យុទ្ធនាការឃោសនាបោះឆ្នោតដែលកំពុងធ្វើនៅទូទាំងប្រទេសនោះមិនបានទៅដល់ផ្ទះរបស់អ្នកស្រី នាង សន និងផ្ទះអ្នកជិតខាងរបស់គាត់ ដែលស្ថិតនៅក្នុងភូមិលិចទឹក នៅជាប់មាត់ទន្លេសាបនៅជាយរាជធានីភ្នំពេញនេះទេ។
អ្នកស្រីបាននិយាយថា “គណបក្សប្រជាជនកម្ពុជាមិនដែលឲ្យអង្ករឬក្រមាឬអ្វីមួយដល់យើងទេ។គ្មានក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជាមកនិយាយជាមួយយើងទេ ហើយក៏គ្មាននរណាម្នាក់មកពីគណបក្សសង្គ្រោះជាតិបានមកជួយយើងដែរ”។
ប៉ុន្តែសម្រាប់អ្នកស្រី សន និងសមាជិកសហគមន៍ជនជាតិភាគតិចវៀតណាមជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ជម្រើសក្នុងការជ្រើសរើសអ្នកដែលពួកគេបោះឆ្នោតឲ្យនៅថ្ងៃទី២៨ខែកក្កដានោះគឺជាការងាយស្រួល។
អ្នកស្រីបាននិយាយថា “ជនជាតិវៀតណាមភាគច្រើនគាំទ្រគណបក្សប្រជាជនកម្ពុជា ពីព្រោះយើងមើលឃើញថា ពួកគេធ្វើឲ្យយើងរស់នៅទីនេះបានស្រួល”។ ខណៈដែលគណបក្សប្រជាជនកម្ពុជាមានទំនាក់ទំនងជាប្រវត្តិសាស្ត្រជាមួយប្រទេសវៀតណាមចំពោះការផ្ដល់កងទ័ពឲ្យមកផ្ដួលរំលំខ្មែរក្រហមនៅឆ្នាំ១៩៧៩នោះ អ្នកនយោបាយគណបក្សប្រឆាំងបានប្រើប្រាស់គំនិតប្រឆាំងវៀតណាមដើម្បីប្រមូលការគាំទ្រពីគណបក្សកាន់អំណាច។
គណបក្សប្រឆាំងក៏បានចោទរដ្ឋាភិបាលជាយូរមកហើយថា មានគោលនយោបាយអន្តោប្រវេសន៍ធូររលុង ដែលបានជំរុញឲ្យជនអន្តោប្រវេសន៍ជាច្រើនមកពីប្រទេសជិតខាងរបស់ខ្លួនចូលក្នុងប្រទេសកម្ពុជា។ ការប៉ាន់ប្រមាណអំពីចំនួនពិតប្រាកដនៃប្រជាជនវៀតណាមមានភាពខុសគ្នាច្រើន។ យោងតាមការស្ទង់មតិរបស់ក្រសួងផែនការបង្ហាញថា ជនជាតិភាគតិចវៀតណាមមានចំនួនប្រហែល៩០.០០០នាក់ រីឯរបាយការណ៍ឈ្មោះសៀវភៅស្វែងរកការពិតលើពិភពលោករបស់ទីភ្នាក់ងារសើុបការណ៍សម្ងាត់អាមេរិក ដែលមិនមែនជាប្រភពសម្ងាត់បង្ហាញថា ជនជាតិវៀតណាមត្រូវបានប៉ាន់ប្រមាណថា មានចំនួនប្រហែល៥ភាគរយនៃប្រជាពលរដ្ឋខ្មែរចំនួន១៥,២លាននាក់ ឬមានចំនួនជាង៧០.០០០នាក់ ដោយធ្វើឲ្យជនជាតិភាគតិចវៀតណាមជាជនជាតិភាគតិចមួយក្រុម ដែលមានចំនួនច្រើនជាងគេ។
ដោយសារគណបក្សសង្គ្រោះជាតិបានសន្យាកាត់បន្ថយការប្រើប្រាស់ពាក្យសម្ដីក្នុងពេលឃោសនាប្រឆាំងនឹងវត្តមានរបស់ជនជាតិវៀតណាមនៅក្នុងប្រទេសកម្ពុជានោះពាក្យសម្ដីប្រឆាំងវៀតណាមខ្លាំងៗ ដែលលោក សម រង្ស៊ី និងលោក កឹម សុខា បានប្រើកាលពីមុននោះ បានធ្វើឲ្យជនជាតិភាគតិចវៀតណាមនៅក្នុងប្រទេសកម្ពុជាគាំទ្រគណបក្សកាន់អំណាចវិញ។
សំ សុផាត អាយុ៥៨ឆ្នាំ ដែលមានឈ្មោះវៀតណាម ង្វៀន វ៉ាន់ហុង បានកើតនៅក្នុងប្រទេសកម្ពុជា និងបានរត់គេចខ្លួនអំឡុងសម័យលន់នល់ ប៉ុន្តែបានវិលត្រឡប់មកវិញនៅក្នុងឆ្នាំ១៩៨៨។ គាត់បាននិយាយថា គាត់បានទទួលសញ្ជាតិខ្មែរជាផ្លូវការនៅឆ្នាំ១៩៩៣ គឺនៅពេលបោះឆ្នោតប្រជាធិបតេយ្យលើកដំបូងក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាម្ចាស់ហាងជួសជុលម៉ាស៊ីនត្រជាក់នៅជិតស្ពានមុនីវង្ស គាត់គឺជាអ្នកគាំទ្រដ៏ស្មោះត្រង់ម្នាក់ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយគាត់ហៅលោក ហ៊ុន សែន ថា “សម្ដេច” និងជាសមាជិកគណបក្សប្រជាជនកម្ពុជាជាយូរមកហើយ។
គាត់បាននិយាយថា “សម្ដេចអនុញ្ញាតឲ្យប្រជាជនវៀតណាមរស់នៅបានស្រួល។ សម្ដេចមានគោលនយោបាយល្អ ពីព្រោះសម្ដេចមិនបង្ខំឲ្យមានការនិរទេសជនជាតិវៀតណាមទេ”។ គាត់បានបន្ថែមថា នេះគឺជាការផ្ទុយគ្នាទាំងស្រុងពីអ្វីដែលគាត់គិតថា ជាគោលនយោបាយរបស់គណបក្សប្រឆាំង។
ពេលអង្គុយនៅក្នុងផ្ទះធ្វើពីបេតុងតូចមួយរបស់គាត់ ដែលមានហាងកាហ្វេ កន្លែងជួសជុលម៉ូតូ និងដេប៉ូលក់ឈើនៅជុំវិញ ដែលសុទ្ធតែមានស្លាកសញ្ញាសរសេរទាំងភាសាខ្មែរ និងភាសាវៀតណាមនោះ គាត់បាននិយាយទៀតថា “គណបក្សសង្គ្រោះជាតិមិនខ្វល់អំពីជនជាតិវៀតណាមទេ ពីព្រោះប្រសិនបើពួកគេឈ្នះឆ្នោត ពួកគេនឹងបញ្ជូនជនជាតិវៀតណាមទៅស្រុកវិញ អ៊ីចឹងហើយវានឹងធ្វើឲ្យការរស់នៅរបស់យើងមានការលំបាក”។
លោក សុន ឆ័យ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិប្រចាំរាជធានីភ្នំពេញបានមានប្រសាសន៍ថា នៅឆ្នាំនេះ គណបក្សប្រឆាំងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីអនុវត្តច្បាប់អន្តោប្រវេសន៍ ដែលមានស្រាប់ ដោយមិនបានផ្តោតលើជនអន្តោប្រវេសន៍វៀតណាម ដែលខុសច្បាប់ ឬស្របច្បាប់នោះទេ។
លោកបានមានប្រសាសន៍ថា “ក្នុងនាមជាគណបក្សប្រឆាំង យើងមានការប្រុងប្រយ័ត្ន ដោយសារថា នៅពេលយើងនិយាយអំពីជនអន្តោប្រវេសន៍ខុសច្បាប់ យើងប្រើភាសារបស់យើងឲ្យបានសមស្របច្រើនជាងមុន”។ លោកបានបន្ថែមថា “ខ្ញុំគិតថា សូម្បីតែពីមុន មានការយល់ខុសអំពីគោលនយោបាយរបស់យើងឲ្យមានការគោរពច្បាប់របស់ប្រទេសកម្ពុជា មិនមែនជាគោលជំហរជាតិសាសន៍និយមឡើយ”។
ទោះជាយ៉ាងណា អ្នកបោះឆ្នោតជនជាតិវៀតណាមនៅកម្ពុជាមានការ ប្រុងប្រយ័ត្នអំពីគោលបំណងរបស់គណបក្សប្រឆាំងប្រសិនបើពួកគេបានជាប់ឆ្នោតឡើងកាន់អំណាច។ នៅក្នុងការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតលើកមុន លោក សម រង្ស៊ី និងលោក កឹម សុខា បានសន្យាលុបបំបាត់ឥទ្ធិពលអាក្រក់របស់យួនឲ្យអស់ពីក្នុងប្រទេសនេះនៅគ្រប់ស្រទាប់វណ្ណៈទាំងអស់។
លោក សម រង្ស៊ី បានប្រាប់អ្នកចូលរួមនៅវត្តភ្នំពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅឆ្នាំ១៩៩៨ថា “ប្រសិនបើខ្ញុំឈ្នះឆ្នោត ខ្ញុំនឹងបញ្ជូនជនអន្តោប្រវេសន៍យួនទៅវិញទាំងអស់។ រដ្ឋាភិបាលធ្វើការបម្រើយួន។ ប្រសិនបើគណបក្សសមរង្ស៊ី ឈ្នះ នឹងគ្មានអាយ៉ងយួនទៀតទេ”។
អំឡុងពេលធ្វើយុទ្ធនាការនោះដែរ លោក កឹម សុខា ដែលនៅពេលនោះជាអគ្គលេខាធិការគណបក្សសឺនសាន ដែលពេលនេះលែងមានទៅហើយនោះបាននិយាយស្រដៀងគ្នានេះ។ លោកបានប្រាប់មនុស្សរាប់រយនាក់នៅក្នុងខេត្តតាកែវថា “ប្រសិនបើយើងឈ្នះ យើងនឹងបញ្ជូនយួនទាំងអស់ទៅប្រទេសវៀតណាមវិញ”។
និន្នាការរបស់គណបក្សប្រឆាំងក្នុងការធ្វើឲ្យមានការភ័យខ្លាចដោយសារកម្ពុជាធ្លាប់មានជម្លោះជាមួយប្រទេសវៀតណាមនោះ មានវិធីជាច្រើនបានធ្វើឲ្យខូចការខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដឹកនាំចលនាប្រជាធិបតេយ្យពិតប្រាកដនៅក្នុងប្រទេសនេះ នេះបើតាមការលើកឡើងរបស់បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលម្នាក់ ដែលបានធ្វើការជាមួយសហគមន៍វៀតណាម និងសហគមន៍ខ្មែរនៅតាមបណ្ដោយព្រំដែនអស់រយៈពេលមួយទសវត្សរ៍ ហើយបានស្នើសុំមិនឲ្យបញ្ចេញឈ្មោះ ដើម្បីកុំឲ្យគេចាត់ទុកអង្គការរបស់គាត់ថា គាំទ្របញ្ហារសើបបែបនេះ។
លោកបានមានប្រសាសន៍ថា “វាជាការអៀនខ្មាស ដែល សម រង្ស៊ី និង កឹម សុខា បានប្រើអារម្មណ៍ប្រឆាំងវៀតណាម ដើម្បីផលប្រយោជន៍នយោបាយរបស់ខ្លួន ពីព្រោះពួកគាត់ក៏និយាយថា ពួកគាត់ចង់បានលទ្ធិប្រជាធិបតេយ្យដែរ” លោក សុន ឆ័យ ខ្លួនលោកផ្ទាល់បាននិយាយឥតសំចៃអំពីការគំរាមកំហែងពីជនអន្តោប្រវេសន៍វៀតណាមជាច្រើននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងបទសម្ភាសមួយកាលពីឆ្នាំ២០០២ លោកបានមានប្រសាសន៍ថា “ប្រសិនបើរដ្ឋាភិបាលមិនចាត់វិធានការធ្ងន់ធ្ងរទេ កម្ពុជានឹងមានបញ្ហាកាន់តែធ្ងន់ធ្ងរនៅពេលឆាប់ៗនេះ គឺយើង [ប្រជាជនខ្មែរ] នឹងក្លាយជាជនជាតិភាគតិចនៅក្នុងទឹកដីរបស់យើង” ជាពាក្យសម្ដីមួយដែលលោកនៅតែនិយាយរហូតមកទល់ពេលនេះ។
លោកបានមានប្រសាសន៍កាលពីម្សិលមិញ សំដៅដល់សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលគាំទ្រដោយវៀតណាម និងដែលបានលើកបន្តុបលោក ហ៊ុន សែន ជាលើកដំបូងឲ្យធ្វើជានាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៨៥ថា “ខ្ញុំគិតថា នេះជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលក្នុងការការពារព្រំដែនមិនឲ្យជនអន្តោប្រវេសន៍ខុសច្បាប់ចូល។ ជនជាតិវៀតណាមហាក់ដូចជាបានទទួលគោលនយោបាយអន្តោប្រវេសន៍ពិសេសមួយពីរដ្ឋាភិបាលវៀតណាមនៅក្នុងឆ្នាំ១៩៨០ រហូតមកទល់ពេលនេះ”។
ប៉ុន្តែនៅពេលដែលគណបក្សប្រឆាំងអះអាងថា ជនជាតិភាគតិចវៀតណាម ដែលបានទទួលសញ្ជាតិខ្មែររួចហើយនោះមិនមានការព្រួយបារម្ភចំពោះរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សសង្គ្រោះជាតិនោះ ឈ្មោះ កុក ថៃ អាយុ៣១ឆ្នាំ ដែលបានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេល១០ឆ្នាំមកហើយ បាននិយាយថា គាត់ដឹងពីអារម្មណ៍ពិតប្រាកដរបស់មេដឹកនាំគណបក្សប្រឆាំងចំពោះប្រជាពលរដ្ឋវៀតណាមដូចជារូបគាត់។
គាត់បាននិយាយនៅឯហាងកាហ្វេមួយនៅទល់មុខចំណតរថយន្តក្រុងមួយកន្លែង ដែលគាត់ជាអ្នកលក់សំបុត្ររថយន្តក្រុងនោះថា “សម រង្ស៊ី បានប្រកាសយ៉ាងច្បាស់ថា គាត់ស្អប់វៀតណាម ដូច្នេះតើយើងបោះឆ្នោតឲ្យគណបក្សប្រឆាំងយ៉ាងម៉េចកើត”។
គាត់បាននិយាយថា “យើងគាំទ្រគណបក្សប្រជាជនកម្ពុជា ពីព្រោះប្រសិនបើគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត យើងអាចបន្តរស់នៅក្នុងប្រទេសកម្ពុជាទៀត”។ គាត់បានបន្ថែមថា ពេលដែលគ្រួសាររបស់គាត់ចូលមកក្នុងប្រទេសកម្ពុជា ម្ដាយរបស់គាត់គឺជាអ្នកលក់អង្ករបោះដុំនៅផ្សារអូរប្ញស្សី ហើយសង្គមកម្ពុជានៅពេលនោះមានភាពរលូននៅក្រោមការគ្រប់គ្រងរបស់លោក ហ៊ុន សែន។
ហើយដោយសារនៅតែបន្តមានការមិនពេញចិត្តកាន់តែខ្លាំងឡើងចំពោះជនជាតិវៀតណាមនៅកម្ពុជានាពេលសព្វថ្ងៃនេះ ការបង្ហាញពីអារម្មណ៍ហិង្សាបែបនេះមានភាពល្អប្រសើរច្រើនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០មក ដែលនៅពេលនោះវៀតណាម គឺជាគោលដៅនៃការវាយប្រហារ និងការវាយសម្លាប់ពីក្រុមមនុស្សមានកំហឹងអំឡុងពេលមានភាពតានតឹងផ្នែកនយោបាយ។
នៅដើមទសវត្សរ៍ឆ្នាំ១៩៧០ របបលន់ នល់ ដែលគាំទ្រដោយអាមេរិកបានអនុវត្តផែនការសម្លាប់សំដៅធ្វើឲ្យក្រុងភ្នំពេញរួចផុតពីឥទ្ធិពលរបស់វៀតណាម ដោយបានសម្លាប់ជនជាតិវៀតណាមរាប់រយនាក់ និងបានបង្ខំឲ្យជនជាតិវៀតណាមរាប់ពាន់នាក់ទៀតរត់ទៅប្រទេសវៀតណាមវិញ។
ជនជាតិវៀតណាមទាំងនោះ ដែលរស់នៅក្នុងប្រទេសកម្ពុជា ជាគោលដៅនៃការសម្លាប់រង្គាលនៅពេលខ្មែរក្រហមគ្រប់គ្រងប្រទេសពេញលេញ ហើយការចោទដែលថា ខ្មែរក្រហមបានអនុវត្តអំពើប្រល័យពូជសាសន៍លើជនជាតិវៀតណាមនោះស្ថិតក្នុងចំណោមការចោទប្រកាន់ដែលមិនទាន់បើកសវនាការជំនុំជម្រះនៅឡើយទេនៅក្នុងសំណុំរឿង០០២ នៅសាលាក្តីខ្មែរក្រហម។
ខ្មែរក្រហមបានបន្តដណ្តើមកាន់កាប់នូវអ្វីដែលខ្លួននិយាយថា ជាភូមិយួនរហូតដល់ដើមទសវត្សរ៍ឆ្នាំ១៩៩០។ នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នាក្នុងខែកញ្ញាឆ្នាំ១៩៩៨ មនុស្សមួយក្រុមបានសម្លាប់ជនជាតិវៀតណាមបួននាក់ពាក់ព័ន្ធនឹងអ្វីដែលគេជឿថា ជាការសម្លាប់ប្រកាន់ជាតិសាសន៍។
ក្រុមមន្ត្រីអង្គការសហប្រជាជាតិនិងស្ថានទូតវៀតណាមបានលើកឡើងថា អំពើហិង្សានេះទាក់ទងនឹងការប្រើវោហារសាស្ត្រប្រឆាំងវៀតណាមពីសំណាក់អ្នកនយោបាយប្រឆាំងអំឡុងការតវ៉ានឹងលទ្ធផលបោះឆ្នោតកាលពីមួយខែមុននោះ។
ប៉ុន្តែខណៈដែលអំពើហិង្សាប្រឆាំងជនជាតិវៀតណាមបច្ចុប្បន្ននេះមិនមែនជាកង្វល់ដ៏ធំនោះ ឥឡូវនេះ គណបក្សប្រឆាំងមិនសូវប្រើវោហារសាស្ត្រប្រឆាំងវៀតណាមនោះ ការគំរាមកំហែងមិនច្បាស់លាស់ពីឥទ្ធិពលបរទេសមកលើសង្គមនៅតែជាផ្នែកមួយនៃសុន្ទរកថាឃោសនារបស់លោក កឹម សុខា នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅឆ្នាំនេះ។
លោក កឹម សុផល អាយុ៦២ឆ្នាំ ដែលបានអង្គុយនៅលើបង់យ៉ាងស្ងៀមស្ងាត់ស្ដាប់វិទ្យុនៅតាមផ្លូវបេតុងដ៏តូចមួយនៅក្នុងភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ជាភូមិបណ្ដែតទឹក មានចម្ងាយតែពីរបីរយម៉ែត្រប៉ុណ្ណោះ បាននិយាយថា លោកព្រួយបារម្ភជាខ្លាំងអំពីការហូរចូលជនជាតិវៀតណាមមកក្នុងប្រទេសកម្ពុជា។
លោក សុផល បាននិយាយថា “ខ្ញុំព្រួយបារម្ភអំពីការមកដល់របស់ជនជាតិវៀតណាមកាន់តែច្រើនឡើង ពីព្រោះវាប៉ះពាល់ដល់សេដ្ឋកិច្ច។ មិនមានការងារធ្វើសម្រាប់ជនជាតិខ្មែរ។ ដូចគ្នានេះដែរ នៅពេលពួកគេកាន់តែច្រើនឡើងទទួលបានសញ្ជាតិនោះ ពួកគេអាចគ្រប់គ្រងអំណាច ហើយបោះឆ្នោតឲ្យអ្នកណា ដែលគិតដល់ផលប្រយោជន៍ពួកខ្លួនតែប៉ុណ្ណោះ”។
លោក ឈឹម ផលី្ល ជាមេភូមិបានមានប្រសាសន៍ថា មានជនជាតិវៀតណាម៥៧គ្រួសាររស់នៅក្នុងភូមិរបស់លោកទទួលបានសញ្ជាតិ ហើយជនជាតិវៀតណាមរាប់សិបនាក់ទៀត ដែលទទួលបានការអនុញ្ញាតឲ្យរស់នៅបណ្ដោះអាសន្ន” នៅតាមមាត់ទន្លេខាងក្រោមផ្ទះរបស់លោក ដែលធ្វើពីឈើផុតពីដី។
លោកបានមានប្រសាសន៍ថា “វាមិនមែនជាបញ្ហានោះទេ ពីព្រោះពួកគេមកទីនេះដោយស្ងប់ស្ងាត់ ហើយលោកកត់សម្គាល់ថា មុខរបរសំខាន់របស់អ្នកភូមិជនជាតិវៀតណាមទាំងនេះបានផ្លាស់ប្ដូរពីការនេសាទត្រី ទៅធ្វើការសំណង់វិញ ដោយសារបរិមាណត្រីនៅបឹងទន្លេសាបកាន់តែហិនហោចទៅៗ”។ លោកបានមានប្រសាសន៍ថា “ចំពោះការរស់នៅវិញ [វត្តមានរបស់ជនអន្តោប្រវេសន៍វៀតណាម] មិនលំបាកនោះទេ។ ប៉ុន្តែសម្រាប់ការរកស៊ីវិញវាជាបញ្ហា”៕
ប្រែសម្រួលដោយ មូល គឹមហឿន