ឯកសារ និងឌីវីឌីមួយកញ្ចប់ដែលក្រសួងមហាផ្ទៃផ្ញើជូនស្ថានទូតបរទេសនិងអង្គការក្រៅរដ្ឋាភិបាលនៅសប្តាហ៍នេះ បានដកស្រង់សម្តីរបស់លោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំង ជាសកម្មភាពព្រហ្មទណ្ឌដែលបានកើតឡើងចាប់តាំងពីការបោះឆ្នោតមក និងក្រុមភេរវករនៅអាមេរិកដើម្បីបង្ហាញពីលទ្ធផលហិង្សាដែលកើតចេញពីការតវ៉ាទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិ។
កញ្ចប់នោះមានឌីវីឌីថតសំឡេងរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ដែលបាននិយាយនៅពេលថ្មីៗនេះរួមជាមួយនឹងប្រតិចារឹកជាភាសាអង់គ្លេសនៃពាក្យសម្តីប្រឆាំងគណបក្សប្រជាជនកម្ពុជា ការប្រមូលផ្តុំសារគាំទ្រគណបក្សសង្គ្រោះជាតិនៅតាមហ្វេសប៊ុក លិខិតរបស់លោក សួន សេរីរដ្ឋា ដែលត្រូវបានរដ្ឋាភិបាលចាត់ទុកថា ជាភេរវករ និងរបាយការណ៍សង្ខេបស្តីពីការផ្ទុះគ្រាប់បែកដែលបានកើតឡើងចាប់តាំងពីការបោះឆ្នោតជាតិនេះមក។
ក្នុងឯកសារមួយក្នុងកញ្ចប់ដែលត្រូវបានបញ្ជូនចេញពីបញ្ជាការដ្ឋានអចិន្ត្រៃយ៍ទទួលបន្ទុកសន្តិសុខពេលបោះឆ្នោតនៃក្រសួងមហាផ្ទៃ និងចុះកាលបរិច្ឆេទថ្ងៃទី២១ខែសីហាបានស្នើសុំឲ្យអ្នកទទួលជួយរដ្ឋាភិបាលក្នុងការធ្វើឲ្យប្រាកដថា ការនិយាយប្រឆាំងរដ្ឋាភិបាល ដែលគណបក្សសង្គ្រោះជាតិយកមកប្រើនោះមិនបណ្តាលឲ្យមានការរំខានដល់សន្តិភាព។
លិខិតនោះលើកឡើងថា “គណៈបញ្ជាការអចិន្ត្រៃយ៍ទទួលបន្ទុកសន្តិសុខពេលបោះឆ្នោតមានក្តីសោមនស្សរីករាយក្នុងការដាក់ជូនសារញុះញង់ជាច្រើនដែលត្រូវបានគណបក្សសង្គ្រោះជាតិបង្កើតឡើងដោយចេតនា”។ លិខិតនេះបន្តទៀតថា “គណៈបញ្ជាការសូមឆ្លៀតឱកាសនេះសំដែងនូវការអរគុណដ៏ស្មោះត្រង់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ឯកឧត្តម និងលោកជំទាវដែលធានាឲ្យមានឥរិយាបថអហិង្សាក្នុងការបោះឆ្នោតក្នុងពេលថ្មីៗនេះ”។
ក្នុងចំណោមពាក្យដកស្រង់ចេញពីសម្តីរបស់ប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិនៅក្រោយពេលការបោះឆ្នោតនេះ គឺពាក្យសម្តីដែលលោក សម រង្ស៊ី បាននិយាយទៅកាន់ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្តាល។
គេបានដកស្រង់សម្តីរបស់លោក សម រង្ស៊ី ថា “តើបងប្អូនសុខចិត្តឲ្យគេលួចជ័យជម្នះរបស់យើងទេ? តើបងប្អូនទាំងអស់គ្នាហ៊ានតវ៉ាជាមួយគណបក្សសង្គ្រោះជាតិទេ?ធ្វើបាតុកម្មឲ្យដូចរញ្ជួយផែនដី”។ ពេលថ្លែងសុន្ទរកថាក្នុងខេត្តព្រៃវែង លោក កឹម សុខា ត្រូវបានដកស្រង់សម្តីដែលនិយាយអំពីគំនិតស្រដៀងគ្នានេះ។
គេបានដកស្រង់សម្តីលោក កឹម សុខា ថា “បងប្អូនប្រុសស្រីបោះឆ្នោតឲ្យយើងឈ្នះ យើងពិតជាឈ្នះមែន ដូច្នេះយើងមិនអនុញ្ញាតឲ្យសំឡេងឆ្នោតបានទៅលើចោរទេ។ប្រសិនបើយើងចាញ់ យើងនឹងធ្វើបាតុកម្មជាមួយគ្នា។ តើបងប្អូនទាំងអស់គ្នាហ៊ានធ្វើបាតុកម្មទេ?។ ក្នុងចំណោមសារតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែលគេបានយកមកថតចម្លង និងធ្វើប្រតិចារឹកនោះគឺសាររបស់លោក សម រង្ស៊ី ផ្ញើជូនយោធាកម្ពុជាឲ្យចូលរួមជាមួយគណបក្សសង្គ្រោះជាតិ។លោក សម រង្ស៊ី បានសរសេរកាលពីថ្ងៃទី៩ ខែសីហាថា “ ខ្ញុំសូមអំពាវនាវដល់កងកម្លាំងប្រដាប់អាវុធឲ្យរួបរួមគ្នាជាមួយប្រជាជន និងអំណាចយុវជនដើម្បីផ្លាស់ប្តូរមេដឹកនាំ”។
សារតាមហ្វេសប៊ុកមួយទៀតមកពីអ្នកប្រើប្រាស់ហ្វេសប៊ុកឈ្មោះ Love Honor។ អ្នកប្រើប្រាស់ហ្វេសប៊ុករូបនេះបានសរសេរថា “នៅក្នុងខេត្តក្រុងចំនួន២៣ត្រូវបានគេស្នើសុំឲ្យប្រមូលផ្តុំគ្នាឲ្យបាន២០.០០០នាក់ដើម្បីចាប់ខ្លួន ហ៊ុន សែន ជានាយករដ្ឋមន្ត្រីចោរ”។
នៅចុងបញ្ចប់នៃការអត្ថាធិប្បាយបង្កបញ្ហារបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ និងអ្នកគាំទ្ររបស់ខ្លួននៅតាមហ្វេសប៊ុកនោះបង្ហាញពីបទល្មើសចំនួនបីករណីដែលគេបានប្រព្រឹត្តនៅខែនេះក្រោមចំណងជើងថា “ ការបង្កៃគ្រាប់បែក និងសកម្មភាពបំផ្ទុះ”។
ដោយសង្កេតឃើញថា ទង្វើទាំងអស់ត្រូវបានប្រព្រឹត្តឡើងដោយជនល្មើសមិនស្គាល់ឈ្មោះនោះ ឯកសារនេះរាយការណ៍ពីការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី៧ ខែសីហានៅជិតសាលាដំបូងរាជធានីភ្នំពេញ ការរកឃើញគ្រាប់ M79 ពីរគ្រាប់ដែលគេយកទៅដាក់នៅលើធ្នើរបង្អួចនៃផ្ទះមួយនៅក្នុងខណ្ឌទួលគោកក៏កើតឡើងនៅថ្ងៃទី៧ ខែសីហាដែរ និងការគប់គ្រាប់បែកនៅទីស្នាក់ការគណបក្សប្រជាជនក្នុងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែសីហា។
កញ្ចប់របស់ក្រសួងមហាផ្ទៃនេះ ក៏មានលិខិតចំហមួយដែលលោក សួន សេរីរដ្ឋា ប្រធានចលនាអំណាចពលរដ្ឋខ្មែរ បានផ្ញើជូនយោធា និងកងកម្លាំងនគរបាលកម្ពុជា ហើយលោកត្រូវបានរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជាក្រុមភេរវករដែលមានទំនាក់ទំនងជាមួយគណបក្សសង្គ្រោះជាតិ។គណបក្សសង្គ្រោះជាតិបដិសេធថា មិនមានទំនាក់ទំនងណាមួយជាមួយលោក សួន សេរីរដ្ឋា ដែលនគរបាលមានដីកាចាប់ខ្លួននោះទេ។
លោក សួន សេរីរដ្ឋា ត្រូវបានដកស្រង់សម្តីយកមកសរសេរនៅក្នុងលិខិតមួយចុះ ថ្ងៃទី១៤ ខែសីហាថា “ខ្ញុំសូមអំពាវនាវដល់ទាហាន នគរបាល កងរាជអាវុធហត្ថ និងកងកម្លាំងប្រដាប់អាវុធកម្ពុជាទាំងអស់ឲ្យបែរ កាណុងកាំភ្លើងរបស់ខ្លួនទៅរកជនផ្តាច់ការញៀនសង្គ្រាម ដែលជាមេដឹកនាំសង្គ្រាម និងគំរាមបង្កសង្គ្រាម ដើម្បីសម្លាប់ពូជសាសន៍ខ្លួនឯង”។
ទោះបីជាឯកសារទាំងនេះមិនភ្ជាប់លោក សួន សេរីរដ្ឋា និងការគប់គ្រាប់បែកនេះដោយច្បាស់លាស់ទៅនឹងគណបក្សសង្គ្រោះជាតិ ក៏ពួកគេធ្វើឲ្យមានទំនាក់ទំនងរវាងឧប្បត្តិហេតុទាំងនេះ និងគោលបំណងរបស់គណបក្សប្រឆាំងដែរ ប្រសិនបើពួកគេធ្វើការតវ៉ាទូទាំងប្រទេស។ រដ្ឋាភិបាលកំពុងព្យាយាមធ្វើឲ្យមានការសន្និដ្ឋានដោយមិនច្បាស់លាស់ថា គណបក្សសង្គ្រោះជាតិគំរាមធ្វើមហាបាតុកម្ម មានន័យថា គណបក្សប្រឆាំងចង់ផ្តួលរំលំរដ្ឋាភិបាល ហើយបន្ទាប់មកភ្ជាប់រឿងនោះទៅនឹងលោក សួន សេរីរដ្ឋា ក្នុងការផ្ទុះគ្រាប់ែបក គឺធ្វើឲ្យរឿងទាំងអស់នេះហាក់ដូចជាមានទំនាក់ទំនងនឹងគ្នា។
ដូច្នេះពួកគេកំពុងព្យាយាមធ្វើការសន្និដ្ឋានថា មហាបាតុកម្មនឹងនាំឲ្យមានបញ្ហានានាដូចជា ការបំផ្ទុះគ្រាប់បែកនៅសាលាដំបូងរាជធានីភ្នំពេញ នេះបើតាមប្រសាសន៍របស់លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាដែលស្ថិតក្នុងចំណោមអង្គការក្រៅរដ្ឋាភិបាលដែលបានទទួលកញ្ចប់នោះ។ “ខ្ញុំមិនគិតថា វានឹងធ្វើឲ្យអ្នកទទួលបានកញ្ចប់នោះជឿទេពីព្រោះអ្វីដែលពួកគាត់ [ លោក សម រង្ស៊ី លោក កឹម សុខា ] និយាយនោះមិនខុសច្បាប់ទេ។ មនុស្សដែលជាគោលដៅ គឺអ្នកជាប់ពាក់ព័ន្ធខ្លាំង។ អ្វីៗគ្រប់យ៉ាងអាចមើលឃើញជាសាធារណៈ”។
លោកបាននិយាយថា ការដែលក្រសួងមហាផ្ទៃបញ្ចុះបញ្ចូលអង្គការក្រៅរដ្ឋាភិបាលនោះគឺជាការល្អ។ ពួកគេពិតជាខ្វល់អំពី យោបល់របស់សហគមន៍អន្តរជាតិ និងយោបល់របស់សង្គមស៊ីវិល”។ លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា លិខិតនោះធ្វើឡើងដោយសង្ឃឹមថា តំណាង ស្ថានទូត និងអង្គការក្រៅរដ្ឋាភិបាលនឹងផ្ញើសារនេះទៅឲ្យគណបក្សប្រឆាំងថា គណបក្សនេះត្រូវបន្ថយវោហារសាស្ត្ររបស់ខ្លួនដើម្បីចៀសវាងពីជម្លោះជាមួយរដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា “គោលបំណងរបស់យើងក្នុងការផ្ញើឯកសារទាំងនេះទៅឲ្យស្ថានទូតនោះ គឺដើម្បីឲ្យស្ថានទូតទាំងនោះជួយយើងក្នុងការកាត់បន្ថយវោហារសាស្ត្ររបស់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង កាត់បន្ថយពាក្យសម្តីរបស់លោកកុំឲ្យញុះញង់ប្រជាជនឲ្យធ្វើបាតុកម្មផ្តួលរំលំ និងផ្លាស់ប្តូររដ្ឋាភិបាល”។
លោកឧត្តមសេនីយ៍ឯក ខៀវ សុភ័គ បានមានប្រសាសន៍បន្ថែមទៀតថា “មេដឹកនាំគណបក្សសង្គ្រោះជាតិមិនស្តាប់រដ្ឋាភិបាលទេ ដូច្នេះយើងត្រូវការស្ថានទូតឲ្យជួយនិយាយជាមួយពួកគេ។ការធ្វើបាតុកម្មផ្តួលរំលំ និងផ្លាស់ប្តូរនេះគឺជាការបះបោរ ហើយយើងមិនចង់បានទេ។ វានឹងធ្វើឲ្យជាតិធ្លាក់ចូលក្នុងភាពចលាចល”។
ប៉ុន្តែ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ឯកសារទាំងនោះមានបំណងបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រឆាំង។ “ពួកគេចង់បង្ខូចកេរ្តិ៍ឈ្មោះយើង។ ពួកគេចង់ភ្ជាប់ការធ្វើបាតុកម្មអហិង្សារបស់យើងទៅនឹងបាតុកម្មហិង្សា។ នេះគឺជាការគំរាមថា ពួកគេនឹងបង្ក្រាប ប៉ុន្តែ ខ្ញុំគិតថា អ្នកការទូត និងឯកអគ្គរដ្ឋទូតយល់ច្បាស់ណាស់។យើងមិនជាប់ពាក់ព័ន្ធជាមួយចលនារបស់លោក សួន សេរីរដ្ឋា ទេ”៕
ប្រែសម្រួលដោយ មូល គឹមហឿន