កាលពីម្សិលមិញសហជីពដែលនៅពីក្រោយកូដកម្មទូទាំងប្រទេសដែលបានផ្អាកកាលពីពេលថ្មីៗនេះបានបង្ហាញជំហរបន្តទាមទារប្រាក់ឈ្នួលអប្បបរមាប្រចាំខែ១៦០ដុល្លារសម្រាប់កម្មកររោងចក្រកាត់ដេរចំនួន៦០០.០០០នាក់នៅក្នុងប្រទេសកម្ពុជា និងបានប្តេជ្ញាបន្តកូដកម្ម ប្រសិនបើរដ្ឋាភិបាល និងរោងចក្រមិនព្រមចរចានៅពេលឆាប់ៗនេះ។
លោក រ៉ុង ឈន់ ប្រធានសហព័ន្ធសហជីពកម្ពុជា បានមានប្រសាសន៍ថា “យើងគ្រាន់តែផ្អាកកូដកម្មមួយរយៈប៉ុណ្ណោះ។ ប្រសិនបើគ្មានដំណោះស្រាយសមស្របណាមួយសម្រាប់កម្មករទេនោះ នឹងមានការប្រកាសមួយឲ្យមានមហាកូដកម្មមួយទៀត គឺមហាកូដកម្មដោយសន្តិវិធីមួយ”។
កូដកម្មទាំងនេះបានបង្ខំឲ្យរោងចក្រកាត់ដេរជាង៥០០នៅក្នុងប្រទេសកម្ពុជាបិទ ឬកាត់បន្ថយការផលិតមួយរយៈ និងឈានទៅរកការបញ្ចប់ដោយមានអំពើហិង្សាមួយកើតឡើងកាលពីថ្ងៃទី៣ខែមករា នៅពេលកងរាជអាវុធហត្ថបាញ់ប្រហារទៅលើក្រុមអ្នកតវ៉ានៅខាងក្រៅរោងចក្រមួយក្នុងរាជធានីភ្នំពេញ ដោយធ្វើឲ្យមនុស្សចំនួនប្រាំនាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
កាលពីម្សិលមិញ សហជីពចំនួនប្រាំបីបានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីអំពាវនាវឲ្យមានការបន្តការចរចាអំពីប្រាក់ឈ្នួល និងការពារការទាមទារប្រាក់ឈ្នួលរបស់ខ្លួននៅក្នុងសន្និសីទសារព័ត៌មានមួយក្នុងរាជធានីភ្នំពេញ ក្នុងពេលដែលរដ្ឋាភិបាលបដិសេធមិនជំរុញឲ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមា ឲ្យឡើងដល់លើសពី១០០ដុល្លារ។
រដ្ឋាភិបាល និងរោងចក្រលើកឡើងថា ការដំឡើងប្រាក់ឈ្នួលទ្វេដងភ្លាមៗជំរុញឲ្យ ប្រទេសកម្ពុជាមានប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរខ្ពស់ជាងនៅក្នុងប្រទេសជាគូប្រកួតប្រជែង និងនាំឲ្យរោងចក្រកាត់ដេរជាច្រើនដែលបច្ចុប្បន្នគ្របដណ្តប់លើវិស័យនាំចេញរបស់កម្ពុជា និងទទួលបានប្រាក់ចំណូលជាងប្រាំពាន់លានដុល្លារកាលពីឆ្នាំមុន បង្កើតអាវជីវកម្មរបស់ខ្លួននៅប្រទេសដទៃ។
ក៏ប៉ុន្តែដូចដែលក្រុមមេដឹកនាំសហជីពវែកញែកកាលពីម្សិលមិញ ប្រាក់ឈ្នួល១៦០ដុល្លារដែលពួកគេកំពុងតែទាមទារនោះ ស្របគ្នានឹងសំណើចេញពីក្រុមការងារមួយបង្កើតឡើងកាលពីចុងឆ្នាំមុនដោយរដ្ឋាភិបាលខ្លួនឯង។
កាលពីខែសីហា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានបង្កើតក្រុមការងារមួយមានសមាសភាពជាតំណាងរដ្ឋាភិបាល រោងចក្រ និងតំណាងសហជីព ដើម្បីពិភាក្សាដោះស្រាយប្រព័ន្ធប្រាក់ឈ្នួលឲ្យបានសមរម្យមួយសម្រាប់វិស័យកាត់ដេរ។ រយៈពេលពីរខែក្រោយមក ក្រុមការងារមួយដែលបង្កើតឡើងដោយគណៈកម្មការនេះ បានសន្និដ្ឋានថា កម្មករកាត់ដេរត្រូវការប្រាក់យ៉ាងតិច១៥៧ដុល្លារក្នុងមួយខែដើម្បីរស់នៅដោយសមរម្យ ជាតួលេខមួយដែលសហជីពទាំងនេះទទួលយកបាន។
លោកស្រី ម៉ន ញឹម ប្រធានសហព័ន្ធកម្មករកាត់ដេរឯករាជ្យជាតិនៅកម្ពុជា បានមានប្រសាសន៍ថា នេះជាមូលហេតុដែលសហជីពទាំងនេះមិនទទួលយក៩៥ដុល្លារ ដែលបន្ទាប់មកត្រូវបានដំឡើងដល់១០០ដុល្លារ ដែលរដ្ឋាភិបាលកំណត់ជាប្រាក់ឈ្នួលអប្បបរមាថ្មីកាលពីថ្ងៃទី២៤ ខែធ្នូ។ លោកស្រីបានថ្លែងថា “ដូច្នេះ ការដំឡើងប្រាក់ឈ្នួល[៩៥ដុល្លារ] មិនត្រូវបានធ្វើឡើងទៅតាមមូលដ្ឋានណាមួយទេ ដូច្នេះវិធីដែលពួកគេបានកំណត់ កម្មករមិនពេញចិត្តទេ…។ មិនផ្អែកលើការស្រាវជ្រាវទេ។ នោះជាមូលហេតុដែលកម្មកររបស់យើងធ្វើកូដកម្ម” ។
នៅពេលបានប្រកាសសេចក្តីសម្រេចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលកំណត់ប្រាក់ឈ្នួល៩៥ដុល្លារកាលពីចុងខែធ្នូ លោក អ៊ិត សំហេង បានថ្លែងថា រដ្ឋាភិបាលចង់ឲ្យខ្ពស់ជាងនេះ ក៏ប៉ុន្តែត្រូវប្រៀបធៀបប្រាក់ឈ្នួលនៅក្នុងប្រទេសជិតខាងផងដែរ។ យោងតាមតួលេខកាលពីខែធ្នូរបស់អង្គការពលកម្មអន្តរជាតិ ទាក់ទងនឹងប្រទេសនាំចេញសម្លៀកបំពាក់ច្រើនជាងគេចំនួន២៥ រួមទាំងប្រទេសភូមាផងដែរ ប្រាក់ឈ្នួលអប្បបរមា៨០ដុល្លារនៅក្នុងប្រទេសកម្ពុជា ស្ថិតនៅលំដាប់ទាបបំផុតទី៨។
ប្រទេសបង់ក្លាដែសកំណត់ប្រាក់ឈ្នួល៧២,០៣ដុល្លារ ភូមាប្រាក់ឈ្នួល៥៧,៦៨ដុល្លារ វៀតណាម៧៧,៩៣ដុល្លារ។ អង្គការពលកម្មអន្តរជាតិបានបង្ហាញថា ប្រទេសភាគច្រើននៅក្នុងបញ្ជីនេះមានប្រាក់ឈ្នួលអប្បបរមាខុសៗ គ្នាតាមតំបន់ ហើយប្រាក់ឈ្នួលដែលមាននៅក្នុងបញ្ជីនេះតំណាងឲ្យតួលេខទាបបំផុតនៅក្នុងប្រទេសនីមួយៗ។ សហជីពដែលនៅពីក្រោយកូដកម្មទាំងនេះ ចង់ឲ្យមានការពិភាក្សាគ្នានៅអនាគតដើម្បីបញ្ចូលតួនាទីផ្លូវការមួយរបស់អង្គការពលកម្មអន្តរជាតិ។
លោក អាត ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា បានមានប្រសាសន៍ថា “យើងត្រូវការអង្គការពលកម្មអន្តរជាតិចូលរួមការចរចា។ ប្រសិនអង្គការពលកម្មអន្តរជាតិ មានវត្តមាន យើងនឹងមានតម្លាភាព”។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានលើកឡើងថា ខ្លួននឹងបន្តការចរចាអំពីប្រាក់ឈ្នួល ប្រសិនបើ និងនៅពេលណាដែលរដ្ឋាភិបាលកោះប្រជុំក្រុមប្រឹក្សាការងារ ដែលមានតំណាងរដ្ឋាភិបាល រោងចក្រ និងសហជីព ក៏ប៉ុន្តែមិនមានតំណាងអង្គការពលកម្មអន្តរជាតិទេ៕ ប៊ុននី