្រៀមទុករបស់លោកថា ច្បាប់ស្តីពីសេរីភាពទទួលពព័ត៌មានគឺ “ សំខាន់ណាស់” ប៉ុន្តែលោកបានបន្ថែមថា ច្បាប់ដែលមានស្រាប់នោះ ធានាពីបរិយាកាសបើកចំហទាំងស្រុងរបស់រដ្ឋាភិបាលរួចទៅហើយ។
ដោយលើកឡើងពីមាត្រាមួយចំនួនក្នុងរដ្ឋធម្មនុញ្ញ ដែលចែងយ៉ាងច្បាស់ពីសេរីភាពនៃការបញ្ចេញមតិ និងច្បាប់សារព័ត៌មានឆ្នាំ១៩៩៥ ដែលអនុវត្តចំពោះតែអ្នកសារព័ត៌មាននោះ លោក ជាម យៀប បានមានប្រសាសន៍ថា ច្បាប់បែបនេះបានឆ្លុះបញ្ចាំងរួចទៅហើយពីបរិយាកាសដែលប្រជាពលរដ្ឋមានសេរីភាពក្នុងការទទួលបានព័ត៌មានពីរដ្ឋាភិបាល។
លោក ជាម យៀប ក៏បានមានប្រសាសន៍ផងដែរថា ការយឺតយ៉ាវរបស់រដ្ឋាភិបាលក្នុងការពិចារណាពីច្បាប់ស្តីពីសេរីភាពទទួលព័ត៌មាន ដែលកំពុងដំណើរការចាប់តាំងពីឆ្នាំ២០០៤មកនោះ គឺដោយសារតែពេលវេលាមិនគ្រប់គ្រាន់ និងខ្វះធនធាន។
លោក ជាម យៀប បានមានប្រសាសន៍ដោយធ្វើការប្រៀបធៀបថា “ យើងមានទន្សាយបីក្បាលនៅក្នុងទ្រុងមួយ ហើយខ្ញុំមានព្រួញតែមួយប៉ុណ្ណោះ ហើយគេឲ្យខ្ញុំបាញ់ទន្សាយបីក្បាលនោះដោយប្រើព្រួញតែមួយដើម គឺខ្ញុំមិនអាចធ្វើបានទេ”។
ទោះជាយ៉ាងណា លោក ជាម យៀប បានចាកចេញពីសន្និសីទនេះ ទៅចូលរួមកិច្ចប្រជុំមួយកាលពីថ្ងៃសុក្រនៅរដ្ឋសភា ដើម្បីអនុម័តច្បាប់មួយសម្រាប់ដាក់ទោសជនណាដែលបដិសេធថា គ្មានឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម។
ច្បាប់នេះត្រូវបានព្រាងរយៈពេលបួនថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសប្តាហ៍នេះបានស្នើឲ្យរដ្ឋសភាប្រកាសដាក់ឲ្យប្រើច្បាប់នេះ ជាការប្រតិកម្មចំពោះពាក្យសម្តីមួយចំនួនដែលគេចោទថា លោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង បាននិយាយ។
រដ្ឋសភា ដែលលើសលប់ដោយសមាជិកគណបក្សប្រជាជនកម្ពុជានោះ នឹងធ្វើការពិភាក្សាដេញដោល និងអនុម័តច្បាប់នេះនៅថ្ងៃសុក្រសប្តាហ៍ក្រោយដោយគ្មានការសង្ស័យឡើយ។
នៅសន្និសីទនោះ លោកស្រី អាននេ ឡេម៉ៃស្ត្រេស (Anne Lemaistres) នាយកប្រចាំប្រទេសរបស់អង្គការយូណេស្កូ បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានក្របខណ្ឌច្បាប់រួចហើយក្នុងការអនុម័តច្បាប់ស្តីពីសេរីភាពទទួលព័ត៌មាននេះ ប៉ុន្តែការអនុម័តច្បាប់នេះបានជាប់គាំងចាប់តាំងពីព្រាងកាលពីឆ្នាំ២០០៧មកម្លេ៉ះ។
លោកស្រី ឡេម៉ៃស្ត្រេស មានប្រសាសន៍ថា “ ខ្ញុំគិតថា រដ្ឋាភិបាលមិនមានបំណង [អនុម័តច្បាប់នេះទេ]។តាមពិត យើងមានច្បាប់បែបនេះច្រើនណាស់ ដែលបានអូសបន្លាយពេលរាប់ឆ្នាំ ហើយខ្ញុំគិតថា មានការខ្វះឆន្ទៈនយោបាយតែម្តង”។
លោកស្រី ឡេម៉ៃស្ត្រេស មានប្រសាសន៍ថា ប្រជាពលរដ្ឋធម្មតាចង់ដឹងព័ត៌មានមូលដ្ឋានដែលនឹងប្រាប់ពួកគាត់អំពីជីវភាពប្រចាំថ្ងៃរបស់ខ្លួនដូចជា តម្លៃក្នុងការធ្វើសំបុត្រកំណើតផ្លូវការ ឬពីបញ្ហាដីធ្លីនៅក្នុងឃុំសង្កាត់របស់ខ្លួនដែលអាចប៉ះពាល់ដល់ការធ្វើស្រែចម្ការរបស់ខ្លួន។
លោកស្រី ឡេម៉ៃស្ត្រេស មានប្រសាសន៍បន្ថែមទៀតថា “ [ព័ត៌មាននេះ] គួរត្រូវផ្សព្វផ្សាយ ហើយងាយទទួលបាន និងស្វែងរក។ អ្វីដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ជំនឿទុកចិត្តរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋនោះគឺ [នៅពេលដែលប្រជាពលរដ្ឋ] មិនដឹង ហើយពួកគាត់គិតថា ព័ត៌មាននេះបិទបាំងមិនឲ្យពួកគាត់ដឹង”។
លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាអ្នករៀបចំសន្និសីទរួមគ្នា បានមានប្រសាសន៍ថា ពេលមានច្បាប់ស្តីពីសេរីភាពទទួលព័ត៌មាននេះ គណៈកម្មាធិការឯករាជ្យមួយត្រូវបង្កើតឡើង ដើម្បីធានាថា រដ្ឋាភិបាលគោរពតាមច្បាប់នេះ ប្រសិនបើត្រូវបានអនុម័តនោះ។
លោក ប៉ា ងួនទៀង បានមានប្រសាសន៍ថា “ នៅពេលដែលរដ្ឋាភិបាលមិនមានឆន្ទៈនយោបាយក្នុងការផ្តល់ព័ត៌មានបែបនេះនោះ គឺដោយសារអំពើពុករលួយ ឬការគ្រប់គ្រងដែលគ្មានតម្លាភាព ឬដោយសារអភិបាលកិច្ចមិនប្រកបដោយលទ្ធិប្រជាធិបតេយ្យនោះ ត្រូវមាន គណៈកម្មាធិការឯករាជ្យមួយដើម្បីដោះស្រាយសំណើឲ្យមាន[ច្បាប់ស្តីពីសេរីភាពទទួលព័ត៌មាន]នេះ” ទើបបាន៕
ប្រែសម្រួលដោយ សោម សារុន