27 C
Phnom Penh

សកម្មភាព​នាំ​ចេញ​លទ្ធផល​ផ្តៅ​ជួប​ការ​លំបាកនៅ​​ផ្នែក​ដឹក​ជញ្ជូន​ ទុក​ដាក់​និងការិយាធិបតេយ្យ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ជំនាញ​នៅ​អង្គការ​ WWF និង​អ្នក​ជំនាញ​​ផ្នែក​ឧស្សាហកម្ម​បាន​លើក​ឡើង​ក្នុង​ពិធី​ផ្សព្វ​ផ្សាយសៀវភៅ​និយាយ​អំពី​ប្រភេទ​ផ្តៅ​នៅ​តំបន់​មេគង្គ​ ដែល​ជា​សៀវភៅ​បង្ហាញ​ព័ត៌មាន​​លម្អិត​ដំបូង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ថា ប្រទេស​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​លើ​ផ្លូវ​ដ៏​វែងឆ្ងាយ​ ដែល​ត្រូវ​ដើរ​ មុន​ពេល​វិស័យ​ផលិត​ផលិត​ផល​ផ្តៅ​របស់​ខ្លួន​មាន​និរន្ត​រភាព និង​អាច​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​មកក្នុង​ប្រទេស​។

ថ្លែង​នៅ​ក្នុង​ពិធី​ដែល​ត្រូវ​បាន​រៀប​ចំ​នៅ​សណ្ឋាគារ​​អុីមភើរៀល ហ្គាឌិន វីឡា  និង​សណ្ឋា​គារ ​(Imperial Garden Villa & Hotel) លោក​ លីប​ ជាង ប្រធាន​សមាគម​ផ្តៅ​កម្ពុជា​ បាន​លើក​ឡើង​ថា គម្រោង​សាកល្បង​នាំ​ចេញ​ផលិត​ផល​ផ្តៅ​ទៅ​ប្រទេស​វៀតណាម​ បាន​បង្ហាញ​ថា បញ្ហា​ការិយាធិបតេយ្យនៅ​​ក្នុង​រដ្ឋាភិបាល​ ហេដ្ឋារចនា​សម្ព័ន្ធ​ទន់​ខ្សោយ​ និង​ពាណិជ្ជកម្ម​ខុស​ច្បាប់​ នៅ​តាម​ព្រំ​ដែន​កំពុង​បង្ក​ការ​លំបាក​ដល់​វិស័យ​មួយ​ដែល​អាច​ប្រកួត​ប្រជែង​ជា​មួយប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ប្រទេស​​ផលិត​ផលិត​ផល​ផ្តៅ​ធំ​បំផុត​លើ​ពិភពលោក​។

សមាគម​ផលិតផលផ្តៅ​បាន​នាំ​ចេញ​ផលិត​ផល​ពាក់​កណ្តាល​សម្រេច​ប្រាំ​តោន​​ ដែល​អាច​យក​ទៅ​ច្នៃ​បន្ត​ធ្វើ​ជា​គ្រឿង​សង្ហារឹម​ និង​ផលិត​ផល​សិប្បកម្ម​ផ្សេង​ៗទៀត​ ដែល​មាន​តម្លៃ​​​៩.០០០ដុល្លារ​ ទៅ​លក់​ឲ្យ​រោង​ចក្រ​ស​រសៃ​ធម្មជាតិ​ធំ​​បំផុត​នៅ​ប្រទេស​វៀតណាម​ គឺ​ក្រុម​ហ៊ុន​ វីញ ឡុង ជេអេស​ស៊ី (Vinh Long JSC)។ ដំណើរការ​នាំ​ចេញ​ផលិតផល​ទាំង​នេះ​ស៊ីពេល​អស់​ប្រាំ​ពីរខែ​កន្លះ​ ទើប​ទទួល​បាន​ឯកសារ​សំខាន់​ៗ​ និង​អាជ្ញាប័ណ្ណ​ ដែល​នេះ​ជា​រយៈពេល​ដ៏​យូរ​មួយ​ នេះ​បើ​យោង​តាម​សម្តី​របស់​លោក​ ជាង។

លោក​បាន​មាន​ប្រសាសន៍​ថា “​ រយៈពេល​ធ្វើ​អាជ្ញាប័ណ្ណ​​អាច​បណ្តាល​ឲ្យ​ផលិត​ផល​ទាំង​នេះ​បាត់​បង់​គុណ​ភាព​ ពី​ព្រោះ​វា​ត្រូវ​បាន​ទុក​ចោល​មិនមាន​ការ​ថែរក្សា​។ ផលិត​ផល​ផ្តៅ​ក៏​អាច​ខូច​ដោយ​សារ​សត្វល្អិត​ផង​ដែរ។ ថ្លៃ​ដឹក​ជញ្ជូន​ក៏​មាន​កម្រិត​ខ្ពស់​ពេក​ដែរ អាច​ជា​ហេតុ​នាំ​ឲ្យ​ប្រាក់​ចំណេញ​ថយ​ចុះ​… ។ យើង​ត្រូវ​សិក្សា​ពី​ប្រទេស​ជិត​ខាង​យើង​ អំពីវិធីនាំ​ចេញ​ដោយ​ប្រើ​ធនធាន​មានប្រសិទ្ធភាព​”។

យោង​តាម​សមាគម​ផ្តៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វិស័យ​ផលិត​កម្ម​ផលិតផល​ផ្តៅ​ក្នុង​ស្រុក​ផ្តល់​ប្រាក់​ចំណូល​១,៥លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ ដែល​ជា​ចំណែក​មួយ​នៃ​ប្រាក់​ចំណូល​សរុប​ទូទាំង​ពិភពលោក​ដែល​មានប្រហែល​បួន​ពាន់​​លាន​ដុល្លារ​ ហើយ​ផលិតផល​ផ្តៅ​ពាក់​កណ្តាល​សម្រេច​មួយ​តោន​មាន​តម្លៃ​ប្រហែល​២.៥០០​ដុល្លារ​ ខណៈដែល​ប្រទេស​កម្ពុជា​មានផ្ទៃ​​ដី​ប្រហែល​១៥.០០០ហិកតា​ដែល​អាច​ប្រមូល​ផល​បាន​។

ប្រទេស​កម្ពុជា​មាន​ផ្តៅ​២០​ប្រភេទ​ដែល​គេ​ស្គាល់​ និង​អាច​ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​ធ្វើ​គ្រឿង​តុទូ​ អាហារ​ និង​ឱសថ​បុរាណ​ ហើយ​​ភាគ​ច្រើន​ត្រូវ​បាន​ដាំ​នៅ​ក្នុង​ខេត្ត​កំពត ព្រះ​សីហ​នុ​ កោះកុង កំពង់​ធំ ព្រ​ះ​វិហារ​ កំពង់​ស្ពឺ​ និង​ខេត្ត​ក្រចេះ។

លោក ឈិត សំអាត នាយក​អង្គការ​ WWF-Cambodia ថ្លែងថា ការ​ប្រមូល​ផល​ផ្តៅ​ប្រកប​ដោយ​ក្រម​សីលធម៌​មាន​សារៈសំខាន់​ចំពោះ​ស្ថិរភាព​​នៃ​វិស័យ​នេះ​ ដែល​ជា​គោល​បំណង​នៃការ​លើក​កម្ពស់​ តាម​រយៈសៀវភៅ​ថ្មី​ដែល​មាន​ចំណង​ជើង​ថា “ ប្រព័ន្ធ​ អេកូឡូស៊ី ​និង​ការ​​គ្រប់​គ្រង​ផលិតផល​ផ្តៅនៅកម្ពុជា ​លាវ និង​ប្រទេស​វៀតណាម​”។

សៀវភៅ​ដែល​ជា​ស្នាដៃ​កើត​ចេញ​ពី​ការ​ខិត​ខំប្រឹង​ប្រែង​រួម​គ្នា​អស់​រយៈពេល​ប្រាំ​បី​ឆ្នាំ​​របស់​អង្គការ​ WWF និង​អង្គការ​ New York Bogtanical Garden នេះ​បាន​បង្ហាញ​ថា “ ការ​គ្រប់​គ្រង​ ការ​ផលិត​ ការ​ធ្វើ​ពាណិជ្ជកម្ម​ផលិតផល​ផ្តៅ​ប្រកប​ដោយ​និរន្តរភាព​ គឺ​ជា​វិធី​តែ​មួយ​គត់​ដែល​អាច​ធានា​បាន​ថា វិស័យ​នេះ​នឹង​មាន​ភាព​រីកចម្រើន​ក្នុង​អនាគត​សម្រាប់​តំបន់​មេគង្គ​ នេះ​បើ​យោង​តាម​លោក អាត៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស