និស្សិតនិងអ្នកគាំទ្រគណបក្សប្រឆាំងជាង២០០នាក់បានដង្ហែក្បួនជុំវិញវត្តភ្នំក្នុងទីក្រុងភ្នំពេញកាលពីម្សិលមិញ និងមានកាន់ផ្កានៅក្នុងដៃផង ដោយទទូចឲ្យគ្រប់ភាគីចៀសវាងអំពើហិង្សា អំឡុងការធ្វើបាតុកម្មនៅថ្ងៃសៅរ៍នេះ ប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពីខែមុន និងទទូចឲ្យលើកលែងការចោទប្រកាន់ពីបទញុះញង់នាពេលថ្មីៗនេះ។
ការដង្ហែក្បួនកាលពីព្រឹកថ្ងៃម្សិលមិញដែលរៀបចំឡើងដោយក្រុមមិត្តភក្តិតាមបណ្ដាញសង្គមហ្វេសប៊ុកធ្វើឡើងចំពេលគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងត្រៀមធ្វើមហាបាតុកម្មនៅថ្ងៃទី៧ខែកញ្ញានេះ គឺមួយថ្ងៃមុន គ.ជ.ប. គ្រោងប្រកាសលទ្ធផលផ្លូវការ ដែលសឹងតែបង្ហាញយ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចឈ្នះការបោះឆ្នោតនេះ។
គណបក្សប្រឆាំងបានឲ្យដឹងថា ខ្លួននឹងធ្វើមហាបាតុកម្ម ប្រសិនបើរដ្ឋាភិបាលមិនព្រមបង្កើតគណៈកម្មាធិការស៊ើបអង្កេតឯករាជ្យមួយដើម្បីស៊ើបអង្កេតលទ្ធផលនៃការបោះឆ្នោតនេះដែលគណបក្សទាំងពីរសុទ្ធតែបានប្រកាសឈ្នះរៀងៗខ្លួន ប៉ុន្តែមានសេចក្តីរាយការណ៍អំពីភាពមិនប្រក្រតីច្រើន។
រដ្ឋាភិបាលបានដាក់បញ្ចូនកងទ័ពរាប់រយនាក់មករាជធានីភ្នំពេញ ហើយរៀបចំការហ្វឹកហាត់សមជាលក្ខណៈពិសេសសម្រាប់កម្លាំងសន្តិសុខទាំងនេះមុនការតវ៉ានេះ ហើយបានព្រមានគណបក្សសង្គ្រោះជាតិថា នឹងទទួលខុសត្រូវចំពោះអំពើហិង្សាជាយថាហេតុណាមួយ។
លោក ហេង សំណាង ជាអ្នករៀបចំម្នាក់នៅក្នុងអ្នករៀបចំការដង្ហែក្បួនកាលពីម្សិលមិញនេះរំពឹងថា បាតុកម្មនេះនឹងធ្វើឡើងដោយសន្តិវិធី ប៉ុន្តែបារម្ភថា រដ្ឋាភិបាលនឹងបង្កប់មនុស្សនៅក្នុងក្រុមបាតុករដើម្បីបង្កបញ្ហា។ លោកបាននិយាយដល់ការធ្វើបាតុកម្មនាពេលខាងមុខនេះថា “ យើងមិនបារម្ភទេ ហើយយើងនឹងធ្វើអ្វីៗស្របទៅតាមច្បាប់។ប៉ុន្តែយើងបារម្ភខ្លាចមាននរណាម្នាក់ជ្រៀតចូលហើយបង្កបញ្ហា”។
លោក ហេង សំណាង ជានិស្សិតច្បាប់នៅសាកលវិទ្យាល័យជាតិគ្រប់គ្រងបាននិយាយថា ក្រុមនេះមានគម្រោងផ្សព្វផ្សាយអហិង្សារបស់ខ្លួន តាមរយៈការជូនផ្កាឈូកដល់នគរបាលនិងទាហាននៅជុំវិញទីក្រុងភ្នំពេញនៅពីរបីថ្ងៃបន្ទាប់នេះ។
សកម្មភាពស្រដៀងគ្នានេះបានបណ្ថាលឲ្យមនុស្សបួននាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ខែសីហាដែលក្នុងនោះមាននិស្សិតពីរនាក់ផង។បើទោះជាអ្នកទាំងបួនត្រូវបានដោះលែងនៅក្រៅឃុំបណ្តោះអាសន្នភ្លាមៗក៏ដោយ ក៏ពួកគេនៅជាប់ចោទពីបទញុះញង់នៅឡើយ។
រដ្ឋាភិបាលចោទប្រកាន់ពួកគេថា មានទំនាក់ទំនងជាមួយពលរដ្ឋអាមេរិកដើមកំណើតខ្មែរមួយក្រុមជាក្រុមប្រឆាំងដែលមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយដែលរដ្ឋាភិបាលបានចាត់ទុកជាភេរវករនោះ ប៉ុន្តែក្រុមសង្គមស៊ីវិលនិងអ្នកច្បាប់និយាយថា ខ្លួនមិនបានរកឃើញភ័ស្តុតាងស្តីពីឥរិយាបថឬគោលបំណងប្រព្រឹត្តអំពើឧក្រិដ្ឋណាមួយទេ។
លោក ហិន ឌីឡែន ដែលបានចូលរួមការដង្ហែក្បួនកាលពីម្សិលមិញបាននិយាយថា ពួកគេសង្ឃឹមថា នឹងរៃអង្គាសប្រាក់និងប្រមូលអ្នកគាំទ្របន្ថែមទៀតមុនពេលធ្វើការចែកផ្កា។
លោកបាននិយាយថា “ វាក៏អាស្រ័យលើបរិយាកាសនយោបាយផងដែរ។វាប្រហែលជារសើបខ្លាំងណាស់នៅពេលនេះ។ប៉ុន្តែប្រាកដណាស់យើងនឹងធ្វើ”។
នៅចុងបញ្ចប់នៃការដង្ហែក្បួនដែលមានរយៈពេលកន្លះម៉ោងនេះ ក្រុមនេះប្រមូលហត្ថលេខានិងស្នាមមេដៃមានខៀវនិងក្រហម នៅលើញត្តិមួយ ស្នើឲ្យលើកលែងការចោទប្រកាន់ពីបទញុះញង់មកលើនិស្សិតទាំងពីររូបឈ្មោះ ទត់ ចាន់បញ្ញា និងសុខ ដាលីស ចេញវិញ។ លោក ហ៊ិន ឌីឡែន បាននិយាយថា ពួកគេគ្រោងនឹងដាក់ញត្តិទៅសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ។
និស្សិតទាំងពីររូបនេះត្រូវបានចាប់ខ្លួន ខណៈពេលកំពុងវេចខ្ចប់ផ្កាកុលាបពណ៌លឿងចំនួន១.០០០ទង ដែលលោក សួន សេរីរដ្ឋា ជាប្រធានក្រុមប្រឆាំងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានរៀបចំនិងចំណាយប្រាក់ទិញ។
ក្រុមអង្គការសិទ្ធិមនុស្សហៅការចោទប្រកាន់អ្នកទាំងបួននេះថា គ្មានមូលដ្ឋាន ហើយទទូចឲ្យអាជ្ញាធរលើកលែងការចោទប្រកាន់មកលើពួកគេ។
អ្នកស្រី ជីវ វួចថេង ដែលកូនស្រីទាំងពីររបស់អ្នកស្រីបានដើរតាមពីក្រោយអ្នកស្រី ជុំវិញវត្តភ្នំនោះបាននិយាយថា អ្នកស្រីពិតជា ចង់ចូលរួមនៅក្នុងការតវ៉ានាពេលខាងមុខនេះ បើទោះមានការបារម្ភពីអំពីហិង្សាក៏ដោយ។
អ្នកស្រីបាននិយាយថា “ ប្រសិនបើគ្មានដំណោះស្រាយទេ ខ្ញុំនឹងចូលរួមមហាបាតុកម្ម។មុននិងក្រោយ យើងនឹងស្លាប់ ដូច្នេះយើងមិនខ្លាចនឹងចូលរួមទេ។យើងនឹងចូលរួមដើម្បីភាពរុងរឿងនិងការអភិវឌ្ឍប្រទេសរបស់យើង”៕
ប្រែសម្រួលដោយ អ៊ូច សូនី