31 C
Phnom Penh

ប្រាក់​​​ឈ្នួល​​​​​​វិស័យ​​​កាត់​​​ដេរ​​​ធ្លាក់​​​ចុះ​​​២២ភាគរយ​​​ក្នុង​​​រយៈ​​​ពេល​​​១០​​​ឆ្នាំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​របាយការណ៍​​​មួយ​​​ដែល​​​ត្រូវ​​​បាន​​​ផ្សព្វផ្សាយ​​​ឲ្យដឹង​​​កាល​​​ពីសប្តាហ៍​​​មុន​​​ដោយ​​​អង្គការ​​​មួយ​​​ដែល​​​មាន​​​មូលដ្ឋាន​​​នៅ​​​សហរដ្ឋ​​​អាមេរិក​​​ បាន​​​ឲ្យ​​​ដឹង​​​ថា បើប្រៀប​​​ធៀប​​​នឹង​​​ស្ថាន​​​ភាព​​​ជាក់​​​ស្តែង​​​ ប្រាក់​​​ឈ្នួល​​​របស់​​​កម្ម​​​ករកាត់ដេរ​​​នៅកម្ពុជា​​​បាន​​​ធ្លាក់​​​ចុះ​​​ជាង​​​២០​​​ភាគរយ​​​ នៅ​​​ចន្លោះ​​​ឆ្នាំ​​​២០០១​​​ដល់​​​ឆ្នាំ​​​២០១១​​​ បើ​​​ទោះបី​​​ជា​​​ការ​​​នាំចេញ​​​នៅ​​​ក្នុង​​​វិស័យ​​​នេះ​​​ចេះ​​​តែ​​​មាន​​​ការ​​​កើន​​​ឡើង​​​ជា​​​លំដាប់​​​ក៏ដោយ​​​ ដែល​​​កាល​​​ពីឆ្នាំ​​​២០១២​​​មាន​​​ទំហំទឹក​​​ប្រាក់​​​ជាង​​​៤ពាន់​​​លាន​​​ដុល្លារ​​​។

ដោយ​​​បា​​​ន​​​​​​សិក្សាស្រាវជ្រាវ​​​អំពី​​​ទំហំទិញ​​​នៅ​​​ក្នុង​​​ចំណោម​​​កម្ម​​​ករ​​​កាត់​​​ដេរ​​​ក្នុង​​​ប្រទេស​​​ចំនួន​​​​​​១៥ អង្គការ​​​ Worker Rights Consortium  ដែល​​​ហៅកាត់​​​ថា ដាប់​​​ប៊លយូ អា សីុ​​​ (WRC) ជា​​​អង្គការ​​​ត្រួត​​​ពិនិត្យ​​​សិទ្ធិការងារ​​​មួយ ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ប្រាក់​​​ឈ្នួល​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​អំឡុង​​​១០​​​ឆ្នាំ​​​កន្លងទៅ​​​នេះ មាន​​​ការ​​​ធ្លាក់​​​ចុះ​​​ “ គួរ​​​ឲ្យកត់​​​សម្គាល់​​​” ប្រសិន​​​បើ​​​គេគិត​​​​​​ដោយ​​​​​​ធៀប​​​ប្រាក់​​​ឈ្នួល​​​នេះ​​​នឹង​​​អតិផរណា​​​។

អង្គការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ដោយ​​​សំដៅ​​​ដល់​​​ប្រាក់​​​ឈ្នួលជាមធ្យម​​​ប្រចាំខែ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នៅ​​​អំឡុង​​​ពេល​​​នេះ​​​ថា “ ការ​​​ប្រៀបធៀប​​​ប្រាក់​​​ឈ្នួល​​​នៅ​​ចន្លោះ​​​ឆ្នាំ​​​២០០១​​​​​​ដល់ឆ្នាំ​​​២០១១​​​ជាមួយ​​​នឹង​​​អតិ​​​ផរណា​​​​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ថា  អត្រាប្រាក់ឈ្នួល​​​បាន​​​ធ្លាក់​​​​​​ចុះ​​​គួរ​​​ឲ្យកត់​​​សម្គាល់​​​ក្នុង​​​រយៈពេល​​​មួយ​​​ទស​​​វត្សរ៍​​​កន្លង​​​ទៅ​​​នេះ”។

អង្គការ​​​ WRC បានគិត​​​​​​ទូទាត់​​​អត្រាប្រាក់​​​ឈ្នួល​​​ជាមធ្យ​​​ម​​​ ដោយ​​​រួម​​​បញ្ចូល​​​ប្រាក់​​​លើក​​​ទឹក​​​ចិត្ត​​​ ក៏ប៉ុន្តែ មិន​​​គិត​​​​​​ប្រាក់​​​ធ្វើ​​​ការ​​​ថែម​​​ម៉ោង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០១​​​ថា មាន​​​កម្រិត​​​៥១​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ ចំណែក​​​ឯនៅ​​​ក្នុង​​​ឆ្នាំ២០១១​​​វិញ​​​មាន​​​កម្រិត​​​៧០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ។

ក៏ប៉ុន្តែ របាយការណ៍​​​បាន​​​បង្ហាញថា ប្រាក់​​​ឈ្នួល​​​ជាមធ្យម​​​​​​នៅក្នុង​​​ឆ្នាំ២០១១​​​បាន​​​ធ្លាក់​​​ចុះ​​​ចំនួន​​​២២ភាគរយ​​​ បើប្រៀបធៀប​​​នឹងការ​​​កើន​​​ឡើង​​​អតិផរណា។ របាយការណ៍​​​នេះ​​​បាន​​​បង្ហាញ​​​ទៀត​​​ថា បន្ទាប់​​​ពី​​​លើក​​​យក​​​ការ​​​កើន​​​ឡើង​​​តម្លៃទំនិញ​​​ប្រើប្រាស់​​​មក​​​គិត​​​ទូទាត់​​​គ្នា​​​ ប្រាក់​​​ឈ្នួល​​​ជាមធ្យមក្នុង​​​ឆ្នាំ​​​២០១១​​​គួរ​​​តែមាន​​​ចំនួន​​​ស្មើនឹង​​​៣៩,៧៨​​​ដុល្លារ​​​ក្នុង   ​​​មួយ​​​ខែ​​​កាល​​​ពី​​​ឆ្នាំ​​​២០០១។

របាយការណ៍​​​របស់​​​អង្គការ​ WRC ក៏បាន​​​លើកឡើង​​​ផង​​​ដែរថា ការធ្លាក់​​​ចុះ​​​ប្រាក់​​​ឈ្នួល​​​​​​ជាក់​​​ស្តែង​​​នៅ​​​​​​ប្រទេស​​​កម្ពុជា គឺជា​​​ការព្រួយ​​​​​​បារម្ភកាន់​​​តែ​​​ខ្លាំង​​​ឡើង​​​ ប្រសិនបើ​​​វិស័យ​​​​​​​​​កាត់​​​ដេរ​​​នៅ​​​ប្រទេស​​​កម្ពុជា​​​ ត្រូវ​​​បាន​​​​​​ត្រួត​​​ពិនិត្យ​​​ដោយ​​​អង្គការ​​​ពលកម្ម​​​អន្តរជាតិ​​​។

នៅ​​​ក្នុង​​​ប្រទេស​​​បង់ក្លាដែស  ដែល​​​មិ​​​ន​​​ត្រូវ​​​បាន​​​ត្រួតពិនិត្យ​​​ដោយ​​​អង្គការពលកម្ម​​​អន្តរជាតិ​​​នោះ​​​ ការធ្លាក់ចុះប្រាក់ឈ្នួលតាម​​​ស្ថាន​​​ភាព​​​ជាក់​​​ស្តែង​​​ គឺមាន​​​កម្រិត​​​ត្រឹម​​​តែ​​ ២ភាគ​​​រយ​​​​​​ប៉ុណ្ណោះ​​​នៅក្នុង​​​រយៈពេល​​​មួយ​​​ទសវត្សរ៍​​​មក​​​នេះ​​​។ របាយការណ៍​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា  ប្រាក់​​​ឈ្នួល​​​ជាក់​​​ស្តែង​​​នៅ​​​ក្នុង​​​វិស័យ​​​វាយនភណ​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​ និង​​​ឥណ្ឌូ​​​ណេសីុ​​​មាន​​​កំណើន​​​ចំនួន​​​២៨,៤​​​ភាគ​​​រយ​​​ និង​​៣៩,៧​​​ភាគរយ​​​ បន្ត​​​បន្ទាប់​​​គ្នា​​​​​​។ ​​​ក្នុង​​​ប្រទេស​​​ចិន​​​​​​ប្រាក់ឈ្នួល​​​ “ បាន​​​កើន​​​ឡើង​​​ជាង​​​ពីរដង​​​ បើ​​​គិត​​​តាម​​​ស្ថាន​​​ភាព​​​ជាក់​​​ស្តែង​​​ ដោយ​​​បាន​​​ឡើងទៅ​​​ដល់​​​ចំនួន​​​១២៩,៤​​​ភាគរយ​​​”។

របាយការណ៍​​​ដដែល​​​បាន​​​បន្តទៀត​​​ថា “ការបាត់​​​បង់​​​ទំហំ​​​ទិញ​​​របស់​​​កម្មករ​​​មាន​​​ចំនួន​​​កាន់​​​តែ​​​ច្រើន​​​ឡើង​​​គួរ​​​ឲ្យកត់​​​សម្គាល់​​​…ជា​​​ពិសេស​​​ ខណៈដែល​​​វិស័យ​​​នាំចេញ​​​ផលិត​​​ផល​​​វាយនភណ្ឌ​​​របស់​​​ប្រទេស​​​នេះ​​​ស្ថិតនៅ​​​ក្រោម​​​ការ​​​ត្រួតពិនិត្យ​​​ពី​​​កម្មវិធីរោងចក្រ​​​​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា​​​របស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​ អំឡុង​​​រយៈពេល​​​នេះ​​​”។

កម្មវិធីរបស់​​​អង្គការ​​​ពល​​​កម្ម​​​អន្តរជាតិ​​​នេះ​​​ត្រូវ​​​បាន​​​បង្កើតឡើង​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០០១​​​​​​ដើម្បី​​​ត្រួតពិនិត្យ​​​​​​ស្ថាន​​​ភាពការងារ​​​នៅ​​​តាម​​​រោង​​​ចក្រកាត់​​​ដេរ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ ហើយ​​​បាន​​​ទទួលរង​​​ការរិះគន់​​​យ៉ាង​​​ខ្លាំង​​​កាល​​​ពីដើម​​​ឆ្នាំនេះ​​​នៅ​​​ពេល​​​របាយការណ៍​​​នេះ​​​ត្រូវ​​​បាន​​​រិះគន់​​​នៅ​​​ក្នុង​​​របាយការណ៍​​​មួយ​​​កាលពីខែ​​​កុម្ភៈ​​​របស់​​​អ្នកសិក្សា​​​ស្រាវជ្រាវ​​​មក​​​ពី​​​សាលា​​​ច្បាប់​​​ Stanford Law School ដែល​​​បាន​​​បង្ហាញ​​​ថា ប្រាក់​​​ឈ្នួល​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​ធ្លាក់​​​ចុះ​​​គួរ​​​ឲ្យ​​​កត់​​​សម្គាល់​​​នៅ​​​ក្នុ​​​ងរយៈពេល​​​១០​​​ឆ្នាំ​​​កន្លង​​​ទៅ​​​នេះ​​​ ចំណែក​​​ឯប្រាក់​​​ឈ្នួល​​​នៅ​ក្នុង​​​​​​​​ប្រទេស​​​ចិន ឥណ្ឌូណេសីុ​​​ ​​​ និង​វៀត​​​ណាម​​​វិញ​​​មាន​​​ការ​​​កើន​​​ឡើង​​​ ខណៈដែលរហូត​​​មក​​​ដល់​​​បច្ចុប្បន្ន​​​​​​​​​​​​ប្រទេស​​​ទាំង​​​នេះ​​​នៅ​​​មិន​​​ទាន់​​​មាន​​​កម្មវិធី​​​បែប​​​នេះ​​​នៅឡើយ​​​។

គេមិន​​​អាច​​​ទាក់​​​ទង​​​បុគ្គលិក​​​នៅ​​​អង្គការ​​​ពល​​​កម្មអន្តរជាតិ​​​ ដើម្បី​​​ឆ្លើយ​​​តប​​​នឹង​​​ការ​​​លើក​​​ឡើង​​​នេះ​​​នៅ​​​ឡើយ​​​ទេ​​​។ បើទោះបីជា​​​អង្គការ​​​ WRC រក​​​ឃើញ​​​បែប​​​នេះក៏ដោយ​​​ ក៏​​​ចាប់​​​តាំង​​​ពីឆ្នាំ​​​២០១១​​​មក​​​ ប្រាក់ឈ្នួល​​​អប្បបរមា  នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​បាន​​​កើនឡើង​​​ដល់​៨០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ ហើយ​​​ជាមធ្យម​​​កម្មករ​​​អាច​​​ទទួល​​​​​​បាន​​​១០០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ បើគិត​​​ទាំងប្រាក់​​​ធ្វើ​​​ការ​​​បន្ថែម​​​ម៉ោង​​​។

លោក​​​ វ៉ាន់​​​ ស៊ូអៀង ប្រធាន​សមាគម​ថៅកែ​រោងចក្រ​កាត់ដេរ​កម្ពុជា​​​​បាន​​​ជំទាស់​​​នឹង​​​តួលេខ​​​ដែល​​​ផ្តល់​​​ដោយ​​​អង្គការ​​​ WRC​​​ ដោយ​​​លោក​​​មាន​​​ប្រសាសន៍​​​ថា ប្រាក់​​​ឈ្នួល​​​៧០​​​ដុល្លារ​​​ក្នុង​​​មួយ​​​ខែ​​​ គឺ​​​ជាកម្រិត​​​អប្បបរមា​​​នៃ​​​​​​ប្រាក់ជាមធ្យម​​​ ដែល​​​កម្មករ​​អាច​​​ទទួល​​​បាន​​​នៅក្នុង​​​ឆ្នាំ​​​២០១១​​​។
លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ប្រទេស​​​កម្ពុជា​​​ចាំបាច់​​​ត្រូវ​​​តែមាន​​​ភាព​​​ប្រកួត​​​ប្រជែង​​​​​​បើប្រៀបធៀប​​​នឹង​​​ប្រទេស​​​ផ្សេងៗ​​​ទៀត​​​។ អង្គការ​​​ [WRC] អាច​​​យក​​​តួលេខ​​​នេះ​​​មក​​​កែ​​​ប្រែ​​​កម្រិតប្រាក់ឈ្នួល​​​​​​ជាមធ្យមទៅ​​​តាម​​​ស្ថាន​​​ភាព​​​​​​ ប្រសិន​​​បើ​​​ពួក​​​គេចង់​​​ធ្វើ​​​​​​។ ក៏ប៉ុន្តែ សម្រាប់​​​ខ្ញុំ​​​វិញ​​​ខ្ញុំ​​​ត្រូវ​​​តែ​​​ក្រឡេកមើល​​​ទៅ​​​និរន្ត​​​ភាព​​​សម្រាប់​​​វិស័យ​​​នេះ​​​ និង​​​ក្រឡេក​​​មើល​​​​​​ទៅ​​​ការងារចំនួន​​​៧០០​​​.០០០​​​កន្លែង​​​ ដែល​​​​​​ជួយ​​​ទ្រទ្រង់​​​ជីវភាព​​​រស់​​​នៅ​​​ដោយ​​​ប្រយោល​​​​​​ដល់​​​ប្រជាពលរដ្ឋ​​​២,៥លាននាក់​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ឲ្យ​​​ដឹង​​​បន្ថែម​​​ទៀត​​​ថា ក្រុមហ៊ុននានា​​​ដែលទិញ​​​សម្លៀក​​​បំពាក់​​​ពីប្រទេស​​​កម្ពុជា​​​ ពិត​​​ជាអាច​​​ផ្លាស់​​​ប្តូរ​​​ប្រាក់ឈ្នួល​​​បាន​​​ ប៉ុន្តែ មិន​​​ព្រម​​​ផ្លាស់​​​ប្តូរ​​​​​​ ដូច​​​ដែល​​​មាន​​​ការ​​​បង្ហាញ​​​ឲ្យ​​​ដឹង​​​តាម​​​រយៈ​​​ការបន្ត​​​ទិញ​​​របស់​​​ពួក​​​គេ​​​ពីប្រទេស​​​បង់ក្លាដែស​​​ ដែល​​​ជា​​​កន្លែង​​​ផលិត​​​សម្លៀក​​​បំពាក់​​​ថោក​​​ជាង​​​គេ​​​មួយ​​​ក្នុង​​​ចំណោម​​​កន្លែង​​​ផលិត​​​សម្លៀក​​​បំពាក់​​​​​​លើ​​​ពិភពលោក​​​ ប៉ុន្តែ​​​ ប្រទេស​​​នេះ​​​ត្រូវ​​​បាន​​​​​​ត្រូវ​​​បាន​​​រិះគន់​​​នាពេល​​​ថ្មី ៗនេះដោយសារ​​​បញ្ហា​​​បទដ្ឋាន​​​សុវត្ថិ​​​ភាព​​​។

លោកបាន​​​ឲ្យ​​​ដឹង​​​ថា “ ពួក​​​គេ​​​មិន​​​ចង់​​​ចំណាយ​​​ប្រាក់​​​​ច្រើន​ជាង​​​មុន​​​​​នោះទេ​​​។ វា​​​ល្ងង់​​​ណាស់​​​ដែល​​​គិត​​​ដូច្នេះ​​​  ហើយ​​​វា គឺ​​​ជា​​​ការស្រមើល​​​ស្រមៃ​​​មួយ​​​ ដែល​​​ទៅ​​​ប្រាប់​​​អ្នក​​​ទិញ​​​ឲ្យ​​​ចំណាយ​​​កាន់​​​តែ​​​ច្រើន​​​ជាង​​​មុន​​​ ពី​​​ព្រោះពួក​​​គេ​​​នឹង​​​ត្រូវ​​​ផ្លាស់​​​ប្តូរទៅ​​​កន្លែង​​​ផ្សេង​​​ទៀត​​​”។

លោក​​​ ដេវ វ៉េល (Dave Welsh) នាយក​​​​​​ប្រចាំប្រទេស​​​របស់​​​មជ្ឈមណ្ឌល​​​ Solidarity Center ជាអង្គការ​​​អាមេរិក​​​ ដែល​​​ធ្វើ​​​ការតស៊ូ​​​មតិ​​​ដើម្បី​​​សិទិ្ធការងារ​​​​​​បាន​​​មាន​​​ប្រសាសន៍ថា ដោយសារ​​​តែ​​​កម្ម​​​ករ​​​តែង​​​តែ​​​រស់​​​នៅ​​​ជិត​​​រោង​​​ចក្រ​​​ដែល​​​ពួក​​​គេ​​​ធ្វើ​​​ការ​​​ ទើបការបង្កើន​​​ប្រាក់​​​ឈ្នួល​​​​​​ប្រាក់ឈ្នួល​​​ធ្វើ​​​ឲ្យ​​​តម្លៃទំនិញ​​​នៅ​​​ក្នុង​​​សហគមន៍​​​របស់​​​ពួក​​​គេ​​​កើន​​​ឡើង​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា  “ គ្មាន​​​មូល​​​ហេតុ​​​ណាមួយ​​​ ដែល​​​ថា កម្មករ​​​នៅ​​​ក្នុ​​​ង​​​វិស័យ​​​នាំចេញ​​​ច្រើន​​​ជាងគេ​​​បំផុត​​​នៅ​​​ក្នុង​​​ប្រទេស​​​នេះ​​​ ដែល​​​កំពុង​​​តែ​​​បង្កើត​​​ទ្រព្យ​​​សម្បត្តិ​​​ដ៏​​​ច្រើន​​​មហិមាដល់​​​ក្រុម​​​ហ៊ុន​​​បញ្ជាទិញ​​​ និង​​​ម្ចាស​​​់​​​រោងចក្រ​​​នានា ​​​មិន​​​គួរ​​​ទទួល​​​បាន​​​ចំណែក​​​ប្រកប​​​ដោយ​​​សមធម៌​​​នោះទេ​​​”៕

ប្រែសម្រួល​ដោយ​ ហួង​ កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស