40 C
Phnom Penh

ថ្ងៃទី​១៧​មេសា​ឆ្នាំ​នេះ លោក ហ៊ុន សែន ត្រូវ​គេ​ចាត់ទុក​ថា​កំពុង​បើក​សករាជ​ជ្រែក​រាជ្យ​ដូច​សេ្តច​កន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អត្ថបទ​ដោយ៖ តាំង សារ៉ាដា

ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​២០២៤ នេះ ជា​គម្រប់​ខួប​លើក​ទី ៤៩​ឆ្នាំ​នៃ​ការ​ដួល​រលំ​នៃ​របប លន់ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក ហើយ​ជា​ពេល​ដែល​កម្ពុជា​ធ្លាក់​ក្រោម​កណ្ដាប់ដៃ​នៃ​របប​ខ្មែរក្រហម​ដែរ។

ជា​ធម្មតា នៅ​ពាក់កណ្តាល​ខែ​មេសា ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​នាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ ហើយ​នៅ​ថ្ងៃទី​១៧ ខែ​មេសា កាលពី ៤៩​ឆ្នាំ​មុន ជា​ថ្ងៃ​ដែល​ខ្មែរក្រហម​វាយ​បំបែក​សមរភូមិ​ចុងក្រោយ គឺ​ទីក្រុង​ភ្នំពេញ ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅ​ទីក្រុង​ភ្នំពេញ​ពេល​នោះ​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី ដោយ​គ្មាន​អ្នក​ណា​ម្នាក់​ធ្លាប់​គិត​ថា​នឹង​និរាស​ព្រាត់ប្រាស​គ្រួសារ​ដែល​អាច​កើតឡើង​មួយ​ពព្រិច​ភ្នែក​បែប​នេះ​ទេ។

ចំណែក​នៅ​ខែ​មេសា ឆ្នាំ​២០២៤ នេះ ដូច​អ្វី​ដែល​បាន​គ្រោង​ទុក គឺ​ជា​ថ្ងៃ​ដែល​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ប្រធាន​បក្ស​កាន់​អំណាច និង​ជា​ប្រធាន​ឧត្ដមក្រុមប្រឹក្សា​ព្រះមហាក្សត្រ បាន​ជាប់​ឆ្នោត​ជា​ប្រធាន​ដឹកនាំ​ស្ថាប័ន​ព្រឹទ្ធសភា។

ក្នុង​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា​ដែល​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៅ​ពេល​ដែល​ព្រះមហាក្សត្រ​អវត្តមាន​ពី​ប្រទេស លោក​ក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ជាតិ​សំខាន់ៗ ឬ​ព្រះរាជក្រឹត្យ​នានា​ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី។ លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជបល្ល័ង្ក​ដែល​ជា​ស្ថាប័ន​ជ្រើសរើស​អ្នក​ស្នងរាជ្យ​ផង​ដែរ ដែល​អ្នកវិភាគ​ខ្លះ​លើកឡើង​ថា ការ​ឡើង​កាន់​អំណាច​របស់​លោក ហ៊ុន សែន នៅ​ពេលនេះ ប្រៀប​ដូចជា​ព្រះ ស្រីជេដ្ឋាធិរាជរាមាធិបតី ឬ​ហៅ​ស្តេច​កន ជ្រែក​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ ដូច្នោះ​ដែរ។

ប្រវត្តិវិទូ​ទាំង​បរទេស និង​ខ្មែរ ដូចជា វ៉ាន់ឌី កាអុន និង​លោក David Chandler បាន​សរសេរ​ថា ស្រប​ពេល​ដែល​ប្រជាជន​ខ្មែរ​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី នៅ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ខ្មែរក្រហម​វាយ​បំបែក​សមរភូមិ​ចុងក្រោយ​ទីក្រុង​ភ្នំពេញ ចំណែកឯ​កងទ័ព​សាធារណរដ្ឋ​ខ្មែរ​លើក​ទង់ជ័យ​ស ព្រម​ចុះចាញ់។ ពលរដ្ឋ​ខ្មែរ​ទាំងអស់​រីករាយ ហើយ​សង្ឃឹម​ថា​ប្រទេស​ជាតិ​នឹង​មាន​សន្តិសុខ និង​សុខសាន្ត​ត្រាណ​ហើយ ព្រោះ​កងទ័ព​ខ្មែរក្រហម​ពេល​នោះ​ស្ថិត​ក្រោម​រដ្ឋាភិបាល​ដែល​មាន​សម្តេច​ព្រះ​នរោត្តម សីហនុ ជា​ប្រមុខ​រដ្ឋ។

ទាហាន​ខ្មែរក្រហម​ដែល​មាន​សម្លៀកបំពាក់​ខ្មៅ ភាគច្រើន​ជា​ក្មេង​មាន​អាយុ​ចន្លោះ​ពី ១៦ ទៅ​ដល់ ១៧​ឆ្នាំ ពួកគេ​មាន​ទឹកមុខ​មាំ មិន​ញញឹមញញែម​បន្តិច​ណា​សោះ។ ទាហាន​ទាំងនោះ​បាន​ប្រកាស​ឲ្យ​ប្រជាជន​ចេញពី​ទីក្រុង ពី ២ ទៅ ៣​ថ្ងៃ ដោយ​មិន​ចាំបាច់​យក​សម្ភារៈ​ទៅ​ច្រើន​ពេក​ទេ ព្រោះ​ប្រជាជន​ទាំងនោះ​អាច​ត្រឡប់​មក​ស្រុក​វិញ​ក្រោយ​ពេល ២ ឬ ៣​ថ្ងៃ​ទៀត។ គ្មាន​អ្នក​ណា​ម្នាក់​ធ្លាប់​គិត​ថា ការ​និរាស​ព្រាត់ប្រាស​គ្រួសារ​កើត​ឡើង​មួយ​ពព្រិច​ភ្នែក​បែប​សោះ។

នៅ​ពេល​ដែល​ប្រជាជន ១៧ មេសា ណា​ដើរ​យឺត ត្រូវ​កងទ័ព​ខ្មែរ​ក្រហម​បាញ់​សម្លាប់​ចោល​នៅ​តាម​ដងផ្លូវ​តែម្តង ហើយ​ប្រជាជន​រាប់​សែន​នាក់​ដែល​ព្យាយាម​ចាកចេញ​ពី​ក្រុង​តាម​បទបញ្ជា​នោះ ដឹង​ច្បាស់​ថា​ពួកគេ​ទំនង​ជា​គ្មាន​វាសនា​ត្រឡប់​មក​ជួបជុំ​បងប្អូន ឬ​ម្តាយ​ឪពុក​នៅ​ឯ​ផ្ទះ​វិញ​ឡើយ។

ប្រជាជន​ខ្លះ​ដែល​ចាស់ជរា​នោះ ដួល​ឈឺ​ដេក​រណូក​រណែល​តាម​ដងផ្លូវ សូម្បី​អ្នកជំងឺ​ដែល​ដើរ​មិន​រួច​នោះ ក៏​ត្រូវ​បង្ខំ​ចិត្ត​វារ​ចេញពី​មន្ទីរពេទ្យ​ជាមួយ​មនុស្ស​រាប់​សែន​នាក់​ទៀត​ដែរ។

ក្រៅពី​ជម្លៀស​មនុស្ស​ចេញពី​ទីក្រុង​ហើយ ខ្មែរក្រហម​បាន​លុបចោល​រាល់​កម្មសិទ្ធិ​ឯកជន រូបិយវត្ថុ​ជាតិ​ក៏​ត្រូវ​គេ​បោះបង់ ហើយ​ធនាគារ​ជាតិ​រង​ការ​បំផ្លិចបំផ្លាញ​មិន​ដំណើរការ​បាន​ឡើយ។ ចំណែក​ទីតាំង​រោងចក្រ​ឧស្សាហកម្ម​វិញ ត្រូវ​គេ​បោះបង់​ចោល​មិន​អាច​ដំណើរការ​ទេ គ្មាន​ឡើយ​កម្មសិទ្ធិ​ឯកជន ព្រោះ​គ្រប់​យ៉ាង​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋ។ វត្តអារាម ដែល​ធ្លាប់​ជា​កន្លែង​សក្ការបូជា​តាម​បែប​ព្រះពុទ្ធ​សាសនា​នោះ ត្រឡប់​ទៅ​កន្លែង​ចិញ្ចឹម​ជ្រូក ហើយ​ព្រះសង្ឃ​ត្រូវ​ខ្មែរក្រហម​ចាប់​ផ្សឹក និង​ធ្វើ​ទុក្ខបុកម្នេញ ឬ​សម្លាប់​ផង​ក៏​មាន​ដែរ។

អតីត​ប្រធាន​មន្ទីរ​ស​២១ ឬ​គុក​ទួលស្លែង លោក កាំង ហ្កេចអ៊ាវ ហៅ​ឌុច ធ្លាប់​បាន​សារភាព​នៅ​ចំពោះ​មុខ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​កន្លង​មក​ថា ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ គឺជា​ថ្ងៃ​ដំបូង​នៃ​ការ​ចាប់ផ្ដើម​នូវ​ភាព​មហន្តរាយ​នៃ​ប្រទេស​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់ ប៉ុល ពត ដែល​ជា​អគ្គលេខាបក្ស​ដឹកនាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ឌុច អះអាង​ថា ក្រោយ​ថ្ងៃទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ប៉ុល ពត កើត​ចិត្ត​ភ្លើតភ្លើន​ខ្លាំង​ណាស់ បាន​លើក​មាគ៌ា​ដែល​ប៉ះពាល់​ដល់​អាយុជីវិត​មនុស្ស។ នេះ​មកពី ប៉ុល ពត គាត់​មាន​សព្វ​មាន​គ្រប់។

ក្រឡេក​មក​មើល​ទីក្រុង​ភ្នំពេញ​នៅ​ខែ​មេសា ឆ្នាំ​២០២៤ ឯណេះ​វិញ ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ នរោត្តម សីហមុនី បាន​ប្រោស​ព្រះរាជទាន​តែងតាំង​លោក សាយ ឈុំ ជា​ឧត្ដមប្រឹក្សា​ផ្ទាល់​របស់​ព្រះមហាក្សត្រ​មាន​ឋានៈ​ស្មើ​នាយករដ្ឋមន្ត្រី។ លោក សាយ ឈុំ បាន​បន្ត​ដឹកនាំ​ព្រឹទ្ធសភា គិត​ចាប់តាំងពី​មរណភាព​របស់​អតីត​ប្រធាន​ព្រឹទ្ធសភា គឺ​លោក ជា ស៊ីម ដែល​ជា​អតីត​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា។

អ្នកវិភាគ​នយោបាយ​មួយ​ចំនួន​សង្កេត​ឃើញ​ថា ការ​តែងតាំង​លោក សាយ ឈុំ ជា​ការ​ផ្តល់​ភ្លើង​ខៀវ​ឱ្យ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន ចូល​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​សម្រាប់​អាណត្តិ​ទី​៥ ទៅ​តាម​ការ​គ្រោងទុក​របស់​លោក ហ៊ុន សែន ដើម្បី​ដឹកនាំ​ប្រទេស​ពី​សំណាក់​ក្រុម​គ្រួសារ​របស់​ខ្លួន។

ជាក់ស្តែង​នៅ​ថ្ងៃទី​៣ ខែ​មេសា ឆ្នាំ​២០២៤ ដូច​ការ​គ្រោងទុក លោក ហ៊ុន សែន បាន​ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា ក្រោយ​ចាកចេញ​ពី​កៅអី​នយោបាយ​ដ៏​កំពូល​បាន ៧​ខែ បន្ទាប់ពី​ប្រគល់​កៅអី​នាយករដ្ឋមន្ត្រី​ឲ្យ​ទៅ​កូនប្រុស​ច្បង​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត ក្នុង​ខែ​សីហា ឆ្នាំ​២០២៣ រួច​មក។ តំណែង​ប្រធាន​ព្រឹទ្ធសភា​ជា​តំណែង​ដែល​ផ្តល់​តួនាទី​កាន់តែ​ទូលាយ​មិន​ត្រឹមតែ​គ្រប់គ្រង​ទៅ​លើ​ស្ថាប័ន​នីតិប្រតិបត្តិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​អូស​បន្លាយ​រហូត​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដ៏​កំពូល​ផង​ដែរ។

ការ​ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​របស់​លោក ហ៊ុន សែន ត្រូវ​បាន​ក្រុម​អ្នកវិភាគ​លើកឡើង​ថា ប្រទេស​កម្ពុជា​កំពុង​ស្ថិត​ក្រោម​ការ​ដឹកនាំ​បែប​គ្រួសារ​និយម និង​ប្រៀប​ដូចជា​ព្រះ​ស្រីជេដ្ឋាធិរាជរាមាធិបតី ស្តេច​កន ឡើង​ជ្រែក​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ ដូច្នោះ​ដែរ ពីព្រោះ​ក្នុង​ឋានៈ​ជា​ប្រធាន​ព្រឹទ្ធសភា​ដែល​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៅ​ពេល​ដែល​ព្រះមហាក្សត្រ​អវត្តមាន​ពី​ប្រទេស លោក​ក៏​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ជាតិ​សំខាន់ៗ ឬ​ព្រះរាជក្រឹត្យ​នានា​ដែល​ស្នើ​ដោយ​នាយករដ្ឋមន្ត្រី​ជា​ស្វ័យប្រវត្តិ។ លោក​ក៏​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជបល្ល័ង្ក​ដែល​ជា​ស្ថាប័ន​ជ្រើសរើស​អ្នក​ស្នងរាជ្យ​ផង​ដែរ។

ត្រង់​ចំណុច​នេះ បើ​ក្រឡេក​ទៅ​មើល​ប្រវត្តិសាស្ត្រ​ក្នុង​ឯកសារ​ពង្សាវតារ​ខ្មែរ​ដែល​លោក ហ៊ុន សែន តែង​ប្រៀប​ប្រដូច​ខ្លួន​លោក​ទៅ​នឹង​ស្តេច​កន នោះ​បាន​លើកឡើង​ថា នៅ​ដើម​សតវត្ស​ទី​១៦ ព្រះរាជា​ខ្មែរ​ដែល​ឡើង​គ្រងរាជ្យ​បន្ទាប់ពី​ព្រះបាទ​សុគន្ធបទ គឺជា​អតីត​ក្មេង​វត្ត​ម្នាក់​មាន​ឈ្មោះ​ថា នាយ​កន។ ក្មេង​វត្ត​កន បាន​ត្រូវ​ព្រះបាទ​សុគន្ធបទ ជួយ​ទំនុកបម្រុង ហើយ​តែងតាំង​ជា​ឃុន​ហ្លួង​ព្រះស្ដេច​កន។ បន្ទាប់​មក ក្មេង​វត្ត​កន ក៏​ក្បត់​ស្ដេច​ផែនដី ហើយ​វាយ​ដណ្ដើម​រាជ្យ​តែម្តង។

យោង​តាម​ឯកសារ​ពង្សាវតារ​ខ្មែរ​បាន​លើកឡើង​ថា ព្រះស្ដេច​កន ដែល​ជា​ស្ដេច​ដណ្ដើម​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ កើត​ក្នុង​ឆ្នាំ​រោង នៅ​ស្រុក​ស្រីសន្ធរ (បច្ចុប្បន្ន ខេត្ត​កំពង់ចាម)។ ក្មេង​វត្ត​កន មាន​កំណើត​ក្នុង​ត្រកូល​អ្នកងារ​ដែល​ជា​វណ្ណៈ​ទាប​បំផុត​នៃ​សម័យ​នោះ ហើយ​មិន​ជាប់​ពូជពង្ស​ក្នុង​ត្រកូល​រាជវង្ស​នោះ​ទេ។

គ្រួសារ​របស់​នាយ​កន ស្ថិត​ក្នុង​ក្រុម​ពលព្រះ គឺជា​ក្រុម​អ្នកងារ​មាន​ភារៈ​ជា​អ្នក​ថែរក្សា​បោស​សម្អាត​វត្ត។ ឪពុក​របស់​នាយ​កន នាម​ពិជ័យនាគ និង​ម្តាយ​នាម នាង​បាន។

នាយ​កន មាន​បងស្រី​ម្នាក់​ឈ្មោះ ស ហើយ​ល្បី​ថា​មាន​រូបឆោម​បវរ​ល្អ​លើស​ស្រី​ទាំងពួង រហូត​ដល់​ព្រះបាទ​សុគន្ធបទ សព្វព្រះរាជហឫទ័យ​យ៉ាង​ខ្លាំង ហើយ​ទទួល​យក​នាង​ធ្វើ​ជា​ស្នំ​ឯក និង​នាំ​យក​នាង​ទៅ​រស់នៅ​ក្នុង​ព្រះបរមរាជវាំង។

លោក អាដេម៉ារ ឡឺក្លែរ (Adhémard Leclére) អតីត​រ៉េស៊ីដង់​បារាំង ប្រចាំ​នៅ​កម្ពុជា សរសេរ​ថា ដោយ​សព្វព្រះរាជហឫទ័យ​នឹង​នាង ស នេះ​ខ្លាំង ព្រះបាទ​ស្រីសុគន្ធបទ ក៏​យកចិត្ត​ទុកដាក់​ចំពោះ​គ្រួសារ​នាង​ស នេះ​ជាពិសេស​ដែរ។

ព្រះអង្គ​បាន​លើក​តម្កើង​ឪពុក​នាង​ឲ្យ​ក្លាយ​ទៅ​ជា​មន្ត្រី។ ម្តាយ​នាង​ក្លាយ​ទៅ​ជា​នាគ​ម៉ែ។ នាយ​កន ជា​ប្អូនប្រុស ឲ្យ​ទៅ​ជា​មហាតលិក (មហា​ថ្លឹក) និង​ជា​ឧកញ៉ា​ម៉ឺន​ស្នេហា​ចម​ចិត្ត។ រីឯ​នាង​ស ខ្លួនឯង ជា​អ្នក​ម្នាង​កេស​បុប្ផា។ តាម​ខ្សែរយៈ​បងស្រី​ដែល​ជា​ស្នំ​ឯក​របស់​ស្ដេច​ផែនដី​នេះ​ហើយ ដែល​នាយ​កន បាន​ចូល​បម្រើ​ការ​នៅ​ឯ​ក្នុង​ព្រះរាជវាំង ហើយ​បាន​ក្លាយ​ជា​មន្ត្រី​ជំនិត​របស់​ព្រះរាជា។

ព្រះបាទ​សុគន្ធបទ ក៏​មាន​ព្រះទ័យ​ចង់​លោះ​ស្នំ​ឯក និង​នាយ​កន ឲ្យ​រួច​ចាក​ផុត​ពី​ឋានៈ​ជា​ពលព្រះ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ព្រះអង្គ​ពិគ្រោះ​យោបល់​ជាមួយ​សេនា​មន្ត្រី​ទៅ មន្ត្រី​ទូល​តប​វិញ​ថា ច្បាប់​មិន​អនុញ្ញាត​ឱ្យ​ព្រះអង្គ​ធ្វើ​បែប​នេះ​បាន​ឡើយ ដ្បិត​បើ​មាន​កំណើត​ជា​ពលព្រះ​ហើយ គឺ​ជាប់​ក្នុង​ឋានៈ​នេះ​អស់​រយៈពេល ៥​ពាន់​ឆ្នាំ។ ទោះជា​ស្ដេច​ផែនដី ក៏​មិន​អាច​បំពាន​ច្បាប់​នេះ​បាន​ឡើយ។

ដោយ​មិន​អាច​ប្រគល់​តំណែង​ធំដុំ​ណា​មួយ​ឲ្យ​នាយ​កន បាន ព្រះបាទ​សុគន្ធបទ បាន​ត្រឹម​លើក​ប្អូនថ្លៃ​ឲ្យ​មាន​ងារ​ត្រឹម​ឃុន​ហ្លួង​ព្រះស្ដេច​កន តែប៉ុណ្ណោះ។ នេះ​ជា​តំណែង​មួយ​ដែល​មាន​សិទ្ធិ​អំណាច​ត្រួតត្រា​អ្នកងារ​ក្នុង​ក្រុម​ពលព្រះ​ដូច​គ្នា តែ​ក៏​មាន​អំណាច​អាច​កាត់ទោស និង​ផ្ដន្ទាទោស​ជន​ណា​ដែល​មាក់ងាយ​ព្រះពុទ្ធ​សាសនា មិន​គោរព​អាចារ្យ និង​ចាស់ព្រឹទ្ធាចារ្យ ជាដើម។

ការ​ឡើង​បុណ្យស័ក្តិ​តាំងពី​ក្មេង​វត្ត រហូត​ដល់​តំណែង​ខ្ពស់​មួយ​នៅ​ក្នុង​រាជវាំង តាមរយៈ​សាច់ញាតិ​នេះ បាន​ធ្វើ​ឱ្យ​នាយ​កន កើត​ជំងឺ​រៀប​ឫក​មិន​ទាន់។ មិន​យូរ​ប៉ុន្មាន នាយ​កន​ភ្លេច​កំណើត​ខ្លួន​ថា​ជា​ក្មេង​វត្ត​នៃ​ក្រុម​ពលព្រះ ហើយ​ចាប់ផ្ដើម​វាយឫក​មាក់ងាយ​មន្ត្រី​ឯទៀតៗ ដែល​ធ្វើ​ឲ្យ​មន្ត្រី​ជើងចាស់​ក្នុង​រាជវាំង​ទាំងឡាយ​នាំគ្នា​ស្អប់​គុំកួន​ជា​ខ្លាំង ហើយ​រៀបចំ​ផែនការ​ប្រឆាំង​នឹង​នាយ​កន។ ពួកគេ​បាន​ទូល​ថ្វាយ​ស្ដេច​ផែនដី​ថា នាយ​កន មាន​គំនិត​ក្បត់​ចង់​ដណ្ដើម​រាជ្យ ហើយ​ត្រូវតែ​កម្ចាត់​ចោល។

ពង្សាវតារ​ខ្មែរ សរសេរ​ថា ស្ដេច​សោយរាជ្យ គឺ​ព្រះបាទ​សុគន្ធបទ ទ្រង់​សុបិន​ឃើញ​នាគរាជ​ដេញ​ខាំ​ព្រះអង្គ ហើយ​ពាំ​យក​ទាំង​ស្វេតច្ឆត្រ​របស់​ព្រះអង្គ​ទៅ​បាត់​ផង។ ពួក​ហោរា បាន​ទាយ​ពី​សុបិន​នេះ​ថា អាច​នឹង​មាន​កោលាហល​កើតឡើង​បង្ក​ដោយ​ព្រះស្ដេច​កន ដែល​កើត​នៅ​ឆ្នាំ​រោង គឺ​ឆ្នាំ​នាគ​នោះ ហើយ​ថា​ត្រូវតែ​កម្ចាត់​នាយ​កន ចោល។ ផែនការ​នេះ ត្រូវ​បងស្រី​របស់​នាយ​កន លួច​ស្តាប់​ឮ ហើយ​ប្រាប់​នាយ​កន ឲ្យ​ដឹង​ខ្លួន​ជា​មុន។ នាយ​កន ក៏​រត់​ភៀស​ខ្លួន ហើយ​ទៅ​បង្ក​ទ័ព​បក​មក​វាយ​ស្ដេច​ផែនដី​វិញ។

នៅ​ក្នុង​បេសកកម្ម​ដណ្ដើម​អំណាច​ពី​ស្ដេច​ផែនដី​នេះ នាយ​កន ប្រើប្រាស់​អំពើ​ហិង្សា​ឃោរឃៅ និង​បោកប្រាស់​រាស្ត្រ ឲ្យ​មក​ចុះចូល​ជាមួយ​នឹង​ខ្លួន។ នាយ​កន បាន​សម្លាប់​ចៅហ្វាយ​ខេត្ត​បាភ្នំ ដើម្បី​ដណ្ដើម​កាន់កាប់​ខេត្ត​នេះ ហើយ​បោក​បញ្ឆោត​ប្រាប់​អ្នក​ស្រុក​ថា ចៅហ្វាយ​ខេត្ត​នេះ​ក្បត់​ទៅ​ចូល​ដៃ​ជាមួយ​ព្រះបាទ​ច័ន្ទរាជា ដែល​ជា​ព្រះអនុជ​របស់​ព្រះបាទ​សុគន្ធបទ ដែល​មាន​បំណង​បំបែក​ខ្លួន​ឡើង​សោយរាជ្យ​នៅ​ចតុមុខ។

ពាក្យ​ឃោសនា​ថា ព្រះ​ច័ន្ទរាជា មាន​បំណង​ក្បត់​ស្ដេច​ផែនដី​ជា​បង​បង្កើត​នេះ បាន​បង្ក​ឲ្យ​មាន​ការ​មិន​ទុកចិត្ត​គ្នា​រវាង​បង និង​ប្អូន។ ទីបំផុត ព្រះ​ច័ន្ទរាជា ក៏​ភៀស​ព្រះ​កាយ​ចាកចោល​ក្រុង​ចតុមុខ រួច​ទៅ​សុំ​ជ្រកកោន​ជាមួយ​ស្ដេច​សៀម។

បន្ទាប់​មក នាយ​កន បាន​ប្រាប់​អ្នក​ស្រុក​ថា តាម​ពិត​ការ​កេណ្ឌ​ទ័ព​នេះ គឺ​ដើម្បី​ដណ្ដើម​រាជ្យ​ពី​ព្រះរាជា យក​ទៅ​ថ្វាយ​ក្មួយបង្កើត​របស់​ខ្លួន ដែល​ត្រូវ​ជា​បុត្រ​របស់​អ្នក​ម្នាង​កេស​បុប្ផា​ទេ។ មិន​តែប៉ុណ្ណោះ នាយ​កន ប្រកាស​ថា ពេល​ខ្លួន​ដណ្ដើម​រាជ្យ​បាន ពួក​ពលព្រះ​ទាំងអស់ នឹង​ទទួល​បាន​នូវ​សេរីភាព​ជា​អ្នក​ជា​ធម្មតា​ឡើងវិញ។ ជា​ការ​ទាក់ទាញ​ទឹកចិត្ត​អ្នក​ដទៃ​ទៀត នាយ​កន បាន​សន្យា​ថា ពេល​ដែល​ដណ្ដើម​រាជ្យ​បាន រាល់​អ្នក​ជា​ណា​ដែល​ធ្លាប់​ធ្វើ​ខ្ញុំគេ នឹង​បាន​ឡើង​ធ្វើ​ជា​មន្ត្រី ហើយ​រីឯ​អ្នក​ដែល​ធ្លាប់​ធ្វើ​ជា​មន្ត្រី​ស្រាប់ នឹង​បាន​ឡើង​ជា​មន្ត្រី​ធំ​ជាង​នេះ​ទៀត។

ទីបំផុត ស្ដេច​កន ក៏​ដណ្ដើម​រាជ្យ​បាន​ពី​ព្រះបាទ​ស្រីសុគន្ធបទ ជា​បងថ្លៃ ដោយ​ប្រើ​ល្បិច​ឲ្យ​ដៃ​ជើង​របស់​ខ្លួន​ឈ្មោះ ឱកម៉ឺន សុរិន្ទកែវ ទៅ​បង្កប់​ខ្លួន​នៅ​ក្នុង​ព្រះរាជវាំង ហើយ​ឆក់​ឱកាស​ធ្វើ​គត់​ស្ដេច​ផែនដី​តែម្តង។

ដោយ​រក​គ្រឿង​បញ្ច​ក្សត្រ​សម្រាប់​ឡើង​គ្រងរាជ្យ​មិន​ឃើញ ស្ដេច​កន ក៏​បាន​ចាត់​ឲ្យ​ធ្វើ​ព្រះខ័ន​ថ្មី ហើយ​រៀប​ពិធី​អភិសេក​ឡើង​សោយរាជ្យ​សម្បត្តិ ជាមួយ​នឹង​ព្រះខ័ន​ក្លែងក្លាយ​នោះ​ក្នុង គ.ស ១៥១២ នៅ​រាជធានី​ទួលបាសាន។ ព្រះអង្គ​មាន​ព្រះនាម​ក្នុង​រាជស័ព្ទ​ថា ព្រះបាទ​សម្ដេចព្រះ​ស្រីជេដ្ឋាធិរាជរាមាធិបតី។

រាជពង្សាវតារ​ខ្មែរ សរសេរ​ថា បន្ទាប់ពី​ដណ្ដើម​រាជ្យ​បាន​ពេញ​ក្នុង​ដៃ​ហើយ ស្ដេច​កន បាន​លើក​បន្តុប​បក្ខពួក និង​គ្រួសារ​របស់​ខ្លួន​ឲ្យ​មាន​ឋានៈ​ធំដុំ​ក្នុង​ជួរ​អ្នក​ដឹកនាំ។

ស្ដេច​កន លើក​ឪពុកមា​ឈ្មោះ កៅ ដែល​ជា​មេទ័ព​ធំ ឲ្យ​មាន​ឋានៈ​ជា​សម្ដេច​ចៅហ្វ៊ាទឡ្ហៈ ដែល​មាន​ឋានន្តរស័ក្តិ​ថ្នាក់ខ្ពស់​បំផុត​នៃ​មន្ត្រី​ក្នុង​កម្ពុជរដ្ឋ​នា​បុរាណ​សម័យ។ រីឯ​ក្រុម​បរិវារ​ដៃ​ជើង​ដទៃ​ទៀត ក៏​ព្រះមហាក្សត្រ​ថ្មី​នេះ​ប្រទាន​ឲ្យ​មាន​យសស័ក្ដិ​តាម​គុណបំណាច់​រៀងៗ​ខ្លួន។

ស្ដេច​កន ទ្រង់​លើកលែង​មិន​ឲ្យ​យក​សួយសារអាករ​មួយ​រដូវ​តាម​បុរាណ​ប្រវេណី ដែល​ផ្លាស់​ផែនដី​ថ្មី។ ម្យ៉ាង​ទៀត ដោយ​ចង់​ឲ្យ​មាន​ជាប់​កេរដំណែល​នៃ​រាជ្យ​របស់​ព្រះអង្គ ព្រះ​ស្រីជេដ្ឋាធិរាជ​ស្ដេច​កន ទ្រង់​បាន​ប្ដូរ​រាជធានី​ពី​ទួលបាសាន ទៅ​ទិស​ខាងកើត ហើយ​សាង​ក្រុង​ថ្មី​នៅ​ត្រង់​ចន្លក់ដូងតី។ តែ​ព្រះអង្គ​គង់​នៅ​ទីនោះ​បាន​តែ​ប្រាំ​ខែ​ប៉ុណ្ណោះ ក៏​ទ្រង់​យាង​ទៅ​សាង​ក្រុង​ថ្មី​មួយ​ទៀត​នៅ​ភូមិ​ស្រឡប់ពិជ័យ ចុង​ខេត្ត​ត្បូងឃ្មុំ ទល់​ដែន​ខេត្ត​បាភ្នំ។

ព្រះ​ស្រីជេដ្ឋា សោយរាជ្យ​ដោយ​សុខ​សន្តិភាព​បាន​តែ​បី ឬ​បួន​ឆ្នាំ​ប៉ុណ្ណោះ ក៏​ត្រូវ​រង​នឹង​សង្គ្រាម​ស៊ីវិល​មួយ​ដែល​អូស​បន្លាយ​អស់​រយៈពេល​ជិត​ដប់​ឆ្នាំ ជាមួយ​នឹង​ព្រះអង្គ​ច័ន្ទរាជា ដែល​ជា​ព្រះអនុជ​របស់​ព្រះបាទ​សុគន្ធបទ ដែល​វិលត្រឡប់​មកពី​ប្រទេស​សៀម ដើម្បី​ច្បាំង​ដណ្ដើម​រាជ្យ​ពី​ស្ដេច​កន វិញ។

ព្រះអង្គ​ច័ន្ទ កាន់កាប់​តំបន់​ខាងលិច​តាម​មាត់បឹង​ទន្លេសាប ដែល​មាន​សក្ដានុពល​សេដ្ឋកិច្ច​ជាង​នាយ​កន ដែល​គ្រប់គ្រង​នៅ​ភាគ​ខាងកើត ហើយ​ព្រះអង្គ​ច័ន្ទ ទ្រង់​យក​ព្រះទ័យ​ទុកដាក់​ក្នុង​កិច្ចការ​ជំនួញ​ជាមួយ​បរទេស​ណាស់។

រីឯ​ស្ដេច​កន វិញ មិន​យកចិត្ត​ទុកដាក់​នឹង​កិច្ចការ​ជំនួញ​ទេ។ ជាង​នេះ​ទៅ​ទៀត ដើម្បី​ទាក់ទាញ​ទឹកចិត្ត​ប្រជារាស្ត្រ ស្ដេច​កន បាន​បន្ធូរបន្ថយ​មិន​យក​ពន្ធ ដែល​អាច​ធ្វើ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច រួច​ដែល​នាំ​ឲ្យ​ចាញ់​សង្គ្រាម​តែម្តង។

នៅ​ចុង​បញ្ចប់​នៃ​សង្គ្រាម​ស៊ីវិល​នេះ ព្រះ​ស្រីជេដ្ឋា​ព្រះស្ដេច​កន ត្រូវ​ទ័ព​ព្រះអង្គ​ច័ន្ទ ព័ទ្ធ​ជាប់​ក្នុង​បន្ទាយ​អស់​រយៈពេល​បី​ខែ។ ព្រះអង្គ​ត្រូវ​រង​របួស​ជា​ទម្ងន់ ហើយ​ត្រូវ​ចាប់​ខ្លួន​បាន និង​នៅ​ទី​អវសាន​ស្ដេច​កន ដែល​ជា​អតីត​ក្មេង​វត្ត​នៃ​ក្រុម​ពលព្រះ ហើយ​វាយ​ដណ្ដើម​យក​រាជ្យ​ពី​ព្រះបាទ​សុគន្ធបទ នេះ ត្រូវ​បាន​ទ័ព​របស់​ព្រះ​ច័ន្ទរាជា កាត់​ព្រះ​សិរសា ឬ​កាត់​ក្បាល រួច​យក​ទៅ​ដោត​នៅ​មុខ​បន្ទាយ​ស្រឡប់ពិជ័យ ដើម្បី​ជា​បំរាម​ដល់​មនុស្ស​ទូទៅ​កុំ​ឱ្យ​ធ្វើ​តម្រាប់​តាម។

ចំណែក​ឯ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឯណេះ​វិញ បន្ទាប់ពី​ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា តើ​លោក ហ៊ុន សែន មាន​វិសាលភាព​អំណាច​បែប​ណា?

លោក ពុយ គា ប្រធាន​ក្លឹប​អ្នក​កាសែត​កម្ពុជា និង​ជា​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន Kyodo របស់​ជប៉ុន បាន​សរសេរ​បង្ហោះ​នៅ​លើ​សារព័ត៌មាន​អនឡាញ​ដែល​គាំទ្រ​រដ្ឋាភិបាល Fresh News ថា អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន សែន បាន​ក្លាយ​ជា​ប្រធាន​ព្រឹទ្ធសភា​ដែល​ជា​តំណែង​ផ្តល់​តួនាទី​កាន់តែ​ទូលាយ​មិន​ត្រឹមតែ​ជា​ដើម​ខ្សែ​អូស​បន្ទាត់​នយោបាយ​ទៅ​លើ​ស្ថាប័ន​នីតិប្រតិបត្តិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បាន​បន្លាយ​រហូត​ដល់​ស្ថាប័ន​នីតិប្បញ្ញត្តិ​ដ៏​កំពូល​មួយ​ទៀត។

លោក ពុយ គា សរសេរ​ថា ជា​ប្រធាន​គណបក្ស​កាន់​អំណាច លោក ហ៊ុន សែន អាច​តែងតាំង ដោះដូរ និង​មាន​ឥទ្ធិពល​ពេញលេញ​ទៅ​លើ​ឥស្សរជន​នយោបាយ​គ្រប់​រូប សូម្បីតែ​នាយករដ្ឋមន្ត្រី។

ប្រភព​ដដែល​អះអាង​ថា លោក ហ៊ុន សែន នឹង​ក្លាយ​ជា​ប្រមុខ​រដ្ឋ​ស្តីទី​នៅ​ពេល​ដែល​ព្រះមហាក្សត្រ​អវត្តមាន​ពី​ប្រទេស ហើយ​ពេល​នោះ លោក ហ៊ុន សែន នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ជាតិ​សំខាន់ៗ ឬ​ព្រះរាជក្រឹត្យ​នានា​ដែរ។

ជា​ប្រធាន​ក្រុមប្រឹក្សា​រាជបល្ល័ង្ក​ដែល​ជា​ស្ថាប័ន​ជ្រើសរើស​អ្នក​ស្នងរាជ្យ​នៅ​ពេលវេលា​ណា​មួយ​ចូល​មក​ដល់។ ក្រៅពី​នោះ លោក​ក៏​ជា​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​នៃ​ព្រះមហាក្សត្រ​ដែល​ប្រជុំ​ដោយ​ឥស្សរជន​ដែល​មាន​គោរមងារ​សុទ្ធសឹងតែ​ជា​សម្តេច និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី។

លោក ពុយ គា អះអាង​ថា លោក ហ៊ុន សែន មាន​អាត់​នៅ​នឹង​ដៃ​ចំនួន ៣ រួច​ទៅ​ហើយ នោះ​គឺ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុម​ឧត្ដមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ រីឯ​អាត់​ចុងក្រោយ​គឺ​ប្រមុខ​រដ្ឋ​ស្តីទី​នោះ​តែម្តង។

លោក​ថា យោង​ទៅ​លើ​មុខតំណែង និង​តួនាទី​ដូច​បាន​រៀបរាប់​ខាងលើ លោក ហ៊ុន សែន ប្រៀប​ដូចជា​ប្រទេស​មហាអំណាច​មួយ​នៅ​លើ​អាណាចក្រ​នយោបាយ​នៅ​កម្ពុជា ព្រោះ​សូម្បីតែ​នៅ​រាល់​ព្រឹត្តិការណ៍​ជាតិ​ទាំងឡាយ លោក​នឹង​ត្រូវ​ស្ថិត​នៅ​ទីតាំង​ដែល​មាន​ឋានានុក្រម​ខ្ពស់​ជាងគេ​បន្ទាប់ពី​ព្រះមហាក្សត្រ និង​នៅតែ​ខ្ពស់​ជាង​កូនប្រុស​របស់​លោក​ដែល​ជា​នាយករដ្ឋមន្ត្រី។

អ្នកវិភាគ​នយោបាយ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ​លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily ថា ការ​ដើរ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី និង​ពី​សមាជិក​សភា​ទៅ​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា មិនមែន​ជា​ការ​ដើរ​ចេញ​ពី​អំណាច​ទេ ប៉ុន្តែ​គឺជា​ល្បែង​ពង្រឹង​គ្រឹះ​អំណាច​គ្រួសារ ដោយ​ប្រើ​ស្ថាប័ន​ព្រឹទ្ធសភា​ជា​ឧបករណ៍​សម្រាប់​ប្រថាប់ត្រា និង​គាបសង្កត់​ជា​ចំហ ដោយ​ការ​ប្រើ​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ឈ្នាន់ ទាំង​ភ្លឺ ទាំង​ងងឹត កាន់តែ​ងាយស្រួល​ជាង​មុន​ប៉ុណ្ណោះ។

លោក គឹម សុខ គូស​បញ្ជាក់​ថា លោក ហ៊ុន សែន ឡើង​កាន់​តំណែង​ជា​ប្រធាន​ព្រឹទ្ធសភា​នេះ គឺ​ប្រៀប​ដូចជា​ស្ដេច​កន​ជ្រែក​រាជ្យ​ដូច្នោះ​ដែរ ព្រោះ​ថា​គាត់​នឹង​ឈាន​ទៅ​កាន់​ទី​ខ្ពស់​លើ​គេ​បង្អស់​ក្នុង​ការ​បញ្ជា​នយោបាយ​ពីក្រោយ​ខ្នង ដែល​អាច​ឱ្យ​គាត់​មាន​សិទ្ធិ​បង្ខំ​ព្រះមហាក្សត្រ​ចាកចេញ​ពី​ប្រទេស​គ្រប់​ពេល ដើម្បី​ឱ្យ​គាត់ និង​កូន​របស់​គាត់ គឺ​លោក ហ៊ុន ម៉ាណែត អាច​ប្រើ​អំណាច​តាម​អំពើ​ចិត្ត​ក្នុង​នាម​ជា​ស្តេច​ឪពុក ហើយ​នាយករដ្ឋមន្ត្រី​ជា​កូន​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដ៏​កម្សត់​មួយ​នេះ ប៉ុន្តែ​អំណាច​ពីរ​នាក់​ឪពុក​កូន​នេះ គឺ​គ្រាន់តែ​ជា​អំណាច​ខុស​រដ្ឋធម្មនុញ្ញ និង​ក្បត់​ឆន្ទៈ​ប្រជាជាតិ​ខ្មែរ​ប៉ុណ្ណោះ។

អ្នក​សង្កេតការណ៍​និយាយ​ថា ស្ថានភាព​របស់​ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​ដឹកនាំ​របស់​លោក ហ៊ុន សែន និង​ត្រកូល​ហ៊ុន​ទាំងមូល​បច្ចុប្បន្ន​នេះ មាន​ភាព​ស្រដៀង​គ្នា​ច្រើន​ទៅ​នឹង​ស្ថានភាព​ដឹកនាំ​ប្រទេស​របស់​សេ្តច​កន ដែល​ជា​ចោរ​ជ្រែក​រាជ្យ។

បើ​តាម​ឯកសារ​ពង្សាវតារ​ខ្មែរ​ឲ្យ​ដឹង​ថា ស្ថានភាព​ប្រទេស​ដែល​គ្រប់គ្រង​ដោយ​សេ្តច​កន ញាំញី​ទៅ​ដោយ​អំពើពុករលួយ សេដ្ឋកិច្ច​ធ្លាក់​ចុះ រាស្ត្រ​កាន់តែ​ក្រ ល្បែងស៊ីសង​ពាលាអាវ៉ាសែ​គ្រប់​ទិសទី ចោរកម្ម​កាប់​សម្លាប់​រាស្ត្រ​គ្មាន​ត្រា​ប្រណី និង​ភាព​អសកម្ម​របស់​មន្ត្រី​រាជការ​នា​សម័យ​នោះ​ជាច្រើន​ទៀត។

រហូត​មក​ទល់​ពេលនេះ គ្មាន​ប្រវត្តិវិទូ​ណា​មួយ​សម្ដែង​មោទនភាព​អំពី​ការ​ដឹកនាំ​របស់​សេ្តច​កន នា​សម័យ​នោះ​ទេ ក្រៅ​តែ​លោក ហ៊ុន សែន និង​ក្រុម​មន្ត្រី​របស់​លោក​នោះ។ លោក ហ៊ុន សែន ម្តងម្កាល​ហាក់​ចង់​ប្រាប់​មហាជន​ថា លោក​ជា​ស្តេច​កន​ចាប់ជាតិ​ថែម​ទៀត ហើយ​រីឯ​ក្រុម​មន្ត្រី​ដែល​អែបអប​របស់​លោក​ឯ​ទៀត ក៏​កាន់តែ​ខំ​យកចិត្ត​មេ​កើយ​របស់​ខ្លួន ដោយ​សាងសង់​រូបសំណាក​សេ្តច​កន មាន​មុខមាត់​ស្រដៀង​នឹង​លោក ហ៊ុន សែន តែម្តង។

អ្នកវិភាគ​នយោបាយ​លោក គឹម សុខ បាន​ប្រាប់​លោក ហ៊ុន សែន កុំ​ចេះ​តែ​មាន​មោទនភាព​ប្រៀបធៀប​ខ្លួន​ទៅ​នឹង​ស្ដេច​កន ដោយ​មិន​ព្រម​កែ​ខ្លួន ហើយ​ទុក​ពេល​ឲ្យ​ជ្រុល​កែ​មិន​ទាន់​ដូច​ស្ដេច​កន​អី ពីព្រោះ​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បច្ចុប្បន្ន ធ្លាក់​ក្នុង​វិបត្តិ​អបាយមុខ​ធ្ងន់ធ្ងរ អយុត្តិធម៌​ច្របល់​សង្គម​ដូច​សម័យ​ស្ដេច​កន​អ៊ីចឹង​ដែរ។

លោក​បន្ត​ថា ដោយសារ​វិបត្តិ​ជាតិ​ធំ​ពេក ស្ដេច​កន​ត្រូវ​ប្រជារាស្ត្រ​ស្អប់ គ្មាន​កម្លាំង​ការពារ​គ្រប់គ្រាន់ ហើយ​ក៏​ត្រូវ​ទ័ព​របស់​ព្រះបាទ​ច័ន្ទរាជា កាត់​ក្បាល នៅ​ឆ្នាំ​១៥២៥ នៅ​បន្ទាយ​ស្រឡប់ពិជ័យ ក្នុង​ទឹកដី​ព្រៃនគរ។

លោក​បន្ត​ថា ចំណុច​ដូច​គ្នា​ពីរ​រវាង​សម័យ​ស្ដេច​កន និង​សម័យ​តេជោ​សែន គឺ​អំពើ​អបាយមុខ​បំផ្លាញ​ជាតិ​ហួស​ប្រមាណ និង​ការ​ទទួល​រង​នូវ​សម្អប់​របស់​ប្រជារាស្ត្រ។

លោក​ព្រមាន​ថា លោក ហ៊ុន សែន បើ​នៅ​បន្ត​មានះ​មិន​កែប្រែ​ស្ថានការណ៍​លួង​ចិត្ត​ប្រជារាស្ត្រ​ឲ្យ​ទាន់​ពេល​ទេ ទោះ​លោក ហ៊ុន សែន អាច​គេច​ផុត​ពី​ទណ្ឌកម្ម​របស់​ប្រជារាស្ត្រ​ដែល​កំពុង​ស្អប់​យ៉ាង​ខ្លាំង​ដូច​សព្វថ្ងៃ​ក៏ដោយ ក៏​អំពើ​ឧក្រិដ្ឋ​ចំពោះ​ជាតិ​ដែល​លោក ហ៊ុន សែន បាន​ប្រព្រឹត្ត​រាប់​មិន​អស់ នឹង​ក្លាយ​ជា​ការ​សាង​បាបកម្ម​ទុក​ឲ្យ​កូនចៅ​របស់​គាត់​ប្រឈម​ចៀស​មិន​ផុត​ឡើយ។

លោក​បន្ត​ថា ពិត​ណាស់ ទណ្ឌកម្ម​មាន​លក្ខណៈ​ខុស​គ្នា​មែន សម័យ​បុរាណ​គេ​កាត់​ក្បាល ប៉ុន្តែ​សម័យ​នេះ​ទណ្ឌកម្ម​គឺ​ការ​ជាប់​គុក ហើយ​អំណាច​ត្រូវ​រលាយ​ខ្សុល។

លោក គឹម សុខ បន្ត​ថា លោក ហ៊ុន សែន ដឹង​ថា​ទោះ​គាត់​គេច​ផុត​ពី​ការ​កាត់ទោស ព្រោះ​តែ​គាត់​ចាស់ជរា​ពេក​ហើយ ក៏​គាត់​នៅ​បារម្ភ​ថា ប្រជារាស្ត្រ​ខ្មែរ​នឹង​កាត់ទោស​បំផ្លាញ​ផ្នូរ ឬ​ធាតុ​របស់​គាត់​ដែរ។ ដោយ​មូលហេតុ​នេះ​ហើយ ទើប​លោក ហ៊ុន សែន ប្រឹង​រុញ​ឲ្យ​លោក ហ៊ុន ម៉ាណែត ពុះពារ​ការពារ​អំណាច​ឲ្យ​បាន ដើម្បី​រក្សា​ប្រយោជន៍​គ្រួសារ​ផង និង​អាច​ការពារ​ផ្នូរ ឬ​ធាតុ​របស់​គាត់​នៅ​ថ្ងៃ​ក្រោយ​ផង។

អ្នក​សង្កេតការណ៍​រូប​នេះ​និយាយ​ថា លោក ហ៊ុន សែន អ្វី​ដែល​ភ័យខ្លាច​បំផុត​នោះ គឺ​នៅ​ត្រង់​ថា គាត់​មាន​ចំណុច​ឧក្រិដ្ឋ​ជាច្រើន​ទៀត​លើស​ពី​ស្ដេច​កន ដូចជា​ការ​ប្រគល់​ទឹកដី​ជាតិ​ខ្មែរ​ឲ្យ​បរទេស​គ្រប់គ្រង ហើយ​ចំណែក​ស្ដេច​កន ដឹកនាំ​បង្ក​អបាយមុខ​ក្នុង​ផ្ទៃក្នុង​ជាតិ ធ្វើ​ឲ្យ​រាស្ត្រ​ស្អប់​ក៏​ពិត​មែន តែ​មិន​ដែល​កាត់​ដី​ខ្មែរ​ឲ្យ​បរទេស​ណា​នោះ​ទេ ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន បាន​បង្ក​ភយន្តរាយ​ក្នុង​ផ្ទៃក្នុង​ជាតិ​ផង និង​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ ទាំង​ដី​គោក​តាម​ព្រំដែន ផ្ទៃសមុទ្រ កោះ ដូចជា​កោះត្រល់ ថែមទាំង​បង្ហូរ​និគមជន​វៀតណាម​ខុស​ច្បាប់​ចូល​កម្ពុជា​ងាយៗ​ផង។

លោក​បន្ត​ថា កម្រិត​អបាយមុខ​ធំ​ប៉ុន​ស្ដេច​កន ប្រជារាស្ត្រ​ខ្មែរ​មិន​អាច​អនុគ្រោះ​ឲ្យ​បាន​ផង ដូច្នេះ​ប្រជារាស្ត្រ​ខ្មែរ​សម័យ​នេះ រឹតតែ​ពិបាក​អនុគ្រោះ​ឲ្យ​សន្តតិវង្ស ហ៊ុន សែន បាន​ណាស់ បើ​ពួកគេ​មិន​ភ្ញាក់​រឭក កែសម្រួល​លួង​ចិត្ត​រាស្ត្រ​ឲ្យ​ទាន់​ពេលវេលា​ទេ​នោះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស