ឧត្តមសេនីយ៍ត្រីមួយរូបក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលផ្ទះនិងចម្ការកៅស៊ូរបស់លោកស្ថិតក្នុងខេត្តមណ្ឌលគិរីត្រូវនគរបាលឆ្មក់ចូលកាលពីសប្ដាហ៍មុននោះ បានអះអាងកាលពីម្សិលមិញថា អាជ្ញាធរបានសូមអភ័យទោសលោកបន្ទាប់ពីលោកបានគំរាមប្ដឹងពួកគេ។
នគរបាលបានឆ្មក់ចូលផ្ទះរបស់ឧត្តមសេនីយ៍ត្រី ឈិត ម៉េងស្រេង ស្ថិតក្នុងស្រុកកែវសីមា ហើយរឹបអូសបានឈើប្រណីតជាច្រើនដុំដែលរក្សាទុកនៅទីនោះ ប៉ុន្តែមិនបានធ្វើការចាប់ខ្លួនទេ។
លោកឧត្តមសេនីយ៍ត្រី ម៉េងស្រេង បានអះអាងថា លោកគ្មានកំហុសទេ បន្ទាប់ពីការឆ្មក់ចូលនោះ ហើយបានចោទប្រកាន់អាជ្ញាធរពីបទបង្ខូចកេរ្តិ៍ឈ្មោះរបស់លោក។
ដោយមិនបញ្ជាក់ថា នរណាបានសូមអភ័យទោសចំពោះលោកពិតប្រាកដ ឬថាតើសំណុំរឿងបិទហើយឬយ៉ាងណានោះ លោកឧត្តមសេនីយ៍ត្រី ម៉េងស្រេង ដែលជាមេបញ្ជាការកងយោធពលខេមរភូមិន្ទខេត្តនេះបានមានប្រសាសន៍កាលពីម្សិលមិញថា “សំណុំរឿងនេះចប់សព្វគ្រប់ហើយ ពីព្រោះនៅពេលខ្ញុំបានគំរាមប្ដឹងពួកគេ អាជ្ញាធរពាក់ព័ន្ធបានសូមអភ័យទោសខ្ញុំ”។
លោក សូ សុវិជ្ជា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តនេះដែលបានចេញដីការឲ្យនគរបាលឆែកឆេរផ្ទះរបស់់ឧត្តមសេនីយ៍ត្រីរូបនេះ បានមានប្រសាសន៍កាលពីម្សិលមិញថា ខណៈលោកមិនបានសូមអភ័យទោស លោកមិនមានគម្រោងកោះហៅឧត្តមសេនីយ៍ត្រី ម៉េងស្រេង មកសាកសួរទេ។ លោកថ្លែងថា “ខ្ញុំមិនមានគម្រោងកោះហៅលោកមកសាកសួរទេ ពីព្រោះនេះជាសមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្ត”។
លោក អេង ប៊ុនហ៊ាង អភិបាលខេត្តមណ្ឌលគិរីដែលកាលពីសប្ដាហ៍មុនបានមានប្រសាសន៍ថា លោកឧត្តមសេនីយ៍ត្រី ម៉េងស្រេង កំពុងត្រូវបានសាកសួរ ហើយអាចប្រឈមមុខចំពោះមុខច្បាប់នោះ បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសំណុំរឿងនេះទេ កាលពីម្សិលមិញ។
លោក សុខ រដ្ឋា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តនេះបានរិះគន់អាជ្ញាធរថា មិនបានតាមដានរឿងនេះឲ្យបានត្រឹមត្រូវ។ លោកបានមានប្រសាសន៍ថា “រឿងនេះចម្លែកណាស់ ពួកគេបានរកឃើញភ័ស្ដុតាងគ្រប់គ្រាន់នៅផ្ទះរបស់ជនល្មើសទៅហើយ ប៉ុន្តែពួកគេបែរជាសូមអភ័យទោសជនល្មើសទៅវិញ”។
លោកបានបន្ថែមទៀតថា “ខ្ញុំគិតថា នេះគឺដោយសារអាជ្ញាធរមានភាពកម្សោយ ពួកគេមិនអាចអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ឡើយពីព្រោះពួកគេខ្លាចអ្នកមានអំណាច”៕ សារុន