យោងតាមទំព័រហ្វេសប៊ុក (Facebook) និងធ្វីតធឺ (Twitter) របស់ក្រុមអនាមិកកម្ពុជា(Anonymous Cambodia) បានឲ្យដឹងថា ក្រុមអនាមិកកម្ពុជា ជាក្រុមវាយប្រហារតាមអ៊ីនធើណិតក្នុងស្រុក បានអះអាងទទួលខុសត្រូវចំពោះការរំខានដល់គេហទំព័ររបស់រដ្ឋាភិបាលយ៉ាងតិចចំនួនបី ចាប់តាំងពីថ្ងៃសៅរ៍មក ហើយបានប្ដេជ្ញាថានឹងវាយប្រហារបន្ថែមទៀតដើម្បីតវ៉ាប្រឆាំងនឹងការបោះឆ្នោតដ៏អយុត្តិធម៌កាលពីខែកក្កដា។
ចាប់តាំងពីថ្ងៃសៅរ៍មក ក្រុមវាយប្រហារតាមអ៊ីនធើណិតនេះ បានវាយប្រហារគេហទំព័រមួយចំនួនរបស់រដ្ឋាភិបាល ដូចជា គេហទំព័ររបស់អង្គភាព ព័ត៌មាននិងប្រតិកម្មរហ័សនៅទីស្ដីការគណៈរដ្ឋមន្ត្រី គេហទំព័ររបស់ក្រុមប្រឹក្សាកំណែទម្រង់ប្រព័ន្ធតុលាការ និងច្បាប់ និងគេហទំព័ររបស់ទូរទស្សន៍ជាតិកម្ពុជា។
ហើយមកទល់នឹងល្ងាចម្សិលមិញមានតែគេហទំព័ររបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សតែប៉ុណ្ណោះដែលត្រូវបានធ្វើឲ្យដំណើរការឡើងវិញ។
នៅក្នុងការវាយប្រហារនេះ ក្រុមវាយប្រហារតាមអ៊ីនធើណិតបានធ្វើឲ្យគេហទំព័រទាំងនេះមិនដំណើរការ ដោយសារការវាយប្រហារអុកឡុកមួយដែលមានឈ្មោះថា DDoS។
ក្រុមអនាមិកកម្ពុជាបានសរសេរនៅលើទំព័រធ្វីតធឺរបស់ខ្លួនកាលពីថ្ងៃពុធថា “ក្រុមអនាមិកកម្ពុជានឹងវាយប្រហារទៅលើគេហទំព័ររបស់រដ្ឋាភិបាលកម្ពុជា ដើម្បីតវ៉ាប្រឆាំងនឹង [ ការបោះឆ្នោត ] ដ៏អយុត្តិធម៌”។ នៅលើទំព័រហ្វេសប៊ុក និងធ្វីតធឺរបស់ក្រុមនេះមានបង្ហោះអំពីការវាយប្រហារទៅលើគេហទំព័រនីមួយៗរបស់រដ្ឋាភិបាល ដោយប្រើអក្ស T គឺសំដៅទៅលើពាក្យ Tango ជាពាក្យរបស់យោធាអាមេរិក ដែលសំដៅទៅលើគោលដៅនៃការវាយប្រហារ។
ក្រុមអនាមិកកម្ពុជានេះបានសរសេរនៅលើទំព័រធ្វីតធឺរបស់ខ្លួនថា “វាយប្រហារបានសម្រេចហើយ” ដោយភ្ជាប់ពាក្យនេះទៅនឹងគេហទំព័រដែលគ្មានដំណើរការរបស់ទូរទស្សន៍ជាតិកម្ពុជា។ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួនក្រុមអនាមិកកម្ពុជាបានលើកឡើងថា សមាជិករបស់ខ្លួនក៏បានវាយប្រហារគេហទំព័ររបស់ក្រុមប្រឹក្សាកំណែទម្រង់ប្រព័ន្ធតុលាការ និងច្បាប់ផងដែរ ដោយបង្ហាញឈ្មោះ និងលេខសម្ងាត់កាលពីថ្ងៃសៅរ៍ ហើយបន្ទាប់មកបានវាយប្រហារគេហទំព័រអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៅថ្ងៃអាទិត្យ ម៉ោងប្រហែល៤ល្ងាច។
កាលពីខែមុននៅពេលគេហទំព័ររបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រូវបានវាយប្រហារ លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប. មានប្រសាសន៍ថា ស្ថាប័នរបស់លោកនឹងប្ដឹងអ្នកទទួលខុសត្រូវទំាងនោះ ប៉ុន្តែក្រោយមកមិនបានដាក់ពាក្យបណ្ដឹងឡើយ។
ប្រទេសកម្ពុជាសព្វថ្ងៃគ្មានច្បាប់ប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធើណិតឡើយ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា កាលពីឆ្នាំមុនរដ្ឋាភិបាលបានព្រាងច្បាប់នេះរួចហើយ ដើម្បីផ្ដន្ទាទោសជនវាយប្រហារតាមអ៊ីនធើណិត។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “ច្បាប់នេះគឺដើម្បីប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធើណិត។ វាប្រឆាំងទៅនឹងនរណាដែលវាយប្រហារ ឬក៏រំខានដល់ទិន្នន័យ ឬក៏គេហទំព័រទាំងរបស់រដ្ឋាភិបាល និងឯកជន”។ រដ្ឋាភិបាលនៅមិនទាន់ចេញសេចក្ដីព្រាងច្បាប់នេះនៅឡើយទេ ហើយនៅពេលត្រូវបានស្នើសុំច្បាប់ចម្លងកាលពីម្សិលមិញ លោក ផៃ ស៊ីផាន បានលើកឡើងថា លោកមិនអាចបញ្ចេញច្បាប់នេះបានទេ ពីព្រោះ “វាជាកម្មសិទ្ធិរបស់រដ្ឋាភិបាល”។ លោកបានថ្លែងបន្តថា “ច្បាប់នេះនឹងត្រូវឆ្លងកាត់រដ្ឋាភិបាលអាណត្តិនេះ”។
អង្គការក្រៅរដ្ឋាភិបាលមានការសង្ស័យចំពោះសេចក្ដីស្នើច្បាប់នេះ ពីព្រោះរដ្ឋាភិបាលទំនងជានឹងប្រើច្បាប់នេះ ដើម្បីកំហិតសេរីភាពនៃការបញ្ចេញមតិតាមអ៊ីនធើណិត។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា “សេរីភាពតាមអីុនធើណិតនៅមិនទាន់មានការរឹតបន្ដឹងនៅឡើយទេនៅកម្ពុជា លើកលែងតែប្រជាពលរដ្ឋ ដែលនៅកន្លែងគ្មានអីុនធើណិតប្រើប្រាស់ប៉ុណ្ណោះ។ ប៉ុន្តែតាមប្រវត្តិកន្លងមកពាក់ព័ន្ធនឹងវិធានការរបស់រដ្ឋាភិបាលលើប្រព័ន្ធផ្សព្វផ្សាយទូទៅ [ការបង្កើតច្បាប់នេះ] មិនអាចជារឿងល្អនោះទេ”។
លោក ម៉ាក រ៉ាស (Mark Rasch) អតីតរដ្ឋអាជ្ញាប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធើណិតរបស់សហរដ្ឋអាមេរិក ហើយឥឡូវជាមេធាវីជំនាញខាងកុំព្យូទ័រ និងការប្រឆាំងបទឧក្រិដ្ឋតាមអីុនធើណិតបានលើកឡើងថា ប្រទេសដែលគ្មានច្បាប់ប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធើណិតជារឿយៗតែងតែផ្ដន្ទាទោសជនប្រព្រឹត្តបទឧក្រិដ្ឋដោយប្រើច្បាប់ដែលមានស្រាប់។ លោកបានលើកឡើងថា “ដូចជាច្បាប់ស្ដីពីការឆបោក លួច រំលោភសេចក្ដីទុកចិត្ត ឬក៏បំផ្លិចបំផ្លាញទ្រព្យសាធារណៈជាដើម”។
លោក ម៉ាស រ៉ាស បានលើកឡើងថា ការវាយប្រហារដែលធ្វើឡើងដោយក្រុមអនាមិកកម្ពុជា ត្រូវបានចាត់ទុកថា ជាការវាយប្រហារតាមអ៊ីនធើណិត ដែលព្យាយាមឲ្យសាធារណជនដឹងឮពីបញ្ហានយោបាយ ហើយគេមិនខ្វល់ថា ច្បាប់ប្រឆាំងឧក្រិដ្ឋកម្មតាមអ៊ីនធើណិតនេះចែងយ៉ាងណានោះទេ គឺវាអាស្រ័យទៅលើថា តើយើងប្រើប្រាស់សិទ្ធិសេរីភាពនៃការបញ្ចេញមតិយ៉ាងដូចម្ដេចតែប៉ុណ្ណោះ។
លោកបានលើកឡើងថា “ នៅពេលយើងមានការវាយប្រហារនៅតាមអ៊ីនធើណិតដូចជាការតវ៉ាដែលពាក់ព័ន្ធទៅនឹងនយោបាយជាដើម បញ្ហានេះវាមិនពាក់ព័ន្ធនឹងច្បាប់ដែលបានចែងនោះទេ គឺវាអាស្រ័យទៅលើថា តើយើងអនុវត្តច្បាប់នោះយ៉ាងដូចម្ដេច។ យើងត្រូវតែបង្កើតច្បាប់ប្រឆាំងឧក្រិដ្ឋកម្មតាមអីុនធើណិតឲ្យបានល្អ ហើយត្រូវតែអនុវត្តវាឲ្យបានត្រឹមត្រូវ។ ច្បាប់ទាំងនេះវាប្រហែលជាអនុវត្តតែទៅលើអ្នកប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណោះ”។
នៅក្នុងប្រទេសកម្ពុជាមិនទាន់មាននរណាម្នាក់ត្រូវបានកាត់ទោសនៅឡើយទេពាក់ព័ន្ធនឹងបញ្ហានេះ៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង