ជុំវិញសំណុំរឿងសង្គ្រាមនៅអ៊ុយក្រែន មហាអំណាចរុស្ស៊ី កាន់តែបង្កើនការគំរាមក្រុមបស្ចិមប្រទេស និងបក្សសម្ព័ន្ធណាតូ។
ជាមួយនឹងការគំរាមទៅលើពួកបស្ចិមប្រទេសដែលមានសហរដ្ឋអាមេរិកជាមេដឹកនាំធំជាងគេ របបនៅក្រុងមូស្គូ ក្រោមការដឹកនាំរបស់បុរសខ្លាំង លោក វ៉្លាឌីមៀ ពូទីន ជាជនជាប់ចោទពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន ចាប់ផ្ដើមអូសកាំភ្លើងធំ និងក្បាលគ្រាប់នុយក្លេអ៊ែរ ទៅធ្វើសមយុទ្ធតាមព្រំដែនជាប់អ៊ុយក្រែន និងខាងក្នុងតំបន់ដែលរុស្ស៊ី វាយយកបានពីអ៊ុយក្រែន។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសព័ត៌មានអំពីកងកម្លាំងរុស្ស៊ី ចាប់ផ្តើមធ្វើសមយុទ្ធដែលជាការបញ្ជារបស់លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី ដើម្បីហ្វឹកហាត់ប្រើប្រាស់អាវុធនុយក្លេអ៊ែរតាក់ទិកមិនមែនយុទ្ធសាស្ត្រ។
កាលពីដើមខែឧសភា លោក ពូទីន បានចេញបញ្ជាឱ្យរៀបចំការធ្វើសមយុទ្ធកម្លាំងនុយក្លេអ៊ែរ ដែលការបញ្ជារបស់មេដឹកនាំរុស្ស៊ី ធ្វើឡើងជាប្រតិកម្មទៅនឹងលោក David Cameron រដ្ឋមន្ត្រីការបទេសអង់គ្លេស ដែលបានទៅដល់ទីក្រុងគៀវ កាលពីពេលថ្មីៗនេះ ហើយបានជួបនឹងលោកប្រធានាធិបតីអ៊ុយក្រែន វូឡូឌីមៀ ហ្សេឡេនស្គី បានប្រាប់ក្រុងគៀវ ថា អាវុធរបស់អង់គ្លេស ទ័ពអ៊ុយក្រែន អាចវាយប្រហារលើគោលដៅទ័ពរុស្ស៊ី ចូលខាងក្នុងទឹកដីរុស្ស៊ី។
លោក David Cameron ពេលនោះបានបញ្ជាក់ថា អ៊ុយក្រែន វាយបកចូលខាងក្នុងទឹកដីរុស្ស៊ី គឺជាការវាយការពារខ្លួន ព្រោះអ៊ុយក្រែន ជាអ្នករងគ្រោះដោយការវាយប្រហាររបស់កងទ័ពរុស្ស៊ី។
គេថាអ្វីដែលធ្វើឱ្យបុរសខ្លាំងប្រតិកម្មថែមទៀតនោះ បន្ទាប់ពីលោកប្រធានាធិបតីបារាំង គំរាមបញ្ជូនទ័ពបារាំង និងបស្ចិមប្រទេសទៅប្រទេសអ៊ុយក្រែន ប្រសិនបើកងទ័ពរុស្ស៊ី វាយបំបែកខ្សែការពារជួរមុខរបស់កងទ័ពអ៊ុយក្រែន។
តាមទីភ្នាក់ងារសារព័ត៌មាន Reuters ទីក្រុងមូស្គូ បានភ្ជាប់សមយុទ្ធនេះដើម្បីឆ្លើយតបនឹងអ្វីដែលក្រុងមូស្គូ ហៅថាសេចក្តីថ្លែងការណ៍របស់លោកខាងលិច រួមទាំងប្រធានាធិបតីបារាំង Emmanuel Macron ដែលបុរសខ្លាំងវិមានក្រឹមឡាំង បានចោទថាបានបង្កើនការគំរាមកំហែងសន្តិសុខមកលើប្រទេសរុស្ស៊ី។
ការធ្វើសមយុទ្ធទ័ពនុយក្លេអ៊ែរ របស់ក្រុងមូស្គូ ក្រោយមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសមាជិកសភាប្រទេសបារាំង កាលពីថ្ងៃទី២១ ខែឧសភា បានប្រាប់ទៅរដ្ឋាភិបាលលោក Macron បើកភ្លើងខៀវឱ្យអ៊ុយក្រែន ប្រើសិទ្ធិរបស់ខ្លួនវាយប្រហារចូលខាងក្នុងទឹកដីរុស្ស៊ី ទោះជាអាវុធជំនួយពីប្រទេសណាក៏ដោយ។
ក្រុមអ្នកវិភាគនុយក្លេអ៊ែរ និយាយថា ការធ្វើសមយុទ្ធនេះ គឺជាសញ្ញាព្រមានរបស់លោក ពូទីន ដើម្បីរារាំងលោកខាងលិចពីការលូកដៃកាន់តែជ្រៅទៅក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ប្រទេសលោកខាងលិច បានកំពុងបង្កើនការផ្តល់អាវុធ និងឧបករណ៍ស៊ើបការណ៍សម្ងាត់ដល់ទីក្រុងគៀវ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ដំណាក់កាលដំបូងនៃការបើកឆាកល្បែងសង្គ្រាមនេះ គឺត្រឹមតែប្រើប្រាស់មីស៊ីល Iskander និង Kinzhal ប៉ុណ្ណោះ ប៉ុន្តែរុស្ស៊ី បានដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិកតាមព្រំដែនជាប់នឹងអ៊ុយក្រែន រួចទៅហើយ។
សមយុទ្ធនេះមានការចូលរួមពីកងកម្លាំងមីស៊ីលដែលឈរជើងនៅភាគខាងត្បូងប្រទេសរុស្ស៊ី ស្ថិតនៅជាប់នឹងអ៊ុយក្រែន ហើយក៏រួមបញ្ចូលនូវកងកម្លាំងដែលបានឈរជើងនៅផ្នែកខ្លះរួចទៅហើយក្នុងទឹកដីអ៊ុយក្រែន ដែលរុស្ស៊ី កំពុងកាន់កាប់បាននៅពេលនេះ។
ទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ក្នុងសប្ដាហ៍នេះ បានថ្លែងសារវាយប្រហារសមាជិកសភាអាមេរិកថាជាអ្នកនាំភ្លើង បន្ទាប់ពីប្រធានសភា Mike Johnson បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ថា វាមិនមែនជាគោលនយោបាយដ៏ល្អទេ ដែលអាវុធរបស់សហរដ្ឋអាមេរិកផ្តល់ឱ្យអ៊ុយក្រែន បែរជាទ័ពអ៊ុយក្រែន មិនអាចប្រើប្រាស់វាយប្រហារលើទឹកដីរុស្ស៊ី បាននោះ។
លោក Mike Johnson សន្យាថា នឹងស្វែងរកការបើកផ្លូវអនុញ្ញាតឱ្យអ៊ុយក្រែន អាចប្រើប្រាស់អាវុធទាំងនោះវាយប្រហារទៅខាងក្នុងប្រទេសរុស្ស៊ី។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឆ្លើយតបវិញថាក្នុងចំណោមសមាជិកព្រឹទ្ធសភា និងសមាជិកសភាសហរដ្ឋអាមេរិកជាច្រើនរូប គឺជាអ្នកដែលយកសាំងចាក់ថែមលើភ្លើង។ វានឹងធ្វើឲ្យភ្លើងសង្គ្រាមមួយនេះឆេះកាន់តែខ្លាំង។
លោកបានថ្លែងថ្កោលទោសថា នេះជាជំហរមិនទទួលខុសត្រូវទាំងស្រុងរបស់សហរដ្ឋអាមេរិក ដែលអាចបង្កជាគ្រោះថ្នាក់ដ៏ធំ បើវានាំទៅរកសង្គ្រាម។
លោក Peskov ក៏បានថ្លែងរំលឹកឡើងផងដែរនូវគោលជំហររបស់ទីក្រុងមូស្គូ ថា ការផ្គត់ផ្គង់អាវុធរបស់លោកខាងលិច និងសហរដ្ឋអាមេរិក គឺមិនអាចផ្លាស់ប្ដូរស្ថានភាពនៃសង្គ្រាមកំពុងផ្ទុះនេះបានទេ ហើយរុស្ស៊ី នឹងបន្តការប្រយុទ្ធរហូតដល់ទីបញ្ចប់។
ការដែលរុស្ស៊ី ឈានដល់ការធ្វើសមយុទ្ធទ័ពនុយក្លេអ៊ែរ បន្ទាប់ពីអ៊ុយក្រែន បានបើកការវាយប្រហាររួចទៅហើយឆ្លងព្រំដែនចូលទៅខាងក្នុងប្រទេសរុស្ស៊ី ជាពិសេសចូលទៅក្នុងតំបន់ Belgorod គឺជាការវាយសងសឹកទៅនឹងរុស្ស៊ី ដែលបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងសម្បើមមកលើទឹកដីអ៊ុយក្រែន នៅរយៈពេល ៧ខែចុងក្រោយមកនេះ។
រុស្ស៊ី ក៏បានចោទអ៊ុយក្រែន រួចទៅហើយថាការវាយទាំងនោះ គឺអ៊ុយក្រែន បានប្រើប្រាស់អាវុធដែលជាជំនួយរបស់ពួកលោកខាងលិច និងសហរដ្ឋអាមេរិក។
រុស្ស៊ី មានក្បាលគ្រាប់នុយក្លេអ៊ែរ ជិត ៦ពាន់គ្រាប់ ក្នុងនោះក្បាលគ្រាប់នុយក្លេអ៊ែរមិនមែនយុទ្ធសាស្ត្រ គេហៅថា តាក់ទិក មាន ១៥៥៨គ្រាប់។ ចំណែកសហរដ្ឋអាមេរិក មានក្បាលគ្រាប់នុយក្លេអ៊ែរ ទាំងមិនមែនយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ ៥៥៥០គ្រាប់។ បារាំង មាន ២៨០គ្រាប់ និងអង់គ្លេស មាន ២២៥គ្រាប់។ នេះបើតាមគេហទំព័រសារព័ត៌មាន powerfire។
សហរដ្ឋអាមេរិក បានដាក់ពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរ នៅអឺរ៉ុប មានប្រាំប្រទេស ដូចជា ប្រទេសតួកគី អាល្លឺម៉ង់ ហុឡង់ដ៍ អ៊ីតាលី និងបែលហ្ស៉ិក។
ស្របពេលទ័ពរុស្ស៊ី កំពុងធ្វើសមយុទ្ធអាវុធនុយក្លេអ៊ែរ លោក វ្ល៉ាឌីមៀ ពូទីន បានទៅដល់ប្រទេសបេឡារុស ដើម្បីពិភាក្សាជាមួយសមភាគីរបស់លោក គឺលោក Alexander Lukashenko ដោយផ្ដោតលើបញ្ហាសន្តិសុខ ក៏ដូចជាការធ្វើសមយុទ្ធនុយក្លេអ៊ែរតាក់ទិកផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៤ ខែឧសភា។
កងទ័ពនៃប្រទេសបេឡារុស ក៏គ្រោងចូលរួមសមយុទ្ធជាមួយនឹងកងទ័ពរុស្ស៊ី ដែលមាននៅលើទឹកដីប្រទេសអឺរ៉ុបខាងកើតមួយនេះ ជាការត្រៀមលក្ខណៈក្នុងការបាញ់អាវុធបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរតាក់ទិក។
បើតាមប្រភពព័ត៌មានដដែលនេះ ការពិភាក្សាអំពីសមយុទ្ធដំណាក់កាលទី២ ជាមួយនឹងអាវុធនុយក្លេអ៊ែរតាក់ទិក ដែលត្រូវធ្វើឡើងនៅលើទឹកដីប្រទេសបេឡារុស ក៏ស្ថិតក្នុងរបៀបវារៈនៃជំនួបរវាងលោក ពូទីន និងលោក Lukashenko ផងដែរ។
នេះជាលើកទី២ ហើយដែលមេដឹកនាំវិមានក្រឹមឡាំងរូបនេះបានចាកចេញពីប្រទេស បន្ទាប់ពីលោកបានទៅជួបប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីថ្ងៃទី១៦ ខែឧសភា ចាប់តាំងពីលោកចូលកាន់តំណែងប្រធានាធិបតីសហព័ន្ធរុស្ស៊ី អាណត្តិថ្មីទី៥ រយៈពេល ៦ឆ្នាំកាលពីថ្ងៃទី៩ ឧសភា៕
© 2024, ឌឹ ខេមបូឌា ដេលី. All rights reserved.

