30.1 C
Phnom Penh

រដ្ឋា​ភិបាល​អំពាវ​នាវឲ្យប្រជា​ពល​រដ្ឋ​គោរ​ព​ព្រះ​មហាក្សត្រ​ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​ចេញ​សេច​ក្តី​ថ្លែង​ការណ៍​មួយ​ស្តី​បន្ទោស​ចំពោះ​ការ​ធ្វើ​អត្ថា​ធិប្បាយ​រិះ​គន់​ព្រះ​មហា​​​ក្សត្រ​ នរោត្តម សីហមុនី ក្នុង​ពេល​ថ្មីៗ​នេះ ហើយ​បាន​រំឭក​ដាស់​តឿន​សាធារណ​ជន​​អំពី​​ព្រះ​រាជ្យ​សិទ្ធិ​​​​ដែល​​​មិន​អាច​​រំលោភ​បំពាន​បាន​របស់​ព្រះ​មហាក្សត្រ​​គ្រង​រាជ្យ​សម្បត្តិ​​​។

ព្រះ​មហាក្សត្រ នរោត្តម សីហមុនី គឺ​ជា​ចំណុច​​ដែល​គេ​ចាប់​អារម្មណ៍​បំផុត​​នៅ​ពេល​​មាន​ភាព​ជាប់​គាំង​ផ្នែក​នយោ​បាយ​​ក្នុង​ពេល​បច្ចុ​ប្បន្ន​នេះ​ ជុំ​វិញ​ជម្លោះ​នៃ​ការ​បោះ​ឆ្នោត​ កាល​ពី​ខែ​កក្កដា ដោយ​សារ​ព្រះ​រាជ​តួនាទី​របស់​​​​ព្រះ​អង្គ​​តាម​រដ្ឋ​ធម្ម​នុញ្ញ​តម្រូវ​ឲ្យ​ព្រះ​អង្គ​ធ្វើ​ជា​អធិប​តី​ក្នុង​ការ​បើក​សម័យ​ប្រជុំ​សភា​​​​លើក​ដំបូង​ ក្នុង​នីតិកាល​ថ្មី​នីមួយៗ​។

គណ​បក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យ​ព្រះ​មហា​ក្សត្រ​ពន្យារ​ពេល​ការ​បើក​សម័យ​ប្រជុំ​សភា​លើក​ដំបូង​ នៅ​ថ្ងៃ​ច័ន្ទ​នេះ រហូត​ដល់​ខ្លួន​ដោះ​ស្រាយ​ជម្លោះ​ដោយ​ការ​ចរចា​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​រួច​ហើយ​​សិន។ គណ​បក្ស​ប្រជា​ជន​កម្ពុជា កំពុង​ជំរុញ​ឲ្យ​កិច្ច​ប្រជុំ​នេះ​ចាប់​ផ្ដើម​ដំណើរ​ការ​ទៅ​បាន​តាម​ការ​គ្រោង​ទុក​។

​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​បាន​លើក​ឡើ​ង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​​​​នោះ​ថា “ក្នុង​ពេល​ថ្មីៗ​នេះ រាជ​រដ្ឋា​ភិ​បាល​បាន​សង្កេត​ឃើញ​ថា ការ​​​​បញ្ចេញ​មតិ​របស់​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ តាម​វិទ្យុ កាសែត គេ​ហ​​​​ទំព័រ និង​ជាពិសេស​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​​​​ហ្វេសប៊ុក ​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ទៅ​លើ​អង្គ​ព្រះ​​​​មហាក្សត្រ​ ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ព្រះ​កិតិ្ត​​​នាម​ និង​ព្រះ​កិត្តិ​យស​របស់​ព្រះ​មហា​​​ក្សត្រ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​របស់​យើង”។ “ដូច្នេះហើយ រាជរដ្ឋាភិបាល​សូ​​ម​អំពាវ​នាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​រក្សា​តម្លៃ សេចក្តី​ថ្លៃ​ថ្នូរ និង​គោរព​ព្រះ​មហាក្សត្រ​នៃ​ជាតិ​របស់​​​​​យើង​​និង​គោរព​រដ្ឋ​ធម្ម​នុញ្ញ​ដែល​ជា​ច្បាប់​កំពូល​”។​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ដក​ស្រង់​មាត្រា​៧​និង​មាត្រា​៨​​នៃ​រដ្ឋធម្ម​នុញ្ញ។​ ​មាត្រា​​៧​​ចែង​ថា “អង្គ​ព្រះ​មហាក្សត្រ​មិន​អាចនរណា​រំលោភ​បំពាន​បាន​ឡើយ​”។
មាត្រា​៨ នៃ​រដ្ឋ​ធម្ម​នុញ្ញ​ចែង​ពី​ព្រះ​រាជ​តួ​នាទី​របស់​ព្រះ​មហាក្សត្រ​ថា “ អង្គ​ព្រះ​មហា​​ក្សត្រ​ទ្រង់​គង់​ជានិមិត្តរូប​នៃឯក​ភាពជាតិ ​និរន្ត​ភាពជាតិ​​ ​​ជា​អ្នក​ធានា​នូវ​ឯក​រាជភាព​​ អធិបតេយ្យ បូរណភាព​ទឹក​ដី និង​ជា​អ្នក​ធានា​នូវ​ការ​គោរព​សិទ្ធិ និង​សេរី​ភាព​ ​របស់​ប្រជា​ពល​រ​ដ្ឋ​គ្រប់​រូប”។

លោក ឯក ថា អ្នក​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​បដិសេធ​មិន​ធ្វើ​​អត្ថា​ធិប្បាយ​អំពី​សេចក្តី​ថ្លែង​ការណ៍​នេះ​ទេ​។
សេចក្តី​ថ្លែង​ការណ៍​នោះ​មិន​បាន​​លើក​ឡើង​​​​ពី​ការ​ធ្វើ​អត្ថា​ធិប្បាយ​ណា​មួយ​ ដែល​​ខ្លួន​​ស្តី​បន្ទោស​នោះ​ទេ​ ប៉ុន្តែ ការ​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​ ក្នុង​ពេល​ថ្មីៗ​នេះ​បាន​លើក​ជា​សំណួរ​អំពី​ទំនាក់​ទំនង​របស់​ព្រះ​មហាក្សត្រ​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។

កាល​ពី​ថ្ងៃ​ច័ន្ទ វិទ្យុ​បារាំង​អន្តរ​ជាតិ​បាន​ផ្សាយ​ពី​អត្ថ​បទ​វិភាគ​មួយ​ ដែល​អះអាង​ថា​មនុស្ស​​មួយ​ចំនួន​កំពុង​ប្រើ​ប្រាស់​​​ព្រះ​មហា​​​ក្សត្រ​ ដើម្បី​​ផល​ប្រយោជន៍​នយោ​បាយ​ក្នុង​​វិបត្តិ​បច្ចុប្បន្ន​នេះ។

លោក សុក សំអឿន មេធាវី​ដ៏​ល្បី​ និង​ជា​ប្រធាន​ក្រុម​​​អ្នក​​ច្បាប់​ការ​ពារ​សិទ្ធិ​​កម្ពុជា​ជា​អង្គការ​​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​​​​បាន​មាន​ប្រសា​​​សន៍​ថា លោក​មិន​បាន​ដឹង​ថា  ​មាន​​មាត្រា​​ណា​មួយ​​​​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​ដែល​ត្រូវ​បាន​​ប្រើ​សម្រាប់​​ដាក់​ទោស​នរណា​ម្នាក់​​នោះ​ទេ​​ ប្រហែល​​​​ដោយសារ​​​ក្រម​ព្រហ្ម​ទណ្ឌ​​របស់​ប្រទេស​កម្ពុជា​​បាន​​បញ្ចូល​ទោស​ចំពោះ​​ការ​បំពាន​បែប​នេះ​។

លោក សុក សំអឿន បាន​លើក​ឡើង​ពី​ករណី​​​​ស្រ្តី​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ជន​ជាតិ​ចិន​ម្នាក់​ ដែល​បាន​ហែក​ព្រះ​ឆា​យាល័ក្ខ​ព្រះ​មហា​​ក្សត្រ​ សម្តេច​ឪ​ នរោត្ដម សីហនុ កាល​ពី​ឆ្នាំ​មុន​ ហើយ​បាន​សង្កេត​ឃើញ​ថា ស្ត្រី​ជន​ជាតិ​​​​ចិន​នោះ​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​បំផ្លាញ​​​​ទ្រព្យ​សម្បត្តិ។ ស្ត្រី​នោះ​ត្រូវ​បាន​ផ្តន្ទា​ទោស​ និង​ព្យួ​ទោស​រយៈ​​ពេល​មួយ​ឆ្នាំ​ ហើយ​បង្គាប់​ឲ្យ​​បញ្ជូន​​ចេញ​ពី​ប្រទេស​កម្ពុជា​។

លោក សុក សំអឿន មាន​ប្រ​សាសន៍​បន្ត​ថា​ប្រសិន​បើ​រដ្ឋា​ភិ​បាល​​ពិត​ជា​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​អនុវត្ត​​មាត្រា​​៧​នេះ​​មែន​​នោះ​ “ខ្លួន​គួរ​តែ​បន្ថែម​​ការ​ដាក់​​ទោស​ចំពោះ​​អ្នក​ទាំង​ឡាយ​ណា​ ដែល​មើល​ងាយ និង​ប្រមាថ​​ព្រះ​មហាក្សត្រ ទៅ​ក្នុង​ក្រម​ព្រហ្មទណ្ឌ”។ នៅ​ពេល​សួរ​អំពី​សេចក្តី​ថ្លែង​ការណ៍​របស់​​​​ទីស្តី​គណៈរដ្ឋ​មន្ត្រី លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសា​សន៍​ថា ច្បាប់​​របស់​ប្រទេសក៏​ធានា​នូវ​សិទ្ធិ​​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​ផង​ដែរ​។ លោក​​បាន​ថ្លែងបន្ត​ថា “ ប្រទេស​នេះ​ជា​ប្រទេស​​ប្រកាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ ដូច្នេះ​ប្រ​ជា​ពល​រដ្ឋ​​មាន​សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​”។​

លោក​បានបន្ត​ថា​ “យើង​មិន​បាន​ប៉ះ​ពាល់​​ដល់​អង្គ​​ព្រះ​មហាក្ស​ត្រ​ឡើយ​យើង​គោរព​ព្រះ​មហា​ក្សត្រ​។ ព្រះ​មហា​​​ក្សត្រ​​​​បាន​ស្នើ​ឲ្យ​គណបក្ស​ទាំង​ពីរ​ស្វែង​រក​យុត្តិ​ធម៌​ជូន​​ប្រជា​ពល​រដ្ឋ​ ដូច្នេះ​​អ្នក​ទាំង​ឡាយ​ណា​​ដែល​​​​មិន​គោរព​ឆន្ទៈ​​របស់​​ប្រជា​ពល​រដ្ឋ​ គឺ​ជាអ្នក​រំលោភ​​បំពាន​ព្រះ​មហាក្សត្រ​ទៅ​វិញ​ទេ​​៕

(រាយការណ៍​បន្ថែម​ដោយ Zsombor Peter)
ប្រែ​សម្រួល​ដោយ ឃិន ណៃ​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស