27 C
Phnom Penh

តុលាការ​ចោទ​ប្រកាន់​​ទាហាន​ឆត្រយោង​​ម្នាក់​​ពីបទ​ប្រើ​ប្រាស់​ថ្នាំញៀន​ពេល​​ចុះ​បំពេញ​ភារកិច្ច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នៅ​ពេល​​ឡើង​សវនាការ​​​​​​នៅ​ឯសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ពាក់​ព័ន្ធ​នឹង​ថ្នាំ​ញៀន​​ទាហាន​​ម្នាក់មកពី​អង្គភាព​​ទ័ព​ឆត្រ​យោង​​លេខ​៩១១​កាលពីម្សិលមិញ​ ​បាន​សារ​ភាព​ថា គាត់បាន​ប្រើ​​ប្រាស់​ថ្នាំញៀន​មេតំហ្វេ​តាមី​ន​​​ពេល​​កំពុង​បំពេញ​ការ​ងារ​មែន ។

លោក អ៊ុំ ចន្ធូ អាយុ​២៨​ឆ្នាំ​ជា​ទាហាន​ម្នាក់នៅ​អង្គភាព​នេះ​​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​តុលា​ឆ្នាំមុន បន្ទាប់​ពី​នគរ​បាល​បាន​រក​ឃើញ​ថ្នាំ​មេតំហ្វេតាមីន​បីកញ្ចប់​នៅ​ជាប់​ខ្លួន​លោក​ អំឡុង​ការ​ឆែក​ឆេរ​នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ រាជ​ធានី​ភ្នំពេញ​។

លោក ស៊ិន វិសាល ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះបា​ន​មាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា “តុលាការ​បាន​ចោទ​ប្រកាន់​លោក​ ចន្ធូ ពីបទ​រក្សា​ទុក​ ជួញ​ដូរ និង​ចែ​ក​ចាយ​ថ្នាំញៀន​”។

លោក​ ចន្ធូ បាន​ប្រាប់​តុលាការ​ថា គាត់​​បាន​យក​ថ្នាំ​ញៀន​មេតំហ្វេតាមីន​ចូល​ក្នុង​បន្ទាយ​​កង​ពល​តូច​លេខ​៩១១​ជា​ប្រចាំ​នៅ​ក្នុង​សង្កាត់​ចោម​ចៅ ប៉ុន្តែ​បាន​អះ​អាង​ថា ថ្នាំញៀន​នោះ​សម្រាប់ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​តែប៉ុណោះ​ មិនមែន​សម្រាប់​​លក់​ទេ​។

ជន​​សង្ស័យ​​រូប​នេះ​បាន​និយាយ​ថា គាត់​​​បាន​ប្រើ​ប្រាស់​ថ្នាំញៀន​ជំនួយ​កម្លាំង​​នេះ​​ដើម្បី​ពង្រឹង​ស្មារតី​ពេល​​ល្បាត​នៅ​ពេល​​​យប់​ជ្រៅ​​។ គាត់​បាននិយាយ​ថា “ខ្ញុំ​ធ្លាប់​ប្រើ​ប្រាស់​ថ្នាំញៀន​​អស់​​រយៈពេល​ប្រហែល​​​១ឆ្នាំ​។ ខ្ញុំ​ប្រើ​ប្រាស់​វា​ដើម្បី​កុំ​ឲ្យ​ងងុយ​ដេក​ពេល​​បំពេញ​ការងារ​នៅ​ពេល​យប់​”។

ទោះ​ជាយ៉ាង​ណា លោក​ កើ ប៊ុណ្ណារ៉ា ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​ច្រាន​ចោល​ការ​អះអាង​របស់​លោក ចន្ធូ ដែលថា ថ្នាំញៀន​នេះ​​សម្រាប់​ប្រើ​ប្រាស់​ផ្ទាល់​ខ្លួន​នោះ ដោយ​លើក​ឡើង​​ថា ​លោក ចន្ធូ ​បាន​ជួញ​ដូ​រ​ថ្នាំញៀន​នៅ​ក្នុង​បរិវេណ​​របស់​អង្គភាព​កង​យោធពល​ខេមរ​ភូមិន្ទ​តែម្ដង​។

លោក​ ប៊ុណ្ណារ៉ា បាន​ប្រាប់​ចុង​ចោទ​រូប​នេះនៅក្នុង​តុលាការ​កាលពីម្សិលមិញ​ថា “គា​ត់មា​ន​បំណង​ជួញដូរ​ និង​ចែក​ចាយ​ទៅ​ឲ្យ​អ្នក​​ដទៃ​។ តុលាការ​នៅតែ​ចោទ​ប្រកាន់​គាត់​ពីបទ​រក្សា​ទុក ជួញដូរ ​និង​ចែក​ចាយ​​ថ្នាំញៀន​ដដែល​”។

លោក​បាន​ប្រាប់តុលាការ​ថា លោក​ ចន្ធូ ត្រូវ​បាន​នគរ​បា​ល​ឃាត់​​ខ្លួន​នៅ​ប៉ុស្តិ៍​ត្រួ​ត​ពិនិត្យ​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​​បន្ទាយ​ទ័ព​ឆត្រ​យោង​បន្ទាប់ពី​បាន​ទិញ​ថ្នាំញៀន​នៅ​ក្នុង​សង្កាត់ទឹក​ថ្លា​កាលពីឆ្នាំ​មុន។

នគរ​បាល​បាន​ឆែក​ឆេរ​រក​ឃើញ​ថ្នាំ​មេតំហ្វេតាមីន​បីកញ្ចប់​ដែល​​​មិន​ដឹង​ថា មាន​​ទម្ងន់​ប៉ុន្មាននៅ​ក្នុង​​ប្រអប់​ទូរ​ស័ព្ទ​ដៃ​របស់​លោក​ ចន្ធូ។ លោក អ៊ូ វុទ្ធី មេធាវីការ​ពារ​លោក​ ចន្ធូ បាន​អះអាង​ថា កូន​ក្ដី​របស់​លោក​គឺ​ជា​អ្នក​ប្រើ​ប្រាស់​ មិន​មែន​ជា​អ្ន​ក​ចែក​ចាយ​ទេ​។ លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​សូម​ឲ្យ​តុលាការ​បន្ធូរ​បន្ថយ​​ទោស​ចំពោះ​កា​រ​ប្រើ​ប្រាស់​​ថ្នាំ​ញៀន​នេះ និង​លើក​លែង​បទ​ចោទ​ប្រកាន់ដទៃ​ទៀត​”។

កាលពីដើម​ឆ្នាំនេះ កង​ពល​តូច​លេខ​៩១១​​នេះបាន​ចូល​រួ​មក្នុង​ការ​​បង្ក្រាប​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​ដោយ​ហិង្សា​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ រាជ​ធានី​ភ្នំពេញ​។

ពេល​​ទាក់​ទង​កាលពីម្សិលមិញ​ លោក​ឧត្តម​​សេនីយ៍​ឯក​ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​ពារ​ជាតិ​បាន​មាន​​ប្រសា​សន៍ថា “លោក​មិន​ដឹង​ពីករណី​នេះ​ទេ ហើយ​មិន​អាច​និយាយ​អ្វី​បាន​ទេ ​លុះ​ណាតែ​លោក​​បាន​ដឹង​ពី​ករណី​នេះ​សិន​”​។

លោក ចាប ភក្ដី មេបញ្ជាការ​អង្គភាព​ទ័ព​ឆត្រ​យោង​លេខ​៩១១​មិន​អាច​ទាក់​ទង​សុំការ​អត្ថាធិប្បាយ​បានទេ​។ លោកចៅក្រម ស៊ិន វិសាល បាន​មាន​ប្រសា​សន៍​ថា តុលាការ​នឹងប្រកាស​សាល​ក្រម​​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ៕ សារុន

(រាយ​ការណ៍​បន្ថែម​ដោយ Matt Blomberg)​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស