អ្នកភូមិនិយាយកាលពីម្សិលមិញថា ប្រជាពលរដ្ឋជាង៣០គ្រួសារបានបន្តធ្វើបាតុកម្មក្នុងស្រុកឆែប ខេត្តព្រះវិហារកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍ អំពីអ្វីដែលពួកគាត់លើកឡើងថា ជាការរានដីខុសច្បាប់ពីក្រុមហ៊ុនចិន។
គ្រួសារអ្នកភូមិបានចោទប្រកាន់ក្រុមហ៊ុន Rui Feng (Cambodia) International ថា បានរានដីទំហំ៥០០ហិកតា ដែលពួកគាត់បានកាន់កាប់រយៈពេលជិត៣ឆ្នាំមកហើយដើម្បីធ្វើចម្ការអំពៅ។
លោក ដួង សុខែម តំណាងអ្នកភូមិដែលបានលើកឡើងថា អ្នកភូមិបានសម្រេចធ្វើការតវ៉ានោះបាននិយាយថា “យើងត្រូវក្រុមហ៊ុននេះគំរាមថា ប្រសិនបើយើងនៅតែធ្វើការតវ៉ាទាមទារដីរបស់យើងទៀតនោះ ពួកគេនឹងដាក់ពាក្យបណ្ដឹងង”។
កាលពីម្សិលមិញ អ្នកភូមិជាង៣០០គ្រួសារមកពីឃុំម្លូព្រៃ១ ម្លូព្រៃ២ និងឃុំសង្កែ២ បានប្រមូលស្នាមមេដៃជាផ្នែកមួយនៃការដាក់ពាក្យបណ្ដឹង ដែលពួកគាត់នឹងប្ដឹងក្រុមហ៊ុននេះទៅអង្គការសិទ្ធិមនុស្សអាដហុក។
លោក អ៊ុង វុទ្ធី អភិបាលស្រុកឆែប បានមានប្រសាសន៍ថា ដីនេះត្រូវបានផ្ដល់ទៅឲ្យក្រុមហ៊ុន Rui Feng (Cambodia) International ជាដីសម្បទានសេដ្ឋកិច្ច៕សារុន