អ្នកប្រឆាំងជាជនជាតិខ្មែររស់នៅសហរដ្ឋអាមេរិកម្នាក់ដែលអាជ្ញាធរចាត់ទុកថា ជាភេរវជន ហើយកំពុងស្វែងរកចាប់ខ្លួនពីបទញុះញង់នោះបាននិយាយថា លោកស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយនឹងធ្វើមហាបាតុកម្មសំដៅផ្តួលរំលំរដ្ឋាភិបាល ប្រសិនបើគណបក្សសង្គ្រោះជាតិព្រមព្រៀងចូលរួមក្នុងការបើកសម័យប្រជុំសភានោះ។
លោក សួន សេរីរដ្ឋា ដែលបច្ចុប្បន្ននេះរស់នៅសហរដ្ឋអាមេរិក ហើយប្រឈមនឹងដីកាចាប់ខ្លួន ប្រសិនបើលោកមានវត្តមាននៅក្នុងប្រទេសកម្ពុជាពីបទជំរុញឲ្យមានចលនាបះបោរតាមបែបបដិវត្តន៍អារ៉ាប់ស្ព្រីង ដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះបានអះអាងថា លោកបានចូលមកខេត្តកោះកុងតាមប្រទេសថៃកាលពីថ្ងៃច័ន្ទ ហើយបានមានប្រសាសន៍ថា លោកនឹងស្ថិតនៅក្នុងប្រទេសកម្ពុជាយ៉ាងហោចណាស់រហូតដល់ខែតុលា ដើម្បីរៀបចំចលនាបះបោររបស់ខ្លួន។
បើទោះណាជាមានការគំរាមកំហែងពីសំណាក់រដ្ឋាភិបាលកម្ពុជាពីការចាប់ខ្លួន លោក សួន សេរីរដ្ឋា និងក្រុមរបស់លោក គឺចលនាអំណាចពលរដ្ឋខែ្មរ និងការនិយាយក្នុងន័យបង្កហេតុរបស់លោក សួន សេរីរដ្ឋា ផ្ទាល់ក៏ដោយ ក៏អង្គការសិទ្ធិមនុស្ស មេធាវី និងអ្នកសង្កេតការណ៍និយាយថា ចលនានេះមិនមានការគំរាមកំហែងគួរឲ្យជឿទុកចិត្ដចំពោះរដ្ឋាភិបាលឡើយ។
ពួកគេក៏បានចោទប្រកាន់រដ្ឋាភិបាលថា បានប្រើប្រាស់ជនមួយក្រុម ដើម្បីបំបាក់ស្មារតី និងបំភិតបំភ័យគណបក្សប្រឆាំងនិងបង្ខូចកេរ្តិ៍ឈ្មោះគណបក្សប្រឆាំងតាមរយៈការភ្ជាប់គណបក្សប្រឆាំងទៅនឹងចលនាអំណាចពលរដ្ឋខ្មែរ។
អង្គការសិទ្ធិមនុស្សនានាក៏បានថ្កោលទោសរដ្ឋាភិបាលពីបទចាប់ខ្លួនមនុស្សប្រាំពីរនាក់ចាប់តាំងពីដើមខែកក្កដាមក ពីបទសង្ស័យថា បានធ្វើការឲ្យចលនាអំណាចពលរដ្ឋខ្មែរ ដោយលើកឡើងថា មិនឃើញមានភ័ស្តុតាងបញ្ជាក់ថាមានកំហុសឡើយ។
ពេលទាក់ទងតាមអ៊ីម៉េល លោក សួន សេរីរដ្ឋា បានអះអាងថា លោកបានជួបជាមួយសកម្មជនចលនាអំណាចពលរដ្ឋខ្មែរនៅក្នុងខេត្តកោះកុងកាលពីថ្ងៃច័ន្ទ និងធ្វើដំណើរទៅកាន់ខេត្តក្បែរខាងដែលមិនបានបញ្ជាក់ឲ្យដឹងនៅថ្ងៃនេះ ហើយធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យទៀតនៅសប្តាហ៍ក្រោយ។
លោក សួន សេរីរដ្ឋា បានមានប្រសាសន៏ថា “ នៅទីនោះមានសកម្មជនសំខាន់ៗរបស់ចលនាអំណាចពលរដ្ឋខ្មែរកំពុងរង់ចាំខ្ញុំ ដើម្បីណែនាំ និងលើកទឹកចិត្តពួកគាត់ឲ្យរៀបចំជាបណ្តាញនៅក្នុងខេត្តរបស់ខ្លួនសម្រាប់រៀបចំធ្វើបាតុកម្ម។
មហាបាតុកម្មនឹងកើតឡើងនៅក្នុងពេលឆាប់ៗនេះ ខណៈការមកដល់របស់ លោក សួន សេរីរដ្ឋា កើតឡើងចំពេលដែលមានបញ្ហាតានតឹងខាងនយោបាយរវាងគណបក្សប្រជាជនកម្ពុជាកាន់អំណាច និងគណបក្សសង្គ្រោះជាតិជាគណបក្សប្រឆាំងដែលគណបក្សទាំងពីរបានអះអាងថា សុទ្ធតែបានឈ្នះរៀងៗខ្លួននៅក្នុងការបោះឆ្នោតជាតិកាលពីខែមុន ហើយរហូតដល់ពេលនេះមិនទាន់បានព្រមព្រៀងគ្នាលើលក្ខខណ្ឌនៃការស៊ើបអង្កេតពីភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោតនៅឡើយនោះ។
ទោះបីជាគណបក្សសង្គ្រោះជាតិបានប្តេជ្ញាមិនចូលរួមក្នុងកិច្ចប្រជុំសភាដំបូងដែលរដ្ឋធម្មនុញ្ញចែងថា ត្រូវធ្វើនៅថ្ងៃទី២៨ ខែកញ្ញា ប្រសិនបើមិនមានការព្រមព្រៀងគ្នាឲ្យមានការស៊ើបអង្កេតដោយឯករាជ្យក៏ដោយ ក៏ លោក សួន សេរីរដ្ឋា បានមានប្រសាសន៍ថា លោកជឿថា គណបក្សសង្គ្រោះជាតិនឹងប្តូរចិត្ត។
លោក សួន សេរីរដ្ឋា បានមានប្រសាសន៍ថា ប្រសិនបើបញ្ហានេះកើតឡើងមែន “ សកម្មជនសំខាន់ៗរបស់ខ្ញុំនៅក្នុងខេត្តក្រុងចំនួន១០ក្នុងចំណោមខេត្តក្រុងទាំង២៤ត្រៀមដឹកនាំអ្នកគាំទ្រឲ្យក្រោកឈរឡើងនៅ ពេលណាមួយនៅពេលដែលខ្ញុំចេញបញ្ជា”។
បើទោះណាជា លោក សួន សេរីរដ្ឋា បាននិយាយថា លោកសង្ឃឹមថា នឹងជំរុញឲ្យប្រជាពលរដ្ឋជាង២០០.០០០នាក់នៅទូទាំងប្រទេសកម្ពុជាចូលរួមក្នុងការធ្វើបាតុកម្មក៏ដោយ ក៏ក្រុមរបស់លោកមិនដែលបានរៀបចំការជួបជុំគ្នាម្តងណាសោះឡើយនៅក្នុងប្រទេសកម្ពុជា។
អាជ្ញាធរដែលបានប្តេជ្ញាថា នឹងចាប់ខ្លួនលោក សួន សេរីរដ្ឋា ប្រសិនបើលោកមានគម្រោងត្រឡប់មកវិញនោះបាននិយាយកាលពីម្សិលមិញថា ពួកគេមិនជឿថា លោក សួន សេរីរដ្ឋា ស្ថិតនៅក្នុងប្រទេសកម្ពុជាទេ ឬមិនបានដឹងពីវត្តមានរបស់គាត់ទេ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា “ ខ្ញុំមិនគិតថា លោក សួន សេរីរដ្ឋា ស្ថិតនៅ ក្នុងប្រទេសកម្ពុជាទេ។ ខ្ញុំគិតថា គាត់ភ័យខ្លាចមិនហ៊ានមកឡើយ”។
លោក សំ ឃិតវី ស្នងការនគរបាលខេត្តកោះកុងបានមានប្រសាសន៍ថា លោកមិនមានព័ត៌មានអំពីវត្តមានរបស់លោក សួន សេរីរដ្ឋា ទេ។
លោក សំ ឃិតវី បានមានប្រសាសន៍បន្ថែមទៀតថា “ ខ្ញុំមិនបានឃើញលោក សួន សេរីរដ្ឋា ក្នុងខេត្តកោះកុងទេ ហើយខ្ញុំក៏មិនច្បាស់អំពីវត្តមានរបស់គាត់ ឬក្រុមរបស់គាត់នៅទីនេះដែរ៕
ប្រែសម្រួលដោយ សោម សារុន