30.7 C
Phnom Penh

ក្តីបារម្ភអំពី​រដ្ឋ​ប្រហារ​ជាការ​បំផ្លើស​​ដែល​មាន​​​បំណង​​បង្ក​ការ​ភ័យ​ខ្លាច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រយៈពេល​ជាង​មួ​យ​សប្តាហ៍បន្ទាប់​ពី​ប្រជា​ពល​រដ្ឋ​កម្ពុជា ​បាន​នាំគ្នា​ទៅបោះឆ្នោត​​កាល​ពីថ្ងៃ​ទី​២៨​ ខែ​កក្កដា​ គ្រាប់​បែក​មួយ​បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​សាលា​ដំបូង​រាជធានី​ភ្នំេពញ​​នៅ​​វេលាទៀបភ្លឺនា​ថ្ងៃ​មួយ ដោយ​បំផ្លាញបង្អួច​ធនាគារ​មួយ​នៅ​ក្បែរ​នោះ​ ប៉ុន្តែ​ មិន​បាន​បណ្តាល​ឲ្យ​នរណា​ម្នាក់​រង់​របួស​ទេ​។​​

នៅ​ថ្ងៃ​បន្ទាប់​ គឺនៅ​ថ្ងៃ​ទី​៨​ ខែ​សីហា​​ គ្រាប់​បែក​ M381 ចំនួន​ពីរ​គ្រាប់​ត្រូវ​បាន​​ប្រទះ​ឃើញ​នៅមាត់​បង្អួច​នៃ​ផ្ទះ​មួយ​ក្នុង​ខណ្ឌ​ទួល​គោក​រាជធានីភ្នំពេញ​។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី១៤​ ខែ​សីហា​ គ្រាប់​បែក​​មួយ​កែ​ច្នៃ​ពីម្សៅតេអិនតេ បាន​ផ្ទុះ​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ កំពុង​កាន់​អំណាច​ក្នុ​ងខេត្ត​កំពង់​ស្ពឺ។ ប៉ុន្តែ​ ដូច​លើកមុន​អ៊ីចឹងដែរ គឺហេតុការណ៍​នេះ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់​ទេ​ ដោយ​គ្រាន់​តែ​ធ្វើ​ឲ្យ​​ជញ្ជាំង​ទីស្នាក់ការគណ​បក្ស​​នេះ​រង​ការ​ខូច​ខាត​បន្តិច​បន្តួច​​ប៉ុណ្ណោះ​។

សរុប​មក​ ហេតុការណ៍​ទាំង​បី​នេះ​គ្មាន​នរ​ណា​ម្នាក់​រង​របួស​ទេ​ ហើយ​ពេល​វេលា​នៃ​ការ​ផ្ទុះ​ទាំង​ពីរ​លើកសុទ្ធតែបាន​កើត​ឡើង​នៅពេល​យប់​​ ដែល​ហាក់​ដូចជា​បង្ហាញថា ​ករណីនេះ​គ្មាន​គោល​ដៅ​វាយ​ប្រហារ​ច្បាស់​លាស់ទេ។ប៉ុន្តែ​នៅ​សប្តាហ៍​នេះក្រសួង​​មហាផ្ទៃ​​បាន​ប្រើ​ប្រាស់​ហេតុការណ៍​ទាំង​នេះដើម្បី​ពន្យល់ស្ថាន​ទូត​ជាង​៤០​ ព្រម​ទាំង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​មួយ​ចំនួនផង​​​ដែរថា គណបក្ស​សង្គ្រោះ​អា​ច​នឹង​អនុវត្ត​ផែនការ​ផ្តួល​រំលំ​រដ្ឋាភិបាល​​ ប្រសិន​បើគណបក្ស​សង្គ្រោះ​ជាតិ​​បន្ត​ធ្វើ​មហា​បាតុ​កម្ម​ទូទាំង​ប្រទេស​​នៅ​ថ្ងៃ​ទី៧​ ខែកញ្ញា។

កាល​ពីថ្ងៃ​ពុធ​ បញ្ជាការ​ដ្ឋាន​អចិន្ត្រៃយ៍​ទទួល​បន្ទុក​សន្តិសុខ​ពេល​​បោះឆ្នោត​នៃ​ក្រសួង​មហាផ្ទៃ​​បាន​ផ្ញើ​កញ្ចប់​ឯកសារ​ឌីវីឌី​ដែល​រួមមាន​ទាំង​សុន្ទរកថា​របស់​លោក​ សម រង្ស៊ី​ និង​លោក​ កឹម​ សុខា​ មេដឹកនាំគណបក្ស​ប្រឆាំង​​នៅមុន​ការ​បោះឆ្នោត​ផង ដែល​អំពាវ​នាវ​ឲ្យប្រ​ជា​ពលរដ្ឋ​​ធ្វើ​​បាតុកម្ម​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ចាញ់​ឆ្នោត​។ ក្រសួង​មហាផ្ទៃ​បាន​កត់​ត្រាករណី​ផ្ទុះ​ទាំង​ពីរ​ និង​ករណីគ្រាប់​បែក​ដែល​ត្រូវ​បាន​រក​ឃើញ​ និង​ដែល​រួម​​ទាំង​លិខិត​ចំហមួយ​​ដែល​លោក​ សួន​ សេរីរដ្ឋា មេដឹកនាំ​ចលនា​អំណាច​ពល​រដ្ឋ​ខ្មែរ​ផ្ញើ​ទៅយោធា​ និង​កង​កម្លាំង​នគរបាល​ ជំរុញ​ឲ្យ​ពួក​គេ​បែរកាណុង​កាំភ្លើង​របស់​ខ្លួន​ដាក់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន ផងដែរ។

ជាការពិតណាស់ ​ការចងចាំ​​​ព្រឹត្តិការណ៍​ក្រោយការ​បោះឆ្នោត​ក្នុង​ឆ្នាំ​១៩៩៨​នៅ​ថ្មី​ៗ​​នៅឡើយនៅ​ក្នុង​ចិត្ត​របស់​ប្រជា​ពល​រដ្ឋ​ជាច្រើន​។ នៅ​ក្រោយ​ការ​បោះ​ឆ្នោត​តែង​តែមាន​ការតវ៉ាហិង្សា​ពីសំណាក់អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ ហើយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ បាន​​អះអាង​កាល​ពីខែកញ្ញា​ឆ្នាំនោះថា លោក​ជា​គោ​លដៅ​នៃការ​បំផ្ទុះ​គ្រាប់​បែក​បង្កៃ​តាម​​​ផ្លូវ​ក្នុ​ងក្រុង​សៀម​រាប​។ ខណៈពេល​ដែលលោក​នាយក​រដ្ឋ​មន្ត្រី​ និង​តំណាង​រាស្ត្រ​ថ្មីៗកំពុង​ធ្វើ​ដំណើ​រទៅចូល​រួមបើក​សម័យ​ប្រជុំ​សភា​ គ្រាប់​​រ៉ុកកែត​ B40​មួយ​គ្រាប់​បាន​ផ្ទុះ​នៅ​ក្បែរ​ក្បួន​រថយន្ត​របស់​ពួក​លោក ធ្វើ​ឲ្យ​​ខូចចាប់​ផ្តើម​សម័យ​ប្រជុំ​សភា​។

បណ្តា​បុគ្គលិក​អង្គការ​សិទ្ធិ​មនុស្ស​ និ​ងអ្នក​វិភាគ​និយាយ​ថា ការព្រមានរបស់​គណ​បក្ស​ប្រ​ឆាំង​នៅ​ពេល​ថ្មីៗ​នេះ​អំពី​រដ្ឋប្រហារជាសញ្ញា​មួយ​បង្ហាញ​ថា រដ្ឋាភិបាលមាន​ការ​​សង្ស័យ​​កាន់​តែខ្លាំងឡើង​និង​បង្ហាញ​ពីការ​គំរាម​យ៉ាង​ច្បាស់​ដើម្បី​បំភិត​បំភ័យ​​ប្រជាពល​រដ្ឋ​កុំឲ្យ​ចូល​រួម​​បាតុកម្ម​។

លោក​ នីកូឡាស អាហ្គោស្ទី​នី  (Nicolas Agostini) ដែល​ធ្លាប់​បម្រើការ​ងារ​ជាទីប្រឹក្សា​ច្បាប់​​ផ្នែកសិទ្ធិ​ដី​ធ្លី​នៅ​អង្គការ​អាដហុក​ និង​ដែល​បច្ចុប្បន្ន​ជា​​ប្រតិភូ​​មួយ​រូប​ប្រ​ចាំនៅ​អង្គ​ការ​សហ​ប្រជា​តិ​ តំណាង​ឲ្យ​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិ​មនុស្ស     (International Federation for Human Rights) ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ​​បាន​មាន​ប្រសាសន៍ថា “ ទោះបី​ជា​ឥរិយាបថ​មិន​សមទំនង​​​ប្រហែល​ជា​ដើរ​តួនា​ទីយ៉ាង​សំខាន់​​នៅ​ក្នុង​នយោបាយ​ក្រោយ​​ការ​បោះឆ្នោត​ក៏ដោយ​ ក៏​កម្រិត​នៃ​ការ​ធ្វើ​សេចក្តី​សម្រេច​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ចំពោះ​គណបក្ស​សង្គ្រោះជាតិ​បង្ហាញ​ថា វាជាផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​​របស់​គណ​បក្ស​​ប្រជាជន​កម្ពុជា​ ដែល​ត្រូវ​បាន​សម្រេច​នៅ​ថ្នាក់​កំពូល​ដើម្បី​បង្ក​ការ​ភ័យ​ខ្លាច​ក្នុង​ចំណោម​ប្រជាពល​រដ្ឋ​”។

លោក​បានលើក​ឡើង​នៅ​ក្នុង​អ៊ីម៉េល​មួយ​ថា “ មូល​ដ្ឋាន​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា​​ គឺ​នៅ​តាម​ជន​បទ​​ ហើយ​​មនុស្ស​ចាស់ជំនាន់​មុន​ដែល​ទទួល​បាន​ព័ត៌មាន​តិច​តួច ​ទំនង​ជា​ភ័យខ្លាច​ចំពោះ​អស្ថិ​រ​ភាព​ជាង​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិនៅ​តំបន់​ក្រុង​​ដែល​មាន​វ័យ​ក្មេង​ជាង​និង​មាន​ការ​អប់​រំច្រើន​ជាង​​”។​ លោកបាន​ពន្យល់ថា សមាជិក​ទាំងនេះ​នៃ​សង្គមទំនង​ជា​ចង​ចាំ​ច្រើន​ជាង​​នូវ​ហេតុការណ៍​នានា​​ដូ​ចជា ការ​ប្រយុទ្ធ​គ្នា​ក្នុង​ឆ្នាំ​១៩៩៧​ជា​ដើម ហេតុដូច្នេះ​​ពួក​គេ​ទំនង​ជា​ច្រាន​ចោល​យុទ្ធសាស្ត្រ​នយោបាយដែល​ផ្អែកលើ​អំពើ​ហិង្សាច្រើន​ជាង​”។

លោក​ ដេវីដ ឆាណ្ឌល័រ ប្រវតិ្តវិទូ​អាមេរិក​ដែល​បាន​សរសេរ​ឯកសារ​ស្រាវ​ជ្រាវ​ជា​ច្រើន​ស្តីពីប្រទេស​កម្ពុជា ​សម័យ​ទំនើបបាន​មាន​ប្រសាសន៍ថា ឯកសារ​ដែល​រដ្ឋាភិបាល​ផ្ញើ​ទៅ​ស្ថាន​ទូត​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ជាសញ្ញាមួយ​បង្ហាញថា គណបក្ស​កំពុង​កាន់​អំណាច​​ភ័យ​ខ្លាច​ចំពោះ​អ្នក​តវ៉ា​តាម​ដង​ផ្លូវ​​ដែល​សម្តែង​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​​​​ចំពោះ​លទ្ធផល​នៃការ​បោះឆ្នោតនៅ​​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​មាន​ប្រសាសន៍ថា “ ពួកគេ​​មាន​អារម្មណ៍​ច្របូក​ច្របល់​ជាខ្លាំង​។ ពួក​គេ​មិន​ចង់​ឲ្យ​មាន​បាតុកម្មនៅ​ខែកញ្ញាទេ​ ​​ដូច្នេះ​ពួកគេ​កំពុង​តែ​ព្យាយាម​​បំភិត​បំភ័យ​ប្រជាពល​រដ្ឋ​​មិន​ឲ្យ​ចូល​រួម​ការ​ធ្វើ​បាតុកម្ម​នៅ​តាម​ផ្លូវ​”។
តែ​ទោះជាយ៉ាង​ណា​  ខណៈពេល​ហេតុ​ការណ៍ដូច​​ក្នុង​ឆ្នាំ​១៩៩៨​​  ដែល​នៅ​ពេល​នោះ​កង​កម្លាំង​​សន្តិសុខ​បាន​បំបែក​ក្រុម​បាតុករ​​គណបក្ស​ប្រឆាំង​ដោយ​ហិង្សា​ ក្រោយ​​ការ​បោះឆ្នោត​នៅឆ្នាំនោះ​ទំនង​ជាមិន​កើត​ឡើង​​នោះ​ អំពើ​ហិង្សា​​អាច​នឹង​កើត​មាន​ឡើង​​ ប្រសិន​បើ​មហាបាតុកម្ម​កើត​ឡើង​។

លោក​ ដេវីដ ឆាណ្ឌល័រ   ​មាន​ប្រសាសន៍ ថា “ វាពិត​ជាអាច​ទៅ​រួច ដែល​អ្នក​គាំទ្រ​​គណ​បក្ស​សង្គ្រោះជាតិ​មួយ​ចំនួន​ដែល​មាន​ការ​ខក​ចិត្ត​​អាច​នឹង​បំផ្ទុះគ្រាប់​បែក​ ឬ​ធ្វើអ្វី​ម្យ៉ាង​​ពី​ព្រោះ​ពួក​គេ​​មាន​កំហឹង​ចំពោះលទ្ធផល​នៃ​ការ​បោះឆ្នោត​”។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ទោះ​ជាយ៉ា​ងណា​ ការប៉ុន​ប៉ង​ផ្តួល​រំលំរដ្ឋាភិបាល​​ទំនង​ជាមិន​កើ​តមាន​ឡើង​ទេ​ ដោយ​សារ​តែ​គណបក្ស​ប្រឆាំង​ខ្វះ​អាវុធ។
លោក​បាន​មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះជាតិ​​ពិតជា​បាន​ក្រោក​ឈរ​ឡើង​ដើម្បី​ទទួល​ផល​ប្រយោជន៍​តិច​តួច​ពី​ការ​ធ្វើ​បាតុកម្ម​ ហើយ​គណបក្ស​ប្រឆាំង​នឹង​​ព្យាយាម​បង្កើន​ប្រជាប្រិយ​ភាព​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋ​សភា​​ជាតិ​។ លោក​បាន​មាន​ប្រសាសន៍ទៀត​ថា “ វា​ជា​​ដំណោះស្រាយ​​សម​ហេតុផល​តែ​មួ​យ​គត់។ពួកគេ​មិន​អាច​រត់​ចូល​ទៅ​ក្នុង​ព្រៃ​ទាំង​ងងឹត​ងងុល​បាន​ទេ ពីព្រោះ​ពួកគេ​ត្រូវ​ទទួល​ការ​ផ្តន្ទ​ទោស​ដោយ​សារតែ​រឿង​នោះ។​ជំហ​រល្អ​បំផុត​​​គឺ​ត្រូវ​ចូល​រដ្ឋ​សភា​​ដើម្បី​ធ្វើ​ទឡ្ហីករ​ណ៍​ និង​លើក​ឡើង​ពីបញ្ហា​នានា​ដូច​ជា​ អំពើ​ពុក​រលួយ​ជាដើម។ លោក​ ហ៊ុន សែន​ ប្រាកដ​ជា​មិន​​​ដឹង​ត្រូវ​ធ្វើ​យ៉ាងណាឡើយ​ចំពោះ​រឿង​នោះ​។ ពួក​គេ​នឹង​មានជ័យ​ជម្នះ​កាន់​តែ​ច្រើន”​។

មន្ត្រី​ការទូត​ជាន់​ខ្ពស់មួយ​រូប​នៅ​កម្ពុជា​បាន​មាន​ប្រ​សាសន៍ក្នុង​លក្ខខណ្ឌ​អនាមិកថា​ឯកសាររបស់​រដ្ឋាភិបាល​ដែល​ផ្ញើ​ទៅឲ្យស្ថានទូត​និង​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ ក៏អាច​ជា​កល្បិច​យុទ្ធសាស្ត្រ​របស់គណ​បក្ស​ប្រជាជន​កម្ពុជា​​ដែរ​​ ដើម្បី​ជំរុញ​ឲ្យ​ស្ថាន​ទូត​បរទេស​នានា​បញ្ចុះ​បញ្ចូល​គណបក្ស​ប្រឆាំង​ថា មហាបាតុកម្ម​មិន​មែន​ជាវិធី​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​ស្ថាន​ភាព​ជាប់​គាំង​​ផ្នែក​នយោបាយ​នាពេល​បច្ចុប្បន្ន​ទេ​។​ជាយូរ​មក​ហើយ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា ​​បាន​ប្រើ​ប្រាស់​ក្រុម​ “ ភេរវករ​” និង​អំពើ​ហិង្សា​​ ​ដើម្បី​បង្ខូច​កេរ្តិ៍​ឈ្មោះ​គណបក្ស​ប្រឆាំង​។ កាល​ពីខែឧសភា​​ នគរបាល​ជាតិ​បាន​បង្ហោះ​រូប​លោក​ សុន ឆ័យ ​តំណាង​រាស្ត្រ​គណ​បក្ស​ប្រឆាំង​អម​ជាមួយ​លោក សួន សេរីរដ្ឋា ដែល​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​។

លោក​ ដេវីដ ឆាណ្ឌល័រ​  ​មាន​ប្រសាសន៍​ថា យុទ្ធសាស្ត្រ​បែប​នេះ​ គឺ​ចាស់​គំរឹលណាស់​​នៅក្នុង​ប្រទេស​កម្ពុជា​ និង​​របប​មុន​ៗ​ក្នុង​ប្រទេសនេះធ្លាប់បាន​ប្រើប្រាស់​។
ប៉ុន្តែ​ យុទ្ធសាស្ត្រ​បែបនេះ​ទំនង​ជាមិន​បាន​ផល​ឡើយលើ​ប្រជាពលរដ្ឋ​វ័យ​ក្មេង​ដែល​មានការ​អប់​រំ​និង​មាន​ការ​យល់​ដឹងច្រើន​ជាង​។ លោក​ ដេវីដ ឆាណ្ឌល័រ​ បាន​មាន​ប្រសាសន៍ថា “ ខ្ញុំគិត​ថា គេ​ស្គាល់​ល្បិច​ចាស់គំរឹល​របស់​គណ​បក្ស​ប្រ​ជាជន​កម្ពុជាហើយ​ ហើយ​ពេល​នេះ​ពួក​គេ​ត្រូវ​តែ​ប្តូរ​វា​ចេញ”។

លោក​ យ៉ុង​ គឹម​អេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពល​រដ្ឋ​ដើម្បីអភិវឌ្ឍន៍​និ​ង​សន្តិភាព​ជាអង្គការ​ក្នុង​ស្រុក​មួយ​តស៊ូ​មតិ​ដើម្បី​លទ្ធិប្រជា​ធិប​តេយ្យ​ និង​សិទ្ធិមនុស្ស​ បាន​មាន​ប្រសាសន៍ថា  អំពើ​ហិង្សា​អាច​នឹង​កើត​មាន​​​តិចតួច ប្រសិន​បើ​បាតុកម្ម​កើត​ឡើង​។
លោក​បាន​មាន​ប្រសាសន៍ថា “ យោង​តាម​​​អ្វី​ដែល​គណបក្ស​ប្រឆាំង​ប្រកាស​ ពួក​គេ​និយាយថា ​​​ពួកគេ​នឹង​គ្រាន់​តែ​ធ្វើ​បាតុកម្ម​អហិង្សា​ប៉ុណ្ណោះ​​​​​។ ពួកគេ​គ្រាន់​តែ​ចង់​បាន​ដំណោះស្រាយ​​​​។​ ពួក​គេ​មិន​ប្រឆាំង​​នឹង​រដ្ឋាភិបាល​ទេ​ ហើយ​ក៏​មិន​ចង់​ផ្តួល​រំលំ​រដ្ឋាភិបាលដែរ​”។
លោក​បាន​មាន​ប្រសាសន៍​ថា​ ​គណ​បក្ស​សង្គ្រោះជាតិ​មាន​សិទ្ធិគ្រប់​យ៉ាង​ក្នុង​ការ​ធ្វើ​បាតុកម្ម ​ប្រសិន​បើ​នោះជាអ្វី​ដែល​អ្នក​គាំទ្រ​គណបក្ស​នេះ​យល់​ថាចាំបាច់និងគ្មានការ​ពាក់​ព័ន្ធ​​គ្នារវាងចលនា​អំណាច​ពល​រដ្ឋ​ខ្មែរនិង​​ការ​ផ្ទុះ​គ្រាប់​បែក​ក្រោយ​ការ​​បោះ​ឆ្នោត។
លោក​បាន​មាន​ប្រសាសន៍ថា “ ខ្ញុំគិត​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​ គណបក្ស​នយោបាយ​មិន​ចង់មានការ​ពាក់​ព័ន្ធ​ជាមួយ​លោក​ សួន​ សេរីរដ្ឋា​ ទេ​ ហើយ​ខ្ញុំ​បាន​ឮថា ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ខ្លួន​មិន​ពាក់​ព័ន្ធ​នឹង​គាត់​ឡើយ​។ ខ្ញុំ​គិត​ថា វាមិន​មែន​ជា​ការ​ពិត​​ទេ​។ ខ្ញុំមិន​ដឹង​ថា ពួកគេ [គណបក្ស​ប្រជាជន​កម្ពុជា​​] មាន​ព័ត៌​មាន​អ្វីទេ​​ ប៉ុន្តែ ពួកគេ​គួ​រតែ​ឃើញ​ការ​ពិត​”។
ប៉ុន្តែ​ រដ្ឋាភិបាលដឹង​ច្បាស់​ក្នុង​ចិត្ត​ណាស់​ថា ​បាតុកម្ម​ទូទាំង​ប្រទេស​អាច​នឹង​បង្ក​គ្រោះ​មហន្ត​រាយ​។​កាល​ពី​ថ្ងៃសុក្រ ទោះ​បីជា​មន្ត្រី​នៅ​ក្រសួង​មហា​ផ្ទៃ​បាន​បដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​ ឬ​ក៏មិន​អាច​ទាក់​បាន​ក៏​ដោយ ក៏​លោក ផៃ ស៊ីផាន​ អ្នកនាំពាក្យ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី​បាន​មាន​ប្រសាសន៍ថា វោហារ​សាស្ត្រ​នៃ​ពាក្យថា “ ដូរ​” ចេញ​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​ជាមូល​ហេតុ​ដែល​នាំ​មាន​ការ​ព្រួយ​បារម្ភ​។ លោក​បាន​មាន​ប្រសាសន៍សំដៅ​ដល់​កុបកម្ម​មួយ​ដែល​បាន​កើត​ឡើង​នៅ ខាង​ក្រៅ​ការិយាល័យបោះ​ឆ្នោត​​មួយ​ក្នុង​ថ្ងៃ​បោះឆ្នោត​ បន្ទាប់​ពីអ្នក​បោះឆ្នោត​យល់​ថា សិទ្ធិ​បោះ​ឆ្នោត​របស់​ខ្លួន​ត្រូវ​បាន​​ដក​ហូត​ ហើយ​បន្ទាប់​មក​បាន​ដុត​រថយន្ត​កង​រាជអាវុធហត្ថ​ចំនួន​ពីរ​គ្រឿង​ថា “ គណបក្ស​សង្គ្រោះជាតិ​បានដុត​រថយន្ត​ពីរគ្រឿង​ និង​មាន​ករណីមួយ​ចំនួនកើត​ឡើង​​។ ខ្ញុំគិត​ថា វោហារសាស្ត្រ​របស់​មេដឹកនាំ​ទាំង​នេះ​គ្រាន់តែ​ញុះញង់​ប្រជាពល​រដ្ឋ​ប៉ុណ្ណោះ ហើយ​​ល្បែង​ដែល​ពួក​គេលេង​ គឺជា​ភេរវ​កម្ម​នយោបាយ​”។

លោក​ ផៃ ស៊ីផាន ក៏​បាន​គូ​សបញ្ជាក់​ដែរ​ពី​ហានិភ័យ​ទាក់​ទិន​នឹង​វោហា​រសាស្ត្រ​របស់​គណបក្ស​សង្គ្រោះជាតិ​ប្រឆាំង​វៀត​ណាម​ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​យ៉ាង​ខ្លាំ​ង​ក្លា​នៅ​មុន​ការ​បោះឆ្នោត​។ ទោះ​បីជា​គណបក្ស​​ប្រឆាំង​បាន​គូស​បញ្ជាក់​ម្តង​ហើយ​ម្តង​ទៀត​ថា​ ខ្លួ​ន​មិន​ជំរុញ​ឲ្យ​មានការ​ស្អប់​ខ្ពើ​មជន​បរ​ទេស​ និង​គ្មានទស្សន​ប្រឆាំង​ជន​ជាតិ​វៀត​ណាម​ក៏ដោយ​ ក៏​លោក​ ផៃ​ ស៊ីផាន​ បាន​មាន​ប្រសាសន៍​ថា មហា​បាតុកម្ម​អាច​ឈាន​ដល់​ការ​​សម្លាប់​ប្រជាជន​វៀត​ណាម នៅ​តាម​ផ្លូវ​។
លោក​បាន​ចោទ​សួរថា “ការ​ប្រកាន់​ពូជ​សាសន៍​ប្រឆាំ​ង​ជន​ជាតិ​វៀត​ណាម ​អាច​នឹង​ធ្វើ​ឲ្យ​មានការ​បណ្តេញ​ជាតិពន្ធ​ចេញពី​ប្រទេស​។​ រឿង​បែប​នេះ​អាច​នឹង​កើតមាន​ឡើង​ យើង​ធ្លាប់​មា​នមេរៀន​ពីរឿង​នោះ​នៅក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៧០​។ជនជាតិ​វៀតណាម​រាប់​សែន​នាក់​ត្រូវ​បាន​សម្លាប់​  ហើយ​ក្រោយ​មក​ខ្មែរ​ក្រហម​បាន​ចូលមក​សម្លាប់​ជន​ជាតិ​វៀត​ណាម​។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ ប្រសិនបើ​រឿង​នោះ​កើត​​​ឡើង​នៅ​ក្នុង​ប្រទេស​?”

លោក​ នីកូឡា អាហ្គោ​ស្ទីនី មក​ពី​អង្គការ​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទ្ធិមនុស្ស ​បាន​មាន​ប្រសាសន៍ថា ប្រសិន​បើ​អំពើ​ហិង្សា​កើត​មាន​ឡើង វាអាច​ជាកំហុស​របស់​ភាគីសង​ខាង​។
លោក​បាន​មាន​ប្រសាសន៍ថា “ វា​​​ពិត​​​ជា​គួរ​ឲ្យ​ព្រួយ​បារម្ភ​ណាស់ ពីព្រោះ​​​ការ​ប្រើ​អំពើ​ហិង្សា​ជាជម្រើ​ស​ចុង​ក្រោយ​ ឬ​ការ​គំរាម​ប្រើ​អំពើ​ហិង្សា​ទំនង​ជា​នៅ​តែ​ជាយុទ្ធសាស្ត្រ​នយោបាយ​ស្រប​ច្បាប់​របស់​គណបក្ស​ប្រជាជនកម្ពុជា​។ ប៉ុន្តែ វា​ក៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ​ថា ការ​ស្អប់​ខ្ពើម​​ជាតិ​ពន្ធ​ជា​ពិសេស​ប្រឆាំង​នឹង​ជន​ជាតិ​វៀត​ណាម ​ទំនង​ជានៅតែ​ជា​យុទ្ធសាស្ត្រ​ស្រប​ច្បាប់​របស់​គណ​បក្សប្រឆាំង”៕

ប្រែសម្រួល​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស