35 C
Phnom Penh

លោក ហ៊ុន សែន តែងតាំង​លោក សួន សេរីរដ្ឋា អតីត​ប្រធាន​បក្ស​អំណាច​ខ្មែរ​ជា​ទីប្រឹក្សា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ពូជ​នៅ​កម្ពុជា​លោក ហ៊ុន សែន តែងតាំង​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា ធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់។

ក្នុង​សេចក្តី​សម្រេច​ស្ដីពី​ការ​តែងតាំង​មន្ត្រី​គណបក្ស ចុះ​ថ្ងៃទី​២៧ ខែ​កក្កដា កន្លងទៅ ហើយ​ដែល​សារព័ត៌មាន The Cambodia Daily ទើប​បាន​ទទួល ឲ្យ​ដឹង​ថា ការ​តែងតាំង​លោក សួន សេរីរដ្ឋា ជា​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើឡើង​តាម​ការ​សម្រេច​គណៈ​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល។

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​លោក សួន សេរីរដ្ឋា ធ្លាប់​ត្រូវ​បាន​តុលាការ​ក្រោម​បញ្ជា​លោក ហ៊ុន សែន ចាប់​ខ្លួន និង​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ១០​លាន​រៀល​កាលពី​ថ្ងៃទី​២៥ ខែ​សីហា ឆ្នាំ​២០១៧ ពី​បទ «ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់​បង្គាប់ ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព និង​បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»

អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូប​នេះ​ត្រូវ​បាន​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​មួយ​ត្រាស់​បង្គាប់​លើកលែង​ទោស​កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ បន្ទាប់ពី​លោក សួន សេរីរដ្ឋា ក៏​បាន​សរសេរ​លិខិត​មួយ​ដោយ​សុំទោស​លោក ហ៊ុន សែន និង​ស្នើសុំ​ឲ្យ​បុរស​ខ្លាំង​រូប​នេះ​ជួយ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះលែង​លោក​ពី​ពន្ធនាគារ​វិញ។

លោក សួន សេរីរដ្ឋា បច្ចុប្បន្ន​ជា​រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​វេទិកា​សន្តិភាព​កម្ពុជា (វ.ស.ក) អះអាង​ថា សន្តិភាព​ដែល​ខ្មែរ​មាន​បាន​មក​ដល់​សព្វថ្ងៃ​នេះ គឺ​បាន​មក​ដោយ​ញើស​ឈាម និង​ទឹកភ្នែក​ជាមួយ​នឹង​ការ​យក​ជីវិត​ទៅ​ប្តូរ​របស់​សម្តេច​តេជោ ហ៊ុន សែន។

លោក​ថា សម្តេច​ប្រហែល​ជា​មិន​ល្អ ១០០% ដូច​ពួក​អ្នក​រមឹលគុណ​គាត់​ចង់​បាន​ទេ តែ​គាត់​ល្អ​លើស​ពី ១០០% សម្រាប់​អ្នក​ដឹងគុណ​គាត់ ដែល​ស្គាល់​ពី​តម្លៃ​នៃ​ការ​លះបង់​របស់​គាត់ និង​ទទួលស្គាល់​នូវ​សច្ចភាព​ប្រវត្តិសាស្ត្រ។

កាលពី​ឆ្នាំ​២០១៧ មុន​ពេល​ដែល​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរីរដ្ឋា បាន​ត្មះតិះដៀល​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ថា​គ្មាន​សមត្ថភាព​អាច​បង្កើត​ឱកាស​ការងារ និង​មុខរបរ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​ពេញ​កម្លាំង​បម្រើ​ការងារ​ក្នុង​ប្រទេស។

លោក​លើកឡើង​ថា ពលរដ្ឋ​ខ្មែរ​ជាច្រើន​នាក់​ត្រូវ​បង្ខំ​ចិត្ត​ចាកចេញ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស និង​ថា​ភាគច្រើន​មិន​អាច​វិល​មក​ចូលរួម​ពិធីបុណ្យ​ចូលឆ្នាំ ឬ​បុណ្យ​ប្រពៃណី​ផ្សេងៗ​ទេ ដោយ​លោក​ថា​គឺ​ពួកគេ​ត្រូវ​ទ្រាំ​នៅ​ស៊ីឈ្នួល​ធ្វើការ​ឲ្យ​គេ​នៅ​ក្រៅ​ប្រទេស។

ប៉ុន្តែ​ក្រោយ​ពេល​ចូលរួម​ជីវភាព​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា លោក សួន សេរីរដ្ឋា បាន​លើកឡើង​សរសើរ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថា​សន្តិភាព​ដែល​ខ្មែរ​បាន​មក​ដល់​ថ្ងៃ​នេះ គឺ​បាន​មក​ដោយ​ញើស​ឈាម និង​ទឹកភ្នែក​ជាមួយ​នឹង​ការ​យក​ជីវិត​ទៅ​ប្តូរ​របស់​បុរស​ម្នាក់ គឺ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស