28 C
Phnom Penh

អង្គការ​​​បរិស្ថានព្រួយ​​​បារម្ភ​​​ខ្លាច​​​ផ្សោត​​​ទន្លេ​​​មេគង្គ​​​ងាប់​​​ផុត​​​ពូជ​​​ដោយសារ​​​ទំបន់​​​វារីអគ្គិសនី​​​ដន​​សាហុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​អង្គការ​​​បរិស្ថាន​​​​​​​​​​​​មួយ​​​ដែល​​​មាន​​​ឈ្មោះ​​​ថា មូល​​​និធិ​​​សត្វព្រៃ​​​ពិភព​​​លោក​​​ ហៅកាត់​​​ថា WWF បាន​​​លើក​​​ឡើង​​​កាលពីម្សិលមិញ​​​ថា ទំបន់​​​វារីអគ្គិសនី​​​ដន​​​សាហុង ដ៏ចម្រូង​​​ចម្រាស​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ អាច​​​បណ្ដាល​​​ឲ្យ​​​សត្វ​​​ផ្សោត​​​ងាប់​​​ផុត​​​ពូជ​​​ ហើយ​​​អង្គការ​​​នេះ​​​បាន​​​អំពាវ​​​នាវ​​​សុំ​​​ឲ្យ​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន​​​ បញ្ចុះបញ្ចូល​​​ប្រទេស​​​ឡាវ​​​ឲ្យ​​​ផ្អាក​​​ការ​​​សាង​​​សង់​​​គម្រោង​​​​​​នេះ​​​។

ទំនប់​​​ដែល​​​គេ​​​គ្រោង​​​នឹង​​​ចាប់​​​ផ្ដើម​​​សាង​​​សង់​​​នៅ​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ខែ​​​ខាង​​​មុខ​​​នេះ បាន​​​​​​​​​រង​​​ការ​​​រិះគន់​​​យ៉ាង​​​ខ្លាំង​​​​​​​​​ដោយសារ​​​តែ​​​វា​​​ នឹង​​​បិទ​​​ផ្លូវ​​​ទឹក​​​តែ​​​មួយ​​​គត់​​​សម្រាប់​​​ត្រី​​​ធ្វើ​​​បម្លាស់​​​ទី​​​ពេញ មួយ​​​ឆ្នាំ​​​ ហើយ​​​តាម​​​ការ​​​រំពឹង​​​ទុក​​​ថា ទំនប់​​​​​​នេះ​​​​​​នឹង​​​ធ្វើ​​​ឲ្យ​​​ជីវៈចម្រុះ​​​នៅ​​​ក្នុង​​​ទន្លេ​​​មេគង្គ​​​​​​ក្រោម​​​ប្រែ​​​ប្រួល​​​មិន​​​អាច​​​បញ្ឈប់​​​បាន​​​។​​​

លោក​​​ ឈិត​​​ សំអាត​​​ នាយក​​​អង្គការ​​​ WWF ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា “WWF សូម​​​អំពាវនាវ​​​ឲ្យ​​​ផ្អាក​​​ការ​​​សាង​​​សង់​​​ទំនប់​​​ដន​​​សាហុង​​​…។ ខ្ញុំ​​​​​​ក៏​​​សូម​​​អំពាវនាវ​​​ឲ្យ​​​នាយ ក​​​រដ្ឋ​​​មន្ត្រី​​​ [ហ៊ុន សែន] ​ ជួយ​​​ផ្អាក​​​ការ​​​សាង​​​សង់​​​ទំនប់​​​ដន​​​សាហុង​​​ដែរ​​​ អំឡុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​របស់​​​គណៈកម្មការ​​​ទន្លេ​​​មេគង្គ​​​នៅ​​​ខែ​​​មេសា”។

លោក​​​ ហ្គឺរី រ៉ាយអាន (Gerry Ryan) អ្នក​​​សរសេរ​​​របាយការណ៍​​​មួយ​​​ដែល​​​មាន​​​ឈ្មោះ​​​ថា “The Don Sahong and the Mekong Dolphin” (ទំនប់​​​ដនសាហុង​​​ និង​​​​​​ផ្សោត​​​ទន្លេ​​​មេគង្គ) ដែល​​​បាន​​​ចុះផ្សាយ​​​កាលពី​​​ម្សិលមិញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ផ្សោត​​​ទាំង​​​ប្រាំមួយ​​​ក្បាល​​​ដែល​​​ស្ថិត​​​នៅ​​​ក្នុង​​​អន្លង់​​​មួយ​​​​​​នៅ​​​ចម្ងាយ​​​ពីរ​​​បី​​​រយ​​​ម៉ែត្រ​​​ពី​​​ការដ្ឋាន​​​សាង​​​សង់​​​ទំនប់​​​តាម​​​ការ​​​គ្រោង​​​ទុក​​​ ទំនង​​​ជា​​​នឹង​​​​​​ងាប់​​​​​​មុន​​​ពេល​​​​​​ទំនប់​​​នេះ​​​សាង​​​សង់ចប់​​​រួច​​​រាល់​​​។

ដើម្បី​​​ស្ទង់​​​មើល​​​ទិស​​​ដៅ​​​នៅ​​​ក្នុង​​​ទឹក​​​ល្អក់​​​នៅ​​​ទន្លេ​​​មេគង្គ​​​ ក្នុង​​​ការ​​​ស្វែងរក​​​ចំណី ផ្សោត​​​ទាំង​​​នេះ​​​ពឹង​​​ផ្អែក​​​លើ​​​​​​សំឡេង​​​ ជា​​​វិញ្ញាណ​​​មួយ​​​ដែល​​​នឹង​​​រង​​​ផល​​​ប៉ះពាល់​​​ខ្លាំង​​​​​​ដោយ​​​សារ​​​តែ​​​ការងារ​​​សាង​​​សង់​​​នេះ​​​។

លោក​​​ ហ្គឺរី រ៉ាយអាន បាន​​​មាន​​​ប្រសា​​​សន៍​​​ទៀត​​​ថា  “ថ្ម​​​រាប់​​​លាន​​​តោន​​​​​​នឹង​​​ត្រូវ​​​​​​រម្លើង​​​ ដោយ​​​​​​ប្រើប្រាស់​​​រំសេវ​​​ផ្ទុះ​​​ ហើយ​​​រំសេវ​​​ផ្ទុះ​​​ទាំង​​​នោះ​​​នឹង​​​សម្លាប់​​​ពួក​​​វា​​​ភ្លាមៗ​​​ ឬ​​​បង្ក​​​ផល​​​ប៉ះ​​​ពាល់​​​​​​ ដែល​​​នឹង​​​ធ្វើឲ្យ​​​ពួក​​​វា​​​​​​​​​​​​ស្ទង់​​​មើល​​​ទិស​​​ដៅ​​​​​​មិន​​​ឃើញ​​​នៅ​​​ក្រោម​​​ផ្ទៃ​​​ទឹក​​​​​​”។

ដោយ​​​មិន​​​អាច​​​ស្វែង​​​រក​​​ចំណី​​​​​​ចម្អែត​​​ក្រពះ​​​បាន​​​ ផ្សោត​​​ទាំង​​​នេះ​​​នឹង​​​​​​ស្រែក​​​ឃ្លាន​​​បន្ដិច​​​  ម្ដងៗ​​​រហូត​​​បាត់​​​បង់​​​ជីវិត​​​។

លោ​​​ក​​​ ហ្គឺរី រ៉ាយអាន បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​របាយការណ៍​​​របស់​​​លោក​​​ថា ទូក​​​ដែល​​​ធ្វើ​​​ដំណើរ​​​ទៅ​​​មក​​​កាន់តែ​​​ច្រើន​​​ ការ​​​ហៀ​រ​​​កំពប់​​​សារធាតុ​​​ពុល​​​ និង​​​ការ​​​​​​ធ្លាក់ចុះ​​​នូវ​​​ចំណី​​​របស់​​​​​​ផ្សោត​​​ អាច​​​នឹង​​​ធ្វើ​​​ឲ្យ​​​ផ្សោត​​​ទាំង​​​អស់​​​​​​ងាប់​​​ផុត​​​ពូជ​​​យ៉ាង​​​ឆាប់​​​រហ័ស​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ងាប់​​​ផុត​​​​​​ពូជ​​​របស់​​​ផ្សោត​​​ ក៏​​​នឹង​​​ធ្វើ​​​ឲ្យ​​​​​​ខាត​​​បង់​​​ចំណូល​​​រាប់​​​លាន​​​ដុល្លារផង​​​ដែរ​​​​​​នៅ​​​ក្នុង​​​​​​​​​វិស័យ​​​ទេស​​​ចរណ៍​​​ធម្មជាតិ ដែល​​​​​​ត្រូវ​​​បាន​​​ប៉ាន់ប្រមាណ​​​ថា ទទួ​​​ល​​​បាន​​​ចំណូល​​​​​​បួន​​​លាន​​​ដុល្លារ​​​​​​កាលពី​​​ឆ្នាំ​​​២០០៨ និង​​​ដែល​​​បាន​​​ទាក់​​​ទាញ​​​ភ្ញៀវ​​​ទេស​​​ចរ​​​អន្តរជាតិ​​​ចំនួន​​​២០.០០០​​​នាក់​​​​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១២ នេះ​​​បើ​​​យោង​​​តាម​​​​​​ការ​​​លើក​​​ឡើង​​​របស់​​​អង្គការ​​​ WWF។​

លោក​​​ ផូយ វណ្ណា អនុប្រធាន​​​​​​ទេសចរណ៍​​​ធម្មជាតិ​​​តាម​​​សហគមន៍​​​នៅ​​​ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​​​​ បាន​​​​​​បង្ហាញ​​​មន្ទិល​​​របស់​​​លោក​​​ថា ម​​​ិន​​​ដឹង​​​ជា​​​ភ្ញៀវ​​​ទេស​​​ចរ​​​នឹង​​មក​​កម្សាន្ត​​​នៅ​​​តំបន់​​​នេះ​​​​​​ទៀត​​​ឬ​​​យ៉ាង​​​ណា​​​ទេ​​​ ប្រសិន​​​បើ​​​​​​ផ្សោត​​​​​​ងាប់​​​ផុត​​​ពូជ​​​នោះ​​​។

លោក​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​​​​ថា “ត្រីផ្សោត​​​​​​ទាំង​​​នេះ​​​ ទាក់ទាញ​​​ភ្ញៀវ​​​ទេសចរ​​​ឲ្យ​​​មក​​​កម្សាន្ត​​​នៅ​​​តំបន់​​​របស់​​​ខ្ញុំ​​​ ដែល​​​ធ្វើឲ្យ​​​ខ្ញុំ​​​មាន​​​ចំណូល​​​”៕ សុខុម​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស