31 C
Phnom Penh

ក្រុម​ហ៊ុនវីងនិង​ធនាគារ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេសនៃកម្ពុជា​​​សហការ​គ្នា​ផ្តល់​វីហ្សា​កាត​បង់​ប្រាក់​មុន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ ក្រុម​ហ៊ុន​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ វីង (Wing) និង​ធនាគារ​ពា​ណិ​ជ្ជ​កម្ម​ក្រៅ​ប្រទេស​នៃ​កម្ពុជា​ (FTB) បាន​ប្រកាស​ថា ខ្លួន​បាន​រួម​កម្លាំង​គ្នា​ដើម្បី​ពង្រីក​បណ្តាញ​ប្រើ​ប្រាស់​វីហ្សាកាត​បង់​ប្រាក់​មុន​ដែល​មាន​ស្រាប់​ ក្នុង​គោល​បំណង​បង្ក​ភាព​កាន់​តែ​ងាយ​ស្រួល​សម្រាប់​ប្រជាជន​កម្ពុជា​ដែល​មិន​មាន​គណនី​ធនាគារ ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ទូ​ទាត់​តាម​គ្រឿង​អេឡិច​ត្រូនិក​។

វីហ្សាកាត​បង់​ប្រាក់​មុន​នេះ​មិន​ទាម​ទារ​ឲ្យ​មាន​គណនី​ធនាគារ ឬក៏​ទ្រព្យ​ធានា​ ដើម្បី​ទិញ​ទេ​ ក៏​ប៉ុន្តែ អ្នក​ប្រើ​ប្រាស់​ត្រូវ​បង់​ប្រាក់​បន្តិច​បន្តួច​ (បី​ដុល្លារ​ទៅ​ប្រាំ​ដុល្លារ​) ដើម្បី​ទទួល​បាន​កាត​នេះ។ បន្ទាប់​មក អ្នក​ប្រើ​ប្រាស់​ត្រូវ​ដាក់​ប្រាក់បន្ថែម​រហូត​ដល់​៥០០ដុល្លារ​ ឬក៏​៥.០០០ដុល្លារ​​​ក្នុង​កាត​នោះ​ទើប​អាច​ចាយ​វាយ​បាន​។ នៅ​ពេល​ដាក់​ប្រាក់​បន្ថែម​ម្តងៗ​ អ្នក​ប្រើ​ប្រាស់​ត្រូវ​បង់​ថ្លៃ​សេវា ពី២​ដុល្លារ​ទៅ​៨,២៥ដុល្លារ​។

អ្នក​ប្រើ​ប្រាស់​អាច​ទិញ​ទំនិញ​នៅ​គ្រប់​ទី​កន្លែង​ដែល​វីហ្សា​កាត​ត្រូវ​បាន​ទទួល​យក​។ ​ លើស​ពី​នេះ​ទៅ​ទៀត​ អ្នក​ប្រើ​ប្រាស់​ក៏​អាច​ទិញ​ទំនិញ​តាម​ប្រព័ន្ធ​អីុនធើណិត​ផង​ដែរ។ អ្នក​ប្រើ​ប្រាស់​អាច​ដក​ប្រាក់​ និង​ពិនិត្យ​សម​តុល្យ​របស់​ខ្លួន​តាម​ម៉ាស៊ីន​ដក​ប្រាក់​ស្វ័យ​ប្រវត្ត​ិ​ វីហ្សាផ្លាស់​អេធីអឹម (Visa PLUS ATMs) ក៏​ប៉ុន្តែ ត្រូវ​បង់​ថ្លៃ​សេវាមួយ​ចំនួន​។

នៅ​ពេល​អស់​ទឹក​ប្រាក់​ កាត​នេះ​អាច​ត្រូវ​​បាន​បញ្ចូល​ទឹក​ប្រាក់​បន្ត​នៅបណ្តាញ​របស់​​ក្រុម​ហ៊ុន​ វីង និង​សាខា​ធនាគារ​ FTB ក៏​ដូច​ជា​តាម​ប្រព័ន្ធ​អីុន​ធើណិត​ ឬ​ក៏​តាម​ទូរស័ព្ទ​ដៃ​។ អ្នក​ប្រើ​ប្រាស់​ក៏​អាច​ផ្ញើ​ប្រាក់​ឲ្យ​សាច់​ញាតិ​ ឬក៏​អ្នក​ផ្សេង​បាន​ផ​ងដែរ។

លោក អាន់ថូនី ភើគីន (Anthony Perkins) ប្រធាន​នាយក​ប្រតិបត្តិក្រុម​ហ៊ុន​ វីង បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​នៅ​ក្នុង​ពិធី​ប្រកាស​កិច្ច​សហប្រតិបត្តិការ​នេះ​នៅ​សណ្ឋា​គារ​ កាំបូឌីយ៉ាណា ថា “លទ្ធភាព​​ទទួល​បាន​ និង​បញ្ចូល​ទឹក​ប្រាក់​ក្នុង​កាត​នេះ​មិន​មាន​នៅ​ស្ថា​ប័ន​ហិរញ្ញវត្ថុ​ផ្សេង​​​ក្នុង​ប្រទេសកម្ពុជា​ទេ”។ នៅ​ក្នុង​កម្មវិធី​សន្និសីទ​សារព័ត៌មាន​ អ្នក​សារព័ត៌មាន​ត្រូវ​បាន​ផ្តល់ឲ្យ​នូវវីហ្សា កាត​បង់​ប្រាក់​មុន​ចំនួន​២០​ដុល្លារ​។

លោក ភើគីន បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “​ប្រជាជន​ខ្មែរ​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​សាច់​ប្រាក់​។ នៅ​ពេល​មាន​ប្រជាជន​ខ្មែរកាន់​តែ​ច្រើន​មាន​ការ​យល់​ដឹង​អំពី​វិធី​ទូទាត់​ប្រាក់តាម​ប្រព័ន្ធ​អេឡិច​ត្រូនិក​ ​វា​ជា​រឿង​កាន់តែ​ប្រសើរ​”។

ធនាគារ FTB បាន​ណែ​នាំ​ឲ្យ​ប្រជាជន​ប្រើ​ប្រាស់​វីហ្សាកាត​បង់​ប្រាក់​មុន​កាលពី​ជាង​ពីរឆ្នាំ​មុន​ ក៏​ប៉ុន្តែ ដោយ​សារ​តែ​ធនាគារ​នេះ​មាន​បណ្តាញ​ប្រើ​ប្រាស់​ ទើប​កាត​នេះ​ជួប​បញ្ហា​លំបាក​ក្នុង​ការ​ផ្តល់​សេវា​កម្ម​ នេះ​បើ​តាម​​សម្តី​​របស់​លោក​ ដាន់ ហ្វេល​​ស៊ីង (Dan Felsing) នាយកគម្រោង​ធនាគារ​ FTB ទទួល​បន្ទុក​ផ្នែក​ចែក​ចាយ​ CashCard និង​​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ដៃ​។ ​លោក​បាន​មាន​ប្រសាសន៍​ថា “កាល​នោះ​មិន​មាន​ភាព​រីក​ចម្រើន​ទេ​”។

លោក  ហ្វេល​​ស៊ីង បាន​មាន​ប្រសាសន៍​ទាក់​ទង​ទៅ​នឹង​មូលហេតុ​ដែល​បណ្តាល​ឲ្យ​មិន​មាន​ភាព​រីក​ចម្រើន​នេះថា “មិន​មែន​ដោយ​សារ​តែ​វា​មិន​មែន​ជា​ផលិត​ផល​ល្អ​នោះ​ទេ​ គឺ​ដោយ​សារតែ​គ្មាន​គេ​ដឹង​អំពី​វា”​។

លោកនាយក​គម្រោង​រូប​នេះ​បាន​លើក​ឡើង​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ការ​បង្កើត​បណ្តាញ​ចែក​ចាយ​របស់​ក្រុម​ហ៊ុន វីង អាច​នឹង​ត្រូវ​ការ​ចំណាយ​ប្រាក់​ជា​ច្រើន​លាន​ដុល្លារ​។ ធ្វើ​បែប​នេះ​ទើប​មាន​ប្រជាជន​កាន់​តែ​ច្រើន​ថែម​ទៀត​មាន​កាត​នេះ”។

លោក​ ហ្វេលស៊ីង បាន​ឲ្យ​ដឹងបន្ត​​ទៀត​ថា ធនាគារ​ FTB មាន​កន្លែង​ទូទាត់​ប្រាក់​៤២​កន្លែង​ដែល​ទទួល​យក​វីហ្សាកាត​បង់​ប្រាក់​មុន​របស់​ខ្លួន​ ក៏​ប៉ុន្តែ ឥឡូវ​នេះ​ក្រោម​កិច្ច​សហការ​ជា​មួយក្រុម​ហ៊ុន វីង មាន​ជាង​១.០០០កន្លែង​។

លោក ភើគីន បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន វីង មាន​គម្រោងបង្កើន​ចំនួន​កន្លែង​ទូទាត់​ឲ្យ​កើន​ឡើង​ដល់​២.០០០កន្លែង​ក្នុង​រយៈ​ពេល​ពីរខែ​ខាង​មុខ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​នានា​​បាន​លើក​ឡើង​កាលពី​ម្សិល​មិញ​ថា ស្ថានភាព​នៅ​តែ​ត្រូវ​ការ​ការ​រង់​ចាំ​មើល​ថា​ តើ​ប្រជាជន​ខ្មែរ​ នឹង​ជ្រើស​រើស​យក​វីហ្សាកាតបង់​ប្រាក់​មុន ឬ​ក៏​អត់​ ដោយសារ​​​ភាគ​​ច្រើន​​​ក្នុង​ចំណោម​ប្រជា​ជន​ខ្មែរ​​នៅ​តែ​និយម​ប្រើ​ប្រាស់​សាច់​ប្រាក់​ ហើយ​កាត​បង់​ប្រាក់​មុន​មាន​ចំណុច​មិន​ប្រាកដ​ប្រជា​ត្រង់​ថា តើ​ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ណា​គ្រប់​គ្រង​ប្រាក់​របស់​ពួកគាត់​។

លោក​ ហ្គ្រេន ណាក់ឃី (Grant Knuckey) ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ ​ANZ Royal  បាន​មាន​ប្រសាសន៍​ថា “វា​ជាកំណើន​​វិជ្ជមាន​ថ្មី​មួយ​សម្រាប់​ផលិត​ផល​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ប៉ុន្តែ នៅ​តែ​រង់​ចាំ​មើល​ថា តើ​កំណើន​នេះ​វិវឌ្ឍ​ទៅ​លឿន​កម្រិត​​ណា​”។

លោក​ ណាក់ឃី បាន​បន្ត​ថា “ យើង​ជឿ​ថា នេះ​គឺ​ជា​ទីផ្សា​រមួយ​ដែល​មាន​សក្តានុពល​គួរ​ឲ្យ​កត់​សម្គាល់ ពីព្រោះ​ប្រាក់​ចំណូ​ល​របស់​ប្រជា​ជន​កំពុង​កើន​ឡើង​”។

អ្នក​ស្រី ឡូរីជន់ បាជី (Lorijon Bacchi) ប្រធាន​តំណាង​ និង​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន វីហ្សា ទទួល​បន្ទុក​ប្រទេស​វៀតណាម កម្ពុជា និង​ប្រទេស​ឡាវ បាន​លើក​ឡើង​ផង​ដែរ​ថា អ្នកស្រីមិន​អាច​និយាយ​បាន​ទេថា បច្ចុប្បន្ន​ មាន​ប្រជាជន​ប៉ុន្មាន​នាក់​មាន​វីហ្សាកាត​ទេ។

អ្នកស្រី ឡូរីជន់ បាជី បាន​មាន​ប្រសាសន៍​ថា “នាង​ខ្ញុំ​មិន​មាន​លទ្ធភាព​បញ្ចេញ​តួលេខ​ទាក់​ទង​ទៅ​នឹង​ទីផ្សារ​មួយ​ដែល​មាន​ទំហំ​តូច​ជាង​​ទំហំ​ជាក់​លាក់​ណាមួយ​បាន​ទេ​”។ អ្នក​គ្រប់គ្រង​ប្រចាំ​ប្រទេស​រូប​នេះ​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា អ្នកស្រី​គ្រាន់​តែ​អាច​និយាយ​បាន​ថា មាន​ក្រុម​ហ៊ុន​មក​បណ្តាក់​ទុន​វិនិយោគ​ក្នុង​គម្រោង​អាជីវកម្ម​របស់​ខ្លួន​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស