ផ្ទះឈើជាង៦០ខ្នងក្នុងខេត្តពោធិ៍សាត់ ត្រូវបានដុតបំផ្លាញចោលកាលពីម្សិលមិញដោយក្រុមមន្ត្រីនៅក្នុងស្រុកវាលវែង ដែលបានអះអាងថាម្ចាស់លំនៅដ្ឋានទាំងនោះរស់នៅលើដីរដ្ឋ នេះបើតាមការឲ្យដឹងពីអង្គការលីកាដូ។
អ្នកស្រី មិត សាមួន ជាអ្នកឃ្លាំមើលរបស់អង្គការលីកាដូក្នុងខេត្តពោធិ៍សាត់ បានប្រាប់អ្នកយក ព័ត៌មានថា “កាលពីព្រឹកថ្ងៃពុធ នគរបាល កងរាជអាវុធហត្ថ កងយោធពលខេមរភូមិន្ទ និងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តពោធិ៍សាត់ បានមកដុតផ្ទះសំបែងរបស់ប្រជាពលរដ្ឋ”។
គួរបញ្ជាក់ថា អ្នកភូមិរាប់រយនាក់បានរស់នៅលើដីនេះពីឆ្នាំ២០០៧ដល់ឆ្នាំ២០១២ ប៉ុន្តែត្រូវអាជ្ញាធរបណ្ដេញចេញ។ ទោះជាយ៉ាងណា អ្នកភូមិមួយចំនួនបានវិលមករស់នៅលើដីនេះវិញកាលពីឆ្នាំមុន នេះបើតាមការបញ្ជាក់របស់អ្នកស្រី សាមួន ។
លោក ពង្ស ចន្ទសុយុថេរ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបានអះអាងថា អ្នកភូមិត្រូវបានព្រមានឲ្យរើចេញពីដីនេះជាច្រើនលើកមកហើយ។ លោកបានថ្លែងថា “ ពួកគាត់មិនព្រមចាកចេញទេ ដូច្នេះមានតែបង្ខំឲ្យពួកគាត់ចាកចេញប៉ុណ្ណោះ”។
អ្នកស្រី សាមួន បន្តថា អាជ្ញាធរបានបង្ខំអ្នកស្រីឲ្យលុបរូបថតមួយចំនួនដែលអ្នកស្រីបានថតពេលមានហេតុការណ៍នេះ ហើយថា អ្នកស្រីត្រូវបានកងរាជអាវុធហត្ថក្រៀកចេញពីកន្លែងដែលមានការដុតបំផ្លាញផ្ទះសំបែងក្នុងឃុំក្រពើពីរនេះ។
អ្នកស្រីថ្លែងថា “ប្រសិនបើអ្នកភូមិរស់នៅលើដីរដ្ឋមែននោះ អាជ្ញាធរត្រូវផ្លាស់ទីលំនៅពួកគាត់ទៅដីសម្បទានសង្គមវិញ” ដោយបន្ថែមថា អ្នកភូមិអាយុ៤០ឆ្នាំម្នាក់ត្រូវកងទ័ពឃាត់ខ្លួន ហើយមិនទាន់ត្រូវបានដោះលែងវិញទេគិតត្រឹមយប់ម្សិលមិញ៕សេរីវុធ